ប្អូនប្រុសម្នាក់បាត់ខ្លួននៅក្នុងរបបខ្មែរក្រហម

តាមរយៈបទសម្ភាសជាមួយ ហាវ គីមស្រាយ[1] អាយុ៦៩ឆ្នាំ (ក្នុងឆ្នាំ២០០៦) រស់នៅភូមិចំបក់ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ, គាត់មានបងប្អូនសរុបចំនួន៥នាក់ (ស្រីចំនួន៣នាក់) មានឈ្មោះដូចជា ហាវ ហ៊ង ភេទស្រី, ហាវ គីមស្រាយ ភេទស្រី (អ្នកផ្ដល់បទសម្ភាស), ហាវ មុយ ភេទប្រុស, ហាវ មួយហេង និង ហាវ ហួត ភេទប្រុស (បាត់ខ្លួន)។ គីមស្រាយ រស់នៅជាមួយប្ដីឈ្មោះ ឡាច ណន អាយុ៦៩ឆ្នាំ។ គីមស្រាយ មានឪពុកឈ្មោះ ហាវ កា និងម្ដាយឈ្មោះ ទ្រី ឡាំង, ឪពុកម្ដាយរបស់គីមស្រាយ ទទួលមរណភាពតាំងពី គីមស្រាយ នៅវ័យកុមារ។

ក្នុងចំណោមបងប្អូនទាំង ៥នាក់ របស់គីមស្រាយ មានម្នាក់ដែលបានបាត់ខ្លួននៅក្នុងរបបខ្មែរក្រហម។ ប្អូនប្រុសពៅរបស់គាត់ ឈ្មោះ ហាវ ហួត បានបាត់ដំណឹងតាំងឆ្នាំ១៩៧៧ មិនឃើញត្រឡប់ទៅលេងផ្ទះនៅស្រុកកំណើតទោះបីជារបបខ្មែរក្រហមបានដួលរលំហើយយ៉ាងណាក្ដី។ គីមស្រាយ បាននិយាយថា ប្អូនប្រុសរបស់គាត់ ជាក្មេងឧស្សាហ៍ព្យាយាម, រៀនពូកែ និងតែងតែជួយការងារបងៗ។ ហួត បានឆ្លៀតពេលពីការសិក្សាជួយធ្វើការងារផ្ទះ និងការងារផ្សេងៗ។ គីមស្រាយ បានប្រាប់ថា ហួត បានរៀនចប់ថ្នាក់ទី៦ នៅសាលាក្ដីចាស់។ ហួត បានទៅរៀនបន្តនៅអនុវិទ្យាល័យឆ្លូង និងរស់នៅជាមួយ ថី សម្បត្តិ តួនាទីជាគ្រូបង្រៀន។

នៅឆ្នាំ១៩៧០ មានព្រឹត្តិការណ៍រដ្ឋប្រហារ បានបណ្ដាលឱ្យស្ថានភាពនៅក្នុងស្រុកឆ្លូងចលាចលខ្លាំង, ហួត បានឈប់រៀន ហើយត្រឡប់ទៅស្រុកកំណើតជួយធ្វើការងារនៅផ្ទះ។ នៅឆ្នាំ១៩៧២ មានចលនាខ្មែរក្រហមនៅក្នុងតំបន់ ហើយ ហួត បានស្ម័គ្រចិត្តបម្រើការងារក្នុងចលនាខ្មែរក្រហម​។ ដំបូងឡើយ មិនបានចូលធ្វើជាយោធានោះទេ គឺធ្វើការនៅក្នុងក្រុមសិល្បៈ ដើម្បីសម្ដែងឱ្យប្រជាជនទស្សនា ជារបៀបឃោសនាឱ្យប្រជាជនដឹងពីបដិវត្តន៍របស់ខ្មែរក្រហម។ រហូតដល់ឆ្នាំ១៩៧៣ ហួត បានចូលធ្វើជាយោធាតំបន់។ ដោយសារតែស្ថានភាពសង្រ្គាម និងការទម្លាក់គ្រាប់បែក កើតឡើងពាសពេញផ្ទៃប្រទេស ខ្មែរក្រហមបានចាត់តាំងឱ្យ ហួត ទៅប្រចាំការសមរភូមិនៅទីក្រុងភ្នំពេញ។ នៅពេលនោះ គីមស្រាយ និងគ្រួសារមិនបានដឹងព័ត៌មានថា ហួត ត្រូវបញ្ជូនទៅសមរភូមិនៅតំបន់ណាឡើយ។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហម បានឡើងកាន់អំណាចទូទាំងប្រទេស ហើយនៅពេលនោះមានព្រឹត្តិការណ៍ដែលប្រជាជននៅទីក្រុងភ្នំពេញបានជួបប្រទះ គឺខ្មែរក្រហមបានធ្វើសេចក្ដីប្រកាសឱ្យប្រជាជនចាកចេញពីទីក្រុងភ្នំពេញ ត្រឹមរយៈ៣ថ្ងៃ។ តាមរយៈសៀវភៅ «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» បានសរសេរថា ចលនាផ្លាស់ទីចេញពីទីក្រុងភ្នំពេញ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រព្រឹត្តទៅក្នុងស្ថានភាពចលាចល គួរឱ្យភ័យខ្លាច និងដោយបង្ខំ។[2]  គីមស្រាយ បាននិយាយថានៅឆ្នាំដដែលនោះមានប្រជាជនថ្មីដែលត្រូវខ្មែរក្រហមជម្លៀសចេញពីតំបន់ផ្សេង ចូលទៅរស់នៅក្នុងភូមិរបស់គាត់។ នៅអំឡុងពេលនោះ ប្អូនប្រុសរបស់គាត់ឈ្មោះ ហួត ក៏បានមកស្រុកកំណើត ដើម្បីសួរសុទ្ខបងប្រុស និងបងស្រី។ នៅពេលដែលប្អូនប្រុសមកលេងស្រុកកំណើតទើប គីមស្រាយ បានដឹងថាប្អូនប្រុសរបស់គាត់ធ្វើការងារនៅភ្នំពេញ និងមានតួនាទីធំនៅក្នុងបដិវត្តន៍ កាន់កាប់កូនទាហានចំនួន១០០០នាក់។

គីមស្រាយ បានលើកឡើងថាក្នុងរយៈពេល៥ឆ្នាំដែល ហួត ទៅធ្វើការនៅក្នុងបដិវត្តន៍ខ្មែរក្រហម គាត់ទៅលេងផ្ទះត្រឹមតែ២ដងប៉ុណ្ណោះ លើកទីមួយនៅឆ្នាំ១៩៧៥ និងលើកទី២នៅឆ្នាំ១៩៧៧ ហើយតាំងពីឆ្នាំនោះមកមិនដែលទទួលបានដំណឹងរបស់ប្អូនប្រុសទៀតឡើយ។ នៅឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ, ហាយ ខេន ដែលត្រូវជាប្អូនជីដូនមួយរបស់ គីមស្រាយ និងមានតួនាទីជាយោធានៅក្នុងកងពលជាមួយ ហួត បានត្រឡប់មកស្រុកកំណើត ហើយបានប្រាប់ថា ហាវ ហួត និងប្រពន្ធរបស់គាត់ឈ្មោះ ភន ស្រ៊ន ត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់នៅគុកទួលស្លែងទាំងពីរនាក់ប្ដី-ប្រពន្ធ។

យោងតាមឯកសារប្រវត្តិរូបអ្នកទោសជាប់ឃុំខ្លួននៅមន្ទីរ ស-២១ បានបញ្ជាក់ថា ហាវ ហួត[3] ឈ្មោះបដិវត្ដន៍ ហម មានអាយុ២៧ឆ្នាំ កើតឆ្នាំថោះ នៅភូមិចំបក់ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម ហួត មានតួនាទីជានីរសារ និងជាប្រធានកងពិសេស ក្នុងកងពល ៣១០។ ហួត មានប្រពន្ធឈ្មោះ ភន ស្រ៊ន ជាយុវនារី នៅក្នុងកងពល ៣១០, មានទីកន្លែងកំណើតនៅភូមិរមាស ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ យោងតាម បញ្ជីឈ្មោះជនរងគ្រោះដែលបានកម្ទេចនៅមន្ទីរ​ ស-២១ (គុកទួលស្លែង) បានបញ្ជាក់ថា ហាវ ហួត ត្រូវបានអង្គការខ្មែរក្រហមចាប់ខ្លួននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៧៧ និងសម្លាប់នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៧៕

[1] ឯកសារលេខ KRI0026, សម្ភាសន៍ ហាវ គីមស្រាយ ដោយ សុខ វណ្ណៈ, នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៦, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

[2] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធឯទៀត, ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទីពីរ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០២០) ទំព័រ ១៥។

[3] ឯកសារលេខ I09809, តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, ស្ដីពីប្រវត្តិរូបអ្នកទោសជាប់ឃុំខ្លួនឈ្មោះ ហាវ ហួត ហៅ ហម អាយុ២៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិចំបក់ ឃចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។


អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin