អៀ ម៉ាញ៖ បង្គី និងដងរែក

(កណ្ដាល)៖ អៀ ម៉ាញ ភេទស្រី មានអាយុ ៨២ឆ្នាំ រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ម៉ាញ មានភូមិកំណើតនៅភូមិក្បាលជ្រូក។ ម៉ាញ មានឪពុកឈ្មោះ អៀ ម៉ក់, ម្ដាយឈ្មោះ ហូវ សាត និងមានបងប្អូនចំនួនបួននាក់ ក្នុងនោះមានបងប្អូនស្រីពីរនាក់។
កាលពីកុមារភាព ម៉ាញ មិនបានរៀនសូត្រនោះទេ គាត់ត្រូវរែក និងដាំទឹកត្នោត។ ក្រោយមក ម៉ាញ បានរៀបការជាមួយប្តីឈ្មោះ ជិន ឈៅ។
នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ មានការបាញ់គ្រាប់ផ្លោងនៅបន្ទាយបែកចាន បណ្ដាលឲ្យងាប់គោ និងជ្រូក ដែលគ្រួសាររបស់ម៉ាញចិញ្ចឹម។ ក្រោយមក ម៉ាញ បានទៅរស់នៅភូមិសាម៉រមេត និងទៅរស់នៅក្នុងវត្តជម្ពូវ័ន អស់រយៈពេលជាច្រើនខែ។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀស ម៉ាញ ទៅរស់នៅភូមិត្រាញ់។ ម៉ាញ និយាយថា នៅពេលនោះ គាត់បានឃើញប្រជាជនជាច្រើនត្រូវបានខ្មែរក្រហមជម្លៀសចេញពីទីក្រុងភ្នំពេញ ឆ្ពោះទៅខាងភ្នំស្រង់។ ម៉ាញ និយាយថា នៅភូមិត្រាញ់ ប្រជាជនភាគច្រើនដែលជម្លៀសចេញពីទីក្រុងបានបាត់បង់ជីវិតដោយសារហូបចុកមិនគ្រប់គ្រាន់ និងធ្វើពលកម្មហួសកម្លាំង។
ជារៀងរាល់ថ្ងៃ ម៉ាញ ត្រូវក្រោកពីព្រលឹមចេញទៅធ្វើការដូចជា រែកដី ជីកប្រឡាយ និងលើកទំនប់។ ចំណែកកូនរបស់ម៉ាញ ត្រូវយកទៅផ្ញើនៅរោងកុមារ។ ម៉ាញ ត្រូវធ្វើការរហូតដល់ម៉ោង៦យប់ ទើបត្រលប់មកផ្ទះជួបជុំប្តីនិងកូន។ ក្នុងមួយថ្ងៃមានតែរបបអាហារពីរពេលប៉ុណ្ណោះ គឺនៅម៉ោង១១ព្រឹក និងម៉ោង៥ល្ងាច។ នៅពេលខ្មែរក្រហមវាយរគាំង ម៉ាញ ត្រូវប្រញាប់ទៅរោងបាយ និងហូបបបរ។
នៅរបបខ្មែរក្រហម ម៉ាញ បានបាត់បង់ប្អូនប្រុសម្នាក់ដែលចូលធ្វើជាកងទ័ពខ្មែរក្រហម។ ក្រៅពីនេះ ម៉ាញ បានឮតាមរយៈឈ្លបវ័យក្មេងថានៅមន្ទីរពេទ្យក្នុងភូមិត្រាញ់ គឺមានរណ្តៅសម្រាប់កប់សាកសពជាច្រើន។ ម៉ាញ និយាយថា គាត់មិនហ៊ានទៅមើលនោះទេ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ម៉ាញ បានរត់ទៅរស់នៅភូមិត្រពាំងកក់ និងក្រោយមក ម៉ាញ ត្រលប់មករស់នៅឃុំប្រាំបីមុមវិញ និងមានកូនស្រីចំនួនប្រាំនាក់។ នៅពេល ម៉ាញ រំឭកពីការងារនៅរបបខ្មែរក្រហម គាត់និយាយថា “ព្រលឹមឡើង [មានតែ]បង្គីនិងដងរែក [គាត់ត្រូវ]ទៅ[ធ្វើការ]ហើយ!”៕
សម្ភាសដោយ ថន ពុធដារ៉ូ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦

