សុខ អាន៖ ត្រូវជម្លៀសជាបន្តបន្ទាប់រហូតដល់កន្លែងសម្លាប់

សុខ អាន ហៅអាមុំ អាយុ៧៥ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់អានឈ្មោះ សុខ វ៉េង ហើយម្ដាយឈ្មោះ ហង់ អោ និងមានបងប្អូន២នាក់(ស្រីម្នាក់)។ អាន មានប្ដីឈ្មោះ យ៉ង់ ហង្ស និងមានកូន១១នាក់ ក្នុងនោះមានស្រី៧នាក់។ នៅអាយុ៨ឆ្នាំ អាន ចូលរៀនដំបូងនៅសាលាវត្តអង្គរុន រយៈពេល៣ឆ្នាំ។ បន្ទាប់ពីឈប់រៀន អាន បានជួយមើលប្អូននៅផ្ទះមួយរយៈ ទើបរៀបការជាមួយឈ្មោះ យ៉ង់ ហង្ស។

នៅឆ្នាំ១៩៧០ បន្ទាប់ពីលោក លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ប្រជាជននៅក្នុងភូមិជាច្រើននាក់បានចេញទៅធ្វើបាតុកម្មនៅផ្សារចំបក់រយៈពេល៣ថ្ងៃ។ បន្ទាប់ពីនោះមក ស្ថានភាពនៅក្នុងភូមិសារែក មានការប្រែប្រួល ព្រោះមានទាហាន ឡុង បូរ របស់លោក លន់ នល់  ចូលមកប្រយុទ្ធគ្នាជាមួយក្រុមខ្មែរក្រហម និងមានការទម្លាក់គ្រាប់បែក។ នៅពេលដែលមានការប្រយុទ្ធគ្នាដំបូងៗ ប្ដីរបស់អាន បានចេញទៅរស់នៅទីក្រុងភ្នំពេញ និងរកស៊ីធាក់ស៊ីក្លូ រកប្រាក់មកចិញ្ចឹមប្រពន្ធកូន។

នៅថ្ងៃមួយ អាន បាននាំកូននិងប្អូន ទៅលាក់ខ្លួនក្នុងលេណដ្ឋានក្បែរផ្ទះ ប៉ុន្តែប្អូនពៅឈ្មោះខន បានរត់ចូលទៅលាក់ខ្លួនក្នុងលេណដ្ឋាន តាតុន យាយឃុត។ នៅពេលលាក់ខ្លួនស្រាប់តែមានគ្រាប់ផ្លោងធ្លាក់ចំលេណដ្ឋានតាតុន និងធ្វើឲ្យកូនរបស់គាត់៤នាក់បានស្លាប់ ហើយប្អូនរបស់អាន ត្រូវរបួសខ្នង និងយកទៅព្យាបាលទៅទីក្រុងភ្នំពេញ។ បន្ទាប់មក អាន បាននាំកូន ទៅរស់នៅទីក្រុងភ្នំពេញ ជាមួយប្ដីរបស់គាត់ ដើម្បីគេចពីសង្គ្រាម។ នៅទីក្រុងភ្នំពេញ អាន បានយកមេជ្រូកពីស្រុកកំណើតទៅចិញ្ចឹម ដើម្បីយកកូនជ្រូកលក់ និងរួមផ្សំជាមួយចំណូលដែលបានមកពីការធាក់ស៊ីក្លូរបស់ប្ដី ទើបសន្សំលុយទិញដីបានមួយកន្លែង។ អាន បានឲ្យដឹងថា ខ្លួនបាត់បង់កូនស្រី ដោយសារជំងឺ នៅទីក្រុងភ្នំពេញ។

នៅខែមេសា ឆ្នាំ១៩៧៥ គ្រួសាររបស់អានបានជម្លៀសទាំងបង្ខំមករស់នៅភូមិត្រពាំងក្រសាំង។ នៅពេលជម្លៀស គ្រួសាររបស់អាន ត្រូវធ្វើដំណើររក្រោមភ្លៀងធ្លាក់ និងមិនមានកន្លែងសម្រាកត្រឹមត្រូវនោះទេ ដែលជាហេតុធ្វើឲ្យកូនប្រុសរបស់គាត់ម្នាក់ទៀតឈឺក្ដៅខ្លួនខ្លាំងរហូតដល់ស្លាប់។ ពេលមកដល់ភូមិត្រពាំងក្រសាំង មុនដំបូងអង្គការបានចែកអង្ករឲ្យគ្រួសារអានក្នុងមួយថ្ងៃ៣កំប៉ុង ដើម្បីដាំបាយហូប រួចចេញទៅធ្វើការងារជាក្រុម។ ចំពោះ អាន អង្គការបានចាត់តាំងគាត់ឲ្យធ្វើជី ហើយប្ដីរបស់គាត់ត្រូវទៅធ្វើការនៅភ្នំតាម៉ៅ។ មួយឆ្នាំក្រោយមក អង្គការបានជម្លៀសប្រជាជនថ្មីទាំងអស់ទៅរស់នៅ ខេត្តបាត់ដំបង ប៉ុន្តែដោយសារតែប្ដីរបស់ អាន ធ្វើការងារបានល្អទើបរក្សាទុកគ្រួសារគាត់ឲ្យធ្វើការងារនៅក្នុងភូមិបន្តទៀត។ ក្រោយមក នៅពេលមានការផ្លាសប្ដូរអ្នកគ្រប់គ្រងសហករណ៍ អង្គការបានហៅគ្រួសារអាន ទៅប្រជុំចែកសម្លៀកបំពាក់ និងចំណែកស្រូវមួយចំនួនដែលគ្រួសារគាត់ខំធ្វើនៅក្នុងភូមិ រួចបញ្ជូនទៅតំបន់៥៥។ នៅពេលធ្វើដំណើរ គ្រួសាររបស់អាន បានចំណាយពេលសម្រាកនៅ អង្គសឹង្ហ មួយយប់ ទើបទៅដល់ភូមិធម្មវិន័យ ឃុំស្នោ ស្រុកព្រៃកប្បាស តំបន់៥៥។

នៅភូមិធម្មវិន័យ អាន បានយកស្រូវដែលមានជាប់ខ្លួនទៅដាក់រួមក្នុងសហករណ៍ ហើយមួយចំនួនទៀតឲ្យទៅយាយតាម្ចាស់ផ្ទះដែលគ្រួសារគាត់ស្នាក់ជាមួយលាក់ទុកក្រោមផ្ទះ និងចេញទៅធ្វើការងាររួមតាមអង្គការចាត់តាំង។ យាយតា ដែលគ្រួសារអាន ស្នាក់នៅជាមួយគឺចិត្តល្អណាស់ គាត់បានលួចយកស្រូវដែលលាក់បានទៅបុកយកអង្ករដាំបាយហូប ជាមួយសម្លសាច់មាន់ ដែលគាត់ចិញ្ចឹមនៅផ្ទះ រហូតដល់អស់ស្រូវ។ បន្ទាប់មក ដោយសារតែឃ្លានខ្លាំងពេក អាន និងប្ដី ដាច់ចិត្តលួចយកមុងដែលគាត់មាន ទៅអូសកំពីសក្នុងទឹកជាមួយអ្នកស្គាល់គ្នាម្នាក់ និងឆ្លៀតពេលលួចព្រលឹតរបស់អង្គការនៅលើទូក។ នៅពេលលួចព្រលឹត កងឈ្លបបានស៊ើបដឹងថាប្ដីរបស់អាន ជាអ្នកលួចទើបហៅគាត់ទៅកសាង។ អាន ភ័យខ្លាំងណាស់ ប៉ុន្តែសំណាងល្អបានជួបជាមួយអ្នកចិត្តល្អ ទើបប្ដីរបស់គាត់មិនមានបញ្ហាអ្វី។

ក្រោយមក ប្ដីរបស់អាន បានទៅលួចស្រូវដែលគាត់ដឹងតាមរទេះយកមកបុកឲ្យមត់ដូចកន្ទក់រួចយកមកហូប។ ពេលឃើញដូច្នេះ អាន បានហាមឃាត និងអង្វរប្ដីកុំឲ្យហូបបន្តទៀត ព្រោះអ្នកដែលហូបស្រូវជុះអាចម៍អត់ចេញ និងធ្វើឲ្យស្លាប់។ អាន បានឲ្យប្ដីទ្រាំ ព្រោះត្រឹមតែរយៈពេល៦ខែទៀត ដល់រដូវប្រមូល នោះគាត់បានបបរគោកហូបវិញហើយ។ បន្ទាប់មកទៀត គ្រួសាររបស់អាន បានលួចចាប់សត្វកណ្ដុរ, សត្វផ្សេងៗដែលមាននៅក្នុងស្រែ ឬទៅបេះផ្លែទំទេស និងឬសដំឡូង ដែលអង្គការបោះចោលយកមកស្ងោហូប។ នៅថ្ងៃមួយ អំឡុងពេល អានស្ងោដំឡូងដែលរើសយកមក អង្គការបានហៅប្រជាជនទាំងអស់ទៅប្រជុំ។ អាន ភិតភ័យយ៉ាងខ្លាំងព្រោះគាត់ដឹងថា នៅពេលដែលប្រជាជនទៅប្រជុំនោះ កងឈ្លបនឹងមកឆែកផ្ទះគាត់ ប៉ុន្តែសំណាងល្អ រកមិនឃើញ។

អាន បានបន្តថា​ នៅក្នុងសហករណ៍ អង្គការបានបបររាវៗចែកប្រជាជនហូប និងមិនគ្រប់គ្រាន់នោះទេ។ ការហូបមិនគ្រប់នេះបានធ្វើឲ្យ អាន ហូបតែទឹកបបរ ហើយលួចកាកបបរទុកឲ្យប្ដី និងកូននៅផ្ទះ។ អាន ធ្វើបែបនេះព្រោះគាត់គិតថារបស់គាត់ប្ដីពោះវែង ឃ្លានខ្លាំង ដូច្នេះគាត់ខ្លាចប្ដីរពិសដៃលួចអាហារអង្គការទៀត។ ក្រៅពីនេះកូនរបស់អាន ដែលធ្វើការនៅក្នុងសហករណ៍ និងរស់នៅក្នុងមណ្ឌលបាននាំគ្នាលួចទុកការបបរម្នាក់មួយស្លាបព្រាមកឲ្យ អាន ដើម្បីឲ្យគាត់កំដៅលាយជាមួយស្លឹកបាស ឬខ្ចៅ និងខ្ចង តិចតួចដែលលួចរើសបាន ទុកហូបពេលព្រឹក។  មួយវិញទៀត នៅពេលដែល អាន មានទម្ងន់ គាត់បានបេះដើមដំបងយក្ស យកមកដាក់ស្ងោរជាមួយទឹកត្នោតដែលអង្គការចែកឲ្យ។

នៅពេល អាន មានគភ៌ អង្គការបានប្ដូរការងាររបស់គាត់មកធ្វើការងារក្នុងភូមិជាមួយស្រ្ដីពោះធំដូចគ្នា។ អាន មានគភ៌បានរយៈពេលពីរខែ កូនរបស់គាត់បានរលូត ទើបអង្គការប្ដូរការងារគាត់មកមើលក្មេងនៅក្នុងសហករណ៍ដូចស្រ្ដីដែលទើបសម្រាលកូនរួច។ នៅពេលមើលក្មេង អាន ហត់នឿយជាមួយការលាងលាមកកុមារពេក ទើបគាត់សុំអង្គការទៅស្ទូងស្រូវវិញ ព្រោះជាការងារស្រាលដែរ ប៉ុន្តែអង្គការមិនព្រម ទើបបញ្ជូនគាត់ទៅជីកព្រែក។ អាន ទៅជីកព្រែកបានប្រមាណ៣បង្គី គាត់ចាប់ផ្ដើមចុកពោះខ្លាំង ទើបអង្គការបញ្ជូនគាត់ទៅព្យាបាលនៅពេទ្យស្រុក។ នៅក្នុងមន្ទីរពេទ្យ អាន បានទទួលថ្នាំអាចម៍ទន្សាយលេប ប៉ុន្តែមិនបានធូរស្រាលនោះទេ រហូតតាឈ្មោះ ឆេង នៅភ្នំជីសូរ ដែលធ្វើការងារនៅក្នុងសង្គមកិច្ច មកសួរអាការៈរបស់អាន និងទៅរកថ្នាំខ្មែរដាំឲ្យគាត់ផឹងអស់ពីរកំសៀវ ទើបបានធូរស្បើយ។

នៅរសៀលមួយ អាន បានឃើញអង្គការចងបណ្ដើរយុវជនជាច្រើនដង ដោយម្ដងមានចំនួន៥ ទៅ៦នាក់ ទៅតាមផ្លូវព្រែកសាំងលិច ទិសខាងកើត។ អាន គិតថាយុវជនទាំងអស់នោះប្រហែលជាស្លាប់អស់ហើយ ព្រោះនៅដៃកងឈ្លបដែលបណ្ដើរទៅមានកាន់ចបកាប់ពីក្រោយយកទៅ។ ក្រៅពីនេះ អាន បានឃើញអង្គការបញ្ជូនប្រជាជនជាច្រើនគ្រួសារតាមរទេះសេះយកចេញពីភូមិ ប៉ុន្តែមិនដឹងទៅណា។

បន្ទាប់មក អង្គការបានបញ្ជូន គ្រួសាររបស់អាន ឲ្យទៅធ្វើការងារនៅកន្លែងផ្សេង។ មុនដំបូងអង្គការបានប្រមូលអ្នក១៧មេសា ទៅសម្លាប់ចោល ប៉ុន្តែមិនទាន់ដល់ឈ្មោះរបស់អានទេ គឺឈ្មោះម្នាក់ទៀត ផល អាន។ អង្គការបានហៅ ផល អាន ទៅប្រជុំ និងត្រៀមយកទៅសម្លាប់នៅភូមិដង្ហិត ប៉ុន្តែដោយ គណៈកងស៊ីសំណូក ចង់បានខ្សែដៃ និងចិញ្ចៀនរបស់ ផល អាន ទើបបញ្ជូន ហង្ស អាន ទៅជំនួស។

ពេលទៅដល់ដង្ហិត អាន បានទៅស្នាក់នៅផ្ទះប្រធានសហករណ៍ និងបានទទួលដំណឹងថាអង្គការបញ្ជូនគាត់ និងប្រជាជន ១៧មេសា យកទៅវាយចោលទាំងអស់នៅទីនេះ។ ប៉ុន្តែដោយសារប្រធានភូមិអាណិត ទើបប្រាប់ឲ្យគ្រួសារអានធ្វើការងារឲ្យស្រួលបួល រហូតដល់គណៈកងនៅធម្មវិន័យទៅស្នើសុំ អាន ត្រលប់មកវិញ។ គ្រួសារអាន មិនបានទៅធម្មវិន័យទេ ព្រោះគាត់មានការអន់ចិត្តជាមួយអ្នកនៅទីនោះ ហើយណាមួយគាត់គ្មានកូនតូច ទើបអង្គការបញ្ជូនទៅភូមិអន្លង់មាស។ នៅអន្លង់មាស ប្ដីអាន កាន់រទេះគោមួយដើម្បីដឹកកណ្ដាប់ រហូតដល់របបខ្មែរក្រហមដួលរលំ។

នៅខែមករា ឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ គ្រួសាររបស់អាន បានជិះរទេះមករស់នៅផ្ទះឪពុក ព្រោះផ្ទះរបស់គាត់ធ្លាប់រស់នៅកាលពីជំនាន់មុន ត្រូវភ្លើងឆេះអស់។ នៅពេលរកកន្លែងសម្រាកត្រឹមត្រូវរួច អាន ចាប់ផ្ដើមត្បាញសារ៉ុង យកទៅលក់នៅផ្សារសំរោងយ៉ោង។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស អាន មានជំងឺស្ពឹកជើង, លើសសម្ពាធឈាម និងផ្ដាសាយបន្តិចបន្តួចតាមពេលវេលា។ អាន យល់ថាជំងឺរបស់គាត់កើតឡើងដោយសាររបបខ្មែរក្រហម និងអាយុរបស់គាត់កាន់តែច្រើន។

សម្ភាសដោយ៖ កែប ម៉ៃ សុជាតា ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin