ខ្មែរក្រហមតាមដានប្រជាជនដែលមានជំងឺ
(បាត់ដំបង)៖ ពាន់ សំបឿង អាយុ ៦០ឆ្នាំ ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង សព្វថ្ងៃប្រកបរបរជាជាងសំណង់។
នៅក្នុងរបបខ្មែរក្រហមគាត់ធ្វើការនៅតាមកងចល័ត ក្រុមទី១៣ ដែលត្រូវទៅលើកដីតាមប្រឡាយឬទំនប់ អាងកំពីងពួយ និងអាងម៉ាឈិត។ សម្រាប់ការហូបចុកនៅសម័យនោះវិញ មានតែបបរមួយវែក និងសម្លក្រកួនលាយជាមួយអំបិលប៉ុណ្ណោះ។ នៅពេលគាត់ឈឺគ្រុនម្តងៗ មានគេតាមដាន ប្រសិនបើរកឃើញថាកុហក ខ្មែរក្រហមនឹងយកមនុស្សទៅកសាង ដោយចោទថាមានជំងឺគ្រុនសតិអារម្មណ៍។
សំបឿង បានឆ្លងកាត់និងរស់រានមានជីវិតពីរបបខ្មែរក្រហម ដោយសារតែនៅថ្ងៃមួយ ឪពុកម្តាយរបស់គាត់បានកុហកថា រត់គេចខ្លួនពីកងទ័ពវៀតណាម និងប្រាប់ទាហានខ្មែរក្រហមនៅអាងកំពីងពួយឲ្យជួយ។ តាមការពិតគាត់បានរត់គេចខ្លួនពីទាហានខ្មែរក្រហមពីកន្លែងផ្សេង។ មនុស្សជាច្រើនដែលខ្មែរក្រហមចាប់បាន អ្នកទាំងនោះត្រូវបានខ្មែរក្រហមយកទៅសម្លាប់ និងរំលោភបំពាន ជាពិសេសទៅលើអ្នកដែលមកពីទីក្រុង ឬអ្នកថ្មី នៅឯភូមិពពាលខែ។
ចំពោះការកាត់ទោសមេដឹកនាំខ្មែរក្រហម ភរិយារបស់សំបឿង បានលើកឡើងថា «មេដឹកនាំទាំងនោះបានត្រឹមតែជាប់ពន្ធធាគារ» និងថែមទាំងទទួលបានការមើលថែពិនិត្យព្យាបាលសុខភាពយ៉ាងដិតដល់។ ភរិយារបស់គាត់បានបន្តទៀតថា «ដេកស្រួលស៊ីស្រួល»។
ការព្រាត់ប្រាស ការបែកបាក់មិនបានជួបជុំ និងទទួលស្គាល់ឪពុកម្តាយ ការធ្វើការងារហួសកម្លាំងនៅតាមកងចល័ត និងការរស់នៅយ៉ាងពិបាក បានធ្វើឲ្យអ្នករស់រានមានជីវិតដូចជារូបគាត់ចាំមិនភ្លេចនូវរឿងរ៉ាវ ការឈឺចាប់នាសម័យនោះ។ សំបឿង បាននិយាយថា គាត់ដេកតាមរោងចំបើង នៅឯស្រុកថ្មគោល ដោយគ្មានភួយសម្រាប់ដណ្ដប់នៅរដូវរងា។
គាត់សង្ឃឹមថាមានតែចាស់ៗទេ ដែលអាចពន្យល់ក្មេងៗពីរឿងរ៉ាវនៅសម័យខ្មែរក្រហម ដូចជាការកាប់សម្លាប់ ការបំបែកបំបាក់ចេញពីឪពុកម្តាយ និងការហូបចុកមិនគ្រប់គ្រាន់ ដល់អ្នកជំនាន់ក្រោយបានយល់ដឹងអំពីប្រវត្តិសាស្ត្ររបស់ខ្លួន។ ការធ្វើការហួសកម្លាំងពីសម័យខ្មែរក្រហម បូករួមទាំងការធ្វើសំណង់នៅពេលបច្ចុប្បន្ន បានធ្វើឲ្យគាត់មានជំងឺឈឺសន្លាក់ ពុកឆ្អឹង ឈឺចង្កះ និងខ្វះថវិកាសម្រាប់ការពិនិត្យព្យាបាល។ កត្តាផ្សេងទៀត ដែលកំពុងប៉ះពាល់ សំបឿង មានដូចជាការចំណាយខ្ពស់សម្រាប់សេវាសុខភាព និងការធ្លាក់ចុះនៃសេដ្ឋកិច្ចគ្រួសារនៅកំឡុងពេលរីករាលត្បាលនៃជំងឺកូវីដ១៩៕
សម្ភាសន៍ដោយ លឿប សុផៃលីន ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១
អត្ថបទដោយ ស៊្រាង លីហ៊ួរ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤