ថោង យ៉ាង៖ ស៊ីបាយគងថ្ងាស

ថោង យ៉ាង រស់នៅភូមិត្រពាំងរកា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ ថោង យ៉ាង ភេទស្រី មានអាយុ ៨៤ឆ្នាំ រស់នៅភូមិត្រពាំងរកា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ យ៉ាង មានបងប្អូនស្រីពីរនាក់ និង​បងប្អូនប្រុសម្នាក់។ យ៉ាង មានស្រុកកំណើតនៅខេត្តស្វាយរៀង។

កាលពីកុមារភាព យ៉ាង មិនបានសិក្សានោះទេ ដោយសារគាត់ជាកូនកំព្រាឪពុកតាំងពីតូច។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ យ៉ាង បានរៀបការ និងមានកូនពីរនាក់។ ក្រោយមក យ៉ាង បានមកទិញដីនៅឃុំអ្នកលឿង និងប្រកបរបរលក់ដូរ។

នៅរបបសាធារណរដ្ឋ យ៉ាង និយាយថា គាត់រស់នៅចន្លោះរវាងតំបន់ដែលកងទ័ពខ្មែរក្រហម និងទាហាន លន់ នល់ គ្រប់គ្រង។ ក្រោយមក យ៉ាង បានជួយលាក់គ្រាប់រំសេវឲ្យទាហាន លន់ នល់ និងទៅយកការណ៍នៅបន្ទាយធំ។ នៅពេលជួបខ្មែរក្រហម យ៉ាង កុហកថាគាត់ទៅរកគោដែលបាត់។ នៅពេលត្រលប់មកផ្ទះវិញ យ៉ាង បានប្រាប់ប្តីថា ទាហាន លន់ នល់ បាក់ទ័ពហើយ។ នៅឆ្នាំ១៩៧៤ យ៉ាង បានចាកចេញពីឃុំអ្នកលឿង មកទិញដី និងលក់ដូរនៅជ្រោយចង្វារ ទីក្រុងភ្នំពេញ។ ក្រោយមក យ៉ាង ឮសំឡេងផ្ទុះយ៉ាងខ្លាំង ទើបគាត់ដឹងថាស្ពានជ្រោយចង្វារត្រូវបានកាត់ផ្ដាច់។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀស យ៉ាង ចេញពីជ្រោយចង្វារ ដោយប្រាប់ថាចេញតែបីថ្ងៃប៉ុណ្ណោះ។ នៅពេលធ្វើដំណើរ កូនរបស់យ៉ាងម្នាក់ បានស្លាប់នៅបាក់ខែង ដោយសារជំងឺ។ នៅពេលនោះ ពេទ្យម្នាក់ឈ្មោះ ឈុន បានប្រាប់គាត់ថា “យើងកុម្មុយនីស្តហើយ អង្ករកំប៉ុងហើយ!”។ នៅតាមផ្លូវ យ៉ាង បានយកលុយចំនួនបួនបាវខ្សាច់ ដាក់ចូលក្នុងក្អម រួចកប់នៅទន្លេជ្រៃ។

អស់រយៈពេលមួយខែ ទើប យ៉ាង ធ្វើដំណើរទៅដល់ស្រុកកំណើតខាងប្តី នៅឯស្រុកមេសាង ខេត្តព្រៃវែង។ នៅទីនោះ ប្រជាជនចាស់មិនឲ្យគ្រួសាររបស់យ៉ាង រស់នៅទេ និងចោទថា “ពួកអាចក្រពត្តិ ពួកអានាយទុន ស៊ីបាយគងថ្ងាស យកគេធ្វើខ្ញុំ”។ យ៉ាង បន្តថាប្រសិនបើគាត់មិនលក់ដូរ តើមានអ្វីឲ្យកូនហូប។ អស់រយៈពេលដប់ថ្ងៃក្រោយមក ខ្មែរក្រហមជម្លៀសគ្រួសាររបស់យ៉ាងទៅភូមិកៀនភ្លើង។

នៅទីនោះ ខ្មែរក្រហមសួរប្រជាជននៅរោងបាយថាឲ្យគ្រួសាររបស់យ៉ាងនៅឬមិននៅ។ ក្នុងចំណោមប្រជាជនរាប់រយនាក់ មានតែពីរទៅបីនាក់ប៉ុណ្ណោះលើកដៃមិនគាំទ្រ។ នៅទីនោះ ប្រជាជនចូលចិត្ត យ៉ាង ដោយសារគាត់ជាមនុស្សត្រង់, ធ្វើការរហ័សរហួន និងសម្តីបាន។ យ៉ាង ធ្វើការក្នុងកងជីវភាព។ យ៉ាង ចងចាំថា នៅតំបន់ដែលគាត់រស់នៅ ខ្មែរក្រហមឲ្យប្រជាជនហូបរួមមែន ប៉ុន្តែអាចហូបអ្វីផ្សេងទៀតបានដោយសេរី។ នៅរបបខ្មែរក្រហម យ៉ាង បានឃើញខ្មែរក្រហមចាប់បង្ខំប្រជាជនម្ភៃគូឲ្យរៀបការដោយបង្ខំនៅរោងជីវភាពក្នុងពេលតែមួយ ព្រមទាំងមានការកាប់សត្វជ្រូក និងគោយកសាច់មកចែកប្រជាជនហូប។

នៅឆ្នាំ១៩៧៨ យ៉ាង និយាយថាមានចលនាខ្មែរស នៅភូមិបឹង និងភូមិត្នោត។ យ៉ាង បន្តថានៅខាងកើតភូមិកៀនភ្លើង គឺជាជំរំរបស់ សោ ភឹម (លេខាភូមិភាគបូព៌ា)។ បន្ទាប់ពី សោ ភឺម ស្លាប់ យាយការ៉ូ ដែលជាប្រពន្ធរបស់ សោ ភឹម និងកូន បានប្រយុទ្ធតទល់ជាមួយកងទ័ពខ្មែរក្រហម។

នៅចុងឆ្នាំ១៩៧៨ នៅពេលប្រជុំ ខ្មែរក្រហមបានប្រាប់ឲ្យប្រជាជនខិតខំប្រមូលផល និងព្រមានថា “[នៅពេល]ពួកចក្រពត្តិមក នឹងរំលាយចោល”។ នៅពេលនោះ យ៉ាង បានឃើញមានយន្តហោះមកទម្លាក់គ្រាប់មកលើកងទ័ពខ្មែរក្រហម។ នៅយប់នោះ ខ្មែរក្រហមបានប្រកាសឲ្យប្រជាជនប្រមូលសម្ភារ និងចាកចេញពីទីនោះ។ នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ យ៉ាង បានមកនៅភូមិត្រពាំងរកា និងក្រោយមកគាត់មានកូនចំនួនប្រាំនាក់៕

សម្ភាសដោយ​ ថន ពុធដារ៉ូ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin