ស្រី ញ៉េន៖ ខឹងប្រធានភូមិ ដែលបង្ខំឲ្យបងប្រុសពីរនាក់ទៅធ្វើជាយោធា

បងប្រុសទី៣របស់ខ្ញុំ ត្រូវស្លាប់ដោយសាររថក្រោះកិន ក្នុងពេលប្រយុទ្ធគ្នាជាមួយទាហាន លន់ នល់។ បន្ទាប់មក ប្រធានសហករណ៍ បានបង្ខំឲ្យបងប្រុសទី២របស់ខ្ញុំ លាចាកសិក្ខាបទ រួចទៅធ្វើជាទាហានបន្តទៀត។ នៅក្នុងសមរភូមិ បងទី២របស់ខ្ញុំបានត្រូវរបួស និងពិការ ប៉ុន្តែអង្គការនៅតែបញ្ជូនគាត់ទៅសមរភូមិ។ នៅឆ្នាំ១៩៧៨ បងប្រុសរបស់ខ្ញុំមានរបួសធ្ងន់ធ្ងរពេលប្រយុទ្ធជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម ប៉ុន្តែដោយសារប្រពន្ធរបស់គាត់រត់ចោល និងគ្មានអ្នកមើលថែ ទើបគាត់បាត់បង់ជីវិត។

ស្រី ញ៉េន ហៅសុវណ្ណ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ញ៉េនឈ្មោះ ស្រី ជិន ហើយម្ដាយឈ្មោះ សំ សូត្រ និងមានបងប្អូនចំនួន៩នាក់ ក្នុងនោះមានស្រី៣នាក់។ នៅឆ្នាំ១៩៧០ ស្ថានការណ៍នៅក្នុងភូមិបចាមប្រែប្រួល ព្រោះមានទាហានយៀកកុង ប្រយុទ្ធគ្នាជាមួយទាហាន លន់ នល់ នៅក្នុងភូមិ។ នៅពេលដែលមានការប្រយុទ្ធគ្នាម្ដងៗ គ្រួសារញ៉េន បានរត់ចូលទៅលាក់ខ្លួនក្នុងលេណដ្ឋានក្រោមផ្ទះ ដើម្បីគេចពីការប្រយុទ្ធគ្នា, ការផ្លោងគ្រាប់បែក និងការទម្លាក់គ្រាប់បែក។ បន្ទាប់មកបងប្រុសច្បងរបស់ញ៉េន បានចេញទៅធ្វើជាទាហាន លន់ នល់ ប្រចាំការនៅខេត្តកំពង់ចាម និងស្លាប់នៅទីនោះ។

នៅចន្លោះឆ្នាំ១៩៧១ បន្ទាប់ពីក្រុមខ្មែរក្រហមគ្រប់គ្រងនៅក្នុងភូមិបចាម អង្គការបានបង្ខំឲ្យបងប្រុសទី៣របស់ញ៉េន ទៅធ្វើជាទាហាន វាយជាមួយរបប លន់ នល់។ នៅក្នុងសមរភូមិដោះការជ័រ ខេត្តកំពង់ស្ពឺ ប្រធានក្រុមភូមិ បងប្រុសរបស់គាត់បានស្លាប់នៅទីនោះ ដោយសាររថក្រោះកិន។ ក្រោយមក ប្រធានភូមិបចាម បានមកបង្ខំបងប្រុសទី២របស់គាត់ឈ្មោះ ស្រី សាវ៉ាត ឲ្យលាចាកសិក្ខាបទ និងបញ្ជូនទៅធ្វើជាយោធាម្នាក់ទៀត។ នៅលើសមរភូមិ បងរបស់ញ៉េន បានត្រូវរបួស និងពិការត្រលប់មកផ្ទះវិញចូលក្នុងក្រុមជនពិការ។ នៅឆ្នាំ១៩៧៣ អង្គការបានរៀបចំមង្គលការឲ្យបងទី២របស់ញ៉េន ប៉ុន្តែពេលរៀបការរួច អង្គការបានបំបែកគាត់ចេញពីប្រពន្ធ ទៅធ្វើជាយោធាក្នុងព្រៃបន្តទៀត។

បន្ទាប់មកនៅពេលដែលខ្មែរក្រហមគ្រប់គ្រងប្រទេស អង្គការបានប្រមូល មាស, ប្រាក់, សត្វចិញ្ចឹម, សម្ភារៈប្រើប្រាស់ នៅក្នុងផ្ទះញ៉េន យកទៅដាក់រួម ប៉ុន្តែម្ដាយឪពុករបស់គាត់ បានលួចលាក់លុយ និងមាសមួយចំនួនកប់ទុកក្នុងដី។ ចំពោះ ញ៉េន នៅពេលដែលខ្មែរក្រហមគ្រប់គ្រងប្រទេស អង្គការបានចាត់តាំងគាត់ឲ្យចូលទៅក្នុងកងកុមារភូមិ ដើម្បីធ្វើការងារ លើកព្រែក នៅមុខវត្តអង្គរុន និងកាប់ស្លឹកឈើយកទៅធ្វើជី។ នៅពេលដែល ញ៉េន មានមាឌធំបន្តិច អង្គការបានបញ្ជូនគាត់ទៅធ្វើការងារក្នុងកងចល័តឃុំ ជាមួយកុមារផ្សេងទៀត។ ញ៉េន ធ្វើការងារនៅក្នុងកងកុមារឃុំបានមួយរយៈពេលខ្លី ទើបអង្គការបានបញ្ជូនគាត់ទៅកងយុវជន ព្រោះពេលនោះគាត់ធ្វើការងារខ្លាំង និងបានល្អ។ នៅក្នុងកងយុវជន ញ៉េន ត្រូវធ្វើការងាររែកដី, លើកទំនប់, ធ្វើស្រែប្រាំងនៅបឹងលាច, កាប់ឆ្ការព្រៃឈើ និងធ្វើការនៅកន្លែងផ្សេងៗទៀតតាមអង្គការចាត់តាំងនៅក្នុងឃុំចំបក់។

ញ៉េន បានបន្តថា ខ្លួនជាប្រជាជនមូលដ្ឋាន ប៉ុន្តែដោយសារមានបង ជាប្រជាជន១៧មេសា ទើបគាត់ត្រូវចូលធ្វើការងារជាមួយប្រជាជនថ្មី។ នៅកន្លែងធ្វើការងារ អង្គការបានដាំបបរមួយខ្ទះ ដាក់អង្ករពីរកំប៉ុងប៉ុណ្ណោះសម្រាប់ប្រជាជនថ្មី ឬអ្នកដែលអង្គការមិនទុកចិត្តហូប ប៉ុន្តែប្រសិនបើជាកម្មាភិបាលខ្មែរក្រហម ឬសមាជិកគ្រួសាររបស់អង្គការគឺទទួលបានបបរគោក ឬបាយ។ ជាក់ស្ដែង ឪពុករបស់ញ៉េន សុខចិត្តហូបតែទឹកបបរ ព្រោះគាត់ចង់ទុកកាកបបរយកឲ្យម្ដាយក្មេករបស់គាត់ដែលឈឺចាស់ជរានៅផ្ទះ។ ចំណែក កម្មាភិបាលខ្មែរក្រហមឈ្មោះ ស៊ី និងសមាជិគ្រួសារ បានហូបបាយ ឬបបរគោក ជាមួយម្ហូបត្រឹមត្រូវ និងគ្រប់គ្រាន់។

ចំពោះការលំអៀតខាងលើនេះ ញ៉េន បានតាមដាន និងឃើញផ្ទាល់ភ្នែក ប៉ុន្តែគាត់មិនហ៊ាននិយាយ។ ក្រៅពីភាពខុសគ្នាក្នុងការហូបអាហារ ប្រជាជនមូលដ្ឋានអាចដាក់ច្បាប់ឈប់សម្រាកពីការងារនៅពេលដែលមានជំងឺ ប៉ុន្តែប្រជាជនថ្មី មិនអាចធ្វើបាននោះទេ គឺត្រូវមានអ្នកតាមដានជាមុនសិន។ ចំណែក ញ៉េន មិនបានពិបាកដូចប្រជាជនថ្មីផ្សេងទៀតទេ ព្រោះប្រធានកងជឿជាក់លើគាត់ និងមិនដែលធ្វើបាបគាត់នោះទេ បើទោះបីជាគាត់រត់ត្រលប់មកផ្ទះមួយយប់ ឬពីរយប់ដោយអត់ច្បាប់ក៏ដោយ។ មូលហេតុដែលញ៉េន មានសិទ្ធិពិសេសបែបនេះ ព្រោះគាត់ជាមនុស្សឧស្សា និងធ្វើការងារបានល្អខ្លាំង។

នៅដើមឆ្នាំ១៩៧៩ អង្គការមានគម្រោងរៀបចំធ្វើនំបញ្ជុកឲ្យប្រជាជនហូប ប៉ុន្តែមិនទាន់បានដំណើរការផង ស្រាប់តែមានកងទ័ពស្ម័គ្រចិត្តវៀតណាមចូលមករំដោះប្រជាជន។ ញ៉េន គិតថា ការធ្វើនំបញ្ជុករបស់អង្គការគឺចង់សម្លាប់ប្រជាជន ប៉ុន្តែដោយសារកងទ័ពស្ម័គ្រចិត្តវៀតណាមចូលមករំដោះទាន់ពេលវេលា ទើបប្រជាចនរួចខ្លួន។ នៅពេលដែលមានសិទ្ធិសេរីភាពឡើងវិញ គ្រួសារញ៉េន បានទៅកាយយកមាស់ និងលុយ របស់គាត់ដែលលាក់ទុកមកវិញ រួចយកទៅលក់យកប្រាប់មកធ្វើដើមទុនរកស៊ីបន្តទៀត។ ចំពោះលុយដែលគ្រួសារញ៉េន លាក់ទុលមិនបានចាយបន្តទេ ព្រោះក្រដាសប្រាក់មានការផ្លាស់ប្ដូរ។

ក្រោយមក ញ៉េន បានចូលរៀនម្ដងទៀតនៅសាលាក្នុងភូមិ អង្គុយលើដំថ្ម រួចបន្តចូលសាលាព្រីមែល រហូតដល់ប្រឡងឌីប្លូមរួច។ នៅឆ្នាំ១៩៨៦ ញ៉េន បានឈប់រៀន និងធ្វើស្រែបន្តទៀតដើម្បីចិញ្ចឹមជីវិត។ នៅឆ្នាំ១៩៨៨ ញ៉េន បានរៀបការជាមួយឈ្មោះ សន លន និងមានកូន៦នាក់ ក្នុងនោះមានស្រីម្នាក់។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស​ ញ៉េន នៅតែមានអារម្មណ៍ខឹងជាមួយកម្មាភិបាលខ្មែរក្រហម និងប្រធានសហករណ៍ភូមិបចាម ដែលបង្ខំបញ្ជូនបងប្រុសរបស់គាត់ទាំងពីរនាក់ទៅធ្វើជាទាហាន និងស្លាប់នៅទីនោះ។

ញ៉េន បានបន្ថែមថា ខ្លួនអាណិតបងប្រុសទាំងពីរខ្លាំងណាស់ ព្រោះបងទី៣ ត្រូវស្លាប់ដោយសាររថក្រោះកិន យ៉ាងអាណោចអាធ័ម ហើយបងប្រុសទី២ ត្រូវស្លាប់ដោយសារប្រពន្ធរត់ចោល បន្ទាប់ពីមានរបួសនៅសមរភូមិស្ពានស្ទឹងស្លាគូរ ខេត្តកំពង់ស្ពឺ ជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម ចុងឆ្នាំ១៩៧៨។ ចំណែកបងប្រុសច្បងរបស់គាត់ ដែលចូលទៅធ្វើជាទាហាន លន់ នល់ ញ៉េន មិនបានរៀបរាប់អ្វីទាំងអស់ ព្រោះគាត់គិតថាជាការស្ម័គ្រចិត្តរបស់បង។

សម្ភាសដោយ៖ កែប ម៉ៃ សុជាតិ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៦

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin