អំ អូន៖ លួចកន្ទក់ហូប

(កំពង់ស្ពឺ)៖ អំ អូន ភេទស្រី កើតក្នុងឆ្នាំ១៩៦០ មានអាយុ ៦១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យ។ អូន មានទីកន្លែងកំណើតនិងបច្ចុប្បន្នរស់នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ អូន មានឪពុកឈ្មោះ ញិល, ម្ដាយឈ្មោះ ង៉ែត និងមានបងប្អូនប្រាំនាក់ ក្នុងនោះស្រីបីនាក់។ អូន មានកូនប្រុសបីនាក់ ក្នុងនោះកូនពៅបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗ។
អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ បងប្រុសរបស់អូន ឈ្មោះ ប៊ុនធឿន ដែលចូលធ្វើជាទាហានបានស្លាប់តាំងពីគាត់មិនទាន់ធំដឹងក្តី។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ នៅក្នុងរបប លន់ នល់ អូន បានឈប់រៀនត្រឹមថ្នាក់ទី១ ដោយសារការទម្លាក់គ្រាប់បែក និងការបាញ់គ្រាប់ផ្លោងក្នុងភូមិ។
នៅឆ្នាំ១៩៧៥ ក្រោមរបបខ្មែរក្រហម កម្មាភិបាលខ្មែរក្រហមបានចាត់ទុក អូន ជាប្រជាជនមូលដ្ឋាន ដោយត្រូវធ្វើការក្នុងកងនារីស្រុក។ នៅរដូវប្រាំង អូន ត្រូវរែកដី និងនៅរដូវវស្សា គាត់ត្រូវស្ទូងស្រូវនៅខេត្តតាកែវ។ អូន ត្រូវរស់នៅព្រាត់ប្រាសពីសមាជិកគ្រួសារ, ធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ អូន ត្រូវធ្វើការពីព្រលឹមរហូតដល់ម៉ោង១១ព្រឹក ទើបគាត់ឮសូរសំឡេងជួង និងឡើងសម្រាកហូបអាហាររួមនៅរោងបាយ។ អូន ទទួលបានតែបបរលាយជាមួយដំឡូងបីដុំតូចមួយកា និងសម្លត្រកួនប៉ុណ្ណោះ។
ជួនកាល អូន បានលួចហូបគល់ចេក, គល់ល្ហុង ឬកន្ទក់។ អូន ចងចាំថា នៅពេលថ្ងៃ នរណាដែលមិនខិតខំធ្វើការ នឹងត្រូវខ្មែរក្រហមនាំយកទៅរៀនសូត្រនៅពេលយប់ ដោយមិនឃើញត្រលប់មកវិញនោះទេ រួមទាំងប្រជាជន១៧មេសាមួយចំនួនដែលជម្លៀសមកពីទីក្រុងភ្នំពេញ។
នៅរបបខ្មែរក្រហម អូន ត្រូវបន្តខិតខំធ្វើការទាំងហត់នឿយ រហូតដល់ធ្លាក់ខ្លួនឈឺធ្ងន់។ នៅពេលនោះ អូន ទទួលបានថ្នាំទឹកពណ៌ក្រហម ឬ អូន ហៅថា «បេថ្នាំចយ» ចំនួនបីស្លាបព្រា ពីខាងសង្គមកិច្ចសម្រាប់ព្យាបាល។ អូន ថាថ្នាំប្រភេទនេះធ្វើឲ្យគាត់ឈឺទ្រុឌទ្រោមរហូតមកទល់សព្វថ្ងៃ។
នៅពេលម្ដាយរបស់អូនឈឺធ្ងន់ អូន បានស្នើសុំមេកងទៅសួរសុខទុក្ខម្ដាយឲ្យបានពីរទៅបីថ្ងៃនៅភូមិអង្គក្តី។ នៅពេលធ្វើដំណើរតាមផ្លូវរថភ្លើង អូន បានជួបខ្មែរក្រហមដែលហៅ អូន ទៅសួរនាំ និងបម្រុងនឹងចាប់ខ្លួនអូន តែសំណាងល្អ មេកងរបស់អូនមកទាន់។ អូន ក៏ចូលធ្វើការនៅក្នុងកងចល័តនៅភូមិអង្គក្តី។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ អូន បានត្រលប់មកជួបជុំសមាជិកគ្រួសារ និងរស់នៅតាមក្រោលគោអស់មួយរយៈពេលខ្លី ទើបត្រលប់មកភូមិកំណើតវិញ។ សព្វថ្ងៃ អូន មានជំងឺទឹកនោមផ្អែម និងខ្វះខាតថវិកាសម្រាប់ការព្យាបាល៕
សម្ភាសដោយ កេង ភត្ត្រា ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥

