ខ្ញុំមានជំនឿថាវត្តជាកន្លែងមានសុវត្ថិភាព

(ត្បូងឃ្មុំ)៖ ប៉ាត ថន មានឈ្មោះហៅក្រៅថា យាយជ្រូក មានអាយុ៥៨ កើតនៅឆ្នាំ១៩៦៦ ក្នុងឃុំមេមង ស្រុកមេមត់ ខេត្តកំពង់ចាម ដែលបច្ចុប្បន្នស្ថិតក្នុងខេត្តត្បូងឃ្មុំ។ បច្ចុប្បន្ន ប៉ាត ថន រស់នៅភូមិខ្លោង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងអំឡុងដើមឆ្នាំ១៩៧០ ភូមិកំណើតរបស់ ថន ជួបប្រទះនូវការបាញ់គ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាពីលើយន្តហោះ។ ស្ថានភាពនាពេលនោះបង្ខំឱ្យ ថន រួមជាមួយម្តាយ និងបងប្អូន ត្រូវរត់ភៀសខ្លួនចូលទៅនៅក្នុងវត្តអារាម ដោយមានជំនឿថាទីនោះគឺជាកន្លែងសុវត្ថិភាពតែមួយគត់ដែលគ្រាប់បែកទម្លាក់មិនចំ។ ការរស់នៅមានភាពតក់ស្លុតជាខ្លាំង ជារឿយៗសមាជិកគ្រួសារត្រូវរត់គេចទៅសម្រាកនៅក្រោមផ្ទះអ្នកដទៃ ឬក្នុងទ្រុងមាន់ដើម្បីរក្សាជីវិត ។
ឈានចូលដល់ឆ្នាំ១៩៧៥ ថន មានអាយុប្រហែល៨ឆ្នាំ។ ខ្មែរក្រហមបានគ្រប់គ្រងអំណាច និងព្យាយាមតាមរកចាប់ឪពុករបស់ ថន ដើម្បីសម្លាប់ចោល ក្រោមហេតុផលថាគាត់ជាអតីតទាហាន។ ដោយសារភ័យខ្លាចគ្រោះថ្នាក់ដល់ជីវិត ឪពុករបស់ថន បានសម្រេចចិត្តរត់គេចខ្លួនទៅឆ្ងាយ បន្សល់ទុកឱ្យប្រពន្ធជាអ្នកមើលថែកូនទាំង៨ នាក់តែម្នាក់ឯង។ ក្នុងរបបនោះ ថន ត្រូវបានចាត់ទុកជាប្រជាជនចាស់ ហើយត្រូវបង្ខំឱ្យធ្វើការងារជាអ្នកមើលក្មេង, មើលគោក្របី, ជញ្ជូនលាមកសត្វសម្រាប់ធ្វើជី និងបោចស្មៅក្នុងភូមិខ្លោង។ ថន ត្រូវធ្វើការងារតាំងពីព្រឹកព្រលឹម និងអូសបន្លាយរហូតដល់ម៉ោង៨ ឬ ៩យប់ ទើបខ្មែរក្រហមអនុញ្ញាតឱ្យសម្រាក។
ជីវភាពរស់នៅប្រចាំថ្ងៃមានភាពខ្សត់ខ្សោយបំផុត ជាពិសេសនោះគឺរបបអាហារ។ ក្នុងមួយថ្ងៃ ខ្មែរក្រហមផ្តល់ឱ្យបរិភោគតែ២ពេល គឺពេលព្រឹក និងពេលល្ងាច ។ អាហារដែលមានគឺជាបបររាវៗ ដែលក្នុងមួយខ្ទះធំមានអង្ករត្រឹមតែ១គីឡូក្រាម។ ថន រំឭកថា ពេលខ្លះគាត់ត្រូវបង្ខំចិត្តទម្លុះចានដើម្បីឱ្យទឹកបបរហូរចេញខ្លះ ងាយស្រួលក្នុងការបរិភោគ ហើយជារឿយៗត្រូវហូបអំបិលជំនួសសាច់។ រីឯការសម្រាកវិញ គឺត្រូវស្នាក់នៅរួមគ្នាទាំងបុរស និងស្រ្តី។
ក្នុងរបបខ្មែរក្រហម ថន បានបាត់បង់បងប្រុសបង្កើតម្នាក់ឈ្មោះ ប៉ាត ថាន ដែលជាអតីតទាហាន។ ប៉ាត ថាន ត្រូវបានខ្មែរក្រហមបញ្ឆោតឱ្យឡើងឡាន និងដឹកយកទៅសម្លាប់ចោលនៅក្នុងព្រៃ នៅស្រុកមេមត់។ ចំណែកប្រពន្ធរបស់ ប៉ាត ថាន ត្រូវជួបទុក្ខវេទនាដោយការសម្រាលកូនក្នុងខ្ទមតូចកណ្តាលព្រៃគ្មានឆ្មប រហូតធ្លាក់ខ្លួនពិការ។ ថន ធ្លាប់បានឃើញផ្ទាល់ភ្នែកនូវសកម្មភាពដឹកជញ្ជូនមនុស្សយកទៅសម្លាប់ ដោយឡាននោះរុំជិតឈឹងឮតែសំឡេងក្មេងយំ។ ការសម្លាប់មនុស្សកើតមានឡើងជាញឹកញាប់ ដោយខ្មែរក្រហមបណ្តើរមនុស្សឱ្យដើរជាជួរ និងប្រើវិធីសាស្រ្តដាក់ខ្សែអំបោះនៅត្រចៀកដើម្បីតាមដាន បើខ្សែនោះរបូតនឹងត្រូវសម្លាប់ភ្លាម។ នៅក្នុងរបបខ្មែរក្រហម កុមារដែលមានអាយុត្រឹម១៣ ទៅ១៤ឆ្នាំ ក៏ត្រូវបានបង្ហាត់ឱ្យមានចិត្តសាហាវហ៊ានសម្លាប់សូម្បីតែឪពុកម្តាយបង្កើត ។
ក្រៅពីការសម្លាប់រង្គាល របបខ្មែរក្រហមបានបំផ្លាញវត្តអារាម និងរំលោភបំពានសិទ្ធិស្រ្តីយ៉ាងធ្ងន់ធ្ងរ។ ការរៀបការត្រូវបានធ្វើឡើងតាមរយៈការបង្ខិតបង្ខំ ដោយរៀបចំជាក្រុមពី៣០គូ រហូតដល់១០០គូ។ បុរស និងស្រ្តីត្រូវឈរទល់មុខគ្នា ចាប់ដៃគ្នា និងប្តេជ្ញាចិត្តរស់នៅជាមួយគ្នាអស់មួយជីវិត ទោះបីជាគ្មានចិត្តស្រឡាញ់គ្នាក៏ត្រូវតែព្រមតាមបញ្ជា បើមិនដូច្នេះទេនឹងត្រូវយកទៅសម្លាប់។
ក្រោយរបបខ្មែរក្រហមដួលរលំ ថន បានរៀបការមានគ្រួសារនៅឆ្នាំ១៩៨១។ ទោះបីជាពេលវេលាកន្លងផុតទៅជាច្រើនទសវត្សរ៍ ប៉ុន្តែការចងចាំអំពីការធ្វើទារុណកម្ម ការអត់ឃ្លាន និងការបាត់បង់សមាជិកគ្រួសារ នៅតែដក់ជាប់ក្នុងចិត្តរបស់ ថន ជានិច្ច៕
សម្ភាសន៍ដោយ៖ ឈើន ស្រីល័ក្ខ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

