ឡុច សឿន៖ ខ្មែរក្រហមប្រុងសម្លាប់ទាំងគ្រួសារ ដោយសារដូងមួយផ្លែ

(តាកែវ)៖ ឡុច សឿន ភេទស្រី មានអាយុ ៦០ឆ្នាំ ជាកសិករ រស់នៅភូមិអាជំាង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ សឿន មានឪពុកឈ្មោះ នី, ម្ដាយឈ្មោះ ឃិន និងមានបងប្អូនទាំងអស់ចំនួនប្រាំបីនាក់។
នៅឆ្នាំ១៩៧៥ សឿន ត្រូវបានខ្មែរក្រហមចាត់ទុកជាប្រជាជនចាស់ ដោយត្រូវធ្វើការរួម, ហូបរួម និងរស់នៅរួមក្នុងកងកុមារ ដែលមានសមាជិកជាច្រើនរយនាក់នៅភូមិសំរោងយ៉ោង។ នៅទីនោះ សឿន ស្នាក់នៅក្នុងខ្ទមដែលស្ថិតនៅជិតរោងកាស៊ីនបាយមួយកន្លែង ក្នុងវត្តសិរីជោតវ័ន។ ចំណែកប្រជាជន១៧មេសា ត្រូវរស់នៅដោយឡែក។ សឿន ត្រូវព្រាត់ប្រាសពីឪពុកម្ដាយ, ធ្វើពលកម្មហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។
ជារៀងរាល់ថ្ងៃ សឿន ត្រូវកាប់ស្លឹកឈើ, ប្រមូលអាចម៍គោ និងដីដំបូកសម្រាប់ធ្វើជី ដោយក្នុងមួយថ្ងៃ គាត់ត្រូវកាប់ស្លឹកឈើឲ្យបានចំនួនម្ភៃបាច់ ឬប្រមូលអាចម៍គោនិងដីដំបូកឲ្យបានដប់អម្រែក។ នៅពេល សឿន ធ្វើមិនបានតាមការកំណត់ ខ្មែរក្រហមបានធ្វើទារុណកម្មគាត់ ដោយចាប់ចង, វាយដំ និងបង្អត់អាហារ។ ចំណែករបបអាហារ គឺមានតែបបរលាយជាមួយស្លឹកដំឡូងមីប៉ុណ្ណោះ និងមានពីរពេលក្នុងមួយថ្ងៃ។ សឿន និយាយថា បន្ទាប់ពីហូបបបររួច និងសម្រាកបានកន្លះម៉ោង គាត់ត្រូវទៅធ្វើការបន្តរហូតដល់យប់អធ្រាត្រ។ សឿន បន្តថា គាត់ត្រូវខិតខំធ្វើការ ដោយសារខ្លាចខ្មែរក្រហមយកគាត់ទៅវាយសម្លាប់។
សឿន ចងចាំថា បងប្រុសជីដូនមួយម្នាក់របស់គាត់ ដែលជាអតីតគ្រូបង្រៀន ត្រូវបានខ្មែរក្រហមចាប់ចង និងលើកដាក់រទេះសេះ ដោយគ្របស្លឹកដូងពីលើ ហើយយកទៅវាយសម្លាប់នៅវត្តចាស់។ ក្រៅពីនេះ នៅពេល សឿន ទៅរកក្តាម គាត់និយាយថា គាត់បានឃើញដោយចៃដន្យនៅពេលខ្មែរក្រហមបង្ខំឲ្យស្រ្តីដែលផ្ទៃពោះម្នាក់សម្រាត ហើយខ្មែរក្រហមបានវាយសម្លាប់ស្រ្តីនោះដោយពូថៅ និងទម្លាក់ចូលរណ្តៅនៅវត្តសិរីជោតវ័ន។
ក្រោយមក សឿន ដែលមានជំងឺក្តៅខ្លួន បានត្រលប់ទៅផ្ទះ ដើម្បីជួបឪពុកម្ដាយ និងរកថ្នាំសម្រាប់ព្យាបាល។ ឪពុកម្ដាយរបស់គាត់ បានបេះស្លឹកម្កាក់ធ្វើថ្នាំ ដោយដាំជាមួយទឹកឲ្យគាត់ផឹក។ នៅថ្ងៃមួយ សឿន បានទៅលួចអំបិលនៅរោងកាស៊ីនបាយ ដើម្បីទុកជ្រលក់ជាមួយល្ហុង, ត្របែក ឬដំណាំជុំវិញផ្ទះ ក៏ត្រូវបានចុងភៅឈ្មោះ តាចក់ ចាប់ចង និងវាយដំគាត់។ ចំណែកប្អូនរបស់សឿន ឈ្មោះ ណេ និងនាង ត្រូវបានខ្មែរក្រហមវាយដំ, បង្អត់អាហារ និងឃុំឃាំងអស់រយៈពេលមួយយប់មួយថ្ងៃនៅវត្តចាស់ ដោយសារប្អូនរបស់គាត់ទាំងពីរធ្វើបាក់រទេះសេះ នៅពេលកំពុងដឹកអាចម៍គោ។
ក្រោយមកទៀត ឈ្លបបានចាប់ចង សឿន រួមទាំងឪពុកម្ដាយរបស់គាត់យកទៅឃុំឃាំង ដោយសារគាត់លួចបេះផ្លែដូង។ សឿន រៀបរាប់ថា ខ្មែរក្រហមប្រុងយកគាត់ និងឪពុកម្ដាយទៅសម្លាប់ ដោយសារកំហុសរបស់គាត់តែម្នាក់ប៉ុណ្ណោះ។ នៅពេលនោះ គណៈកងរបស់ឪពុកម្ដាយសឿន ឈ្មោះ យាយកង និងយាយផាន់ បានមកជួយធានា ទើបឈ្លបយល់ព្រមដោះលែងអ្នកទាំងបី។ នៅរបបខ្មែរក្រហម ដំណាំជុំវិញផ្ទះ គឺជាទុកជារបស់សមូហភាព និងសម្រាប់ធ្វើបបរសម្រាប់ហូបរួមប៉ុណ្ណោះ។
នៅឆ្នាំ១៩៧៧ សឿន បានចូលធ្វើការក្នុងកងចល័តនៅភ្នំតាម៉ៅ ដោយត្រូវរែកទឹក និងស្រោចដើមដូងឲ្យបានមួយជួរ ឬមួយរយដើមក្នុងមួយថ្ងៃ។ នៅរបបខ្មែរក្រហម សឿន និយាយថា គណៈកងបានចាប់បង្ខំបងរបស់គាត់ម្នាក់ និងអ្នកដទៃទៀតទាំងអស់ចំនួនបីគូឲ្យរៀបការក្នុងពេលតែមួយ ដោយចាប់ដៃគ្នា និងប្តេជ្ញាចិត្តនៅចំពោះមុខអង្គការ។ ចំណែកបងប្រុសរបស់គាត់ម្នាក់ទៀត ដែលធ្លាប់ធ្វើជាទាហាន លន់ នល់ បានបាត់ខ្លួនរហូតមក។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សឿន បានចូលរៀនត្រឹមថ្នាក់ទី១។ មិនយូរប៉ុន្មាន សឿន បានឈប់រៀន និងរៀបការ ដោយប្រកបរបរធ្វើស្រែចម្ការ និងក្រោយមកមានកូនចំនួនប្រាំមួយនាក់។ ជាចុងក្រោយ សឿន រៀបរាប់ថា គាត់មានការឈឺចាប់ នៅពេលគាត់រំឭកអំពីរឿងរ៉ាវដែលគាត់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម៕
សម្ភាសដោយ ពេជ្រ លក្ខិណា ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥

