ភួង អុល៖ ប្រជាជនក្នុងភូមិគិតថាខ្ញុំប្រហែលជាស្លាប់ដោយសារជំងឺហើម

ខ្ញុំមានជំងឺហើមដៃ, ជើង និងខ្លួន រហូតដល់ដើរមិនរួច នៅពេលដែលធ្វើការងារនៅតំបន់ភ្នំ។ ជំងឺហើមរបស់ខ្ញុំកើតឡើងដោយសារតែកង្វះអាហារ, ធ្វើការងារធ្ងន់ៗរាល់ថ្ងៃ និងសម្រាកមិនគ្រាប់គ្រាន់។ នៅពេលខ្ញុំត្រលប់មកផ្ទះវិញ សាច់ញាតិ និងប្រជាជនដទៃទៀត គិតថាខ្ញុំប្រហែលជាស្លាប់នៅពេលខាងមុខ ព្រោះជំងឺរបស់ខ្ញុំកាន់តែធ្ងន់ធ្ងរ និងមិនមានថ្នាំព្យាបាល។

ភួង អុល[1] ភេទប្រុស អាយុ៦៩ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។ បច្ចុប្បន្ន អុល រស់នៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់អុលឈ្មោះ ម៉ម ភួង ហើយម្ដាយឈ្មោះ ឆាយ ជួន និងមានបងប្អូន១០នាក់ ក្នុងនោះមានស្រី៤នាក់។ អុល មានប្រពន្ធឈ្មោះ មុំ ម៉េត និងមានកូន៤នាក់ ក្នុងនោះមានស្រី២នាក់។ កាលពីក្មេង អុល បានសិក្សាត្រឹមថ្នាក់ទី៨ចាស់ នៅសាលាឈូងលាប។ បន្ទាប់ពីឈប់រៀនឆ្នាំ១៩៦៧ អុល បានចេញទៅធ្វើចម្ការពោត និងសណ្ដែកនៅស្រុកទន្លេ។

នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅក្នុងភូមិឈូងលាប មានការទម្លាក់គ្រាប់បែកធុងសាំង និងធ្វើឲ្យឆេះផ្ទះប្រជាជន។ បន្ទាប់ពីឆេះផ្ទះអស់ គ្រួសារអុល បានភៀសខ្លួនទៅរស់នៅតាខ្មៅ អំឡុងឆ្នាំ១៩៧២។ នៅឆ្នាំ១៩៧៤ អុល បានរៀបការជាមួយឈ្មោះ មុំ ម៉េត។ បន្ទាប់ពីរៀបការរួច អុល បន្តមុខរបរពុះអុស ហើយប្រពន្ធធ្វើការកាត់សម្លៀកបំពាក់ រហូតដល់របបខ្មែរក្រហមទទួលបានជ័យជម្នះឆ្នាំ១៩៧៥។ អុល បានឲ្យដឹងថា នៅក្នុងរបប លន់ នល់ ខ្លួនបានបាត់បង់បងប្អូនម្នាក់ដែលចេញទៅធ្វើជាទាហាន។

នៅឆ្នាំ១៩៧៥ បន្ទាប់ពីយោធាខ្មែរក្រហមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ គ្រួសាររបស់អុល បានជម្លៀសចេញពីតាខ្មៅ ទៅតាមផ្លូវទន្លេ រហូតដល់ព្រែកស្ដី។ គ្រួសាររបស់អុល ស្នាក់នៅព្រែកស្ដី បានរយៈពេលប្រមាណជិត២ខែ ទើបអង្គការបានប្រកាសឲ្យប្រជាជនថ្មីជម្លៀសបន្តទៅស្រុកកំណើត។ នៅពេលដឹងសេចក្ដីប្រកាស អុល បានសម្រេចចិត្តធ្វើដំណើរទៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដែលជាស្រុកកំណើតរបស់ប្រពន្ធ។ នៅថ្ងៃចេញដំណើរគ្រួសាររបស់អុលបានជិះកាណូតធំមួយចេញពីព្រែកស្ដី រួចបន្តជិះឡានមកវត្តសេដ្ឋី។ នៅវត្តសេដ្ឋី គ្រួសាររបស់អុល បានសួរនាំប្រជាជន រកផ្លូវទៅព្រៃល្វា និងបន្តទៅបចាម ព្រោះប្រពន្ធរបស់គាត់មិនសូវស្គាល់ភូមិសាស្រ្ដដូចគ្នា។

នៅក្នុងភូមិបចាម អុល​ បានចូលរួមជាមួយក្រុមយុវជន ដើម្បីធ្វើការងារលើកភ្លឺស្រែ រួចបន្តទៅជីកព្រែក។ ការងារជីកព្រែករបស់អុល គឺផ្លាស់ប្ដូរពីកន្លែងមួយទៅកន្លែងមួយទៀត ចាប់ពីក្បែរសហករណ៍រហូតដល់អូកូនត្រុម ខេត្តកំពង់ស្ពឺ។ នៅអូកូនត្រំ អុល ធ្វើការងារកាន់តែធ្ងន់ៗ ហើយហូបអាហារមិនគ្រប់គ្រាន់ ព្រោះក្នុងមួយពេលគាត់ទទួលបានបាយប្រមាណ៤ស្លាបព្រា។ នៅពេលដែលហូបមិនឆ្អែត អុល និងយុវជនផ្សេងទៀតបានទៅបេះស្លឹកស្ដៅ យកមកហូបជាមួយអំបិលបន្តិចបន្តួច។ បន្ទាប់មកទៀត អុល បានធ្លាក់ខ្លួនឈឺហើមជើងខ្លាំង រហូតដល់ចេញទៅធ្វើការងារបុកដែកត្បែងមិនកើត ទើបអង្គការឲ្យគាត់សម្រាកកន្លះខែ។ ពេលសម្រាកនៅការដ្ឋាន ប្រធានកងចិត្តល្អបានផ្ដល់ទឹកបាយលាយជាមួយអង្ករឆៅមួយគ្រាប់ៗឲ្យគាត់ហូប រហូតដល់គណៈកងឃើញ និងយកទឹកបាយនោះទៅចាក់ចោល។ បន្ទាប់មក អង្គការបានចែកអង្ករមួយកំប៉ុង និងពងទាមួយគ្រាប់ឲ្យអុល និងអ្នកជំងឺដទៃទៀត រួចអនុញ្ញាឲ្យដើរត្រលប់មកផ្ទះមុន។ អុល និងមិត្តនៅក្នុងកងបានចំណាយពេលពេញមួយថ្ងៃពេញ ទើបដើរដល់វត្តកាយរោង ខាងលិចផ្លូវជាតិ រួចសម្រាកដាំបាយហូបពេលយប់។ នៅថ្ងៃស្អែកឡើងក្រុមរបស់អុល បានចំណាយពេលពីព្រឹករហូតដល់ថ្ងៃត្រង់ទើបមកដល់សហករណ៍វិញ។

ពេលមកដល់ផ្ទះ ជំងឺរបស់គាត់បានវិវត្តន៍ធ្ងន់ឡើងរហូតដល់សម្រាកនៅលើគ្រែ ហើយចាស់ៗនៅក្នុងភូមិបានយកអង្ករបន្តិចបន្តួចមកប្រជែឲ្យ អុល ដែលទើបតែមកពីតំបន់ភ្នំ។ មួយវិញទៀត ម្ដាយរបស់អុល បានលួចរកគ្រូទាយ រួចធ្វើវិធីសែនព្រេនបន្តិចបន្តួច ដើម្បីឲ្យជំងឺគាត់ឆាប់បានធូរស្រាល។ ក្រៅពីនេះ ឪពុកក្មេកអុល បានទៅសុំកន្ទក់អង្គការ យកមកលាយជាមួយទឹកត្នោតដែលគាត់ឡើង រួចយកឲ្យ អុល ហូបរហូតដល់ជើងរបស់គាត់ស្រកហើមបន្តិចម្ដង។ បន្ទាប់មកទៀត នៅពេលដែលជំងឺបានធូរស្បើយ អុល បានឆ្លៀតពេលដើររកស្លឹកផ្ទី យកមកស្ងោរដាក់អំបិលបន្តិចបន្តួចហូបនៅផ្ទះ ក្នុងពេលប្រជាជនចេញទៅធ្វើការងារអស់។ អុល បានបន្ថែមថា ប្រជាជននៅក្នុងភូមិគិតថាគាត់ប្រហែលជាត្រូវស្លាប់ហើយ ព្រោះខ្លួន, ពោះ និងជើងហើមយ៉ាងខ្លាំង ដែលមើលទៅមិនអាចជាពីជំងឺបាន ហើយអង្គការបានផ្ដល់តែថ្នាំរាងដូចអាចម៍ទន្សាយមកលេប។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួរលំ អុល បាននាំប្រពន្ធទៅរស់នៅភូមិព្រែកថី ព្រោះនៅខាងឃុំចំបក់ខ្វះខាតអាហារហូប។ ពេលទៅដល់ស្រុកកំណើត អុល បានទទួលដំណឹងពីបងថ្លៃជីដូនមួយថាបងប្អូនរបស់គាត់ពីរនាក់ស្លាប់នៅកោះគរ។ បើតាមការរៀបរាប់របស់បងថ្លៃជីដូន ដែលបានជាប់ឃុំឃាំងនៅកោះគរជាមួយបងប្អូនអុល បានឲ្យដឹងថា នៅកោះគរ គឺលំបាកខ្លាំងណាស់ ព្រោះអង្គការបានរៀបចំកូរកន្ទក់ពោត ឬអង្ករ ដែលមានអាចម៍ដង្កូវ ឲ្យអ្នកទោសហូប ហើយការធ្វើការងារធ្ងន់ៗ។ នៅពេលងូតទឹក ប្រសិនបើអ្នកទោសចុះក្នុងទន្លេមិនទាន់ គឺត្រូវខកខានងូតទឹកមួយថ្ងៃ ព្រោះប្រធានសន្តិសុខទុកពេលវេលាឲ្យចុះងូតទឹកតិចបំផុត។

ក្រោយមក អុល បានចូលធ្វើគណៈក្រុម ដឹកនាំប្រជាជនធ្វើស្រែ និងប្រមូលផល ក្នុងគណៈបក្សប្រជាជន រយៈពេលពីរឆ្នាំ ទើបគាត់សម្រេចចិត្តនាំប្រពន្ធ និងកូនម្នាក់ មករស់នៅភូមិបចាមវិញ។ អុល បានបន្តថា ខ្លួននៅតែគិត និងខឹងចំពោះរបបខ្មែរក្រហម។ នៅពេលដែលនឹកឃើញ អុល បានប្រាប់កូនចៅរបស់គាត់ពីការលំបាក និងការអត់ឃ្លានក្នុងសម័យនោះ ដើម្បីឲ្យកូនៗរបស់គាត់ចេះសន្សំសំចៃ និងកុំឲ្យអត់ឃ្លានបន្តទៀត។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស អុល មានជំងឺលើសសម្ពាធឈាម, ក្រពះពោះវៀន, បេះដូង និងពុកឆ្អឹង។ បើតាមការគិតរបស់អុល ជំងឺរបស់គាត់កើតឡើងដោយសារ របបខ្មែរក្រហម, កង្វះជីវជាតិ និងអាយុរបស់គាត់កាន់តែច្រើន។

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦

[1] ជួបជាមួយឈ្មោះ ភួង អុល នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ដោយកែប ម៉ៃ សុជាតា ក្នុងគម្រោងការលើកកម្ពស់សិទ្ធ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin