ពក ជា៖ អត់ឃ្លានខ្លាំងពេកទើបសុំអង្គការចូលក្នុងក្រុមកងចល័ត

ពក ជា ឬស្វាយ សំលន់ មានអាយុ៥៦ឆ្នាំ រស់នៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ជា មានឪពុកឈ្មោះ ស្វាយ សន​ ហៅពក ហើយម្ដាយឈ្មោះ ភេន ម៉ាន់ និងមានបងប្អូន៦នាក់ ក្នុងនោះមានស្រី៣នាក់។ កាលពីក្មេង ជា រស់នៅជាមួយជីដូន ព្រោះម្ដាយរបស់គាត់រៀបចំធ្វើផ្ទះ។ បន្ទាប់មក ដោយសារតែមានសង្គ្រាម ការផ្លោងគ្រាប់បែក និងការទម្លាក់គ្រាប់បែកពីលើយន្តហោះ បានធ្វើឲ្យផ្ទះរបស់ជីដូន និងផ្ទះរបស់គាត់ ត្រូវភ្លើងឆេះអស់ ហើយទ្រព្យសម្បត្តិផ្សេងៗទៀតត្រូវបានបំផ្លាញ់។

បន្ទាប់ពីឆេះផ្ទះអស់ ជា បានទៅរស់នៅជាមួយជីដូន នៅទីក្រុងភ្នំពេញ និងបានចូលរៀនថ្នាក់ទី១២ នៅសាលាបឹងកេងកង។ ជា បានចូលរៀនក្នុងសាលាមួយរយៈពេលខ្លីប៉ុណ្ណោះ ព្រោះគាត់ត្រូវផ្លាសទៅរស់នៅជាមួយឪពុក ដែលធ្វើទាហាន នៅពោធិ៍ចិតតុង  ហើយក្រោយមកបន្តទៅរស់នៅកំពង់សោម(ខេត្តព្រះសីហនុ)។  ពេលរស់នៅជាមួយគ្រួសារ ជា មិនបានរៀនសូត្របន្តទៀតទេ ព្រោះគាត់ត្រូវមើលថែប្អូនតូចៗនៅផ្ទះ ហើយម្ដាយឪពុកចេញទៅធ្វើការងារ។

នៅខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីយោធាខ្មែរក្រហមទទួលបានជ័យជម្នះ អង្គការបានជម្លៀសគ្រួសារជា ពីកំពង់សោម មកខេត្តតាកែវ។ នៅតាមផ្លូវធ្វើដំណើរ ឪពុករបស់ជា បានអូសរទេះមួយដែលដាក់សម្លៀកបំពាក់, អង្ករ និងសម្ភារប្រើប្រាស់មួយចំនួន ហើយម្ដាយគាត់ត្រូវរែកកូនម្ខាង និងរែកអង្ករ រួមជាមួយសម្ភារបន្តិចបន្តួចម្ខាងទៀត។ ចំពោះ ជា ត្រូវពរប្អូនម្នាក់ដើរមកជាមួយ។ នៅពេលធ្វើដំណើរតាមផ្លូវ ជា បានវង្វេងជាមួយឪពុកម្ដាយម្ដុំវាលរិញ ប៉ុន្តែសំណាងល្អបានជួបគ្នាវិញពេលធ្វើដំណើរមកខាងមុខ។ នៅពេលដែលបានជួបជុំគ្រួសារ ម្ដាយរបស់ជា សុខចិត្តបោះចោលអង្ករ និងសម្ភារចេញ រួចយកកូនមករែកទាំងពីរ ដើម្បីជួយឲ្យ ជា ដើរបានលឿនជាងមុន និងមិនបែកគ្នាម្ដងទៀត។

បន្ទាប់មក នៅពេលដែលគ្រួសារជា ធ្វើដំណើរទៅដល់ស្រុកគីរីវង់ អង្គការបានបង្ខំឲ្យ ជា ផ្លាស់ទៅរស់នៅ និងធ្វើការងារក្នុងកងកុមារ។ នៅទីនោះ ជា ធ្វើការងាររែកដី, កាប់ដីដំបូក និងរើសអាចម៍គោដាក់ក្នុងស្រែឬក្នុងរណ្ដៅ តាមការចាត់តាំងរបស់អង្គការ។ ជាធម្មតា ក្មេងៗនៅក្នុងកងកុមារ មិនត្រូវបានអនុញ្ញាតឲ្យមកលេងឪពុកម្ដាយនោះទេ ប៉ុន្តែជារៀងរាល់ខែ នៅថ្ងៃទី១០ និងថ្ងៃទី២០ អង្គការបានរៀបចំការប្រជុំរួមគ្នានៅក្នុងសហករណ៍ ហើយក្មេងៗបានមកជួបម្ដាយឪពុកនៅទីនោះ។ នៅថ្ងៃមួយ ជា បានលួចនាំប្អូន២នាក់ត្រលប់មកផ្ទះ ដើម្បីបានជួបម្ដាយ។ ពេលធ្វើដំណើរតាមផ្លូវ ប្រធានកងរបស់គាត់បានមកតាមពីក្រោយ ប៉ុន្តែមិនបានជួបបងប្អូនរបស់ជានោះទេ ព្រោះគាត់បាននាំប្អូនទៅលាក់ខ្លួនក្នុងស្រែ ដែលមានស្រូវខ្ពស់ជិតទំ។ នៅពេលដែលឃើញដូច្នេះ ជា បាននាំប្អូនត្រលប់ទៅក្នុងកងកុមារវិញ និងចូលទៅសម្រាកជាមួយក្មេងដទៃទៀតធម្មតា។ ចំពោះប្រធានកងរបស់ជា មិនបានវាយធ្វើបាប ឬដាក់ពិន័យអ្វីទាំងអស់ ព្រោះគាត់មិនបានជួបបងប្អូនជានៅផ្ទះ។

នៅក្នុងកងកុមារ ជា ទទួលបានរបបអាហារតិចតួចបំផុតដែលធ្វើឱ្យរូបគាត់ និងប្អូនៗរស់នៅក្នុងភាពអត់ឃ្លាន ប៉ុន្តែសំណាងល្អបានម្ដាយរបស់គាត់តែងតែឆ្លៀតពេលទៅរកកង្កែបយកទៅអាំង និងយកមកឲ្យកូនជាបន្តបន្ទាប់។ ជា បានឲ្យដឹងថា នៅពេលដែលម្ដាយគាត់អាំងកង្កែបរួច មានអ្នកភូមិ លួចយកមាស, ក្រវិល ឬចិញ្ចៀន ទៅដូរយកកង្កែបអាំងពីម្ដាយគាត់ ប៉ុន្តែដោយសារការស្រឡាញ់ និងចង់ឲ្យកូនបានហូប ទើបម្ដាយរបស់គាត់បានបដិសេធសំណើរនេះ។ ជាអកុសល ថ្ងៃមួយមានអ្នកច្រណែនម្ដាយរបស់ជា បានទៅរាយការណ៍ប្រាប់អង្គការថា គ្រួសាររបស់គាត់ បានលួចអាំងមាន់ហូប ហើយអង្គការបានចាប់ឪពុករបស់គាត់ទៅសួរចម្លើយ និងវាយធ្វើបាបយ៉ាងព្រៃផ្សៃស្ទើរតែពេញមួយយប់ ទើបដោះលែងឱ្យត្រឡប់មកវិញ។

ក្រោយមក ដោយទ្រាំនឹងភាពអត់ឃ្លានមិនបាន ជា បានសម្រេចចិត្តស្ម័គ្រចិត្តសុំអង្គការចូលទៅក្នុងកងចល័តវិញ ព្រោះគាត់មើលឃើញថាការហូបចុកក្នុងកងចល័ត បានល្អប្រសើរជាងនៅក្នុងសហករណ៍។ នៅក្នុងកងចល័ត ជា បានចូលរួមធ្វើការងារជីកព្រែក, រែកលាមកដាក់ស្រែ, ជ្រលក់សំណាប, ស្ទូងស្រូវ និងជញ្ជូនកណ្ដាប់ជាមួយមនុស្សធំ ប៉ុន្តែគាត់ មិនបានធ្វើការងារធ្ងន់ៗនោះទេ ព្រោះអង្គការមើលឃើញថា ជា មានវ័យក្មេងជាងគេ ទើបចាត់តាំងឲ្យគាត់ធ្វើការងារស្រាលជាងអ្នកដទៃ។

បន្ទាប់មកទៀត អង្គការបានបញ្ជូនក្រុមកងចល័ត និងជា ឱ្យទៅធ្វើចម្ការដាំពោត និងដំឡូងតាមជួរភ្នំ។ នៅពេលធ្វើការងារ ជា បានដើរជាន់ចំ “ទឹកនោមពស់” ទើបបណ្ដាលឱ្យជើងរបស់គាត់ហើមរលួយ ហើយឈឺចាប់យ៉ាងខ្លាំងរហូតដើរមិនរួច និងត្រូវដេកសម្រាកនៅលើស្លឹកចេក។ នៅក្នុងកំឡុងពេលដ៏លំបាកនោះ ប្រធានកងរបស់ជា មិនបានបោះបង់ ឬយកជាទៅសម្លាប់នោះទេ ប៉ុន្តែគាត់ថែមទាំងជួយមើលថែទាំ លើកចេញយកទៅក្រៅបង់ជើង និងព្យាយាមរកថ្នាំមកព្យាបាលបន្ថែមទៀត។

នៅចុងឆ្នាំ១៩៧៨ អង្គការបានជម្លៀសក្រុមកងចល័តទាំងអស់ឲ្យទៅរស់នៅក្នុងវត្តកំពែងវិញ ព្រោះកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយសម្រុលចូលកាន់តែខ្លាំង។ នៅពេលធ្វើដំណើរត្រលប់មកវិញ ប្រធានកងរបស់ជា បានធ្វើរទេះរុញមួយ រួចអូសគាត់មកជួបជុំគ្រួសារនៅក្នុងវត្តកំពែងនេះ។ នៅពេលស្នាក់នៅជាមួយគ្រួសារ ជា បានដឹងថា ប្អូនប្រុសរបស់គាត់ បានស្លាប់ដោយសារកើតជំងឺកញ្ច្រិល។

នៅដើមខែមករា ឆ្នាំ១៩៧៩ នៅពេលដែលរបបខ្មែរក្រហមបានដួលរលំ គ្រួសាររបស់ជា បានធ្វើដំណើរមកស្រុកកំណើតវិញ។ នៅពេលធ្វើដំណើរ គ្រួសារជា មានតែឆ្នាំមួយប៉ុណ្ណោះសម្រាប់ចម្អិនអាហារហូបតាមផ្លូវ ប៉ុន្តែក្រោយមកគាត់ទទួលបានចានបីបន្ថែមទៀតនៅភូមិរូង។ បន្ទាប់មក នៅពេលគ្រួសារជាចូលទៅរស់នៅ ភូមិបចាម ជា ចាប់ផ្ដើមធ្វើនំលក់យកប្រាក់ ឬដូរយកអង្ករនៅផ្សារចំបក់, កន្លែងពាណិជ្ជកម្ម និងកន្លែងទាហាន ដើម្បីចិញ្ចឹមប្អូន។

នៅឆ្នាំ១៩៨២ ជា បានរៀបការជាមួយឈ្មោះ ម៉េត ប៉ោក និងមានកូន៥នាក់ ក្នុងនោះមានស្រីម្នាក់។ បើទោះបីជា របបខ្មែរក្រហមបានកន្លងផុតទៅជាច្រើនឆ្នាំក៏ដោយ ជា នៅតែចាំមិនភ្លេចពីភាពនឿយហត់, ហូបមិនឆ្អែត និងមិនបានជួបជុំបងប្អូននៅក្នុងសម័យខ្មែរក្រហម។ លើសពីនេះទៅទៀត ជា បានរៀបរាប់ប្រាប់ចៅ និងនាំចៅៗអាចសៀវភៅប្រវត្តិសាស្រ្ដ ឲ្យដឹងពីការឈឺចាប់, ទុក្ខលំបាក់ មនុស្សជំនាន់នោះ និងលើកទឹកចិត្តចៅឲ្យខិតខំរៀនសូត្រ ដើម្បីកុំឲ្យជួបអំពើឃោរឃៅទាំងនោះបន្តទៀត។

សម្ភាសន៍ដោយ៖ កែប ម៉ៃ សុជាតា ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin