បិច ប្រាក់៖ “ពិបាកណាស់ជំនាន់អាពត”

(កណ្ដាល)៖ បិច ប្រាក់ ភេទប្រុស មានអាយុ ៧៤ឆ្នាំ រស់នៅនិងមានភូមិកំណើតនៅភូមិត្រពាំងរការ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ប្រាក់ មានបងប្អូនចំនួនប្រាំនាក់។
នៅឆ្នាំ១៩៦៣ ប្រាក់ បានចូលរៀននៅសាលាវត្តអង្គ។ ក្រោយពីបញ្ចប់ថ្នាក់ទី៧នាសម័យនោះ ប្រាក់ បានប្រកបរបរឡើងត្នោត។ នៅឆ្នាំ១៩៧០ ប្រាក់ បានរៀបការជាមួយប្រពន្ធឈ្មោះ យឿន និងនៅឆ្នាំ១៩៧៣ អ្នកទាំងពីរមានកូនម្នាក់។ ប្រាក់ ចងចាំថានៅឆ្នាំនោះ មានកងទ័ពខ្មែរក្រហមចូលមកក្នុងភូមិ និងមានការបាញ់ផ្លោងដោយទាហាន លន់ នល់ ពីភូមិបែកចាន។ ប្រាក់ បានទៅរស់នៅភូមិព្រែករកា និងក្រោយមកទៀត ទៅរស់នៅភូមិសាម៉នម៉េត (ខាងកើតភូមិបែកចាន)។
នៅពេលនោះ ខ្មែរក្រហមបានចាត់តាំងឲ្យ ប្រាក់ ប្រចាំការ ដែលគាត់ត្រូវសែងអ្នករបួស, សាកសព, និងស្បៀងឲ្យកងទ័ពខ្មែរក្រហម។ ប្រាក់ ត្រូវយកសាកសពទាំងនោះទៅកប់នៅវត្តថ្មី ស្ថិតក្នុងភូមិបឹង។ ប្រាក់ និយាយថា ទាហាន លន់ នល់ នៅត្រាំខ្នារដែលខ្មែរក្រហមចាប់បាន ត្រូវបានសម្លាប់។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀស ប្រាក់ ដែលជាប្រជាជនចាស់ឲ្យទៅរស់នៅភូមិក្រោមម្ទេស ម្តុំវត្តសុរភី។ ក្រោយមក ប្រាក់ ត្រូវទៅធ្វើការនៅភ្នំជ្រៃហូរព្នៅ ដូចជាភ្ជួររាស់, លើកភ្លឺស្រែ, ដកស្ទូង, ច្រូតកាត់ និងជីកប្រឡាយ។ ប្រាក់ បានជីកប្រឡាយបានបីខ្សែត្រៀម ដោយមួយខ្សែត្រៀមមានប្រវែងពី៣០ទៅ៤០ម៉ែត្រ។ ប្រាក់ ត្រូវបង្ហូរទឹកពីព្រែកធំដាក់ស្រែ និងបាចកំបោរសដើម្បីងាយស្រួលក្នុងការភ្ជួរនិងលុបគល់ជញ្ជ្រាំង ជាជាងការដុត។ ជួនកាល ប្រាក់ ប្រើម៉ាស៊ីនបូមទឹក ដែលប្រើប្រាស់ថាមពលធ្យូងថ្ម។
មិនយូរប៉ុន្មាន គណៈឃុំបានចាត់តាំង ប្រាក់ ឲ្យធ្វើជាប្រធានកងហា ចំណែកប្រធានកងរយ មានឈ្មោះ តាអេល។ ក្នុងមួយថ្ងៃ ប្រាក់ ហូបបបរចំនួនបីពេល។ ជារៀងរាល់ដប់ថ្ងៃម្តង ប្រាក់ អាចត្រលប់ទៅផ្ទះជួបជុំប្រពន្ធកូន។ នៅពេលមានជំងឺ ប្រាក់ ទទួលបានថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់ព្យាបាល។
បន្ទាប់ពីធ្វើការរួច គឺមានការប្រជុំជីវភាព និងរិះគន់គ្នាទៅវិញទៅមក។ ប្រាក់ បន្ដថាមានតែប្រធានកងហា ឬកងរយប៉ុណ្ណោះ មានសិទ្ធិកសាងសមាជិករបស់ខ្លួន។ ចំណែកអ្នកដែលប្រព្រឹត្តកំហុស នឹងត្រូវបាត់ខ្លួន។ ក្រៅពីការប្រជុំជីវភាព គឺមានការប្រជុំធំ ឬមេទ្ទិញនៅកំពង់ត្រាំ សម្រាប់ប្រជាជនរស់នៅតំបន់៣៣ ភូមិភាគនិរតី ដោយមានការចូលរួមពី តាម៉ុក លេខាភូមិភាគនិរតី។ ប្រាក់ ចងចាំថា នៅរបបខ្មែរក្រហម ខ្មែរក្រហមចាប់បង្ខំប្រជាជនជាច្រើនគូឲ្យរៀបការក្នុងពេលតែមួយ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ប្រាក់ បានទៅរស់នៅវត្តពោយ្យំ និងភូមិត្រពាំងស្វាយ។ នៅពេលជួបកងទ័ពវៀតណាម ប្រាក់ ត្រូវបានកងទ័ពវៀតណាមប្រាប់ឲ្យមករស់នៅភូមិកំណើតវិញ។ បន្ទាប់ពី ប្រាក់ បានរស់រានមានជីវិតពីរបបខ្មែរក្រហម គាត់បានប្រាប់កូនទាំងប្រាំពីរនាក់ និងចៅៗរបស់គាត់ថា “កូនអើយ ឪពុកពិបាកណាស់ជំនាន់អាពត ស៊ីបបររាវៗ បបរលាយគល់ចេក!”៕
សម្ភាសដោយ ថន ពុធដារ៉ូ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦

