ភាពអត់ឃ្លាន និងការភ័យខ្លាច

(ព្រៃវែង)៖ ស អុល មានអាយុ៧៤ឆ្នាំ រស់នៅក្នុងភូមិទួលពពេល ឃុំគោកកង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ សព្វថ្ងៃ លោកតាកំពុងរ៉ងទង្គិចនឹងជំងឺលើសសម្ពាធឈាម និងជំងឺកៀបសរសៃ ដែលជាផលវិបាកបន្សល់ទុកពីការធ្វើការងារធ្ងន់ហួសកម្លាំងក្នុងរបបខ្មែរក្រហម។
អុល បានរំឮកថា ចាប់តាំងពីឆ្នាំ ១៩៦៩ ភូមិឋានដែលគាត់រស់នៅបានទទួលរងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លា។ ទោះបីជាផ្ទះរបស់គាត់មិនត្រូវបានកម្ទេចដោយផ្ទាល់ ប៉ុន្តែសមាជិកគ្រួសារទាំងអស់រស់ក្នុងភាពភ័យខ្លាចជាខ្លាំង ដោយត្រូវរត់ចូលលាក់ខ្លួនក្នុងលេណដ្ឋានរាល់ពេលឮសម្លេងយន្តហោះ។ អុល បន្តថាផ្ទះប្រជាជនដែលសង់នៅជាប់មាត់ទន្លេ និងក្បែរព្រៃ បានរងការខូចខាតយ៉ាងដំណំ ព្រមទាំងបណ្ដាលឱ្យមនុស្សជាច្រើនស្លាប់ និងរបួស។ ដោយសារការទម្លាក់គ្រាប់បែក នៅឆ្នាំ១៩៧០ អុល បានសម្រេចចិត្តឈប់រៀន ហើយរៀបការជាមួយប្រពន្ធរបស់គាត់ក្នុងគ្រានោះតែម្ដង។
នៅឆ្នាំ១៩៧៥ ក្រោយពេលខ្មែរក្រហមបានទទួលជ័យជម្នះលើទាហាន លន់ នល់ និងគ្រប់គ្រងទីក្រុងភ្នំពេញ មិនបានប៉ុន្មានម៉ោងផងក៏មានការប្រកាសឱ្យប្រជាជនចាកចេញពីទីក្រុងទៅតាមបណ្ដាខេត្តឆ្ងាយៗ។ អុល បានសង្កេតឃើញថា ប្រជាជនដែលជម្លៀសមកពីទីក្រុង បានលួចលាក់ទុកប្រាក់កាស ដើម្បីយកមកដូរយកស្រូវអង្ករ និងម្ហូបអាហារពីប្រជាជនមូលដ្ឋាននៅក្នុងភូមិរបស់គាត់ដើម្បីរស់។
នៅក្នុងរបបនោះ អាហារដ្ឋានរួមគឺជាកន្លែងដែលផ្ដល់នូវភាពអត់ឃ្លាន។ អុល រៀបរាប់ទាំងខ្លោចចិត្តថា៖ «ក្នុងមួយថ្ងៃ គេឱ្យហូបបបរតែពីរពេលប៉ុណ្ណោះ ហើយក្នុងមួយពេលទទួលបានត្រឹមតែមួយកូនចានចង្កឹះ ដែលមានលាយជាមួយគល់ចេក ពោត ដំឡូង ឬស្លម្ជូរត្រកួន ព្រលឹត តិចតួចបំផុត»។ ដោយសារតែភាពអត់ឃ្លានខ្លាំងពេក ប្រជាជនមួយចំនួនបានដាច់ចិត្តលួចបេះផ្លែឈើ ឬអាហារដែលអង្គការហាមឃាត់ បណ្ដាលឱ្យអ្នកខ្លះត្រូវអង្គការយកទៅកសាង ឬសម្លាប់ចោល។
ក្រៅពីការបង្អត់អាហារ អុល ក៏បានឮរឿងរ៉ាវអំពីការរំលោភបំពានផ្លូវភេទពីសំណាក់កម្មាភិបាល ឬឈ្លបដែលមានអំណាចទៅលើស្ត្រីភេទ មិនថាជាយុវនារី ឬស្ត្រីមានប្ដីឡើយ។ ទន្ទឹមនឹងនោះ លោកតាក៏បានឃើញការចាប់ចងប្រជាជនចេញពីសហករណ៍យកទៅបាត់ ហើយក្រោយមកទើបដឹងច្បាស់ថា ប្រជាជនទាំងអស់នោះសុទ្ធតែត្រូវបាននាំយកទៅសម្លាប់។
យុវជន-យុវនារី ត្រូវខ្មែរក្រហមកេណ្ឌឱ្យទៅធ្វើការងារជាទម្ងន់ដូចជា ជីកព្រែក, លើកទំនប់, និងស្ទូងស្រូវ តាំងពីម៉ោង៤ទៀបភ្លឺ ព្រោះតែកន្លែងធ្វើការនៅឆ្ងាយ។ នៅពេលនោះប្រជាជនដើរថ្មើរជើងទៅធ្វើការ គ្មានមធ្យោបាយធ្វើដំណើរឡើយសូម្បីតែកង់ មានតែនីរសារ ឬសមាជិកខ្មែរក្រហមធំប៉ុណ្ណោះដែលមានសិទ្ធិប្រើប្រាស់កង់, ម៉ូតូ ឬឡានបាន។
ផ្នែកជំនឿវិញ វត្តអារាមដែលជាទីសក្ការ ត្រូវបានប្រែក្លាយទៅជាកន្លែងស្លថ្នាំបុរាណ (ថ្នាំអាចម៌ទន្សាយ)។ ចំណែកព្រះសង្ឃត្រូវបានបង្ខំឱ្យលាចាកសិក្ខាបទមកធ្វើការងារជាកម្លាំងបាយឱ្យអង្គការ។
នៅឆ្នាំ១៩៧៨ ខ្មែរក្រហមបានជម្លៀសអ្នកភូមិរបស់ អុល ទាំងអស់ទៅកាន់ខេត្តកំពង់ធំ។ ការធ្វើដំណើរនោះពោរពេញដោយភាពលំបាក ព្រោះត្រូវរកមធ្យោបាយធ្វើដំណើរដោយខ្លួនឯង។ ការធ្វើដំណើរនៅតាមផ្លូវ អុល បានជួបផលលំបាកមួយចំនួនដូចជា គ្មានអាហារហូបចុកគ្រប់គ្រាន់, គ្មានថ្នាំសង្កូវសម្រាប់ព្យាបាលជំងឺ ហើយមានឈ្លបដែលជាក្មេងៗអាយុប្រហែល១០ឆ្នាំជាង កាន់កាំភ្លើងភ្ជង់ពីក្រោយជាប់ជានិច្ច។
ក្រោយពេលរបបខ្មែរក្រហមបានដួលរលំទៅ អុល និងគ្រួសារ ក៏បានចាកចេញពីខេត្តកំពង់ធំ វិលត្រឡប់មករស់នៅស្រុកកំណើតក្នុងខេត្តព្រៃវែងវិញ រហូតមកដល់សព្វថ្ងៃនេះ៕
សម្ភាសន៍ដោយ៖ ឆៃ កន្និកា ថ្ងៃទី២០ កញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

