ហឹង សុខុន៖ ឃ្លានខ្លាំងស្ទើរស្លាប់ ដូចបងប្អូនទាំង៦នាក់

ហឹង សុខុន ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ សុខុន មានឪពុកឈ្មោះ ទូច ហឹង ហើយម្ដាយឈ្មោះ ឡុង សុន និងមានបងប្អូនចំនួន៨នាក់ ក្នុងនោះមានស្រី៧នាក់។ កាលពីក្មេង សុខុន បានចូលរៀនដំបូងនៅសាលាបឋមសិក្សាចំបក់ រហូតដល់ថ្នាក់ទី១០។ សុខុន ឈប់រៀនដោយសារតែមានសង្គ្រាមបាញ់ផ្លោង និងការទម្លាក់គ្រាប់បែកនៅក្នុងភូមិ។ ការទម្លាក់គ្រាប់បែកនេះ បានធ្វើឲ្យឆេះផ្ទះសម្បែង និងខូចខាតទ្រព្យសម្បត្តិរបស់គ្រួសារសុខុន និងប្រជាជនជាច្រើនទៀត។ បន្ទាប់ពីឆេះលំនៅដ្ឋាន គ្រួសារសុខុន និងប្រជាជនដទៃទៀតបានទៅស្នាក់នៅវត្ត ហើយពេលខ្លះរត់ចូលលាក់ខ្លួនក្នុងលេណដ្ឋាន ឬកន្លែងសុវត្ថិភាពផ្សេងទៀត។

នៅឆ្នាំ១៩៧៥ អង្គការបានជម្លៀសគ្រួសាររបស់សុខុន ទៅរស់នៅភូមិបាក់ព្រីង ខេត្តពោធិ៍សាត់។ នៅភូមិបាក់ព្រីង សុខុន បានចាក់ចេញពីគ្រួសារ ចូលទៅរស់នៅក្នុងកងចល័ត ដើម្បីធ្វើការងាររែកដី ធ្វើប្រឡាយទឹក តាមអង្គការចាត់តាំង។ ប៉ុន្តែ សុខុន អាចមកស្នាក់នៅជាមួយគ្រួសារបាន ប្រសិនបើគាត់ធ្វើការងារក្បែរសហករណ៍។

នៅថ្ងៃមួយ នៅពេលដែល សុខុន មកសម្រាកនៅផ្ទះ គាត់បាននិយាយលេងជាមួយប្អូនធម្មតា ប៉ុន្តែរហូតដល់ម៉ោង២យប់ ប្អូនរបស់គាត់ម្នាក់បានដាច់ពោះស្លាប់។ បន្ទាប់មក បងប្អូនរបស់សុខុនបានស្លាប់ជាបន្តបន្ទាប់ទៀតដោយសារអត់អាហារ ហើយឪពុក បានស្លាប់ដោយសារតែហូរឈាមច្រើនពេក នៅពេលដែលគាត់កើតឬដូង។ សុខុប បានបញ្ជាក់ថា ការហូបអាហារក្នុងសម័យនោះគឺលំបាកខ្លាំងពេក ទើបធ្វើឲ្យបងប្អូនរបស់គាត់ស្លាប់អស់៦នាក់។

បន្ទាប់ពីឪពុក និងបងប្អូនស្លាប់ស្ទើរតែទាំងអស់ អង្គការបានបញ្ជូន សុខុន ទៅធ្វើការងារនៅព្រះពន្លៃ ឆ្ងាយពីសហករណ៍ និងរៀបការនៅទីនោះ ជាមួយឈ្មោះ ស៊ុម កុសល។ ការរៀបការនេះ កើតឡើងបានដោយសារតែបងប្រុសរបស់កុសល បានទៅស្នើសុំអង្គការ និងឪពុកម្ដាយរបស់សុខុនជាមុន។ ប៉ុន្តែមុនពេលរៀបការ អង្គការបានទៅសួរនាំការយល់ព្រមពី សុខុន ម្ដងទៀត។

នៅក្នុងពិធីរៀបការ អង្គការបានរៀបចំយុវជនចំនួន ៥ គូ អង្គុយទល់មុខគ្នា រួចបន្តឡើងប្ដេជ្ញាចិត្តម្ដងម្នាក់រហូតដល់ទាំងអស់គ្នា ទើបបញ្ចប់កម្មវិធី។ ក្រោយបញ្ចប់ពិធីប្ដេជ្ញាចិត្ត អង្គការបានឱ្យប្តីប្រពន្ធថ្មីថ្មោងទាំងអស់ ទៅស្នាក់នៅក្នុងខ្ទមតូចមួយដាច់ដោយឡែកពីគ្នា ហើយនៅពេលយប់ឡើងមានឈ្លបមកសម្ងំលាក់ខ្លួននៅក្រោមផ្ទះ ដើម្បីលបស្ដាប់ការណ៍ថា តើប្ដីប្រពន្ធដែលរៀបការដោយបង្ខំទាំងនោះ អាចរស់នៅចុះសម្រុងនឹងគ្នាឬទេ។ បន្ទាប់មកទៀត អង្គការបានបំបែកប្ដីប្រពន្ធសុខុន ឱ្យទៅធ្វើការងារនៅកន្លែងផ្សេងគ្នា និងបានជួបគ្នាម្ដងម្កាល រហូតដល់របបខ្មែរក្រហមត្រូវបានដួលរលំ។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សុខុន និងស្វាមី បានសម្រេចចិត្តធ្វើដំណើរដោយថ្មើរជើងមកខេត្តតាកែវ។ មុនពេលធ្វើដំណើរ ស្វាមីរបស់សុខុន មានការរារែកចិត្តយ៉ាងខ្លាំង ព្រោះបងប្អូននៅទីនោះ បានហាមឃាត់គាត់។ ប៉ុន្តេដោយសារតែចិត្តស្រឡាញ់ប្រពន្ធ ទើបព្រមធ្វើដំណើរមកខេត្តតាកែវ។ នៅពេលធ្វើដំនើរ គ្រួសារសុខុន បានចំណាយអស់មួយខែ ទើបទៅដល់ភូមិចំបក់ និងចាប់ផ្ដើមប្រកបរបបលក់នំបញ្ជុក នៅសាលាអង្គអេង។ មុខរបបធ្វើនំបញ្ជុកនេះ គឺជាកេរដំណែលតាំងពីជំនាន់ម្ដាយ រួចបន្តរហូតមកដល់សុខុន និងកូនរបស់គាត់។

សុខុន បានរៀបរាប់បន្តថា ខ្លួននៅតែមានការឈឺចាប់ចំពោះរបបខ្មែរក្រហម ព្រោះកាលនោះគាត់ត្រូវរស់នៅក្នុងភាពអត់ឃ្លានខ្លាំងណាស់ស្ទើរតែបាត់បង់ជីវិតដូចបងប្អូនរបស់គាត់ទាំង៦នាក់។ នៅពេលអ្នកស្ម័គ្រចិត្តសម្ភាស សុខុន មានកូន៦នាក់ ក្នុងនោះមានស្រី៥នាក់។ ផលវិបាកពីអតីតកាល បានធ្វើឲ្យសុខុន មានជំងឺប្រចាំកាយជាច្រើនដូចជា៖ លើសសម្ពាធឈាម, ក្រពះពោះវៀន, បេះដូង និងពុកឆ្អឹង។

សម្ភាសដោយ៖ កែប ម៉ៃ សុជាតា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin