សមាជិកកងកុមារ

ភិន សារឹត មានអាយុ ៦០ ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងត្បាល់ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង និងបច្ចុប្បន្នរស់នៅភូមិត្រពាំងរាំង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ គាត់មានឪពុកឈ្មោះ ភិន ផាន និងម្ដាយឈ្មោះ សូ ណៃ ហើយជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនសរុបចំនួន ៧ នាក់។ កាលពីវ័យកុមារ គាត់បានរៀនសូត្រត្រឹមថ្នាក់អក្ខរកម្មប៉ុណ្ណោះ។ សព្វថ្ងៃ គាត់ប្រកបរបរកសិកម្ម។
រឿងរ៉ាវដែល សារឹត ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការជម្លៀសដោយបង្ខំ និងការបំបែកសមាជិកគ្រួសារចេញពីគ្នា។ នៅពេលនោះ គាត់ស្ថិតក្នុងវ័យកុមារ និងត្រូវបានប្រធានកងកុមារផ្លាស់ប្តូរទីលំនៅទៅតាមតំបន់ផ្សេងៗជាច្រើន។ ចំណែក ឪពុក និងបងប្រុសរបស់គាត់គឺជាយោធាខ្មែរក្រហម។ សារឹត ត្រូវរស់នៅជាមួយម្ដាយ និងប្អូនៗចំនួន ៣នាក់ផ្សេងទៀត។ ក្នុងអំឡុងពេលនោះ សារឹត ត្រូវបានចាត់តាំងឱ្យចូលរួមក្នុងក្រុមកុមារឈានមុខ ដោយមានភារកិច្ចត្រូវជីក និងរែកដីសម្រាប់សាងសង់ទំនប់ និងប្រឡាយនៅភូមិគំរូ។ ទោះបីជាមានស្រុកកំណើតនៅឃុំអណ្ដូងពោធិ៍ តែត្រូវបានជម្លៀសដោយបង្ខំឱ្យទៅរស់នៅឃុំដូង និងបន្តផ្លាស់ពីភូមិមួយទៅភូមិមួយទៀតជាបន្តបន្ទាប់។ រាល់ពេលទៅដល់ទីកន្លែងថ្មី សមាជិកគ្រួសារត្រូវបានបំបែកឱ្យរស់នៅផ្សេងៗពីគ្នា។ នៅពេលសង្គ្រាមតាមព្រំដែនកម្ពុជា-វៀតណាមកាន់តែមានសភាពតានតឹង គាត់ត្រូវបានជម្លៀសឱ្យទៅរស់នៅភូមិរាមសេនា និងភូមិចុងព្រែក ជាមួយម្ដាយ។ បន្ទាប់ពីរស់នៅទីនោះបានប្រមាណប្រាំខែ គាត់ត្រូវបែកចេញពីម្ដាយម្តងទៀត ខណៈពេលដែលម្ដាយកំពុងមានផ្ទៃពោះកូនម្នាក់ទៀត។ បន្ទាប់ពីបែកចេញពីម្ដាយ គាត់ត្រូវបានប្រធានកងកុមារឈានមុខចាត់តាំងឱ្យទៅលើកដីធ្វើទំនប់នៅភូមិគំរូ ដូចកាលពីនៅឃុំដូងដែរ។ ក្រោយមក ឪពុករបស់គាត់បានស្នើសុំប្រធានកងកុមារឱ្យគាត់ត្រឡប់មករស់នៅជាមួយម្ដាយវិញ ដោយសារឪពុកត្រូវទៅបំពេញភារកិច្ចយោធា ហើយគ្មានអ្នកនៅជួយមើលថែគ្រួសារ។ ដោយសារមូលហេតុនេះ ប្រធានកងកុមារក៏យល់ព្រមឱ្យគាត់ត្រឡប់មករស់នៅជាមួយម្ដាយវិញ។នៅចុងឆ្នាំ១៩៧៨ នៅពេលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពវៀតណាមវាយសម្រុកចូលកាន់តែខ្លាំង គាត់បានផ្លាស់ទៅរស់នៅឃុំម្រាមជាមួយម្ដាយ។ បន្ទាប់មក គ្រួសាររបស់គាត់បានរៀបចំសម្ភារ និងស្បៀងអាហារ ដើម្បីភៀសខ្លួនជាបន្តបន្ទាប់ រហូតទៅដល់តំបន់ខាងកើតអ្នកលឿង។
គាត់បានរំឭកថា នៅពេលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពវៀតណាមសម្រុកចូលទៅជិតតំបន់អ្នកលឿង យោធាខ្មែរក្រហមបានដុតកម្ទេចឃ្លាំងគ្រាប់រំសេវ បណ្ដាលឱ្យមានការផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ។ ហេតុការណ៍នេះបានធ្វើឱ្យយោធា និងកម្មាភិបាលខ្មែរក្រហមជាច្រើនរត់គេចខ្លួន។ ក្រោយមក ប្រជាជនអាចវិលមកក្រោយវិញ និងបន្តធ្វើដំណើរត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួន។ ទោះជាយ៉ាងណា កម្មាភិបាលខ្មែរក្រហមមួយចំនួននៅតែព្យាយាមជំរុញ និងបណ្ដេញប្រជាជនឱ្យបន្តធ្វើដំណើរទៅមុខទៀត។ ប៉ុន្តែដោយសារភាពភ័យខ្លាច និងភាពនឿយហត់ ប្រជាជនជាច្រើនបាននាំគ្នាប្រឆាំង និងបដិសេធមិនបន្តដំណើរទៅមុខទៀតឡើយ។
បន្ទាប់ពីវិលត្រឡប់មកដល់ស្រុកកំណើតវិញ គាត់ និងគ្រួសារបានប្រកបរបរធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅ និងចាប់ផ្តើមកសាងជីវិតឡើងវិញក្រោយសង្គ្រាម។ បច្ចុប្បន្ន គាត់មានជំងឺប្រចាំកាយមួយចំនួន រួមមាន ឈឺសន្លាក់ជើង ឈឺខ្នង ឈឺចង្កេះ ឈឺជង្គង់ និងជំងឺលើសសម្ពាធឈាម។
សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

