របបដ៏ឃោរឃៅ

(ភ្នំពេញ)៖ លន់ លន អាយុ៧៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិក្រាំងស្វាយ ឃុំព្រែកកំពឹស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ចាប់តាំងពីឆ្នាំ១៩៧៩មក លន បានផ្លាស់ប្តូរទីលំនៅមករស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ លន មានជំងឺលើសឈាម ដែលរោគសញ្ញានេះទើបតែកើតមានប្រហែល៥ទៅ៦ឆ្នាំចុងក្រោយនេះ ហើយតម្រូវឱ្យលេបថ្នាំជាប្រចាំ។

នៅអំឡុងឆ្នាំ១៩៧០ ដំបូងឡើយនៅស្រុកក្រាំងស្វាយមិនទាន់មានវត្តមានយោធាខ្មែរក្រហមចូលនោះទេ។ ក្រោយមកក្នុងព្រឹត្តិការណ៍ថ្ងៃទី១៨ ខែមីនា ទើបមានការទម្លាក់គ្រាប់ផ្លោង និងការវាយប្រយុទ្ធគ្នា ដោយនៅតំបន់ផ្ទះរបស់ លន មានទាហានយាមកាម និងមានការបាញ់ប្រហារគ្នាផ្ទាល់។ ជារឿយៗនៅពេលដែលមានការបាញ់ប្រហារ លន និងគ្រួសារតែងតែរត់ចូលទៅពួននៅក្នុងត្រង់សេដែលឪពុករបស់គាត់បានជីកទុក។ ដោយសារតែស្ថានភាពសង្គ្រាមកាន់តែមានភាពតានតឹងខ្លាំងឡើង លន បានសម្រេចចិត្តភៀសខ្លួនទៅរស់នៅតំបន់តាខ្មៅ ខេត្តកណ្តាល។ នៅទីនោះ លន បានប្រកបរបររកស៊ីបន្តិចបន្តួចដើម្បីទទួលបានប្រាក់ចំណូលសម្រាប់ទិញម្ហូបអាហារផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ការរស់នៅក្រោមការគ្រប់គ្រងរបស់មេ៥០ខ្នងក្នុងរបប លន់ នល់, លន ទទួលបានរបបអង្ករចំនួនមួយបេក្នុងមួយខែ ហើយគាត់បានបន្តរស់នៅទីនោះរហូតដល់យោធាខ្មែរក្រហម វាយបែកទីក្រុងទាំងមូល។ បន្ទាប់មក យោធាខ្មែរក្រហមបានធ្វើការជម្លៀសប្រជាជន រួមទាំង លន ឱ្យធ្វើដំណើរឆ្ពោះទៅតាមបណ្តាខេត្តនានា។

លន ត្រូវបានគេជម្លៀសឱ្យទៅរស់នៅតំបន់ស្អាងអស់រយៈពេលប្រមាណ៦ទៅ៧ខែ ទើបត្រូវជម្លៀសបន្តទៅរស់នៅភូមិតស៊ូ ខេត្តព្រះវិហារ។ ការរស់នៅក្នុងរបបខ្មែរក្រហម គឺពោរពេញទៅដោយភាពព្រៃផ្សៃដោយសារហេតុផលមួយចំនួន។ ការហូបចុកមានការខ្វះខាតយ៉ាងខ្លាំង ដោយអង្គការផ្តល់ត្រឹមអង្ករមួយកំប៉ុងតូចដាំក្នុងឆ្នាំងធំមួយ ហើយពេលខ្លះទទួលបានបាយត្រឹមមួយចានតូចលាយជាមួយសម្លល្ហុង ឬគល់ចេក ដែលម្នាក់ៗទទួលបានត្រឹមតែមួយស្លាបព្រាប៉ុណ្ណោះ។ បន្ថែមពីលើការខ្វះខាតអាហារ អង្គការបានធ្វើទារុណកម្មប្រជាជនដោយបង្ខំឱ្យធ្វើការងារទាំងយប់ទាំងថ្ងៃដោយគ្មានពេលវេលាសម្រាកគ្រប់គ្រាន់។ នៅក្នុងរបបនោះ ការសម្លាប់មនុស្សត្រូវបានធ្វើឡើងដោយគ្មានការពិចារណា ដោយឈ្លបតែងតែទម្លាក់កំហុស និងយកប្រជាជន រួមទាំងបងប្អូនរបស់ លន មួយចំនួនទៅសម្លាប់ចោលយ៉ាងអយុត្តិធម៌។

នៅក្នុងឆ្នាំ១៩៧៥ លន មានអាយុប្រហែល២៧ឆ្នាំ ហើយត្រូវទទួលបន្ទុកធ្វើការងារជាច្រើនដូចជា ភ្ជួររាស់, លើកភ្លឺស្រែ និងលើកទំនប់ទាំងថ្ងៃទាំងយប់។ ជួនកាល អង្គការបានចាត់តាំង លន ឱ្យធ្វើដំណើររហូតដល់ស្រុកជ័យសែនដើម្បីស្វែងរកជ័រជន្លោះសម្រាប់យកមកចម្រាញ់ធ្វើជាប្រេងកាត។ លន បាននិយាយថា នៅក្នុងពេលបំពេញការងារតែងតែមានឈ្លប ដែលភាគច្រើនជាកុមារអាយុជាង១០ឆ្នាំ តាមឃ្លាំមើលជាប់ជានិច្ច ដែលជាហេតុធ្វើឱ្យប្រជាជនមានការភ័យខ្លាចយ៉ាងខ្លាំង។ ឈ្លបទាំងនោះតែងតែចាប់កំហុសប្រជាជន ឧទាហរណ៍នៅពេលដែលនង្គ័លបាក់ ឈ្លបទាំងនោះបានសួរដេញដោលថាហេតុអ្វីអ្នកដទៃភ្ជួរមិនបាក់ បែរជាគាត់ភ្ជួរបាក់ទៅវិញ។ ការដាក់កំហិតមានភាពតឹងរ៉ឹងបំផុត សូម្បីតែការភ្ជួរស្រែខុសគន្លងត្រឹមតែ៥នាទី ឈ្លបអាចចាប់យកទៅព្យួរកសម្លាប់នៅតំបន់ទួលក្ងោកភ្លាមៗ។ លន មានមិត្តភក្តិម្នាក់ឈ្មោះ ចែម ជាអ្នកឃ្វាលក្របី ដែលត្រូវបានឈ្លបទម្លាក់កំហុសបន្ទាប់ពីក្របីបានលួចស៊ីស្រូវអស់បន្តិចបន្តួច។ ឈ្លបបានយកអង្ករ អំបិល និងប្រហុកមួយកញ្ចប់ទៅដាក់នៅកន្លែងដែល ចែម ដេក រួចចោទប្រកាន់ថា ចែម ជាអ្នកលួច។ បន្ទាប់មក ចែម ត្រូវបានចាប់ដាក់ច្រវាក់ដៃជើង ធ្វើទារុណកម្មនៅក្នុងជំរំដោយយកជន្លោះប្រេងកាតមកអុជដុតមុខរហូតដល់ហើម និងចុងក្រោយត្រូវយកទៅវាយសម្លាប់។

ការរស់នៅ និងការហូបចុកក្នុងរបបនោះមិនមានភាពស្មើគ្នាឡើយ។ ក្នុងនាមជាប្រជាជនថ្មី លន ត្រូវបានខ្មែរក្រហមធ្វើបាប និងរើសអើងយ៉ាងខ្លាំង ដោយពេលហូបបបរ ឬម្ហូប ក្រុមប្រជាជនថ្មីទទួលបានត្រឹមតែប្រហុក ខណៈដែលប្រជាជនមូលដ្ឋានទទួលបានបាយ និងសាច់គោ។ នៅពេលដែលប្រជាជនមានជំងឺ អង្គការមិនបានផ្តល់ការព្យាបាលត្រឹមត្រូវនោះទេ ហើយថែមទាំងបង្ខំឱ្យបន្តធ្វើការងារទៀត។ លើសពីនេះ អង្គការតែងតែចោទប្រកាន់អ្នកឈឺថាមានជំងឺសតិអារម្មណ៍ ឬធ្វើពុតជាឈឺដើម្បីគេចវេះពីការងារ រួចក៏ធ្វើការបង្អត់អាហារ និងផ្តល់ត្រឹមតែថ្នាំអាចម៍ទន្សាយមួយគ្រាប់សម្រាប់ព្យាបាល។

សមាជិកគ្រួសាររបស់ លន ត្រូវទទួលរងនូវការព្រាត់ប្រាស់ និងការបាត់បង់ជីវិត។ បងរបស់ លន ត្រូវបានអង្គការជម្លៀសឱ្យទៅរស់នៅខេត្តសៀមរាប ហើយដោយសារការហូបចុកមិនគ្រប់គ្រាន់រួមផ្សំជាមួយនឹងការធ្វើការងារធ្ងន់ធ្ងរ គាត់បានដួលស្លាប់នៅនឹងកន្លែងធ្វើការ។ ចំណែកឯជីដូនរបស់ លន បានបាត់បង់ជីវិតដោយសារមូលហេតុស្រដៀងគ្នានេះដែរ។ ទោះជាយ៉ាងណាក្តី មានបងប្អូនរបស់ លន ខ្លះត្រូវបានជួយសង្គ្រោះ និងបានចេញទៅរស់នៅប្រទេសអូស្ត្រាលីនៅពេលដែលកងទ័ពរណសិរ្សសង្រ្គោះជាតិចូលមករំដោះប្រទេសនៅឆ្នាំ១៩៧៩។

លន បានបញ្ជាក់ថា ប្រសិនបើរបបខ្មែរក្រហមបន្តអូសបន្លាយត្រឹមតែមួយឆ្នាំទៀត ប្រជាជនទាំងអស់ប្រាកដជាត្រូវស្លាប់មិនខាន ព្រោះនៅពេលនោះអង្គការបានជីករណ្ដៅដ៏ធំមួយរួចជាស្រេចដើម្បីត្រៀមវាយសម្លាប់មនុស្សទម្លាក់ចោល៕

សម្ភាសន៍ដោយ៖ ជុន សុមុនីនាថ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin