ស៊ូ ស៊ុនណារី៖ គុំកួន

ស៊ូ ស៊ុនណារី រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ ស៊ូ ស៊ុនណារី ភេទស្រី មានអាយុ ៥៥ឆ្នាំ។ ស៊ុនណារី រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ស៊ុនណារី មានភូមិកំណើតនៅភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ ស៊ុនណារី មានឪពុកឈ្មោះ ស៊ូ វន និងម្ដាយឈ្មោះ ផេង សុខ។

ស៊ុនណារី ចងចាំមិនភ្លេចអំពីការរស់នៅក្នុងរបបខ្មែរក្រហម គឺទី១) ការហូបចុកមិនគ្រប់គ្រាន់, ទី២) បន្ទាប់ពីធ្វើពលកម្មទាំងថ្ងៃទាំងយប់ គាត់ត្រូវសម្រាកតាមវាលស្រែទាំងរងា, ទី៣) គាត់ត្រូវព្រាត់ប្រាសពីឪពុកម្ដាយ និងបងប្អូនបង្កើតរបស់គាត់, ទី៤) ខ្មែរក្រហមមិនអនុញ្ញាតឲ្យគាត់ហូបដំណាំដែលដាំបាននៅជុំវិញផ្ទះ និងទី៥) ខ្មែរក្រហមវាយសម្លាប់ប្រជាជន រួមទាំងឪពុករបស់គាត់។ ស៊ុនណារី និយាយថា ឪពុករបស់គាត់ត្រូវខ្មែរក្រហមសម្លាប់។

នៅសម័យ លន់ នល់ បន្ទាប់ពីរៀនអស់រយៈពេលពីរឆ្នាំ ស៊ុនណារី ឈប់រៀនត្រឹមថ្នាក់ទី១១។ គ្រួសាររបស់ស៊ុនណារី បានទៅរស់នៅទីក្រុងបាត់ដំបង ដោយសារនៅក្នុងភូមិរបស់គាត់មានការប្រយុទ្ធរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម។

នៅខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមដែលចូលកាន់កាប់ទីក្រុងបាត់ដំបង បានប្រកាសឲ្យប្រជាជនត្រលប់ទៅរស់នៅភូមិកំណើតរបស់ខ្លួនវិញ។ ស៊ុនណារី បានត្រលប់ទៅរស់នៅភូមិស្វាយស។ ជារៀងរាល់ថ្ងៃ ស៊ុនណារី ត្រូវដាំអំពៅ និងដាំចេកនៅចម្ការ ដែលមានចម្ងាយប្រហែល១០គីឡូម៉ែត្រពីផ្ទះរបស់គាត់ ទើបខ្មែរក្រហមចែកអង្ករឲ្យគាត់។ ស៊ុនណារី និយាយថា ក្នុងមួយថ្ងៃគាត់ទទួលបានអង្ករមួយកំប៉ុង។​ ដោយឡែកដំណាំដែលដាំបានជុំវិញផ្ទះ ខ្មែរក្រហមមិនអនុញ្ញាតឲ្យគាត់បេះហូបនោះទេ។

ស៊ុនណារី ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើការក្នុងកងពិសេស ឬហៅថាកងខោខ្លីនៅភូមិស្វាយស ហើយគាត់ត្រូវធ្វើការទាំងថ្ងៃទាំងយប់។ នៅក្នុងកងនេះ មានសមាជិករហូតទៅដល់២០០នាក់ ហើយមានប្រធានកងឈ្មោះ ធឿន។ ស៊ុនណារី ត្រូវលើកទំនប់, លើកភ្លឺស្រែ និងជីកប្រឡាយ។ នៅពេលព្រឹក ស៊ុនណារី ត្រូវលើកភ្លឺស្រែឲ្យបានបណ្ដោយពីរម៉ែត្រ, ទទឹងកន្លះម៉ែត្រ និងកម្ពស់កន្លះម៉ែត្រ ទើបគាត់ទទួលបានអាហារ។ ក្នុងមួយថ្ងៃ គាត់ទទួលបានតែអាហារពីរពេលប៉ុណ្ណោះ គឺនៅពេលថ្ងៃ និងពេលល្ងាច។ ក្នុងមួយពេល ស៊ុនណារី ទទួលបានតែបាយវេចស្លឹកចេកមួយកញ្ចប់ ឬបបររាវមួយវែកលាយជាមួយត្រាវព្រៃ និងកំពឹសតូចៗប៉ុណ្ណោះ។

នៅពេលល្ងាច ស៊ុនណារី ត្រូវជីកប្រឡាយឲ្យបានពីរម៉ែត្របន្ថែមទៀត។ ជួនកាល ស៊ុនណារី ត្រូវបន្តជីកប្រឡាយរហូតដល់ម៉ោង១០យប់ ទើបគាត់សម្រាន្ត។ ស៊ុនណារី និយាយថា គាត់ត្រូវសម្រាន្តនៅក្រោមខ្ទមឈើតូចមួយ ដែលអាចសម្រាន្តបានគ្នាតែពីរទៅបីនាក់ប៉ុណ្ណោះ។ ស៊ុនណារី បន្តថានៅពេលភ្លៀងធ្លាក់ គាត់រងាខ្លាំងណាស់។ ជួនកាល បន្ទាប់ពីធ្វើការងាររួច ប្រធានកងអនុញ្ញាតឲ្យគាត់ចាប់កណ្តុរ ឬជីកមើមខ្លុងយកមកចម្អិនហូប។

នៅរបបខ្មែរក្រហម ឪពុករបស់ស៊ុនណារី ធ្វើអង្គប់កណ្ដុរ។ ចំណែកម្ដាយរបស់ស៊ុនណារី ធ្វើការនៅរោងកុមារ។ នៅឆ្នាំ១៩៧៨ ជីដូនមួយរបស់ស៊ុនណារីម្នាក់ បានប្រាប់ម្ដាយរបស់គាត់ថា ឪពុករបស់គាត់ត្រូវបានខ្មែរក្រហមឃុំខ្លួនភូមិកាច់រទេះ។ អស់រយៈពេលបីខែក្រោយមកនៅខែកញ្ញា ឆ្នាំ១៩៧៨ ឪពុករបស់ស៊ុនណារី ត្រូវបានខ្មែរក្រហមសម្លាប់នៅវត្តសម្តេច។ ស៊ុនណារី និយាយថា វត្តសម្តេចត្រូវបានខ្មែរក្រហមវាយកម្ទេច ហើយធ្វើជាមន្ទីរពេទ្យ។ ស៊ុនណារី បន្តថា នៅទីនោះមានសមាជិកកងនារីមួយចំនួន ត្រូវបានខ្មែរក្រហមរំលោភបំពាន។

ស៊ុនណារី ចងចាំថា នៅមុនរបបខ្មែរក្រហម ឪពុករបស់គាត់ធ្វើជាប្រធានឃុំ និងតែងតែឲ្យប្រាក់អ្នកដទៃខ្ចី។ ក្រោយមក អ្នកដែលខ្ចីប្រាក់ឪពុករបស់គាត់ បានរត់ចូលព្រៃ។ នៅរបបខ្មែរក្រហម អ្នកដែលខ្ចីប្រាក់នោះ បានក្លាយជាខ្មែរក្រហម។ ខ្មែរក្រហមរូបនេះ មិនបានសង់ប្រាក់ឪពុករបស់គាត់ទេ ហើយថែមទាំងគុំកួននឹងឪពុករបស់គាត់ទៀត។ ស៊ុនណារី និយាយថា គ្រួសាររបស់គាត់ ត្រូវបានខ្មែរក្រហមរូបនេះតាមដាន និងធ្វើបាបជាងគ្រួសារដទៃ។

ប្អូនប្រុសម្នាក់របស់ស៊ុនណារី ឈ្មោះ សុខជា បានស្លាប់ដោយសារជំងឺរាកមួល។ ស៊ុនណារី និយាយថា គាត់ក៏ធ្លាប់មានជំងឺរាកមួល និងជំងឺហើមដែរ ប៉ុន្តែគាត់បានជាសះស្បើយដោយផឹកថ្នាំដែលផ្សំពីសំបកឈើ និងមើមរំចង់។ ចំណែកថ្នាំរាងដូចអាចម៍ទន្សាយវិញ គឺគ្មានប្រសិទ្ធភាពឡើយ។ ក្រោយមកទៀត ម្ដាយមីងរបស់ស៊ុនណារី ត្រូវបានខ្មែរក្រហមបង្ខំឲ្យរៀបការក្នុងពេលតែមួយ ជាមួយប្តីប្រពន្ធចំនួន៣០គូផ្សេងទៀត។ ស៊ុនណារី និយាយថា គាត់ឃើញម្ដាយមីងរបស់គាត់រៀបការដោយផ្ទាល់ភ្នែក។ ក្រៅពីនេះ គ្រួសារដែលមានជាប់សែស្រឡាយចិន រស់នៅម្តុំគីឡូលេខ៦ បានបាត់បង់ជីវិត ដោយសារការហូបចុកមិនគ្រប់គ្រាន់។

នៅខែមករា ឆ្នាំ១៩៧៩ ស៊ុនណារី បានរត់ទៅភូមិតាគ្រាម និងបន្តដំណើររហូតដល់ភ្នំសំពៅ។ នៅពេលនោះ កងទ័ពវៀតណាមបានឲ្យក្មេងប្រុសម្នាក់មកហៅ ស៊ុនណារី និងប្រជាជនឯទៀតទៅរស់នៅក្រុងបាត់ដំបងវិញ។

នៅខែកញ្ញា ឆ្នាំ១៩៧៩ ស៊ុនណារី បានមករស់នៅភូមិប្រាំបីមុម ដែលជាភូមិកំណើតរបស់ជីតា។ នៅឆ្នាំ១៩៨៤ ស៊ុនណារី បានរៀបការ។ ក្រោយមក ស៊ុនណារី មានកូនចំនួន៥នាក់ ក្នុងនោះមានស្រី២នាក់។ គ្រួសាររបស់ស៊ុនណារី បានសម្រេចចិត្តចាកចេញពីភូមិស្វាយសរហូតមក ដោយសារសេចក្តីឈឺចាប់៕

សម្ភាសន៍ដោយ​ ថន ពុធដារ៉ូ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin