វត្តអារាមគ្មានព្រះសង្ឃ

(ក្រចេះ)៖ របបខ្មែរក្រហម វត្តអារាមគ្មានព្រះសង្ឃ, មិនមានការគោរពប្រណិប័តន៍សាសនា, ទីធ្លាវត្តអារាមជាទីកន្លែងសក្ការបូជា ត្រូវផ្លាស់ប្ដូរទៅជាកន្លែងប្រជុំ, ជាឃ្លាំងផ្ទុកសម្ភារ និងជាទីកន្លែងចិញ្ចឹមសត្វ។ ចំណែករូបសំណាក់បដិមាត្រូវវាយទម្លាក់ទឹកស្រះ។ អ៊ី អ៊ុក អាយុ៦៧ឆ្នាំ រស់នៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្នគាត់មានជំងឺលើសឈាម និងឈឺសន្លាក់ដៃជើង។
នៅឆ្នាំ១៩៧០ នៅក្នុងតំបន់របស់ អ៊ុក មានការទម្លាក់គ្រាប់បែក។ ការទម្លាក់គ្រាប់បែកបានបណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាជន និងទ្រព្យសម្បត្តិផ្សេងៗជាច្រើនទៀត។ នៅឆ្នាំ១៩៧២ ខ្មែរក្រហម បានចូលគ្រប់គ្រងនៅក្នុងតំបន់ដែល អ៊ុក ប៉ុន្តែពេលនោះគឺមិនទាន់មានអំណាចខ្លាំងនោះទេ ហើយស្ថានភាពនៅក្នុងភូមិក៏មិនទាន់មានអ្វីគួរឱ្យកត់សម្គាល់។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមទទួលបានជ័យជម្នះលើកងទ័ព លន់ នល់។ ខ្មែរក្រហម បានប្រមូលយកទ្រព្យសម្បត្តិរបស់ប្រជាជនដាក់ក្នុងសមូហភាព។ អ៊ុក បាននិយាយថា នៅអំឡុងពេលនោះគ្រួសាររបស់គាត់ គឺស្ថិតនៅក្នុងវណ្ណៈកសិករថ្នាក់កណ្ដាល មានសត្វក្របីចំនួន៤ក្បាល និងសត្វគោចំនួន២ក្បាល និងទ្រព្យសម្បត្តិមួយចំនួនទៀត។ ចាប់ពីពេលដែលខ្មែរក្រហមបង្កើតសហករណ៍ ទ្រព្យរបស់ទាំងអស់នោះត្រូវបញ្ចូលជាសមូហភាព មានតែខ្មែរក្រហមប៉ុណ្ណោះដែលមានសិទ្ធិបែងចែកសម្រាប់ប្រើប្រាស់។
នៅក្នុងរបបខ្មែរក្រហម អ៊ុក មិនត្រូវជម្លៀសទៅធ្វើការងារនៅតំបន់ផ្សេងឡើយ។ នៅអំឡុងពេលនោះ អ៊ុក ត្រូវរស់នៅក្នុងសហករណ៍ ដោយត្រូវស្នាក់នៅរួម, ធ្វើការរួម និងបរិភោគអាហាររួមជាមួយនឹងប្រជាជនដទៃ។ របបអាហារដែលខ្មែរក្រហមផ្ដល់ឱ្យ គឺបបររាវលាយជាមួយសម្លម្ជូរត្រកួន និងព្រលឹត ហើយពេលខ្លះមានបាយដំណើម និងពោតស្ងោរ។ អ៊ុក បានត្អូញត្អែថា នៅក្នុងរបបនោះគឺមានបញ្ហាកង្វះអាហារខ្លាំង ទោះបីជាទិន្នផលស្រូវទទួលបានច្រើនយ៉ាងណាក៏ដោយ ប្រជាជននៅតែជួបប្រទះនៅភាពអត់ឃ្លាន។
ខ្មែរក្រហម តែងតែបង្ខំឱ្យប្រជាជនរៀបការជាមួយមនុស្សមិនស្គាល់គ្នា។ នៅពេលនោះមិនសូវមាននរណាហ៊ានប្រកែកនឹងការរៀបចំរបស់ខ្មែរក្រហមឡើយ គឺមានភាគតិចណាស់ប្រកែកមិនព្រម ព្រោះអ្នកដែលតវ៉ាគឺតែងតែត្រូវសម្លាប់។ អ៊ុក បាននិយាយថា ប្រជាជនមួយចំនួនមានសំណាងបានរៀបការជាមួយមនុស្សល្អជា ចំណែកមួយចំនួនទៀតរៀបការជាមួយនឹងជនពិការដៃ ឬពិការជើង។ គាត់បានបន្ថែមថា មាននារីម្នាក់ត្រូវរៀបចំពិធីជាមួយសម្លៀកបំពាក់ និងស្បែកជើងជំនួសមនុស្ស ព្រោះតែបុរសដែលត្រូវរៀបការជាមួយគាត់មានភារកិច្ចធ្វើការងារនៅឆ្ងាយពីតំបន់នោះវិលត្រឡប់មកវិញមិនទាន់។ ការរៀបការនៅពេលនោះ គឺចាត់តាំងម្ដងចាប់ពី៥គូ រហូតដល់៥០គូក៏មាន។
បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សមាជិកគ្រួសាររបស់ អ៊ុក បានចាកចេញពីសហករណ៍ ហើយវិលត្រឡប់មករស់នៅជួបជុំគ្នាសាជាថ្មីម្ដងទៀត៕
សម្ភាសន៍ដោយ៖ អេង សុខជា ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

