ហេតុអ្វីអង្គការមិនឲ្យប្រជាជនហូបឆ្អែត

(ខេត្តស្វាយរៀង) សៅ ស៊ុយ មានអាយុ ៦៥ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ ស៊ុយ មានបងប្អូនចំនួន៥នាក់។ ក្នុងរបបខ្មែរក្រហមពូម្នាក់ជាអតីតទាហានរបប លន់ នល់ ត្រូវបាននាំយកទៅរៀនសូត្រ និងបាត់ដំណឹងរហូតដល់សព្វថ្ងៃ។
នៅក្នុងរបបខ្មែរក្រហម ស៊ុយ ត្រូវបានអង្គការបង្ខំឲ្យធ្វើការងារក្នុងកងចល័តយុវជន។ ស៊ុយ ត្រូវទៅធ្វើការងារឆ្ងាយពីគ្រួសារដោយចល័តពីមួយកន្លែងទៅមួយកន្លែង ដើម្បីជីកនិងរែកដីដើម្បីធ្វើទំនប់ប្រឡាយ និងលើកភ្លឺស្រែ។ ក្រោយមក ស៊ុយ ត្រូវបានអង្គការចាត់តាំងឲ្យធ្វើផ្ទះឲ្យប្រជាជនថ្មីទើបជម្លៀសមកក្នុងភូមិ។ ស៊ុយ និងសមាជិកក្រុមចំនួន១២នាក់ សង់ផ្ទះបានចំនួ៧។ ការសង់ផ្ទះ ស៊ុយត្រូវស្វែងរកកូនឈើ និងសម្ភារផ្សេងៗដោយខ្លួនឯងព្រោះអង្គការគ្មានឈើគ្រប់គ្រាន់។ ស៊ុយ បាននិយាយថា ការសាងសង់ផ្ទះនៅពេលនោះមានការលំបាក ដោយសារសមាជិកខ្លះត្រូវចូលទៅក្នុងព្រៃដើម្បីស្វែងរកកូនឈើ។ ក្រៅពីការងារសង់ផ្ទះ ស៊ុយ ក៏ត្រូវអង្គការឲ្យទៅនេសាទត្រីសម្រាប់ផ្គត់ផ្គង់ផ្ទះបាយរួមរបស់សហករណ៍ផងដែរ។ ទោះបីជាត្រូវធ្វើការងារច្រើន នៅពេលនោះ ស៊ុយ ទទួលបានរបបអាហារមិនគ្រប់គ្រាន់ដូចនឹងប្រជាជនដទៃទៀតក្នុងភូមិកំរ៉ែងដែរ។ ស៊ុយ មានចម្ងល់ថាទិន្នផលស្រូវដែលគាត់ និងប្រជាជនបង្កបង្កើនផលបានច្រើននៅក្នុងមួយរដូវៗហេតុអ្វីមិនឲ្យប្រជាជនហូបឆ្អែត។
នៅចុងឆ្នាំ១៩៧៨ ស៊ុយ ត្រូវបានអង្គការជម្លៀសឲ្យទៅរស់នៅឯខេត្តភាគពាយ័ព្យប្រទេស។ ការធ្វើដំណើរចេញពីភូមិកំរ៉ែង មានការលំបាកដោយសារតែមានប្រជាជនស្ទើរតែទាំងអស់ត្រូវចាកចេញពីភូមិ។ ប្រជាជនជម្លៀសរួមទាំងគ្រួសាររបស់ ស៊ុយ ត្រូវរៀបចំអាហារហូបដោយខ្លួនឯង។ ការធ្វើដំណើរទើបតែដល់កំពង់ចម្លងអ្នកលឿង របបខ្មែរក្រហមបានដួលរលំ។ នៅពេលនោះ ស៊ុយ បានឃើញប្រជាជនជម្លៀសមួយចំនួនត្រូវបានខ្មែរក្រហមក្រហមវាយទម្លាក់ទឹកទន្លេ។ គ្រួសារស៊ុយ មានសំណាងអាចត្រលប់មករស់នៅស្រុកកំណើតវិញដើម្បីប្រកបរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិតរហូតដល់សព្វថ្ងៃ៕
សម្ភាសន៍ដោយ យ៉េត ស្រីលាក់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង


