ប៉ែន ស៊ីថា៖ ធ្វើការនៅក្នុងកងចល័តឃុំ

(តាកែវ) ប៉ែន ស៊ីថា អាយុ៥៧ឆ្នាំ រស់នៅភូមិកណ្ដោល ឃុំពោធិអង្រ្គង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ នៅក្នុងសម័យខ្មែរក្រហម ស៊ីថា មានអាយុជាង១០ឆ្នាំ។ ស៊ីថា ត្រូវបានអង្គការចាត់តាំងឲ្យចូលក្នុងកងចល័ត ដើម្បីធ្វើការរែកដីដំបូក លើកទំនប់ ស្ទូងដក រែកកណ្ដាប់ ច្រូតស្រូវ និងដាំដំឡូង។ ជាញឹកញាប់ ក្រុមរបស់ស៊ីថា ដែលមានសមាជិកប្រមាណ១៥ ទៅ២០នាក់ ត្រូវផ្លាស់ទីទៅធ្វើការនៅ វាលផល ភ្នំតូច ត្រពាំងឈូក ព្រៃប្រព័ទ្ធ អង្គទង ត្រពាំងខ្យង ត្រពាំងសីលា និងកន្លែងផ្សេងៗទៀតដែលអង្គការចាត់តាំង។ ក្រុមរបស់ស៊ីថា ត្រូវស្នាក់នៅតាមផ្ទះដែលអង្គការរៀបចំឲ្យនៅពេលធ្វើការនៅក្បែរសហករណ៍ ប៉ុន្តែបើធ្វើកានៅតាមការដ្ឋាន គឺត្រូវសម្រាកក្រោមដើមឈើ ឬធ្វើរោង។

នៅកន្លែងធ្វើការ ស៊ីថា មិនបានឃើញការធ្វើទារុណកម្ម ឬការសម្លាប់មនុស្សទេ ប៉ុន្តែគាត់បានឃើញអង្គការមកហៅអ្នក១៧ មេសា ដែលប្រព្រឹត្តកំហុសបន្តិចបន្តួច ឬលួចដំឡូងហូបឲ្យមកជុំគ្នា រួចបណ្ដើរចេញទៅ និងមិនដែលបានឃើញត្រលប់មកវិញទាល់តែសោះ។ ក្រៅពីនេះ ស៊ីថា និងកុមារផ្សេងទៀតដែលមកពីភូមិក្បែរគ្នា ត្រូវបែកពីគ្រួសារទៅធ្វើការហួសកម្លាំង និងសម្រាកមិនបានគ្រប់គ្រាន់រាល់ថ្ងៃ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានគឺខ្វះខាត។

ចំពោះផលដំណាំ ក្រុមរបស់ស៊ីថា មិនដែលបានហូបឬនៅប្រមូលផលទេ ព្រោះអង្គការបានចាត់តាំងក្រុមផ្សេងឲ្យមកជំនួស។  លើសពីនេះ ស៊ីថា និងកុមារជាច្រើននាក់ទៀត មិនមានសម្លៀកបំពាក់គ្រប់គ្រាន់នោះទេ ដោយម្នាក់មានត្រឹមមួយឬពីរបម្លាស់ប៉ុណ្ណោះសម្រាប់ស្លៀកប្រចាំថ្ងៃ។ នៅពេលដែលដាច់រហែក ស៊ីថា ត្រូវដើររកសាច់ក្រណាត់ អំបោះ និងម្ចុល ដេរដោយខ្លួនឯង និងត្រូវស្លៀកទាំងមានខ្លិនមិនល្អ ឬទាំងសើមក៏មាន។

នៅពេលដែលមានជំងឺ ស៊ីថា បានទទួលថ្នាំគ្រាប់ធ្វើដោយខ្លួនឯងរាងដូចជាអាចម៍ទន្សាយសម្រាប់លេប ហើយបើឈឺធ្ងន់គឺត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ ជាក់ស្ដែង ស៊ីថា បានក្ដៅខ្លួនយ៉ាងខ្លាំង ហើយអង្គការបានបញ្ជូនគាត់យកទៅព្យាបាលនៅមន្ទីរពេទ្យទើបបានជាសះស្បើយ។ ប៉ុន្តែបងប្អូនរបស់ស៊ីថាម្នាក់ ដែលឈឺរាគធ្ងន់ធ្ងរ ត្រូវបានអង្គការបញ្ជូនយកទៅព្យាបាលក្នុងមន្ទីរពេទ្យនៅព្រៃខ្មោចក្បែរសាលាឃុំ និងបានបាត់បង់ជីវិតនៅទីនោះព្រោះថ្នាំដែលអង្គការព្យាបាលមិនមានប្រសិទ្ធិភាព។ ស៊ីថា បានបន្តថា ប្រសិនបើបងប្អូនរបស់គាត់កើតជំងឺនេះនៅសម័យនេះ គឺមិនស្លាប់នោះទេ ព្រោះមានថ្នាំព្យាបាលល្អៗខុសពីក្នុងសម័យខ្មែរក្រហម។

នៅពេលផ្ដល់បទសម្ភាសន៍ ស៊ីថា មានជំងឺប្រចាំកាយដូចជា សន្លាក់ជើង-ជង្គង់ លើសឈាម និងឈឺក្បាលម្ដងម្កាល។ ដើម្បីព្យាបាលជំងឺ ស៊ីថា បានទៅចាក់ថ្នាំ និងទិញថ្នាំពីពេទ្យឯកជនយកមកលេបជាប្រចាំ។

សម្ភាសន៍ដោយ ពិន ពុំពា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin