ហ៊ិន ហាន៖ នៅពេលឡើងដើមត្នោត

(កណ្ដាល)៖ ហ៊ិន ហាន ភេទប្រុស កើតនៅក្នុងឆ្នាំ១៩៥១ មានអាយុ ៦៩ឆ្នាំ។ ហាន រស់នៅភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ហាន មានភូមិកំណើតនៅភូមិអន្លង់ឫស្សី ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ហាន មានឪពុកឈ្មោះ ខឹម ហ៊ិន, ម្ដាយឈ្មោះ ផាន ស៊ីម និងមានបងប្អូនចំនួន៥នាក់ ក្នុងនោះមានស្រី២នាក់។ ហាន មានកូនចំនួន៥នាក់ ក្នុងនោះមានស្រី៣នាក់។
នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារ ហាន បានឈប់រៀនត្រឹមថា្នក់ទី១០។ ហាន និយាយថា នៅឆ្នាំ១៩៧១ កងទ័ពខ្មែរក្រហមបានចូលមកគ្រប់គ្រងនៅក្នុងភូមិរបស់គាត់។ ក្រោយមក ហាន បានរៀបការ និងប្រកបរបរធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧៣ ហាន និងប្រពន្ធរបស់គាត់បានរត់ទៅរស់នៅខេត្តបាត់ដំបង ដោយសារមានការប្រយុទ្ធរវាងកងទ័ពខ្មែរក្រហម និងទាហាន លន់ នល់ នៅវត្តអង្គ និងភូមិកំណើតរបស់គាត់។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមដែលឡើងកាន់អំណាច បានចាត់តាំងឲ្យ ហាន រួមទាំងសមាជិកក្រុមចំនួន៦នាក់ ឡើងត្នោត និងភ្ជួររាស់នៅភ្នំសំពៅ។ នៅទីនោះ ប្រជាជនទាំងអស់ត្រូវហូបរួម និងធ្វើការរួម។ ហាន ត្រូវក្រោកតាំងពីម៉ោង៣យប់ ចេញដំណើរទៅធើ្វស្រែ និងធ្វើការរហូតដល់ម៉ោង១១ព្រឹក ទើបគាត់សម្រាក និងហូបអាហារ។ ក្នុងមួយថ្ងៃ ហាន ទទួលបានរបបអាហារតែពីរពេលប៉ុណ្ណោះ។ ហាន និយាយថា បន្ទាប់ពីច្រូតកាត់រួច គាត់ទទួលបានបាយហូប តែក្រោយមកគាត់ទទួលបានតែបបររាវប៉ុណ្ណោះ។ ហាន ត្រូវបន្តធ្វើការរហូតដល់ម៉ោង៥ល្ងាច ទើបគាត់ត្រលប់មកផ្ទះជួបប្រពន្ធរបស់គាត់។ នៅរដូវប្រាំង ហាន ត្រូវទៅលើកទំនប់ និងជីកប្រឡាយ។
នៅពេល ហាន ទៅយាមចម្ការដំឡូង គាត់តែងតែលួចដំឡូង និងយកមកផ្ញើប្រពន្ធរបស់គាត់។ ហាន ចងចាំថា ប្រជាជនត្រូវរងទុក្ខវេទនាដោយសារការអត់ឃ្លាន និងការកាប់សម្លាប់ដោយខ្មែរក្រហម។ ប្រជាជនជាច្រើនបានធ្លាក់ខ្លួនឈឺ និងទទួលបានតែថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់ព្យាបាល។ ហាន ត្រូវទៅបើកថ្នាំពីមន្ទីរពេទ្យស្ថិតនៅជើងភ្នំសំពៅ។ ហាន និយាយថា គាត់បានឃើញសាកសពជាច្រើននៅទីនោះ។ នៅពេលកំពុងឡើងដើមត្នោត ហាន បានឃើញខ្មែរក្រហមដឹកមនុស្សយកទៅសម្លាប់ដោយផ្ទាល់ភ្នែក។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ហាន ធ្វើដំណើរតាមផ្លូវជាតិលេខ៥ និងចំណាយពេលអស់រយៈពេលជិតពីរសប្តាហ៍ ទើបគាត់មកដល់ភូមិកំណើតវិញ៕
សម្ភាសន៍ដោយ ថន ពុធដារ៉ូ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦

