បាត់ដំណឹងសមាជិកគ្រួសារចំនួន៤នាក់

(ភ្នំពេញ)៖ នៅក្នុងរបបខ្មែរក្រហម សុគន្ធ បាត់បង់សមាជិកគ្រួសារចំនួន៤នាក់ មានដូចជា ឪពុក-ម្ដាយ, ប្អូនម្នាក់ និងបងស្រីម្នាក់ ដោយមិនទទួលបានដំណឹងអ្វីសោះឡើយ។ ទិត សុគន្ធ ហៅ ជ្រុយ មានអាយុ៧២ឆ្នាំ រស់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សុគន្ធ ជាមនុស្សម្នាក់ដែលមានសុខភាពខ្សោយតាំងពីកុមារ ក្រៅពីនោះគាត់មានជំងឺថ្លើម ព្រមទាំងដុះសាច់ច្រមុះ ប៉ុន្តែបច្ចុប្បន្នព្យាបាលជា ហើយជំងឺដែលធ្វើទុក្ខមកដល់សព្វថ្ងៃគឺក្រពះពោះវៀន។
នៅក្នុងឆ្នាំ១៩៧០ ក្រោយពីព្រឹត្តិការណ៍រដ្ឋប្រហារ ប្រទេសជាតិស្ថិតក្រោមការគ្រប់គ្រងរបស់របប លន់ នល់ ហើយនៅអំឡុងពេលនោះចាប់ផ្ដើមមានចលនារបស់ខ្មែរក្រហមតាមតំបន់មួយចំនួននៅជុំវិញទីក្រុងភ្នំពេញ។ កងកម្លាំងទាំង២កាន់តែមានភាពចម្រូងចម្រាសជាមួយគ្នា។ នៅតំបន់ដែល សុគន្ធ រស់នៅមានការទម្លាក់គ្រាប់បែក។ នៅក្នុងភូមិឃុំ ចាប់ផ្ដើមមានភាពចលាចល សាលារៀនត្រូវបិទទ្វារ ប្រជាជនត្រូវរត់ភៀសខ្លួន។ ឪពុករបស់ សុគន្ធ បាននាំសមាជិកគ្រួសារទាំងអស់ទៅជួលតូបតូចមួយសម្រាប់ស្នាក់នៅ និងប្រកបរបរនៅច្បារអំពៅ។
នៅឆ្នាំ១៩៧៥ សុគន្ធ ត្រូវបានខ្មែរក្រហម ជម្លៀសទៅខេត្តពោធិ៍សាត់។ នៅតំបន់នោះ គឺជាតំបន់មួយដែលខ្សត់ខ្សោយគ្មានអាហារហូបគ្រប់គ្រាន់ និងគ្មានសម្ភារប្រើប្រាស់សម្បូរបែប។ ខ្មែរក្រហម បានចាត់តាំងឱ្យគាត់ធ្វើការងារស្ទើរតែគ្មានពេលសម្រាកចប់ពីការងារមួយ មានការងារមួយទៀត។ នៅអំឡុងពេលនោះ គាត់ធ្វើការងារនៅក្នុងអង្គភាពមេម៉ាយ មានការងារដូចជា រែកដី, ដកស្ទូង និងពង្រាបភ្លឺស្រែ។ សុគន្ធ បាននិយាយថានៅក្នុងរបបខ្មែរក្រហម កងដែលទទួលបន្ទុកការងារធ្ងន់ជាងគេគឺ កងយុវជន-យុវនារី។
នៅតំបន់ដែលគាត់រស់នៅ របបអាហារដែលអង្គការរៀបចំឱ្យប្រជាជនគឺជាបបររាវ។ បបរមួយខ្ទះដាក់អង្ករត្រឹមតែមួយកំប៉ុង ហើយមិនមានបន្លែ ឬសាច់នោះទេ។ ថ្វីត្បិតតែនៅតំបន់នោះមានបញ្ហាកង្វះអាហារ ប៉ុន្តែមិនមានប្រជាជនណាម្នាក់ហ៊ានស្វែងរកអាហារហូបបន្ថែមឡើយ។ នៅអំឡុងពេលនោះ ដោយសារតែកង្វះអាហារូបត្ថម្ភ ប្រជាជនទាំងក្មេង ទាំងចាស់ មានសភាពស្គមស្គាំង គ្មានកម្លាំងកំហែង និងធ្លាក់ខ្លួនឈឺ។ ចំណែកប្រព័ន្ធសុខាភិបាលនៅក្នុងរបបខ្មែរក្រហម មានការធ្លាក់ចុះខ្លាំង គ្រូពេទ្យគ្មានជំនាញ និងខ្វះខាតថ្នាំពេទ្យ។ មានអ្នកជំងឺជាច្រើនដែលស្លាប់នៅមន្ទីរពេទ្យ។
សុគន្ធ ធ្លាប់បានឃើញឈ្លបសម្លាប់មនុស្សផ្ទាល់នឹងភ្នែករបស់គាត់ នៅពេលដែលគាត់កំពុងស្ទូងស្រូវ។ ឈ្លបវ័យកុមារអាយុប្រហែលជា១៤ ទៅ១៥ឆ្នាំ ដោយប្រើកាំបិតចាក់សម្លាប់។ នៅពេលដែលមើលឃើញសកម្មភាពទាំងនោះផ្ទាល់នឹងភ្នែក គាត់ពិតជាតក់ស្លុត និងមិននឹកស្មានថាក្មេងៗហ៊ានលើកដៃសម្លាប់មនុស្សបែបនេះទេ៕
សម្ភាសន៍ដោយ៖ ជុន សុមុនីនាថ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

