ចិញ្ចៀនមួយវង់ ដូរមាន់មួយក្បាល

(ក្រចេះ)៖ អ៊ាន អេន អាយុ៧៧ឆ្នាំ មានទីកន្លែងកំណើតនៅឃុំកោះទ្រង់ ស្រុកក្រចេះ ខេត្តក្រចេះ បច្ចុប្បន្នរស់នៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ សព្វថ្ងៃ អេនឈឺចង្កេះ និងមានជំងឺក្រពះ-ពោះវៀន។
តាំងពីដើមមក គ្រួសាររបស់ អេន ប្រកបរបរកសិកម្ម និងចិញ្ចឹមសត្វមួយចំនួន។ នៅឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានទទួលជ័យជម្នះលើកងទ័ព លន់ នល់ និងគ្រប់គ្រងលើប្រទេសកម្ពុជាទាំងស្រុង។ នៅអំឡុងពេលនោះ មានប្រជាជន១៧មេសា ដែលត្រូវខ្មែរក្រហមជម្លៀសពីទីតាំងនានា បានទៅរស់នៅក្នុងភូមិគោលាប់។ នៅពេលរបបខ្មែរក្រហមកាន់អំណាចថ្មីៗ ស្ថានភាពនៅក្នុងភូមិ មិនទាន់មានការរឹតបន្តឹងខ្លាំងប៉ុន្មាននោះទេ។ ប្រជាជន១៧មេសា បានយកចិញ្ចៀនទៅដូរជាមួយនឹងសត្វមាន់ ដែលអេនចិញ្ចឹម។ ចិញ្ចៀនមួយវង់ ប្ដូរបានតែមាន់មួយក្បាលប៉ុណ្ណោះ។ ក្រោយមកមិនយូរប៉ុន្មាន ខ្មែរក្រហមចាប់ផ្ដើមប្រមូលយកទ្រព្យសម្បត្តិដែលប្រជាជនមាន ទៅដាក់ជាសមូហភាព។ ខ្មែរក្រហម បានប្រកាសគំរាមដល់ប្រជាជនណាដែលបានលាក់ទុកមាសប្រាក់ ថានឹងត្រូវចាប់យកទៅសម្លាប់ចោលទាំងគ្រួសារ។ អេន បានប្រាប់ថា គាត់បានប្រគល់ទ្រព្យសម្បត្តិដែលគាត់មានទាំងប៉ុន្មានទៅអង្គការទាំងអស់ ព្រោះខ្លាចអង្គការយកទៅសម្លាប់ចោល។
នៅក្នុងរបបខ្មែរក្រហម អេន មិនត្រូវបានជម្លៀសទៅតំបន់ផ្សេងឡើយ។ ខ្មែរក្រហមបានចាត់តាំងឱ្យ អេន ធ្វើការងារដូចជា ច្រូតស្រូវ, ជីកប្រឡាយ, លើកទំនប់ និងធ្វើជាអ្នកចម្រៀងនៅក្នុងកងសិល្បៈ។ ជារៀងរាល់ថ្ងៃ គាត់ត្រូវក្រោកតាំងពីព្រលឹម ដើម្បីចេញទៅធ្វើការនៅការដ្ឋាន។ គាត់ត្រូវធ្វើការងារចាប់ពី៨ម៉ោងឡើងទៅ ទាំងថ្ងៃ ទាំងយប់ និងគ្មានពេលសម្រាកបានគ្រប់គ្រាន់នោះទេ។
នៅក្នុងរបបខ្មែរក្រហម ប្រជាជនត្រូវទ្រាំរស់នៅជាមួយនឹងភាពអត់ឃ្លាន ព្រោះមិនមានអាហារហូបគ្រប់គ្រាន់ឡើយ។ ខ្មែរក្រហមឱ្យប្រជាជនហូបតែបបរជាមួយនឹងសម្លម្ជូរត្រកួន និងសម្លម្ជូរផ្លែចេក ក្រៅពីនោះគឺមានពោតកំបោរ។ អេន បានលើកឡើងថា ក្នុងរបបខ្មែរក្រហមគាត់មិនដែលបានហូបអាហារឆ្ងាញ់ៗនោះទេ, សម្លម្ជូរត្រកួន និងម្ជូរផ្លែចេកនោះទឹកសម្លឡើងខ្មៅ ហើយគ្មានរសជាតិអ្វីឡើយ។ នៅក្នុងរបបនោះ ប្រសិនជាចង់ស្វែងរកអាហារហូបបន្ថែម គឺត្រូវតែលាក់បាំងពីភ្នែករបស់អង្គការចៀសវាងពីការធ្វើទារុណកម្ម ឬសម្លាប់។ អេន បាននិយាយថា នៅពេលនោះសូម្បីតែពេលគាត់ហូបស្វាយខ្ចីជាមួយនឹងអំបិលម្ទេស ក៏ត្រូវអង្គការនាំខ្លួនគាត់យកទៅកសាងដែរ។
អេន បាននិយាយថា នៅក្នុងរបបខ្មែរក្រហមមានមនុស្សស្លាប់ជាច្រើននាក់ ដោយសារតែគ្មានថ្នាំសម្រាប់ព្យាបាលឱ្យត្រូវនឹងស្ថានភាពជំងឺ។ មានថ្ងៃមួយ អេន មានបញ្ហារាគរូស ហើយគាត់បានទៅយកថ្នាំនៅមន្ទីរពេទ្យ។ គាត់បានប្រទះឃើញមានអ្នកជំងឺ និងសាកសពជាច្រើននៅទីនោះ។ សាកសពនៅទីនោះ ខ្លះទើបតែស្លាប់ថ្មីៗ ហើយខ្លះទៀត ត្រូវគេរៀបចំយកទៅកប់ក្នុងរណ្ដៅ។
នៅក្នុងរបបខ្មែរក្រហម អេន ត្រូវរស់នៅបែកឆ្ងាយពីឪពុកម្ដាយ និងបងប្អូនរបស់គាត់ ព្រោះតែការងារ។ នៅពេលនោះ បងប្អូនជីដូនមួយរបស់គាត់ចំនួន៣នាក់ ត្រូវបានអង្គការចាប់យកទៅសម្លាប់នៅតំបន់អូរសំពោច ដោយត្រូវចោទប្រកាន់ថា ជាប់ខ្សែនឹងជនជាតិវៀតណាម។ ប្រជាជនជាច្រើន ត្រូវខ្មែរក្រហមយកទៅសម្លាប់នៅតំបន់អូរសំពោច ហើយការសម្លាប់មនុស្សនៅក្នុងរបបនោះ គឺគ្មានការវិនិច្ឆ័យលើទោសកំហុសឱ្យបានត្រឹមត្រូវនោះទេ គឺស្រេចតែការចោទប្រកាន់របស់អង្គការ។ អេន បានបន្ថែមថា ក្រៅពីមនុស្សធំ គាត់ក៏ធ្លាប់បានឃើញឈ្លប ចាប់កូនក្មេងបោកជាមួយនឹងគល់ដូងដែរ។
អ្វីដែល អេន ចងចាំមិនអាចភ្លេចបានពីរបបខ្មែរក្រហម គឺការទិតៀនពីសំណាក់ប្រជាជនដែលរស់នៅក្នុងភូមិជាមួយគ្នា។ នៅពេលនោះ គាត់ស្ទើរតែត្រូវខ្មែរក្រហមចាប់យកទៅសម្លាប់ ដោយសារតែការទិតៀនចោទប្រកាន់ថាគាត់ជាខ្សែ សេ.អ៊ី.អា.៕
សម្ភាសន៍ដោយ៖ ស៊ុន លីស៊ុង ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

