សាន វណ្ណណេន៖ ជីករណ្តៅសម្រាប់ដាំឈូក

(ព្រៃវែង)៖ សាន វណ្ណណេន ភេទស្រី មានអាយុ ៦៥ឆ្នាំ រស់នៅភូមិត្រាល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ វណ្ណណេន មានឪពុកឈ្មោះ នៅ សាន, ម្ដាយឈ្មោះ ប៊ុន អ៊ុន និងមានប្អូនពីរនាក់ឈ្មោះ ពី និងគីន។
នៅទសវត្សរ៍ឆ្នាំ១៩៦០ វណ្ណណេន បានរស់នៅភូមិចុងព្រៃ ឃុំព្រៃស្រឡិត ដោយប្រកបរបរធ្វើស្រែចម្ការ និងដេរស្លឹកត្នោត។ នៅឆ្នាំ១៩៦៧ វណ្ណណេន បានចូលរៀន និងនៅឆ្នាំ១៩៧០ វណ្ណណេន បានឈប់រៀនត្រឹមថ្នាក់ទី១០ ដោយសារមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ។
នៅឆ្នាំ១៩៧១ វណ្ណណេន បានឃើញកងទ័ពខ្មែរក្រហមចូលមកគ្រប់គ្រងនៅក្នុងភូមិ និងចាត់តាំងឲ្យគាត់ទៅធ្វើស្រែនៅភូមិស្នាយពល ឃុំរកា។ ក្រោយមកដោយសារគ្រាប់ផ្លោងបាញ់ចេញពីខាងឃុំវិហារសួគ៌ធ្លាក់ចំមុខផ្ទះដែលគាត់រស់នៅ ខ្មែរក្រហមបានជម្លៀស វណ្ណណេន ទៅរស់នៅភូមិស្វាយព្រហូត ឃុំព្រៃស្រឡិត។ នៅឆ្នាំ១៩៧៤ ខ្មែរក្រហមបានចាត់តាំងឲ្យ វណ្ណណេន ដឹកនាំក្រុមនារីធ្វើស្រែចម្ការ ដែលកាលនោះគាត់មានអាយុ១៨ឆ្នាំ។
នៅខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចទូទាំងប្រទេស ខ្មែរក្រហមបានចាត់ទុក វណ្ណណេន ជាប្រជាជនមូលដ្ឋាន។ នៅចន្លោះឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៧ ខ្មែរក្រហមបានផ្សឹកព្រះសង្ឃ និងវាយកម្ទេចវត្តអារាមនៅភូមិខ្សុំខាងត្បូង។ វណ្ណណេន និយាយថា ថ្មទាំងនោះត្រូវបានខ្មែរក្រហមយកមកក្រាលធ្វើផ្លូវ។
នៅឆ្នាំ១៩៧៧ ខ្មែរក្រហមបានបញ្ឈប់ វណ្ណណេន ពីតួនាទីប្រធានក្រុម ដោយសារខ្មែរក្រហមដឹងថាគាត់មានសាច់ញាតិជាប្រជាជនថ្មី ដែលជាវណ្ណៈនាយទុន។ វណ្ណណេន ត្រូវបានខ្មែរក្រហមបញ្ជូនទៅធ្វើការក្នុងកងចល័ត ដោយត្រូវដកស្ទូង ច្រូតស្រូវ និងជាន់រហាត់ទឹកនៅភូមិស្រែប្រាំរយ និងភូមិខ្សុំខាងជើង។ វណ្ណណេន ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់ ហើយមានតែថ្នាំរាងដូចអាចម៍ទន្សាយដែលផ្សំពីគ្រាប់ស្លែងសម្រាប់ព្យាបាលប៉ុណ្ណោះ។
នៅចុងឆ្នាំ១៩៧៨ វណ្ណណេន បានទៅដកសំណាបនៅភូមិខ្សុំខាងជើង និងធំក្លិនស្អុយពីចម្ងាយ។ វណ្ណណេន និយាយថា នៅចម្ងាយប្រហែលពីរគីឡូម៉ែត្រគឺមានរណ្តៅទំហំ៥០ម៉ែត្របួនជ្រុង ដែលគេប្រាប់គាត់ថាជីកសម្រាប់ដាំឈូក។ ក្រោយមកទើប វណ្ណណេន ដឹងថារណ្តៅនោះដែលគាត់ជិះកង់កាត់ពីមុនមកបានក្លាយជារណ្តៅសាកសពរបស់ប្រជាជនថ្មីនៅស្រុកពារាំង។ វណ្ណណេន មានការភ័យខ្លាចជាខ្លាំង ដោយដឹងថាប្រជាជនត្រូវបានខ្មែរក្រហមចាប់ចង និងដឹករទេះទាំងថ្ងៃយកទៅវាយសម្លាប់នឹងត្បូងចប ឬធាងត្នោតនៅរណ្តៅនោះ នៅវត្តក្រាំង និងនៅមន្ទីរពេទ្យតំបន់ ស្ថិតនៅភូមិព្រែកថ្មី ឃុំកំពង់ពពិល។ តាំងពីពេលនោះមក នៅពេលយប់ វណ្ណណេន មិនហ៊ាននិយាយស្តីអ្វីទាំងអស់ ដោយសារខ្លាចឈ្លបចោទគាត់ថាជាខ្មាំង ហើយយកគាត់ទៅសម្លាប់។
នៅរបបខ្មែរក្រហម វណ្ណណេន បានបាត់បង់ឪពុកមាពីរនាក់ ឈ្មោះ សាន សំអឹម និងសាន សំអុន ដែលជាប្រជាជនថ្មី។ ចំណែកប្អូនរបស់វណ្ណណេន ឈ្មោះ ពី ត្រូវបានខ្មែរក្រហមបង្ខំឲ្យរៀបការក្នុងពេលតែមួយ ជាមួយនិងប្តីប្រពន្ធមួយរយគូផ្សេងទៀត។ នៅឆ្នាំ១៩៧៩ ក្រោយពីរបបខ្មែរក្រហមដួលរលំ វណ្ណណេន បានត្រឡប់មកភូមិកំណើត និងប្រកបរបរធ្វើស្រែចម្ការ។ វណ្ណណេន នៅចងចាំមិនភ្លេច និងមានការឈឺចាប់ដោយសារខ្មែរក្រហមសម្លាប់ និងធ្វើបាបជនជាតិខ្មែរគ្នាឯង៕
សម្ភាសដោយ សាន សេងហាក់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២ ខែមករា ឆ្នាំ២០២៦

