ផុស សុភិន៖ ការរស់នៅភូមិប្រសៀត ល្អប្រសើរជាងនៅភូមិក្ដុល

ផុស សុភិន អាយុ៦៧ឆ្នាំ កើតនៅភូមិក្ដុល ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅអាយុ១៦ឆ្នាំ សុភិន បានរៀបការដោយស្ងៀមស្ងាត់ ព្រោះពេលនោះមានសង្គ្រាមប្រយុទ្ធគ្នារវាងយុវជនបដិវត្តន៍នៅស្វាយព្រៃ ជាមួយទាហាន នល់ នល់។ មួយឆ្នាំក្រោយមក គ្រួសាររបស់សុភិន បានជម្លៀសទៅរស់នៅភូមិត្រពាំងគល់ និងបានសម្រាលកូនប្រុសច្បងម្នាក់នៅទីនោះ។ បន្ទាប់ពីសម្រាលកូនរួចបាន៤ថ្ងៃ គ្រួសារសុភិន និងបងប្អូនបានផ្លាស់ទៅរស់នៅភូមិត្រពាំងស្នាយ ឃុំក្រាំងស្នាយវិញ។
នៅភូមិត្រពាំងស្នាយ សុភិន ត្រូវធ្វើការងារជីកប្រឡាយ, ជីកអាង, ដាំដំណាំ និធ្វើស្រូវ តាមការរៀបចំរបស់អង្គការ។ ចំណែកប្ដីរបស់គាត់ ត្រូវធ្វើការងារជីកឆៃថាវ ឬរកត្រពាំងក្នុងព្រៃភ្នំ យកមកប្រលាក់អំបិលទុកក្នុងក្រឡរ, កាប់ព្រៃ និងដើរយាមនៅក្នុងភូមិ។ ក្រោយមកនៅពេលកូនច្បងរបស់សុភិន ចេះដើរ អង្គការបានបញ្ជូនប្ដី និងសមាជិកគ្រួសារប្ដីរបស់សុភិន ទៅជីកទំនប់ស្ទឹងភេ។ នៅទីនោះ ប្ដីរបស់សុភិន បានឮដំណឹងអំពីការសម្លាប់មនុស្ស ហេតុនេះហើយបានជាគ្រួសាររបស់ប្ដីសុភិនទាំងអស់ លួចនាំគ្នាបរទេះត្រលប់មកសហករណ៍វិញទាំងយប់។
នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមគ្រប់គ្រងប្រទេសទាំងស្រុង គ្រួសាររបស់សុភិន បានផ្លាស់ទៅរស់នៅភូមិប្រសៀត ហើយឪពុកម្ដាយរបស់គាត់ត្រូវរស់នៅភូមិម្រេះព្រេន។ នៅក្នុងសហករណ៍ថ្មី ប្ដីរបស់សុភិន ត្រូវធ្វើការក្នុងកងភ្ជួរស្រែ និងការងារផ្សេងៗទៀតក្បែរសហករណ៍ តាមការចាត់តាំងរបស់អង្គការ ហើយពេលយប់សម្រាកនៅផ្ទះមើលថែកូន។ ក្រៅពីនេះ ប្ដីរបស់សុភិន ត្រូវឆ្លៀតពេលដាំដំណាំ និងចិញ្ចឹមសត្វមាន់នៅក្នុងផ្ទះដើម្បីយកទៅដាក់រួមក្នុងសហករណ៍។ ការដាំដំណាំ និងចិញ្ចឹមសត្វនេះ គ្រួសាររបស់សុភិន មិនមានសិទ្ធិហូបបាននោះទេ ទាល់តែមានការអនុញ្ញាតពីអង្គការ ហើយប្រសិនបើហ៊ានលួចគឺត្រូវទទួលទោស។ នៅរដូវធ្វើស្រែ សុភិន មានការអាណិតប្ដីរបស់គាត់ខ្លាំងណាស់ ព្រោះប្ដីរបស់គាត់ត្រូវធ្វើការងារធ្ងន់ៗរាល់ថ្ងៃ ប៉ុន្តែរបបអាហាររបស់គាត់ដែលទទួលបានគឺបបររាវៗប៉ុណ្ណោះ។ ដើម្បីចម្អែតក្រពះ ប្ដីរបស់សុភិន ត្រូវដើររកបន្លែ ឬស្លឹកស្មីពីមាត់ស្ទឹងយកទៅដាក់លាយក្នុងបបរនោះបន្ថែម។
ចំពោះ សុភិន អង្គការបានបញ្ជូនគាត់ចូលក្នុងកងចល័ត និងត្រូវជម្លៀសទៅធ្វើការងារឆ្ងាយៗរហូតដល់ភ្នំខាងលិច។ នៅក្នុងកងចល័ត ការងាររបស់សុភិន បានផ្លាស់ប្ដូរទៅតាមពេលវេលា ដោយក្នុងរដូវប្រាំងគាត់ត្រូវធ្វើការងារជីកប្រឡាយ, លើកប្រព័ន្ធភ្លឺស្រែ និងជីកអាង ហើយនៅរដូវធ្វើស្រែ គឺគាត់ត្រូវធ្វើការ ស្ទូង, ដក និងច្រូត។ នៅការដ្ឋានការងារ សុភិន ត្រូវធ្វើការក្រោមកំដៅថ្ងៃ, ភ្លៀងធ្លាក់ និងពេលខ្លះត្រូវធ្វើរហូតដល់ពេលយប់បន្ថែមទៀត។ លើសពីនេះទៅទៀត ប្រសិនបើសុភិន និងអ្នកធ្វើការងារផ្សេងទៀត ធ្វើខុសវិន័យ គឺត្រូវប្រឈមមុខជាមួយនឹងការចាប់យកទៅសម្លាប់។ ទោះបីជាយ៉ាងណា សុភិន មានការអាណិតដល់កុមារតូចៗដែលធ្វើការងារក្បែរគាត់។ ក្នុងនាមជាមនុស្សធំ សុភិន អាចទ្រាំជាមួយការងារទាំងអស់ ប៉ុន្តែក្មេងៗទាំងនោះនៅតូចខ្លាំងពេក ហើយត្រូវធ្វើការងារដូចជាមនុស្សធំដែរ។ មួយវិញទៀត សុភិន មានការព្រួយបារម្ភថា កុមារទាំងអស់នោះមិនអាចរកផ្លូវទៅផ្ទះរបស់ខ្លួនវិញបាន នៅពេលខ្មែរក្រហមដួលរលំ នៅខែមករា ឆ្នាំ១៩៧៩។
បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ គ្រួសាររបស់សុភិន បានត្រលប់ទៅរស់នៅភូមិក្ដុល។ នៅក្នុងភូមិ សុភិន បានដឹងថា ប្រជាជនជាច្រើននាក់នៅក្នុងភូមិក្ដុលបានបាត់បង់ជីវិតដោយកង្វះអាហារហូបចុក និងអង្គការយកទៅសម្លាប់ ដោយក្នុងចំណោមនោះមានបងថ្លៃរបស់គាត់ដែរ។ សុភិន បានរៀបរាប់ថា បងថ្លៃរបស់គាត់ ដែលធ្វើទាហាននៅកំពង់ធំ បានធ្វើដំណើរមករកប្រពន្ធកូន និងគ្រួសារនៅស្រុកកំណើតភូមិក្ដុល។ ប៉ុន្តែពេលមកដល់ភូមិ បងថ្លៃរបស់បងថ្លៃសុភិន បានចេញទៅរាយការណ៍ប្រាប់អង្គការដើម្បីកុំឲ្យមានរឿងដល់ខ្លួន។ ជាអកុសល ពេលដឹងដំណឹងភ្លាម ប្រធានភូមិបានចាត់តាំងកងឈ្លប ឲ្យទៅចាប់បងថ្លៃរបស់សុភិនទៅសម្លាប់ចោលទាំងយប់ ដែលជាហេតុធ្វើឲ្យគាត់មិនបានជួបជាមួយប្រពន្ធកូននៅភូមិប្រសៀត។
នៅពេលផ្ដល់បទសម្ភាសន៍ សុភិន មានជំងឺលើសឈាម, ខ្សោយបេះដូង, ឈឺសន្លាក់ និងស្រុតស្បូន។ សុភិន គិតថាជំងឺរបស់គាត់មួយចំនួនបានកើតឡើងដោយសារធ្វើការងារធ្ងន់នៅក្នុងសម័យខ្មែរក្រហម។ ដើម្បីព្យាបាលជំងឺ សុភិន បានប្រើប្រាស់ថ្នាំពេទ្យ និងថ្នាំខ្មែរ ដើម្បីព្យាបាលជំងឺលើសឈាម និងជំងឺផ្សេងៗទៀត។
សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

