សៅ ង៉ែត៖ ត្រូវរត់ចេញពីសាច់ញាតិ ដើម្បីបានរស់រានមានជីវិត

សៅ ង៉ែត[1] អាយុ៥៩ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានជម្លៀសគ្រួសាររបស់ង៉ែត ទៅរស់នៅ និងធ្វើការងារនៅខេត្តពោធិ៍សាត់ ព្រោះឪពុករបស់គាត់ជាអតីតទាហានកាលពីសង្គមចាស់។ នៅខេត្តពោធិ៍សាត់ គ្រួសាររបស់ង៉ែត ស្នាក់នៅតាមជើងភ្នំ តំបន់រកាត ឬបាក់ចិញ្ចៀន និងបានជួបប្រទះនូវការអត់ឃ្លានយ៉ាងខ្លាំង ព្រោះអង្គការមិនបានផ្ដល់អាហារអ្វីសោះឲ្យគាត់។ ក្នុងនាមឪពុករបស់ង៉ែត ធ្លាប់ធ្វើជាទាហានគាត់បានដើររកមើមក្ដួច, ផ្លែឈើ, ត្រី និងរុក្ខជាតិក្នុងព្រៃផ្សេងៗដែលគាត់ស្គាល់យកមកធ្វើជាអាហារឲ្យកូនហូប។

បន្ទាប់មក អង្គការចាប់ផ្ដើមបែងចែកសមាជិកគ្រួសារង៉ែតឲ្យទៅធ្វើការងារផ្សេងគ្នាដោយស្រីរបស់គាត់ ត្រូវទៅក្នុងកងចល័ត, ឪពុកទៅឃ្វាលគោ ហើយម្ដាយត្រូវធ្វើការងារក្នុងសហករណ៍។ ចំពោះ ង៉ែត និងប្អូន២នាក់ទៀតដែលនៅតូច ត្រូវស្នាក់នៅជាមួយម្ដាយយ៉ាងលំបាកវេទនានៅក្នុងសហករណ៍ ទាំងដែលគ្មានអ្វីហូប។ ង៉ែត ទ្រាំរស់នៅក្នុងភាពអត់ឃ្លានបានមួយរយៈ គាត់យល់ព្រមទៅរស់នៅជាមួយម្ដាយមីងនៅក្នុងតំបន់អំពិល៥ដើម ខេត្តបាត់ដំបង ក្បែរទល់ដែន។

ពេលទៅរស់នៅជាមួយម្ដាយមីង ង៉ែត មានអាយុប្រមាណជាង៩ឆ្នាំ។ អង្គការបានប្រើ ង៉ែត និងកុមារដែលមានវ័យប្រហាក់ប្រហែលគ្នាឲ្យធ្វើការងាររើសគួរស្រូវ, រែកដី និងដកស្មៅក្នុងគុម្ពស្រូវ ដើម្បីប្ដូរជាមួយបបររាវៗពីរពេលដែលអង្គការរៀបចំ។ នៅពេលដែលហូបមិនឆ្អែត ង៉ែត បានចេញទៅបេះត្រួយដំឡូងមី រួចយកទៅចម្អិនលាយបបរដែលទទួលបានមកពីរោងបាយ។ នៅពេលដែលចម្អិនរួច ង៉ែត បានហៅប្អូនម្នាក់ដែលត្រូវជាកូនរបស់ម្ដាយមីងមកហូបជាមួយគ្នា។

ប្ដីរបស់មីងឈ្មោះឆេង បានបង្ខំ ង៉ែត ឲ្យចេញទៅរកលួចបេះចេក, បូតស្រូវ និងដំណាំផ្សេងៗទៀតយកទៅចម្អិនក្នុងកំសៀវមួយដែលមាននៅក្នុងផ្ទះនៅពេលយប់។ ប៉ុន្តែប្រសិនបើ ង៉ែត មិនព្រមធ្វើតាម ពូបានយករំពាត់ផ្ដៅវាយគាត់។ មួយវិញទៀត គ្រួសាររបស់ម្ដាយមីង បានលួចដំណាំ និងសត្វមាន់ដែលចិញ្ចឹមនៅក្នុងផ្ទះរបស់ខ្លួនឯងធ្វើជាអាហារបន្ថែមទៀត ដោយមិនឲ្យអង្គការដឹង។ ការលំបាកក្នុងការហូបអាហារ និងការធ្វើការងារធ្ងន់ៗបានធ្វើឲ្យ ង៉ែត ធ្លាក់ខ្លួនឈឺរាគយ៉ាងខ្លាំង ប៉ុន្តែគាត់មិនបានទទួលថ្នាំព្យាបាលត្រឹមត្រូវនោះទេ។

នៅពេលដែលង៉ែត អាយុជាង១០ឆ្នាំ អង្គការចាប់ផ្ដើមចោទប្រកាន់ប្រជាជនដែលមានសម្បុរស ថាជាជនជាតិយួន និងបានបញ្ជូនយកទៅសម្លាប់ចោលជាបន្តបន្ទាប់។ នៅពេលដែលដឹងរឿងរ៉ាវទាំងនេះ ង៉ែត បានសម្រេចចិត្តសុំអង្គការចូលទៅធ្វើការងារក្នុងកងកុមារ និងមិនដែលត្រលប់ទៅលេងផ្ទះម្ដាយមីងទាល់តែសោះ។ មូលហេតុដែល ង៉ែត ធ្វើដូច្នេះ ព្រោះគាត់ចង់គេចពីការបង្ខំរបស់ពូ ហើយប្រសិនបើអង្គការយកគ្រួសារមីងដែលមានស្បែកស ទៅសម្លាប់នោះមិនមានជាប់ទាក់ទងជាមួយខ្លួន ដែលធ្វើការងារក្នុងកងកុមារ។

នៅក្នុងកងកុមារ ង៉ែត ខិតខំធ្វើការងារ, រៀនច្រៀងចម្រៀងអង្គការ និងយកចិត្តប្រធានកងស្រីឈ្មោះ រា ខ្លាំងណាស់ ដើម្បីកុំឲ្យខ្លួនទទួលការធ្វើបាបដូចជាកុមារផ្សេងទៀត។ ជាញឹកញាប់ នៅពេលធ្វើការងារមេកង បានឲ្យក្មេងៗ ស្រាតខោអាវចេញ រួចធ្វើការរាំ ហើយច្រៀងឲ្យខ្លួនស្ដាប់។ ចំពោះង៉ែត ដែលជាមនុស្សជំនិត ត្រូវបានប្រធានកងចាត់ទុកជា នីរសារ ឬអង្គរក្ស និងមានសិទ្ធិធ្វើដំណើរទៅតាមប្រធានកងចូលរួមប្រជុំផ្សេងៗ។ នៅក្នុងកងកុមារពិសេស ង៉ែត បានទទួលក្រមាឆ្នូតក្រហមមួយ ពីអង្គការ ដែលក្រមាបែបនេះ មានប្រើតែក្រុមកងឈ្លប, អនុកង និងកម្មាភិបាលខ្មែរក្រហម។ ង៉ែត ជឿជាក់ថា អង្គការមិនយកខ្លួនទៅសម្លាប់នោះទេ បើទោះបីជាសម្លាប់ប្រជាជននៅក្នុងភូមិអស់ក៏ដោយ។

បើទោះបីជាយ៉ាងណា ទ្រព្យសម្បត្តិជាប់ខ្លួនដែល ង៉ែត មានគឺអង្រឹងបាវមួយ ក្រមាឆ្នូតក្រហមមួយ, ខោមួយ និងអាវមួយប៉ុណ្ណោះ។ នៅពេលដែល ង៉ែត ធ្វើឲ្យខោអាវទទឹកពេលរើសគួរស្រូវ ឬសើមដោយប្រការណាមួយ គាត់ត្រូវយកអង្រឹងបាវនោះមកស្លៀកដេកផ្ទាល់ជាជួរជាមួយកុមាររី និងក្បែរជួរកុមារាផ្សេងទៀត។

នៅពេលយប់ឡើង ង៉ែត និងកុមារដែលត្រូវធ្វើការងារយាមពេលយប់ បានលួចរើសខ្យង ឬវាយកណ្ដុរ ដែលខ្លួនបានឃើញយកទៅខ្ចប់ស្លឹកចេក រួចដាក់ដុត ឬអាំងនៅក្នុងភ្លើង។ នៅពេលចម្អិនអាហារ ក្មេងៗត្រូវដាក់វេណគ្នាចាំផ្លូវ ក្រែងលោមានកងឈ្លបមកឃើញ និងមានអ្នកយកផេះទៅដាក់ចូលក្នុងមាត់ខ្យងដើម្បីកុំឲ្យមានសំឡេងខ្យល់។

នៅឆ្នាំ១៩៧៧ ស្ថានការណ៍នៅក្នុងកងកាន់តែលំបាកខ្លាំង កុមារទាំងអស់មិនអាចលួចហូប ខ្យង, ក្ដាម ឬទៅបេះស្លឹកស្នឹងយកមកហូបជាមួយអំបិលបន្តិចបន្តួចដែលខ្លួនមានទៀតទេ។ នៅពេលដែលខ្វះស្បៀងខ្លាំង អង្គការបានយកដើមច្រាច់មកហាន់ឲ្យល្អិតៗរួចយកទៅបបរលាយគ្រាប់អង្ករបន្តិចបន្តួច ចែកឲ្យប្រជាជនហូប។ ចំពោះបបរដែលអង្គការផ្ដល់ឲ្យ ង៉ែត បានឃើញមានសត្វឈ្លើងលាយជាមួយម្ដងម្កាល។ នៅរដូវប្រមូលផល ង៉ែត បានឃើញអង្គការដាំបាយឲ្យប្រជាជនហូបជាមួយសម្លទឹកគ្រឿង ដែលជាសម្លឆ្ងាញ់ខ្លាំង និងមិនងាយបានហូប។ ទោះបីជាយ៉ាងណា ទឹកគ្រឿងដែលអង្គការធ្វើគឺមានតែប្រហុកមួយគីឡូ លាយមួយទឹកនៅក្នុងខ្ទះ ហើយប្រជាជននាំគ្នាដើរបេះបន្លែទាំងសប្បាយចិត្ត។

នៅកន្លែងធ្វើការងារ ង៉ែត បានឃើញអង្គការ សម្លាប់យុវជនយ៉ាងឃោរឃៅ។ អង្គការបានសង់កន្លែងសម្រាប់យុវជន និងយុវនារីសម្រាកជាជួរៗក្បែរគ្នាដូចកងកុមារ ប៉ុន្តែប្រសិនបើមានអ្នកលួចស្រឡាញ់គ្នា អង្គការនឹងចាប់យកមកចងជាប់គ្នារួចរុញទម្លាក់ពីលើស្ពាន រួចស្រែកប្រាប់ឲ្យកុមារ និងប្រជាជនដែលត្រូវទៅឈរមើលឃើញ និងមើលជាគម្រូ។ ចំពោះការរៀបការ អង្គការជាអ្នកចាប់គូរឲ្យ ដោយយុវជន និងយុវនារីជាច្រើននាក់ត្រូវចូលរួមប្ដេជ្ញាក្នុងពេលតែមួយ ហើយកម្មាភិបាលខ្មែរក្រហមបានហៅឈ្មោះ បុរស និងនារីឲ្យទៅអង្គុយក្បែរគ្នាដើម្បីរៀបការ។

នៅចុងឆ្នាំ១៩៧៨ មីងរបស់ង៉ែត បានទៅរកក្មួយនៅក្នុងកងកុមារ ព្រោះគាត់មិនដែលឃើញក្មួយត្រលប់ទៅលេងផ្ទះទាល់តែសោះ។ បន្ទាប់មកម្ដាយមីង បាននាំក្មួយទៅរស់នៅសហករណ៍វិញ។ នៅក្នុងសហករណ៍ ង៉ែត បានឮសំឡេងគ្រាប់បែក និងការប្រយុទ្ធគ្នាកើតឡើង។ ក្នុងពេលជាមួយគ្នា ការសម្លាប់មនុស្សនៅក្នុងភូមិកាន់តែខ្លាំងឡើង គ្រួសាររបស់ម្ដាយមីងង៉ែត ដែលមានស្បែកស និងខំធ្វើការងារការពីមុន ចាប់ផ្ដើមភិតភ័យម្ដងទៀត។ អំឡុងពេលនោះ មានកម្មាភិបាលខ្មែរក្រហមនៅក្នុងភូមិ បានមកប្រាប់ពូរបស់ង៉ែត កុំឲ្យចុះពីលើផ្ទះពេលយប់ បើទោះបីជាមានអ្នកមកហៅ។ ង៉ែត បានឲ្យដឹងថា ពេលខ្លះកងឈ្លបបានមកហៅច្រឡំផ្ទះ រួចចាប់យកប្រជាជនជាច្រើនគ្រួសារក្បែរៗនោះទៅសម្លាប់។ ជាក់ស្ដែងផ្ទះរបស់មេស្រុកឈ្មោះ សម្បត្តិ បានយកប្រមាត់មនុស្សដាក់ក្នុងកញ្ចែ្រងជាច្រើនរួចយកទៅហាលថ្ងៃ។

ចំពោះការងារ ប្រជាជនត្រូវធ្វើការជីកស្រះទាំងយប់ ទាំងថ្ងៃឲ្យឆាប់រួចរាល់។ នៅពេលធ្វើការ អង្គការបានដាំបាយស្រួយ ឬធ្វើនំគ្រាប់អង្គុញ ឬនំបញ្ចនឿកចែកឲ្យប្រជាជនម្នាក់៤គ្រាប់ហូប។ ង៉ែត បានបន្តថា ប្រសិនបើជីកស្រះនោះរួច អង្គការនឹងចាប់យកប្រជាជនទៅសម្លាប់ទាំងអស់ ប៉ុន្តែសំណាងល្អបានកងទ័ពស្ម័គ្រចិត្តវៀតណាមចូលមកជួយទាន់ពេលវេលា។

នៅខែមករា ឆ្នាំ១៩៧៩ គ្រួសាររបស់មីង និងង៉ែត បានរៀបចំសម្ភារដែលមានបន្តិចបន្តួចត្រលប់មកបាត់ដំបងវិញ។ នៅតាមផ្លូវធ្វើដំណើរ ង៉ែត បានជួបការលំបាកខ្លាំង ព្រោះគាត់ត្រូវរែកអង្ករ, ចាន និងឆ្នាំង សម្រាប់រៀបចំចម្អិនអាហារ និងមានអង្គការដេញកៀរប្រជាជនយកទៅជាមួយ ដើម្បីធ្វើជារបងការពារកុំឲ្យទាហានស្ម័គ្រចិត្តវៀតណាមបាញ់។ នៅពេលធ្វើដំណើរ ង៉ែត បានសម្រេចចិត្តដាក់អម្រែកចុះ រួចរងចាំខ្មែរក្រហមមកកៀរយកទៅជាមួយ ឬម្ដាយមីងដែលដើរទៅដល់មុខត្រលប់មកយកវិញ។ ប៉ុន្តែ ង៉ែត មិនហ៊ានបោះចោលសង្រែកនោះទេ ព្រោះគាត់ខ្លាចម្ដាយមីងស្ដីបន្ទោស។

ក្រោយរបបខ្មែរក្រហម ង៉ែត បានបន្តរស់នៅជាមួយមីងនៅ ខេត្តបាត់ដំបង។ បន្ទាប់មក បងស្រីរបស់ង៉ែត បានមកនាំប្អូនទៅរស់នៅជាមួយក្នុងខេត្តពោធិ៍សាត់វិញ ព្រោះបងស្រីគាត់មានគ្រួសារនៅទីនោះ។ ពេលស្នាក់នៅជាមួយបងស្រី ង៉ែត បានដឹងពីការស្លាប់របស់ម្ដាយ និងប្អូនពីរនាក់(ស្រីម្នាក់)ដោយសារគ្មានអ្វីហូប។ ចំណែកឪពុករបស់គាត់បានស្លាប់នៅពេលដែលគាត់ទៅឃ្វាលគោ ហើយដួលក្នុងស្រែទើបឈ្លក់ទឹកស្លាប់។ ក្រោយមក ង៉ែត បានចូលរៀនឡើងវិញ រហូតដល់ថ្នាក់ទី៤ និងចេះអានអក្សរបន្តិចបន្តួចទើបឈប់។

[1] ជួបជាមួយឈ្មោះ សៅ ង៉ែត នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ដោយខុំ ស្រីនោរ ក្នុងគម្រោងការលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, មជ្ឈមណ្ឌលឯកសារកម្ពុជា។

អត្ថបទដោយ៖ ភា រស្មី នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin