ឃួយ សុខចេង៖ វេទនាណាស់

ឃួយ សុខចេង រស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ ឃួយ សុខចេង ភេទស្រី មានអាយុ ៧៣ឆ្នាំ​ ជាកសិករ រស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ នៅរបបខ្មែរក្រហម សុខចេង និយាយថា គាត់ត្រូវបានខ្មែរក្រហមប្រុងនឹងយកទៅសម្លាប់ម្តងជាពីរដង តែមិនបានសម្រេច ដោយសារមានអ្នកជួយ។ ចំណែកប្តីរបស់គាត់ ថាមានទេវតាជួយ។

នៅរបបសង្គមរាស្ត្រនិយម សុខចេង រស់នៅជាមួយម្ដាយតែពីរនាក់។ នៅវ័យកុមារភាព សុខចេង បានឈប់រៀនត្រឹមថ្នាក់ទី១០ចាស់ នៅសាលាវត្តឫស្សីជ្រោយ និងជួយធ្វើស្រែជាមួយម្ដាយ។ នៅរបប លន់ នល់ សុខចេង និងម្ដាយ ទៅរស់នៅចាក់អង្រែ ទីក្រុងភ្នំពេញ និងប្រកបរបរលក់ពោតស្ងោរ និងសណ្តែកដីតាមរោងល្ខោនចិនលេងហី ដោយមួយកំប៉ុងលក់ក្នុងតម្លៃប្រាំកាក់។ បន្ទាប់មក សុខចេង និងម្ដាយ បានត្រលប់មករស់នៅវត្តឫស្សីជ្រោយ។

នៅឆ្នាំ១៩៧២ ខ្មែរក្រហមជម្លៀសគាត់ទៅព្រែកបាឡាត់ឆឹង និងតាមដានគាត់។ សុខចេង បានសុំផ្ទះអ្នកលក់អង្ករក្នុងភូមិស្នាក់នៅ។ នៅពេលនោះ សុខចេង បានដឹកអង្ករប្រហែល១៥០គីឡូក្រាម និងយកទៅលក់នៅភូមិក្រាំងយ៉ូវ និងធ្វើដំណើរទៅទិញក្រមានៅអង្គរបូរី។

នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច សុខចេង ឃើញប្រជាជនថ្មីដែលខ្មែរក្រហមជម្លៀសមកពីទីក្រុងភ្នំពេញ គ្មានអាហារហូប។ សុខចេង ចូលធ្វើការក្នុងកងចល័ត ចំណែកម្ដាយរបស់សុខចេង ត្រូវទៅរស់នៅមណ្ឌលចាស់ជរា។ នៅចុងឆ្នាំ១៩៧៥ សុខចេង ដែលមានវ័យ២៥ឆ្នាំ ត្រូវបានខ្មែរក្រហមរៀបចំឲ្យរៀបការនៅផ្ទះរបស់គាត់ជាមួយប្តីឈ្មោះ ទត ដែលធ្វើការខាងបន្លែ។

នៅឆ្នាំ១៩៧៦ ប្រជាជនត្រូវរស់នៅរួម, ហូបរួម និងធ្វើការរួម។ នៅឆ្នាំ១៩៧៧ សុខចេង ត្រូវធ្វើការក្នុងកងស្រួច។ នៅម៉ោង៦ព្រឹក សុខចេង ត្រូវទៅដល់កន្លែងដកកំប្លោក និងប្រជុំ។ សុខចេង ត្រូវទៅកាប់ព្រៃ និងអូសត្រកៀត នៅភូមិដំរីឆ្លង និងភូមិតាលន់។

នៅពេលអូសត្រកៀត សុខចេង ត្រូវពស់ចឹក និងព្យាបាលដោយ តាជយ ដែលជាគ្រូខ្មែរ និង តាម៉ូវ ដែលអ្នកផ្សំថ្នាំ ដោយក្នុងរយៈពេលពីរថ្ងៃ គឺគាត់ត្រូវទៅព្យាបាលម្តង។ បន្ទាប់ពីគាត់ជាសះស្បើយ សុខចេង, តាជយ និងតាម៉ូវ ត្រូវដើរទៅព្យាបាលប្រជាជន។ នៅពេលទៅព្យាបាលជាមួយតាជយ និងតាម៉ូវ សុខចេង ជិះកងចាស់ធ្លាក់ចូលគុម្ពត្រែង។

ក្រោយពីទៅដកកំបោ្លក និងដើរព្យាបាល សុខចេង ត្រូវធ្វើផ្សេងៗទៀត។ ក្នុងមួយថ្ងៃ សុខចេង ត្រូវបានបោកស្រូវឲ្យបានពីប្រាំផ្លូនទៅប្រាំស្លឹក ឬក្នុងមួយថ្ងៃ ត្រូវជីកប្រឡាយឲ្យបានជម្រៅពីរម៉ែត្រ និងបណ្តោយពីរម៉ែត្រ។នៅម៉ោង៧ព្រឹក គាត់ត្រូវចាប់ផ្តើមធ្វើការរហូតដល់ម៉ោង១០ព្រឹក និងសម្រាក១៥នាទី និងបន្តដល់ម៉ោង១១ព្រឹក ទើបបានសម្រាកហូបបាយ។ ជួនកាលខ្មែរក្រហមមិនឲ្យគាត់សម្រាកហូបបាយនោះ និងធ្វើការរហូតដល់ម៉ោង១ថ្ងៃ ដូច្នេះនៅពេលទៅដល់រោងបាយ សមាជិកក្រុមមានអ្នកខ្យល់គរ និងសន្លប់។

នៅពេលល្ងាច គាត់ត្រូវស្ទូងស្រូវ និងដកសំណាបចាប់ពីម៉ោង៦ល្ងាចឲ្យបានម្ភៃកណ្ដាប់ ទើបគាត់បានទៅសម្រាក។ ប្រសិនបើ សុខចេង ធ្វើមិនបានតាមការកំណត់នោះ គាត់នឹងត្រូវដូរដីថ្មីឬភូមិថ្មី ឬទៅសែងអំបិល (វាយសម្លាប់)។ សុខចេង ត្រូវធ្វើការរហូតដល់ម៉ោង៩ទើបបានហូបបាយ និងឈានដល់ម៉ោង១២យប់ ទើបបានសម្រាក។

នៅរបបខ្មែរក្រហម សុខចេង ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់ ដោយមានតែបាយលាយជាមួយដំឡូងឈើ, ដំឡូងជ្វា, ចេកទុំ និងសណ្តែកបាយប៉ុណ្ណោះ។ នៅពេល គាត់មានជំងឺ គឺមានតែថ្នាំរាងដូចអាចម៍ទន្សាយ និងថ្នាំទឹកពណ៌លឿងច្រកដាក់ដបទឹកក្រូចសម្រាប់ចាក់ព្យាបាល។

នៅពេលទៅលើកទំនប់ សុខចេង បានរអិលធ្លាក់ពីលើទំនប់កម្ពស់២០ម៉ែត្រ គាត់បានធ្លាក់ចូលដីភក់ ដែលបណ្ដាលឲ្យគាត់ឈឺជើង និងឈឺធ្មេញ។ ក្រៅពីសុខចេង មានកុមារម្នាក់រអិលធ្លាក់ពីលើទំនប់ និងពិការរហូតមកទល់សព្វថ្ងៃ។

នៅពេលសុខចេងឈឺ គណៈកងស្រួច ឈ្មោះ លន បានប្រជុំ, ចោទប្រកាន់, ទិតៀន និងស៊ីញេប៊ិកក្រហមបញ្ជាឲ្យយកគាត់ទៅសម្លាប់។ សុខចេង ថាដំណឹងនេះ បានឮដល់គណៈសហករណ៍ ឈ្មោះ អន ដែលមកប្រាប់ សុខចេង ឲ្យប្រញាប់ទៅដកធ្មេញ និងបានធ្វើសំបុត្របញ្ជាក់ឲ្យគាត់ទៅដកធ្មេញទៀតផង។ សុខចេង ធ្វើដំណើរទៅដកធ្មេញនៅព្រៃតូច និងស្នាក់នៅមន្ទីរពេទ្យអស់រយៈពេល២១ថ្ងៃ ដោយមានឈ្មោះ មិត ជាអ្នកព្យាបាល។

ក្រោយមក សុខចេង រស់នៅជាមួយឈ្មោះ ណាត ដែលជាអ្នកធ្វើការជាមួយនៅរោងបាយ។ សុខចេង ត្រូវដាំស្ល, ធ្វើត្រី និងទៅរកត្រី។ ប្រពន្ធគណៈអនុសហករណ៍ដែលធ្វើការជាមួយគាត់ មិនជួយរកត្រីនោះទេ និងប្តឹងប្តីរបស់ខ្លួនថា សុខចេង តវ៉ានិងចែកត្រីមិនស្មើភាព។ សុខចេង ថាប្រពន្ធគណៈសហករណ៍នោះ មិនដែលជួយធ្វើរកត្រីនោះទេ។​ ស្អែកឡើង នៅពេលប្រជុំ គណៈសហករណ៍ឈ្មោះ មិច ជួយការពារ សុខចេង ដោយនិយាយថា គាត់ខិតខំធ្វើការ និងថាប្រពន្ធគណៈអនុសហករណ៍នោះជាអ្នកជិះជាន់ពលកម្មប្រជាជន។

មិនយូរប៉ុន្មាន ខ្មែរក្រហមបានបញ្ជាឲ្យគាត់ទៅដកព្រលិត, បេះត្រកួន, ចែវទូក និងបររទះគោ ដោយដឹងថាគាត់មិនចេះបររទេះគោនោះទេ។ សុខចេង ថាខ្មែរក្រហមមានផែនការសម្លាប់គាត់។ សុខចេង និងសមាជិកទាំងអស់បួននាក់ ត្រូវដឹកបន្លែដែលបេះបានពេញមួយរទេះមកវិញ។ នៅពេលធ្វើដំណើរទៅដល់ព្រែកឃ្លោក គាត់ត្រូវឆ្លងកាត់ផ្លូវភក់ និងលំបាកក្នុងការធ្វើដំណើរ។ សុខចេង គិតថាប្រសិនជាក្រឡាប់រទេះ នោះអ្នកទាំងបួនប្រាកដជាខ្មែរក្រហមយកទៅសម្លាប់។ នៅម៉ោង៧យប់ ប្តីរបស់សុខចេង ដែលបារម្ភពីគាត់ បានប្រញាប់មកជួយបររទេះគោ។

ក្រោយមក ប្តីរបស់គាត់ ត្រូវខ្មែរក្រហមបញ្ជូនទៅភ្ជួររាស់នៅស្រែអំពិល។ នៅទីនោះ ប្តីរបស់គាត់ ថាអង្ករមួយកំប៉ុងសម្រាប់ហូបដប់នាក់ក្នុងមួយពេល។ បន្ទាប់ពីភ្ជួររាស់បានមួយថ្ងៃ នៅពេលដឹងដំណឹងថាប្រពន្ធឈឺ ប្តីរបស់គាត់បានកុហកថាបាក់នង្គ័ល និងត្រលប់មកផ្ទះរកសុខចេង។នៅពេលយប់ ដោយសារឃ្លាន ប្តីរបស់គាត់ បានលួចស្ងោរព្រលិត, និងកិនពោត និងហូបក្នុងមុង។

នៅរបបនោះ ខ្មែរក្រហមមិនអនុញ្ញាតឲ្យលួចហូបនោះទេ សូម្បីតែចេកទុំ ឬត្នោតទុំក៏ដោយ។ នៅពេលយប់ កងឈ្លបតែងតែបញ្ចាំងពិល, ដើរឆ្លុះមើល និងតាមដានប្រជាជន។ ប្រសិនជា កងឈ្លបចាប់បានប្រជាជនថ្មីលួចហូប នោះនឹងយកទៅសម្លាប់ទាំងគ្រួសារ។ សុខចេង ចាំថា វន ដែលជាឈ្លប បានរាយការណ៍អំពីប្រជាជន និងនិយាយថា ទុកមិនចំណេញដកចេញមិនខាត។​ ប្រជាជនជាច្រើនបានស្លាប់នៅកោះគរ។ ដោយឡែក នៅពេល សុខចេង ជិះកងទៅធ្វើការឆ្លងកាត់វត្តកោះតូច គាត់ឃើញខ្មែរក្រហមវាយកម្ទេចវត្តអារាម និងឲ្យប្រជាជនប្តេជ្ញាចិត្តមិនគោរព និងជឿព្រះពុទ្ធសាសនា។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សុខចេង បានប្រកបរបរលក់បបរ ដើម្បីចិញ្ចឹមម្ដាយចាស់។ នៅពេលគាត់ធ្វើដំណើរទៅព្យាបាលជើងនៅអង្គរបូរី សុខចេង ថាបានជួបពេទ្យដែលធ្វើការក្នុងរបបខ្មែរក្រហម។ ពេទ្យនោះប្រាប់គាត់ថា នៅរបបខ្មែរក្រហម គឺប្រើប្រាស់ទឹកទន្លេសម្រាប់ចាក់ព្យាបាលប្រជាជន​ ដែលធ្វើឲ្យប្រជាជនជាច្រើននាក់ស្លាប់នៅព្រែកអំបិល។

នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ប្តីរបស់សុខចេង បានចែកឋានទៅ និង​ទុកឲ្យសុខចេងរស់នៅតែម្នាក់ឯង ដោយអ្នកទាំងពីរគ្មានកូនបង្កើតនោះទេ៕

សម្ភាសដោយ ម៉ាប់ សុភ័ត្ត ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin