ម៉ម ហួ៖ ត្រូវបង្ខំឲ្យធ្វើការងារ និងហូបមិនគ្រប់គ្រាន់

 

ម៉ម ហួ អាយុ៥៣ឆ្នាំ រស់នៅក្នុងភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ក្នុងរបបខ្មែរក្រហម ហួ គឺជា “ប្រជាជនចាស់” នៅក្នុងភូមិខ្វាវ ប៉ុន្តែគាត់ត្រូវបង្ខំឱ្យធ្វើការងារហួសកម្លាំង និងរស់ក្នុងភាពភ័យខ្លាចជាប្រចាំ។ ហួ គឺជាក្មេងម្នាក់ ដែលត្រូវបានអង្គការប្រើឱ្យធ្វើការងារដូចជាកាប់ដើមទន្ទ្រានខែត្រ និងដើររើសគួរស្រូវដាក់កន្តាំង រួចយកទៅចាក់ក្នុងលានដើម្បីជាន់ ឬបែនយកគ្រាប់ស្រូវ។ ការរស់នៅរបស់ហួ ពិតជាលំបាកខ្លាំងណាស់ ប្រសិនបើថ្ងៃណាដែលគាត់កាប់ឈើ ឬរើសស្រូវមិនបានគ្រប់ចំនួនទេ អង្គការនឹងដាក់ទណ្ឌកម្មបង្អត់អាហារ។

នៅថ្ងៃមួយ ដោយសារតែភាពអត់ឃ្លានខ្លាំងពេក ហួ បានទៅលួចបាយក្ដាំងក្នុងរោងបាយ រួចយកទៅពួនហូបក្បែរបង្គន់ជិតនោះ ប៉ុន្តែដោយសារតែអង្គការបានឃើញ ទើបដេញវាយគាត់។ ហួ បានឲ្យដឹងថា បង្គន់ដែលគាត់ទៅលាក់ខ្លួននោះ គឺជាកន្លែងសម្រាប់តែកម្មាភិបាលខ្មែរក្រហមប៉ុណ្ណោះ សម្រាប់ប្រជាជនធម្មតាមិនត្រូវបានអនុញ្ញាតឱ្យចូលឡើយ។

ក្រោយមក អង្គការបានផ្លាស់ប្តូរ ហួ ឱ្យទៅនៅក្នុងក្រុមឃ្វាលគោរួមរបស់សហករណ៍។ ភារកិច្ចថ្មីនេះក៏មិនងាយស្រួលប៉ុន្មានទេ ប្រសិនបើគោហូបមិនឆ្អែត ឬបាត់គោតែមួយក្បាល ហួ នឹងត្រូវប្រធានកងពិន័យបង្អត់បាយ ឬវាយធ្វើបាបខ្លាំងៗ។ មួយវិញទៀត ប្រសិនបើ ហួ ធ្វើដំណើរទៅហូបបាយរួមក្នុងរោងបាយមិនទាន់ម៉ោងកំណត់ គឺត្រូវដាច់ពោះអត់អាហារពេញមួយថ្ងៃ។

ទោះបីជាយ៉ាងណា ពេលយប់ឡើង ហួ ត្រូវបានអនុញ្ញាតឱ្យទៅសម្រាកជាមួយឪពុកម្ដាយ។ ឪពុករបស់ហួ មានភារកិច្ចឡើងត្នោត និងធ្វើស្ករ ចំណែកម្ដាយដេរស្លឹក និងធ្វើកន្ទេលស្លឹកត្នោត។ នៅពេលគេងជួបជុំគ្នា គ្រួសាររបស់ហួ មិនហ៊ាននិយាយ ឬពិភាក្សាគ្នាពីការសម្ងាត់អ្វីឡើយ ព្រោះមានកងឈ្លប តែងតែមកលួចស្ដាប់ការណ៍នៅក្រោមផ្ទះជាញឹកញាប់។

នៅយប់មួយ ដោយសារតែឃ្លានខ្លាំងពេក ម្ដាយរបស់ហួ បានលួចរកស្រូវ និងអាហារយកមកផ្ទះ ដើម្បីចម្អិនឲ្យកូនហូបបន្ថែម ព្រោះឃើញកូននៅតូចៗឃ្លានខ្លាំងពេក។ នៅពេលបន្ទាប់ ឪពុករបស់ហួ បានលួចដកដំឡូងដែលដាំក្នុងផ្ទះរបស់ខ្លួនយកមកហូប ហើយអង្គការចាប់បាន។ ហេតុការណ៍ក្នុងពេលនោះ មិនបានធ្វើឲ្យឪពុករបស់ហួ បាត់បង់ជីវិតនោះទេ ព្រោះកងឈ្លបដែលចាប់បាន គឺជាមនុស្សល្អ ដូច្នេះគាត់បានណែនាំឪពុករបស់ហួ កុំឲ្យធ្វើបែបនេះបន្តទៀត។  ផ្ទុយទៅវិញ បងប្អូនរបស់ហួ ដែលជា “ប្រជាជន ១៧ មេសា” ត្រូវបានអង្គការបញ្ឆោតថាឲ្យទៅដាំដូង ប៉ុន្តែការពិតគឺយកទៅសម្លាប់នៅវត្តថ្មីទាំងអស់។

ចុងឆ្នាំ១៩៧៨ ខណៈពេលដែល ហួ កំពុងដើររកត្រីជាមួយឪពុក គាត់បានឃើញកម្មាភិបាលខ្មែរក្រហមឈ្មោះ ប៉ោល ចាប់មនុស្សញាត់ចូលក្នុងរណ្ដៅដែលទើបជីកថ្មីៗ រួចយកថ្មធំៗសង្កត់ពីលើឱ្យស្លាប់យ៉ាងអាណោចអាធ័ម។ បន្ទាប់ពីឃើញទិដ្ឋភាពដ៏រន្ធត់នោះភ្លាម ហួ និងឪពុក បានប្រឹងរត់ចេញទាំងភ័យតក់ស្លុត ព្រោះខ្លាចអង្គការឃើញនឹងត្រូវសម្លាប់បំបិទមាត់។

៣ខែក្រោយមក របបខ្មែរក្រហមបានដួលរលំ។ ហួ បានបន្តរស់នៅ និងរកស៊ីជាមួយឪពុកម្ដាយក្នុងភូមិខ្វាវ។ ទោះបីជាសង្គ្រាមបានបញ្ចប់ ប៉ុន្តែក្នុងចិត្តហួ នៅតែមានការឈឺចាប់ និងមិនពេញចិត្តចំពោះការកាត់ទោសមេដឹកនាំខ្មែរក្រហមឡើយ ព្រោះគាត់យល់ថាវាមិនទាន់សមស្របទៅនឹងជីវិតសាច់ញាតិរបស់គាត់ជាច្រើននាក់ដែលត្រូវបានអង្គការសម្លាប់។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស ហួ មានជំងឺប្រចាំកាយជាច្រើនដូចជា សម្ពាធឈាមខ្ពស់, របូតឆ្អឹងស្មា និងធ្លាប់វះកាត់សាច់ដុសក្នុងបំពង់ក ដែលសុទ្ធសឹងជាផលវិបាកដែលនៅសេសសល់ពីការរស់នៅក្នុងរបបខ្មែរក្រហម និងការធ្វើការលើសកម្លាំងនាពេលកន្លងមក។

សម្ភាសដោយ៖ ខុំ ស្រីនោរ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin