ខ្មែរក្រហមប្រើខ្ញុំឱ្យធ្វើការងារធ្ងន់អំឡុងពេលមានផ្ទៃពោះ

(ខេត្តស្វាយរៀង) ទេព ហុន មានអាយុ ៦៩ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិអង្គប្រ​ស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ហុន ជាកូនទី១ ក្នុងគ្រួសារដែលមានបងប្អូន ១៤នាក់ ក្នុងនោះបងប្អូន៧នាក់ បានស្លាប់ក្នុងរបបខ្មែរក្រហម។

កាលពីកុមារភាព ហុន សិក្សារៀនសូត្របានត្រឹមថ្នាក់អក្ខរកម្ម ហើយក្រោយពីឈប់រៀនគាត់បានប្រកបរបរជាកសិករ។ នៅក្នុងរបបខ្មែរក្រហមរឿងរ៉ាវដែល ហុន ចងចាំមិនអាចបំភ្លេចបាន គឺការបង្ខំឱ្យធ្វើការងារធ្ងន់អំឡុងពេលមានផ្ទៃពោះ និងការហូបចុកមិនគ្រប់​គ្រាន់។ នៅអំឡុង​ឆ្នាំ១៩៧៨ ហុន ត្រូវបានខ្មែរក្រហមជម្លៀសពីភូមិកំណើតឱ្យទៅរស់នៅខេត្តពោធិ៍សាត់។ នៅខេត្តពោធិ៍សាត់ ហុន កំពុងមានផ្ទៃពោះ ត្រូវបង្ខំឱ្យជីក​ស្រះ និងលើកទំនប់ដោយគ្មានពេលសម្រាកគ្រប់គ្រាន់​។ នៅទីនោះ ហុន ត្រូវបានខ្មែរក្រហមរៀបគម្រោងនាំយកទៅសម្លាប់ ដោយសារខ្មែរក្រហមចោទប្រកាន់ថាជាប្រជាជនភូមិភាគបូព៌ា ក្បត់បដិវត្តន៍ចង់ផ្ដួលរំលំរបបខ្មែរក្រហម។ អំឡុងពេល ហុន កំពុងមានផ្ទៃពោះហេវហត់អស់កម្លាំង ស្រេកឃ្លានចង់ហូបផ្លែខ្នុរ គាត់បានដើរចូលទៅក្នុងព្រៃដើម្បីស្វែងរកផ្លែខ្នុរយកមកហូប។ នៅក្នុងព្រៃ ហុន បានប្រទះឃើញឈ្លបខ្មែរក្រហមកំពុងវាយសម្លាប់មនុស្ស។  ពេលនោះ ហុន បានលបលួចមើលឃើញកងឈ្លបកំពុងវាយសម្លាប់មនុស្សទម្លាក់ក្នុងរណ្តៅ។ ឃើញដូច្នេះ ហុន មានអារម្មណ៍ថាភិតភ័យ និងញ័រខ្លួនជាខ្លាំង ហើយនៅពេលត្រឡប់ទៅកន្លែងស្នាក់នៅវិញ ប្រធានកងលើកទំនប់បានសួរ ហុន ថា «ទើបតែមកពីណា?» ហុន ឆ្លើយថា «ខ្ញុំទើបមកពីរកផ្លែខ្នុរហូបព្រោះខ្ញុំមានផ្ទៃពោះទើបឃ្លានផ្លែខ្នុរដូច្នេះ»។ ប្រធានកងលើកទំនប់ប្រាប់ថា «កុំដើរផ្ដេសផ្ដាសទៀត» ប្រយ័ត្នមានទោស ព្រោះឈ្លបទើបតែនាំមនុស្សយកទៅសម្លាប់ដោយសារតែដើរទៅមកផ្តេសផ្តាស។ គ្រាន់តែឮដូច្នេះ ហុន លែងហ៊ានដើរចូលព្រៃដោយគ្មានបទបញ្ជាបន្តទៀត។

នៅថ្ងៃមួយប្រធានកងចល័តនារីមានផ្ទៃពោះ ហើយឃ្លានខ្យងក៏បានបញ្ជាឱ្យ ហុន ទៅដើររាវរកខ្យងឱ្យបាន ៥០ ដើម្បីដោះដូរនឹងការបង្ខំឱ្យធ្វើការងារធ្ងន់មួយថ្ងៃ។ ហុន បានរកខ្យងគ្រប់ចំនួន និងរាវរកទុកមួយចំនួនសម្រាប់ម្តាយ។ ចំពោះរបបអាហារវិញ ហុន មិនដែលទទួលបានគ្រប់គ្រាន់ទេ បានត្រឹមតែបបរមួយវែកហូប​ជាមួយសម្លត្រកួន ឬដើមចេកប៉ុណ្ណោះ។ នៅពេលខ្លះ ហុន បានលួចបេះបន្លែ និងស្លឹកឈើមកហូបដើម្បីចម្អែតក្រពះបន្ថែម​។

ក្រៅពីបាត់បង់បងប្អូនបង្កើត ហុន ក៏បាត់បង់ឪពុក និងសាច់ញាតិជាច្រើនផ្សេងទៀតក្នុងរបបខ្មែរក្រហមផងដែរ។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ហុន បានធ្វើដំណើរត្រឡប់ពីខេត្តពោធិ៍សាត់មករស់នៅស្រុកកំណើតវិញ។ បច្ចុប្បន្ន ហុន ជាកសិករ រស់នៅភូមិអង្គប្រស្រែ និងមានជំងឺសន្លាក់ដៃ សន្លាក់ជើង ជំងឺលើសឈាម និងឧស្សាហ៍ស្រវាំងភ្នែក៕

សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin