កន់ត្រប់ កន៖ កើបលាមកមនុស្សដោយដៃ

(រតនគិរី)៖ កន់ត្រប់ កន មានអាយុ ៥៩ឆ្នាំ ជាកសិករជនជាតិដើមភាគតិចកាវែត សព្វថ្ងៃរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។
នៅឆ្នាំ១៩៧៥ កន មានអាយុប្រហែល ៨ឆ្នាំ។ គាត់ ចងចាំថា នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាច ប្រជាជនក្នុងភូមិទាំងអស់ ត្រូវបានបង្ខំឲ្យទៅរស់នៅតាមសហករណ៍។ ខ្មែរក្រហម បានបែងចែកប្រជាជនឲ្យរស់នៅដាច់ដោយឡែកពីគ្នាទៅតាមអាយុ និងភេទ។ សម្រាប់រូបគាត់ ខ្មែរក្រហម បានឲ្យគាត់រស់នៅជាមួយម្ដាយ ដើម្បីជួយមើលថែប្អូនៗ ខណៈពេលម្ដាយត្រូវទៅធ្វើការទាំងបង្ខំ។
អស់រយៈពេលជាងប្រាំខែក្រោយមក កនត្រូវបានខ្មែរក្រហមបញ្ជូនឲ្យទៅរៀនសូត្រជាមួយកុមារដទៃ។ រៀនមិនបានយូរប៉ុន្មានផង កុមារទាំងអស់រួមទាំងកនត្រូវបានខ្មែរក្រហមបញ្ឈប់ពីការរៀនសូត្រ និងបង្ខំឲ្យទៅធ្វើការក្នុងកងកុមារវិញ។ គ្រូបង្រៀន ក៏ត្រូវមកបង្រៀនគាត់និងក្មេងៗក្នុងកងកុមារទាំងអស់អំពីរបៀបធ្វើជីលេខមួយ។
គ្រូរបស់គាត់ដែលមានឈ្មោះ ឡាំង បានមកបង្រៀនគាត់ពីរបៀបធ្វើជីលាមកមនុស្ស ដោយដំបូងគាត់ត្រូវដើរប្រមូលលាមកទាំងនោះដោយដៃទទេ។ ខ្មែរក្រហមមិនឲ្យនរណាម្នាក់ប្រើប្រាស់សម្ភារសម្រាប់កើបលាមកនោះទេ។ គ្រូឈ្មោះឡាំង បានកើបលាមកទាំងនោះដោយដៃ ដើម្បីធ្វើជាគំរូសម្រាប់កងកុមារទាំងអស់។បន្ទាប់មកគាត់បានជីកដីដំបូកលាយជាមួយលាមកគោ ស្មៅដែលកាប់បាន ហើយច្របល់គ្នាជាមួយលាមកមនុស្ស។ ច្របល់រួម គេយកជីទាំងនោះទៅប្រើប្រាស់និងបាចដាក់តាមវាលស្រែ។
ក្រោយមក កនត្រូវបានខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើការក្នុងកងចល័ត។ ការងាររបស់កងចល័តមានដូចជា ស្ទូងស្រូវ ដកសំណាប និងច្រូតស្រូវនៅរដូវច្រូតកាត់។ គាត់ត្រូវធ្វើដំណើរពីភូមិមួយទៅភូមិមួយ ដើម្បីជួយការងារច្រូតកាត់ នៅភូមិរ៉ក ភូមិត្រាក់ និងភូមិឡាឡៃជាដើម។
នាពេលព្រឹកព្រលឹម បន្ទាប់ពីមាន់រងាវ ឬលឺសំឡេងជួង កន ត្រូវក្រោកទៅធ្វើការរហូតដល់ម៉ោងប្រហែលជា១០ព្រឹក ទើបគាត់បានសម្រាកហូបបាយ និងបន្តការងាររហូតដល់ម៉ោង១០យប់ ទើបគាត់បានត្រលប់ទៅកន្លែងសម្រាន្ដវិញ។
ចំពោះរបបអាហារនៅសម័យខ្មែរក្រហមវិញ ជាទូទៅ ប្រជាជនម្នាក់ ទទួលបានអាហារតែពីរពេលប៉ុណ្ណោះក្នុងមួយថ្ងៃ។ ក្នុង ម្នាក់ ទទួលបានបាយចំនួនប្រហែលមួយវែកទៅពីរវែកប៉ុណ្ណោះ អាស្រ័យទៅតាមកម្លាំងការងាររបស់បុគ្គលម្នាក់ៗ។ ក្រៅពីនោះ ក្រុមរបស់គាត់ក៏ទទួលបានសម្លស្ងោរបន្លែដាក់ប្រហុកសម្រាប់ហូបដែរ។
នៅសម័យខ្មែរក្រហមប្រជាជនទាំងអស់មិនបានទទួលការហូបចុកគ្រប់គ្រាន់ និងត្រូវធ្វើការហួសកម្លាំង ដែលបណ្ដាលឲ្យប្រជាជនមួយចំនួនធ្លាក់ខ្លួនឈឺ និងខ្លះបានបាត់បង់ជីវិត។ គាត់បានបញ្ជាក់ថាគាត់ត្រូវធ្វើការទាំងមានជំងឺ និងរហូតដល់ធ្លាក់ខ្លួនឈឺធ្ងន់ទើបខ្មែរក្រហមសម្រេចយកគាត់ទៅព្យាបាល។
គាត់បានលើកឡើងបន្ថែមទៀតថា អ្នកដែលមានចំណេះដឹងពីរបបមុនៗ ត្រូវបានខ្មែរក្រហមចោទថាជាជនក្បត់ជាតិ និងត្រូវសម្លាប់ចោលទាំងអស់លើកលែងតែខ្មែរក្រហមគ្នាឯងប៉ុណ្ណោះ។ សម្ភារ និងទ្រព្យសម្បត្ដិរបស់ក្រុមគ្រួសាររបស់គាត់ត្រូវបានខ្មែរក្រហមដកហូតទុកជារបស់សមូហភាពដោយមិនអនុញ្ញាតឲ្យមានសម្ភារប្រើប្រាស់ផ្ទាល់ខ្លួន ឬកម្មសិទ្ធិឯកជននោះទេ៕
សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤

