ជា ខ្នរ៖ មានដំបៅពេញខ្លួន និងស្បែកដណ្ដប់ឆ្អឹង

ជា ខ្នរ[1] អាយុ៥៥ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ គ្រួសាររបស់ខ្នរ រស់នៅទីក្រុងភ្នំពេញ ហើយឪពុករបស់គាត់គឺជាមេទាហានម្នាក់។ ថ្ងៃមួយ នៅពេលដែលមានការប្រយុទ្ធគ្នាខ្លាំងជិតចូលដល់ទីក្រុងភ្នំពេញ ម្ដាយរបស់ខ្នរ បាននាំកូនរត់កាត់គ្រាប់ឆ្លងទន្លេទៅតាមរកប្ដី។ ជាសំណាងល្អ ឪពុករបស់លោកបានលបលួចមកទទួលយកប្រពន្ធកូនទៅរស់នៅជាមួយគ្នាវិញបានសម្រេច។

ក្រោយមក នៅពេលដែលមានទាហាន លន់ នល់ ម្នាក់ត្រូវរបួស​ ឪពុករបស់ខ្នរ មានភារកិច្ចត្រូវតែទៅយកកូនចៅមកព្យាបាលរបួស។ ជាអកុសល នៅពេលដែលឪពុករបស់ខ្នរ ឡើងទៅលើផ្ទះថ្ម ស្រាប់តែមានគ្រាប់កាំភ្លើងហោះមកត្រូវខ្លួនគាត់ធ្លុះពីម្ខាងទៅម្ខាងទៀត។ បន្ទាប់ពីត្រូវគ្រាប់ ឪពុករបស់ខ្នរ មិនទាន់ដួលភ្លាមៗទេ គឺគាត់បានឱបកាំភ្លើងជាប់ចុះពីលើផ្ទះ រួចរត់បានចម្ងាយប្រមាណ១០០ម៉ែត្រ ទើបដួលទៅលើដី និងហូរឈាមដាបពេញខ្លួន។ មុនពេលឪពុករបស់ខ្នរ ដាច់ខ្យល់ គាត់បានផ្ដាំផ្ញើទៅកាន់ទាហានម្នាក់ដែលរត់មកជួយថា៖ «ឲ្យប្រពន្ធខ្ញុំមក»។ នៅពេលឪពុកស្លាប់ ខ្នរ មិនទាន់ធំដឹងក្ដីប៉ុន្មានទេ ប៉ុន្តែគាត់បានដឹងរឿងរ៉ាវរបស់ឪពុកតាមរយៈការរៀបរាប់របស់ម្ដាយ ក្រោយពេលរបបខ្មែរក្រហមដួលរលំ។

នៅខែមេសា ឆ្នាំ១៩៧៥ យោធាខ្មែរក្រហមបានទទួលជ័យជម្នះលើទាហាន នល់ នល់ ទាំងស្រុង។ ម្ដាយរបស់ខ្នរ បាននាំកូនទាំងអស់លើកលែងតែកូនប្រុសម្នាក់ដែលវង្វេងបែកគ្នាក្នុងសម័យលន់ នល់ ទៅរស់នៅខេត្តតាកែវ។ ពេលទៅដល់សហករណ៍ អង្គការបានបំបែកបងៗរបស់ខ្នរទាំងអស់ឲ្យចេញទៅរស់នៅ និងធ្វើការងារក្នុងកងកុមារ ហើយម្ដាយរបស់កាត់ចេញទៅធ្វើការងារក្នុងកងចល័តក្រុមពិសេស។ ចំពោះ ខ្នរ មុនដំបូងមិនបានធ្វើដំណើរទៅតាមម្ដាយនោះទេ គឺគាត់ត្រូវរស់នៅក្នុងមណ្ឌលកុមារ ជាមួយកុមារតូចៗជាច្រើននាក់ទៀត។

មុនពេលម្ដាយរបស់ខ្នរ ចេញដំណើរទៅធ្វើការងារក្រៅសហករណ៍គាត់បានផ្ដាំឲ្យមនុស្សចាស់ដែលមើលថែខ្នរ ឲ្យជួយមើលថែកូនរបស់គាត់ ប៉ុន្តែជាក់ស្ដែង យាយមើលថែមិនបានយកចិត្តទុកដាល់លើក្មេងទាំងអស់ លើកលែងតែកុមារម្នាក់ដែលជាសាច់ញាតិរបស់គាត់។ នៅក្នុងមណ្ឌលកុមារ ខ្នរ រស់នៅក្នុងស្ថានភាពលំបាកខ្លាំង ព្រោះគាត់មិនមានអាហារហូបចុកគ្រប់គ្រាន់, គ្មានសម្លៀកបំពាក់ និងមិនទទួលបានការមើលថែត្រឹមត្រូវ។ ជារៀងរាល់ថ្ងៃ ខ្នរ ត្រូវដេកនៅលើដី ទាំងដែលរូបកាយតូចរបស់គាត់ស្គមស្កាំង គ្មានកម្លាំង, ស្បែកដណ្ដប់ឆ្អឹង និងមានដំបៅពេញខ្លួន។ បន្ទាប់មក នៅពេលដែលខ្នរ មានអាយុច្រើនបន្តិច អង្គការបានឲ្យគាត់ ទៅជួយសែងត្រកៀត យកទៅធ្វើជី តាមការចាត់តាំងរបស់មេកងឈ្មោះ ពៅ។ នៅពេលចេញទៅធ្វើការ ខ្នរ ចេះយកសំបកដំឡូង ឬពោះត្រី ដែលមានជាប់ខ្លាញតិចៗទៅដុតហូប ដើម្បីចម្អែតក្រពះ។ ការធ្វើបែបនេះគឺគ្រោះថ្នាក់បំផុត ប្រសិនបើអង្គការចាប់បាន ខ្នរ ត្រូវទទួលទណ្ឌកម្ម។​

ថ្ងៃមួយម្ដាយរបស់ខ្នរ បានមកលេងកូននៅក្នុងមូលដ្ឋានវិញ។ ពេលមកដល់ ម្ដាយរបស់ខ្នរ មានការតក់ស្លុតជាខ្លាំងនៅពេលឃើញកូនដេកលើដី កម្រើកខ្លួនស្ទើរមិនរួច ហើយខ្លួនប្រាណស្លេកស្លាំង និងមានដំបៅពេញខ្លួនទាំងអស់។ នៅពេលឃើញស្ថានភាពកូនលំបាកស្ទើរស្លាប់ដូច្នេះ ម្ដាយរបស់ខ្នរ បានប្ដេជ្ញាចិត្តក្នុងការនាំកូនទៅនៅក្នុងកងចល័តជាមួយ ហើយប្រសិនបើអង្គការបដិសេធ ឬយកគាត់ទៅសម្លាប់ក៏គាត់មិនខ្លាចដែរ។

ខ្នរ បានបន្ថែមថា នៅពេលដែលម្ដាយគាត់ទៅសុំការអនុញ្ញាតដំបូង ប្រធានកងមិនបានយល់ព្រមនោះទេ ហើយថែមទាំងស្ដីបន្ទោស និងសម្លុតម្ដាយរបស់គាត់យ៉ាងខ្លាំងថាមាន «កម្មសិទ្ធិបុគ្គលក្រាស់» រួចប្រាប់ម្ដាយរបស់ខ្នរ ថានៅក្នុងភូមិមានអ្នកមើលថែកូនរួចហើយ។ ប៉ុន្តែម្ដាយរបស់ខ្នរ នៅតែបន្តយំសុំអង្វរ និងលើកហេតុផលថាខ្លួនមិនមានស្មារតីក្នុងការធ្វើការងារ ជីកប្រឡាយ។ ពេលឮការសុំអង្វរដូច្នេះ អង្គការបានទៅពិភាក្សាគ្នា រួចយល់ព្រមឲ្យខ្នរទៅតាមម្ដាយ ប៉ុន្តែត្រូវឲ្យម្ដាយរបស់ខ្នរ ត្រលប់ទៅក្នុងកងពិសេសវិញភ្លាមដើម្បីកុំឲ្យខាតការងារ។ ខ្នរ បានឲ្យដឹងថា ខ្លួនមានសំណាងដែលទទួលបានការយល់ព្រម ហើយម្ដាយរបស់គាត់ក៏មិនបានបាត់បង់ជីវិត ព្រោះនៅពេលដែលទៅសុំការអនុញ្ញាតពីអង្គការ គាត់បានឃើញកម្មាភិបាលខ្មែរក្រហមស្ពាយកាំភ្លើងអាកា ជាប់ខ្លួន និងអាចយកម្ដាយគាត់ទៅសម្លាប់គ្រប់ពេល។

បន្ទាប់មក ម្ដាយរបស់ខ្នរ បាននាំកូនដើរកាត់ព្រៃត្រលប់ទៅភូមិក្ដុល ដែលជាកន្លែងស្នាក់របស់ក្រុមកងចល័ត។ នៅពេលធ្វើដំណើរ ខ្នរ បានឃើញសំពត់ម្ដាយរបស់គាត់រហែក ដោយសារការដើរកាត់ព្រៃ និងការធ្វើការងាររាល់ថ្ងៃ។ នៅក្នុងកងចល័ត ខ្នរ ត្រូវស្នាក់នៅផ្ទះម្នាក់ឯង នៅពេលដែលម្ដាយគាត់ចេញទៅជីកប្រឡាយនៅកំពង់អំពិល កំពង់យោល។ ប៉ុន្តែនៅពេលម្ដាយត្រលប់មកវិញ ខ្នរ បានទទួលអាហារមួយចំនួនដែលកាត់ពីរបបអាហាររបស់ម្ដាយគាត់ ដោយពេលខ្លះ ខ្នរ បានហូបឆ្អែត ហើយពេលខ្លះទៀតមិនគ្រប់គ្រាន់ទេ។ ប៉ុន្តែ សម្រាប់ដំបៅដែលកើតឡើងនៅលើខ្លួនរបស់ខ្នរ មិនបានធូរស្បើយនោះទេ គឺវានៅតែបន្តកើតពេញដៃ, ជើង និងខ្លួន។

នៅខែមករា ឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួរលំ ខ្នរ បានត្រលប់មករស់នៅភូមិមហារាជវិញ។ ពេលមកដល់ភូមិ បងប្អូនរបស់ខ្នរ មិនបានត្រលប់មកផ្ទះវិញទេ ប៉ុន្តែកន្លងទៅជាយូរ ទើបមានបងប្រុសម្នាក់ដែលបែកគ្នាក្នុងជំនាន់​ លន់ លន់ ត្រលប់មកវិញ។​ ចំពោះការជួបគ្នានេះ បងប្រុសរបស់គាត់បានខំប្រឹងធ្វើការងារបើកកាណូតបណ្ដើរ និងស៊ើបសួរដំណឹងម្ដាយបណ្ដើរ រហូតដល់គាត់មានប្រាក់ទៅជួលមនុស្សឲ្យស្វែករកបន្ថែម និងបានជួបគ្នានៅខេត្តកណ្ដាល។ បន្ទាប់មក បងស្រីរបស់ខ្នរ ដែលអង្គការបញ្ជូនឲ្យទៅធ្វើការងារនៅខេត្តកំពត​ បានធ្វើការស្វែងរក​ និងជួបម្ដាយវិញម្នាក់ទៀត។ ចំពោះបងប្អូនផ្សេងទៀតរបស់ខ្នរ ដែលអង្គការបញ្ជូនទៅក្នុងកងកុមារ បានបាត់ដំណឹងតាំងពីពេលនោះមក។ ខ្នរ គិតថា បងរបស់គាត់ដែលបានបាត់ខ្លួន ប្រហែលជាបាត់បង់ជីវិតហើយ ព្រោះប្រសិនបើគាត់នៅរស់ និងខំស្វែងរកដំណឹងម្ដាយ រហូតបានជួបគ្នាដូចបងពីរនាក់ខាងលើ។

[1] ជួបជាមួយឈ្មោះ ជា ​ខ្នរ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១, ដោយ ខុំ ស្រីនោរ, ក្នុងគម្រោងការលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, មជ្ឈមណ្ឌលឯកសារកម្ពុជា។

អត្ថបទដោយ៖ ភា រស្មី នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin