កាន់ ចាន់គាន៖ វីរកងទ័ពដ៏អង់អាចក្លាហានបានស្លាប់ដើម្បីប្រយុទ្ធការពារជាតិ

ការបូជាជីវិតរបស់អនុសេនីយ៍ទោវីរកងទ័ព កាន់ ចាន់គាន[1] បានបន្សល់ទុកនូវការសោកស្ដាយ និងការបាត់បង់ដ៏ធំធេងបំផុត។ វីរកងទ័ពដ៏អង់អាចក្លាហានបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងកិច្ចការការពារបូរណភាពទឹកដី និងការពារអធិបតេយ្យជាតិពីការឈ្លានពានរបស់សត្រូវលើសមរភូមិមុខ គួរឱ្យស្ញប់ស្ញែងជាទីបំផុត។ ការបាត់បង់វីរកងទ័ព ចាន់គាន មិនត្រឹមតែជាទុក្ខធំចំពោះក្រុមគ្រួសារតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវធនធានយោធាដ៏សំខាន់ម្នាក់របស់កម្ពុជា។
កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មានជម្លោះដ៏ក្ដៅគគុកនៅតំបន់ព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសថៃ។ វីរកងទ័ពចាន់គាន ជានាយទាហានខ្មែរម្នាក់បានទៅប្រចាំការនៅតំបន់មុំបី ដែលជាទីតាំងជួរមុខដ៏គ្រោះថ្នាក់មុនពេលមានសង្គ្រាមជាច្រើនខែមកហើយ ភារកិច្ចរបស់គាត់គឺការពារទឹកដីមាតុភូមិដោយភាពក្លាហានមោះមុត។
នៅវេលាម៉ោងប្រហែល ១០:៣០ នាទីព្រឹក សភាពការណ៍បានតានតឹង ហើយនៅម៉ោងប្រហែល៣រសៀល មានសំឡេងផ្ទុះគ្រាប់កាំភ្លើង និងគ្រាប់ផ្លោងរំពងពេញព្រៃ។ វីរកងទ័ព ចាន់គាន និងមិត្តក្នុងក្រុមបានប្រយុទ្ធគ្នាដោយឥតខ្លាចញញើត និងមានការបាញ់តបតទៅវិញទៅមក អារម្មណ៍ភ័យខ្លាចនៅក្នុងលេណដ្ឋានត្រូវបានបាត់ដែលជំនួសមកវិញនូវកាតព្វកិច្ចយោធា និងក្ដីស្រឡាញ់ជាតិមាតុភូមិ។
វីរកងទ័ពចាន់គាន មានអាយុ៣៨ឆ្នាំ រស់នៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ ឪពុកឈ្មោះ ស្មិន កើត, ម្តាយឈ្មោះគុណ សំអូន និងមានបងប្អូនចំនួន៦នាក់ ក្នុងនោះគាត់ជាកូនច្បងក្នុងគ្រួសារ។ វីរកងទ័ព ចាន់គាន មានប្រពន្ធឈ្មោះ សេង យិន អាយុ៣៦ឆ្នាំ និងមានកូនចំនួន៤នាក់ (ស្រី២)។ វីរកងទ័ព ចាន់គាន បានចូលបម្រើកងទ័ពតាំងពីឆ្នាំ ២០០៥ ហើយបើគិតត្រឹមឆ្នាំ ២០២៥គាត់បំពេញការងារជាកងទ័ពអស់រយៈពេលប្រមាណ២០ឆ្នាំ និងមានមុខតំណែងជាមេក្រុមប្រឆាំងជាតិផ្ទុះទី៣ វរសេនាតូចស៊ើបការណ៍ នៃយោធភូមិភាគទី៤។
វីរកងទ័ពចាន់គាន បានបំពេញភារកិច្ចជាយោធាដ៏ស្មោះត្រង់ ហើយតែងតែលះបង់ទាំងកម្លាំងកាយចិត្ត ស្មារតីប្រយុទ្ធយ៉ាងក្លាហានក្នុងកិច្ចការពារបូរណភាពដឹកដី ពីការឈ្លានពានរបស់ខ្មាំងសត្រូវ និងបានកសាងស្នាដៃល្អៗជាច្រើនតាមបទបញ្ជារបស់ថ្នាក់លើដែលបានប្រគល់ជូន។ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ វីរកងទ័ពចាន់គាន ត្រូវបានចាត់តាំងទៅប្រចាំការនៅតំបន់អានសេះ ហួសរង្វង់មូលតាអ៊ុំ។ បន្ទាប់មកនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៦ គាត់ត្រូវបានប្តូរឱ្យមកប្រចាំការនៅជិតរង្វង់មូលអានសេះវិញ។
នៅល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៦ ល្ងាច វីរកងទ័ព ចាន់គាន បានជួបគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនៅតំបន់អានសេះ ដោយទទួលរងរបួសធ្ងន់ធ្ងរប៉ះទង្គិចអំបែងគ្រាប់ត្រង់ផ្នែកជង្គង់។ របួស មានជម្រៅជ្រៅរហូតដល់ឆ្អឹង និងមានទំហំធំដេររហូតដល់ទៅ ១៥ ថ្នេរ។ អំបែងគ្រាប់មួយចំណែកនៅកៀបជាប់នឹងឆ្អឹង ហើយបន្ទាប់មកអង្គភាពបានបញ្ជូន វីរកងទ័ពចាន់គាន ឲ្យមកសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់អង្គភាពមួយយប់។ លុះព្រឹកឡើង ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ វីរកងទ័ពចាន់គាន ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យខេត្តព្រះវិហារ។ បន្ទាប់ពីសម្រាកព្យាបាលប្រមាណមួយខែ នៅមន្ទីរពេទ្យខេត្តព្រះវិហារ ក្រុមគ្រូពេទ្យបញ្ជាក់ថាស្ថានភាពរបួសវីរកងទ័ពចាន់គាន មានសភាពប្រសើរឡើងច្រើនលែងស្ថិតក្នុងសភាពសង្គ្រោះបន្ទាន់ទៀតហើយ។ ក្រុមគ្រូពេទ្យបានបញ្ជូនវីរកងទ័ពចាន់គាន ទៅព្យាបាលបន្ត នៅមន្ទីរពេទ្យភូមិភាគ៤ វិញ ដោយតែនៅមន្ទីរពេទ្យខេត្តព្រះវិហារ មានអ្នកជំងឺច្រើនទាំងទាហាន និងប្រជាជន។ នៅមន្ទីរពេទ្យភូមិភាគ៤ វីរកងទ័ពចាន់គាន បានសម្រាកព្យាបាលប្រមាណរយៈពេលមួយខែ។ ស្ថានភាពរបួសរបស់វីរកងទ័ពចាន់គាន កាន់តែបានធូរស្រាល និងអាចដើរបានដូចដើម។ វីរកងទ័ពចាន់គាន ទទួលបានការអនុញ្ញាតពីគ្រូពេទ្យឱ្យត្រឡប់មកស្នាក់នៅអង្គភាពវិញ ប៉ុន្តែត្រូវទៅពិនិត្យរបួស និងប្រើប្រាស់ថ្នាំនៅមន្ទីរពេទ្យវិញរៀងរាល់មួយសប្ដាហ៍ម្តង រហូតដល់របួសជាសះស្បើយទាំងស្រុង។ វីរកងទ័ពចាន់គាន បានជាសះស្បើយ និងអាចដើរបានវិញធម្មតា ហើយអង្គភាពបានបញ្ជូនគាត់ទៅសមរភូមិជួរមុខវិញ។ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វីរកងទ័ពចាន់គាន បានត្រឡប់ទៅប្រចាំការនៅកន្លែងចាស់វិញ គឺនៅតំបន់អូរស្រឡៅ ប៉ុន្តែជាអកុសលក្រោយពេលទៅដល់អូរស្រឡៅ បានតែមួយសប្ដាហ៍ វីរកងទ័ពចាន់គាន មានជំងឺគ្រុនក្តៅខ្លាំង និងជាតិពុលជ្រាបពេញក្នុងខ្លួនយ៉ាងធ្ងន់ធ្ងរ អាការរោគនេះបានធ្វើឱ្យគាត់កើតជំងឺតេតានុសហើយប្រកាច់។ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាយប់ វីរកងទ័ពចាន់គាន បានស្លាប់៕



[1] កិច្ចសម្ភាសជាមួយឈ្មោះ ស្មិត កើត ត្រូវឪពុក កាន់ ចាន់គាន នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយកែវ សុភី មជ្ឈមណ្ឌលឯកសារកម្ពុជា។
អត្ថបទដោយ កែវ សំភី

