កូនចានតូច

(ស្ទឹងត្រែង)៖ ស៊ីឡា ចាន់លឿ មានអាយុ៧៣ឆ្នាំ រស់នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បច្ចុប្បន្នគាត់មានជំងឺប្រចាំកាយដូចជា ក្រពះ-ពោះវៀន, ឧស្សាហ៍វិលមុខ និងចុករោយកញ្ចឹងក។

នៅសម័យរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ មានការទម្លាក់គ្រាប់បែកនៅតាមបណ្ដោយដងទន្លេ, ប្រឡាយ និងតាមដងព្រៃ ដែលកងទ័ពសត្រូវគិតថាមានទាហានវៀតណាមរស់នៅ។ នៅក្នុងតំបន់របស់ ចាន់លឿ ការទម្លាក់គ្រាប់បែកមិនបណ្ដាលឱ្យមានការខូចខាតផ្ទះសំបែង ឬប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាជនឡើយ ប៉ុន្តែសំឡេងរបស់យន្តហោះ និងសំឡេងគ្រាប់ផ្ទុះ គឺប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជនគ្រប់ស្រទាប់អាយុ។ នៅពេលឮសំឡេងយន្តហោះ ប្រជាជននៅក្នុងភូមិបាននាំកូនចៅ ចូលទៅក្នុងលេណដ្ឋាន ដើម្បីលាក់ខ្លួន។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលគ្រប់គ្រងពេញសិទ្ធិនៅក្នុងតំបន់ដែល ចាន់លឿ រស់នៅ។ ចាន់លឿ បាននិយាយថា ចលនារបស់ខ្មែរក្រហមគឺមានតាំងពីមុនឆ្នាំ១៩៧៥ មកម្ល៉េះ ប៉ុន្តែមិនទាន់មានអំណាចគ្រប់គ្រង និងចេញមុខជាសាធារណៈ។ នៅក្នុងរបបខ្មែរក្រហម ចាន់លឿ រស់នៅក្នុងសហករណ៍ណងខាំ និងធ្វើការក្នុងកងចល័ត មានការងារដូចជា លើកទំនប់, ជីកប្រឡាយ និងមើលថែទាំងកុមារតូចៗនៅក្នុងកង។

នៅពេលដែល ចាន់លឿ ទៅរស់នៅសហករណ៍ណងខាំដំបូង មានតែព្រៃឈើប៉ុណ្ណោះ,​ គ្មានផ្ទះសំបែងរស់នៅត្រឹមត្រូវឡើយ គាត់ត្រូវសង់ខ្ទមមួយសម្រាប់ជ្រក។ ក្រោយមកទើបចាប់ផ្ដើមកាប់ឆ្ការព្រៃ ដើម្បីធ្វើផ្ទះសម្រាប់ស្នាក់នៅ និងយកទីធ្លាដីដាំដំណាំ និងបន្លែបង្ការ។ របបអាហារនៅពេលនោះ ចាន់លឿ ទទួលបានបាយចំនួនមួយកូនចានតូចប៉ុណ្ណោះក្នុងមួយពេល ហើយក្នុងមួយថ្ងៃទទួលបានអាហារចំនួន២ពេល, ពេលថ្ងៃត្រង់ និងពេលល្ងាច។ គាត់ បានបន្ថែមថា នៅក្នុងសហករណ៍ មិនមែនគាត់ទទួលបានបាយហូបជារៀងរហូតនោះទេ ពេលខ្លះគឺហូបបបររាវ ហើយចំនួនគឺដូចគ្នានឹងបាយដែរ គឺមួយកូនចានតូច។​

នៅក្នុងរបបខ្មែរក្រហម ចាន់លឿ ត្រូវធ្វើការងារធ្ងន់ៗ លើសពីសមត្ថភាពដែលគាត់អាចធ្វើបាន រួមទាំងសម្រាកមិនបានគ្រប់គ្រាន់បានធ្វើឱ្យគាត់ចុះខ្សោយកម្លាំង និងធ្លាក់ខ្លួនឈឺសម្រាកនៅមន្ទីរពេទ្យ។ នៅពេលដែលគាត់សម្រាកព្យាបាលនៅមន្ទីរពេទ្យ ទើបគាត់ដឹងថាគ្រូពេទ្យគឺមានការធ្វេសប្រហែស មិនយកចិត្តលើការព្យាបាល។ មិនត្រឹមតែប៉ុណ្ណោះថ្នាំដែលឱ្យប្រជាជនលេប គឺជាថ្នាំដែលផ្សំពីឫសឈើ មានអ្នកជំងឺតិចណាស់ដែលលេបហើយបានធូរសះស្បើយ។

ចាន់លឿ គឺជានារីម្នាក់ដែលត្រូវខ្មែរក្រហមចាត់តាំងឱ្យរៀបការនៅក្នុងរបបនោះ, ការរៀបចំពិធីគឺមានត្រឹមតែ២គូប៉ុណ្ណោះ។ ចាន់លឿ និងប្ដីរស់នៅចុះសម្រុងគ្នាតាំងពីពេលនោះរហូតមកដល់សព្វថ្ងៃនេះ៕

សម្ភាសន៍ដោយ៖ អឿង ម៉ូលីកា ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin