ខឹម គឿន៖ បើមិនតស៊ូ

ខឹម គឿន រស់នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ ខឹម គឿន ភេទស្រី មានអាយុ ៨៥ឆ្នាំ រស់នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ គឿន មានភូមិកំណើតនៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ គឿន មានឪពុកឈ្មោះ ខឹម, ម្ដាយឈ្មោះ យឹម ម៉ុច និងមានបងម្នាក់។

កាលពីកុមារភាព គឿន មិនបានរៀនសូត្រនោះទេ ដោយសារតែជីវភាពខ្វះខាត។ នៅរបបសង្គមរាស្ត្រនិយម គឿន បានរៀបការជាមួយប្តីឈ្មោះ សន និងមករស់នៅភូមិត្រពាំងជ្រៅ ដោយអ្នកទាំងពីរមានកូនប្រុសម្នាក់​និងកូនស្រីពីរនាក់។

នៅរបបសាធារណរដ្ឋខ្មែរ ប្តីរបស់គឿន ធ្វើជាទាហាន លន់ នល់។ បន្ទាប់ពីមានវត្តមានកងទ័ពខ្មែរក្រហមចូលមកភូមិត្រពាំងជ្រៅ គឿន បានទៅរស់នៅភូមិកែវឧត្តម។ ក្រោយមក គឿន បានទៅរស់នៅជាមួយបងនៅភូមិដំណាក់ត្រយឹង ក្រុងភ្នំពេញ។ នៅទីនោះ គឿន ធ្វើការស៊ីឈ្នួលដកស្ទូង។ ចំណែកប្តីរបស់គាត់ ដែលក្រោយមកពីងងឹតភ្នែក ត្រូវនៅចាំផ្ទះ។ នៅអំឡុងពេលនោះ គឿន បានបាត់កូនស្រីម្នាក់ ដែលទៅបើកលុយជាមួយប្តី។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់គឿន មករស់នៅម្តុំវត្តពោយ្យំ ស្រុកកណ្ដាលស្ទឹង។ គ្រួសាររបស់គឿន ត្រូវបានខ្មែរក្រហមចាត់ទុកជាប្រជាជនថ្មី។ គឿន ត្រូវដកស្ទូង, លើកទំនប់,​ រែកដី និងលើកថ្នល់។ គឿន និយាយថា គាត់ទ្រាំធ្វើការទាំងឈឺ រហូតដល់ខ្មែរក្រហមហៅពេទ្យមកចាក់ថ្នាំឲ្យគាត់។ គឿន រំឭកថា “បើមិនតស៊ូ [យើង]ងាប់”។ ក្នុងមួយថ្ងៃ គឿន ហូបតែបបរពីរពេលប៉ុណ្ណោះ។ គឿន បានដឹងថា នៅរបបខ្មែរក្រហម ប្រជាជនថ្មីជាច្រើននាក់បានបាត់ខ្លួន។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ គឿន បានត្រលប់មករស់នៅភូមិត្រពាំងជ្រៅវិញ។ គឿន និយាយថា ដោយសារវ័យចាស់ជរា គាត់មានការភ្លេចភ្លាំងច្រើន៕

សម្ភាសដោយ​ ថន ពុធដារ៉ូ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin