ស្ទើរតែស្លាប់ដោយសារការងារហួសកម្លាំង និងការហូបមិនគ្រប់គ្រាន់

ប៉ាត ប៊ុន អាយុ៦២ឆ្នាំ និងរស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងរបបខ្មែរក្រហម ប៊ុន មិនបានរស់នៅជួបជុំគ្រួសារឡើយ ព្រោះអង្គការបានចាត់តាំងគាត់ឲ្យទៅធ្វើការងារក្នុងកងចល័ត ក្នុងឃុំលំចប់។ នៅក្នុងក្រុមកងចល័ត យុវជនទាំងអស់ត្រូវស្នាក់មួយកន្លែងនៅកងវិន័យ ព្រមទាំងចេញទៅធ្វើការងារនៅសៃវៀន និងកន្លែងៗផ្សេងៗទៀតក្នុង ឃុំលំចង់។
ពេលធ្វើការនៅឃុំលំចង់ ប៊ុន បានដឹងពីសកម្មភាពរបស់អង្គការ ដែលចាប់មនុស្សយកទៅសម្លាប់នៅវត្តថ្មី។ នៅពេលដែលអង្គការចង់ចាប់នរណាម្នាក់យកទៅសម្លាប់ ក្រុមកងឈ្លបបានលើកហេតុផលថា បញ្ជូនឲ្យទៅរៀនសូត្រ ឬ ស្នើមនុស្សទៅដាំដូង ឬកាប់ឬស្សី។ ប៉ុន្តែនៅពេលដែលអ្នកទោសត្រូវបណ្ដើរចូលទៅដល់កន្លែងសម្លាប់ អង្គការបានបង្ខំឲ្យពួកគាត់កាប់រណ្ដៅដោយខ្លួនឯង រួចវាយចោលទម្លាក់ក្នុងរណ្ដៅនោះតែម្ដង។ ក្រៅពីការសម្លាប់មនុស្ស ប៊ុន បានឃើញអង្គការបង្ខំយុវជនប្រមាណ២០គូ ឲ្យមកសហករណ៍វិញ ដើម្បីរៀបការជាមួយគ្នា។ នៅពេលរៀបការ អង្គការបានឲ្យយុវជនឡើងប្ដេជ្ញាម្ដងម្នាក់រហូតដល់គ្រប់គ្នា ទើបបញ្ចប់កម្មវិធី។
បន្ទាប់មក ប៊ុន ត្រូវបានបញ្ជូនឲ្យទៅស្នាក់នៅ និងធ្វើការងារនៅ ពពេល ស្រុកត្រាំកក់។ នៅទីនោះ ប៊ុន ត្រូវធ្វើការងារធ្ងន់ៗរាល់ថ្ងៃ ដើម្បីឲ្យគ្រប់តាមចំនួនផែនការកំណត់ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានគឺបបររាវៗបីវែក ដែលមិនគ្រប់គ្រាន់នោះទេ។ ដោយសារតែភាពអត់ឃ្លានខ្លាំងពេក ប៊ុន ឆ្លៀតពេល រកអាហារ ឬលួចបូតស្រូវយកមកហូបបន្ថែម។ ប៊ុន រៀបរាប់ថា ការរស់នៅក្នុងសម័យនោះ គឺលំបាកណាស់។ រូបរាងកាយគាត់ស្គមស្គាំងខ្លាំងរហូតដល់ឃើញក្បាលជង្គង់ធំជាងក្បាល ហើយសក់ជ្រុះស្ទើរតែទាំងអស់។
បន្ទាប់ពីបញ្ចប់ការងារនៅពពេល ប៊ុន ត្រូវអង្គការបញ្ជូនទៅរស់នៅ និងធ្វើការងារ នៅកៀនស្វាយ ខេត្តកណ្ដាល។ នៅខេត្តកណ្ដាល ប៊ុន ត្រូវធ្វើការងារកាច់ពោត ដែលជាការងារស្រាលជាងមុន ហើយការហូបអាហារបានល្អប្រសើរជាងមុន ដែលជាហេតុធ្វើឲ្យគាត់មានកម្លាំងឡើងវិញ។ ជារៀងរាល់ថ្ងៃ អង្គការបានវាយជួង ហៅប្រជាជនឲ្យមកហូបអាហាររួមគ្នា នៅម៉ោងប្រមាណ១១ថ្ងៃត្រង់ និងពេលល្ងាច។ អាហារដែល ប៊ុន និងប្រជាជនទទួលបានភាគច្រើន គឺបាយលាយជាមួយគ្រាប់ពោត។
ប៊ុន ធ្វើការងារនៅស្រុកកៀនស្វាយបានមួយរយៈ ទើបរបបខ្មែរក្រហមបានដួលរលំ ហើយគាត់បានត្រលប់ទៅរស់នៅស្រុកកំណើតវិញ។ ប៉ុន្តែជាអកុសល ពេលទៅដល់ផ្ទះ ប៊ុន បានដឹងថា ឪពុក, បងម្នាក់ និងក្មួយម្នាក់របស់គាត់ បានបាត់បង់ជីវិតដោយសារជំងឺ និងគ្មានអាហារហូបគ្រប់គ្រាន់។
ក្រោយមក ប៊ុន បានរៀបការជាមួយនារីម្នាក់នៅក្នុងភូមិខ្វាវ និងមានកូនចំនួន៨នាក់។ បន្ទាប់ពីរៀបការរួច ប៊ុន ចាប់ផ្ដើមធ្វើស្រែ ដាំដំណាំ ចិញ្ចឹមសត្វ បន្តិចបន្តួចនៅផ្ទះ និងធ្វើចង្អេរលក់។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស ប៊ុន មិនអាចធ្វើស្រែ និងធ្វើការងារធ្ងន់ៗដូចកាលពីមុនបានទេ ព្រោះគាត់មានជំងឺ លើសសម្ពាធឈាម និងឈឺក្បាលជង្គង់។ ប៊ុន គិតថា ជំងឺរបស់គាត់កើតឡើងដោយសារតែការធ្វើការងារធ្ងន់ៗក្នុងសម័យខ្មែរក្រហម ទើបធ្វើឲ្យគាត់ឈឺសរសៃត្រង់ជង្គង់ នៅពេលដែលមានអាយុច្រើន។ ដើម្បីព្យាបាលជំងឺខាងលើនេះ ក្នុងរយៈពេល១ ទៅ២ខែម្តង ប៊ុន បានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យឃុំ និងបានទៅទិញថ្នាំពីពេទ្យនៅតាកែវ យកមកលេបបន្ថែម។
សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

