អង្គការចោទប្រកាន់ខ្ញុំថាច្រូតស្រូវមិនទាន់ទុំ

(ខេត្តស្វាយរៀង) ម៉ី សារឿន មានអាយុ ៦៥ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់មានឪពុកឈ្មោះ ម៉ី ឃឹម និងម្តាយឈ្មោះ ទេព ឆាយ។ សារឿន គឺជាកូនច្បងក្នុងចំណោមបងប្អូនចំនួន ៨នាក់ (ស្រី ៥នាក់ ក្នុងនោះ ២នាក់បានបាត់បង់ជីវិត)។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកស្ម័គ្រចិត្តកាលពីអំឡុងឆ្នាំ២០២៤ សារឿន បានរៀបរាប់ពីទុក្ខវេទនាដែលបានឆ្លងកាត់ក្នុងរបបខ្មែរក្រហមថា ជាដំបូងអង្គការបានចាត់តាំងឱ្យគាត់ធ្វើជាគ្រូបង្រៀនក្មេងៗនៅក្នុងភូមិទួលទ្រា ប្រមាណជា ១ឆ្នាំ។ ក្រោយមក ឈ្លបបានផ្លាស់ប្តូរការងារឱ្យគាត់ទៅធ្វើជាអ្នកដាំស្លនៅមន្ទីរពេទ្យ ដោយត្រូវទទួលខុសត្រូវរៀបចំអាហារពីរពេល (ថ្ងៃត្រង់ និងល្ងាច)។ បន្ទាប់ពីបំពេញការងារដាំស្លបានមួយរយៈពេលខ្លី អង្គការក៏បានបញ្ជូនគាត់ឱ្យទៅធ្វើជាសមាជិកកងចល័តវិញ។ ក្នុងកងចល័ត សារឿន ត្រូវទៅលើកភ្លឺស្រែ និងជីកប្រឡាយនៅភូមិស្វាយចេក ក្បែរទីរួមខេត្តស្វាយរៀង។ គាត់បានឱ្យដឹងថា ក្នុងកងចល័តមួយក្រុមមានសមាជិក ៥នាក់ ហើយក្រៅពីការងារជីកប្រឡាយ កងចល័តក៏ត្រូវធ្វើស្រែផងដែរ។

មានពេលមួយ សារឿន និងសមាជិកក្នុងក្រុម ត្រូវបានឈ្លបចោទប្រកាន់ថា «ច្រូតស្រូវមិនទាន់ទុំ»។ ឈ្លបបាននាំគាត់ និងសមាជិកកងចល័តទៅកសាងនៅភូមិធ្នង់ ប៉ុន្តែសំណាងល្អ សារឿន បានជួបលោកតាម្នាក់ឈ្មោះ ផុន ដែលបានជួយសុំការយោគយល់ និងសម្រាលទោសពីអង្គការ ទើបគាត់អាចរួចផុតពីសេចក្តីស្លាប់។ ក្រោយមក អង្គការបានផ្លាស់ប្តូរឱ្យគាត់ទៅធ្វើការងារកើបលាមកមនុស្ស និងថ្លឹងដើម្បីយកទៅលាយជាមួយអាចម៍គោក្របីធ្វើជាជីដាក់ស្រែ។ ដោយសារមិនអាចទ្រាំនឹងក្លិនស្អុយ និងឧស្សាហ៍ក្អួតចង្អោរ សារឿន បានប្រកែកមិនព្រមធ្វើការងារនេះ ដែលជាហេតុធ្វើឱ្យឈ្លបដាក់ទណ្ឌកម្មបង្អត់អាហារគាត់។

ក្រោយមកទៀត ដោយមានការអាណិតអាសូរពីប្រធានក្រុម គាត់ក៏ត្រូវបានផ្លាស់ប្តូរឱ្យមកស្ទូងស្រូវនៅភូមិព្រៃតានន់ និងភូមិទួលទ្រាវិញ។ សារឿន ធ្លាប់ឆ្លងកាត់ការងារស្ទូងស្រូវទាំងមេឃកំពុងភ្លៀងធ្លាក់ខ្លាំងរហូតដល់ពាក់កណ្តាលអធ្រាត្រ ហើយជារឿយៗត្រូវសម្រាកទាំងខោអាវនៅសើមជោក​។ ក្នុងរបបនោះ គាត់ទទួលបានរបបអាហារតិចតួចបំផុតត្រឹមតែ ២ពេលក្នុងមួយថ្ងៃ ប៉ុន្តែដោយក្តីអាណិតម្តាយដែលមានកូនខ្ចី និងប្អូនៗដែលនៅតូច សារឿន សុខចិត្តបង្អត់ខ្លួនឯង ដើម្បីរំលែកអាហារទាំងនោះឱ្យទៅគ្រួសារ។ នៅក្នុងរបបខ្មែរក្រហមដដែលនេះ សារឿន បានបាត់បង់ពូ ២នាក់ និងបងប្រុសម្នាក់ ដែលត្រូវបានឈ្លបនាំយកទៅសម្លាប់នៅក្បែរវត្តសួស ក្រោមការចោទប្រកាន់ថាជា «ខ្មាំង»។

គាត់បានខិតខំប្រឹងប្រែងធ្វើការងារទាំងបង្ខំ រហូតដល់របបខ្មែរក្រហមត្រូវបានផ្តួលរំលំដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ទើបគាត់មានឱកាសរស់រានមានជីវិត និងត្រឡប់មកកាន់ភូមិកំណើតវិញ។ នៅឆ្នាំ១៩៨១ សារឿន បានរៀបអាពាហ៍ពិពាហ៍ និងប្រកបរបរជាអ្នកនេសាទ (អូសអួន) និងធ្វើស្រែចម្ការ។ បច្ចុប្បន្ន សារឿន មានជំងឺប្រចាំកាយមួយចំនួនដូចជា លើសសម្ពាធឈាម លើសជាតិស្ករ និងធ្លាប់មានអាការសន្លប់ជាញឹកញាប់ផងដែរ៕

សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin