ធ្វើការងារទាំងយប់ទាំងថ្ងៃ

(ក្រចេះ)៖ សឹម សាំ អាយុ៧៣ឆ្នាំ មានទីកន្លែងកំណើត និងកំពុងរស់នៅក្នុងភូមិអូរឫស្សី២ ឃុំអូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

នៅឆ្នាំ១៩៧០ សាំ ស្ថិតក្នុងវ័យកុមារអាយុជាង១០ឆ្នាំនៅឡើយ ដោយគាត់ត្រូវជួយធ្វើការងារផ្ទះ និងខិតខំរៀនសូត្រ។ ក៏ប៉ុន្តែដោយសារការទម្លាក់គ្រាប់បែក គាត់ត្រូវបង្ខំចិត្តបោះបង់ការសិក្សាពាក់កណ្ដាលទី។

លុះឈានចូលដល់ឆ្នាំ១៩៧៥ ពេលរបបខ្មែរក្រហមបានឡើងកាន់អំណាចទូទាំងប្រទេស អង្គការបានចាត់តាំងឱ្យ សាំ ទៅធ្វើស្រែចម្ការ។ សាំ បានរំលឹកថា កាលណោះគាត់ត្រូវធ្វើការងារជាទម្ងន់ទាំងយប់ទាំងថ្ងៃ និងមានពេលសម្រាកតិចតួចបំផុត។ ទោះបីជាហត់នឿយ ឬមានជំងឺប្រចាំកាយយ៉ាងណាក្ដី ក៏គ្មាននរណាម្នាក់ហ៊ានប្រឆាំងតវ៉ា ឬឈប់សម្រាកឡើយ ព្រោះខ្លាចឈ្លបចាប់យកទៅកសាង ឬសម្លាប់ចោល។ ម្យ៉ាងវិញទៀត ការឈប់សម្រាកច្រើនថ្ងៃនៅពេលមានជំងឺ គឺអាចប្រឈមនឹងការបង្អត់អាហារ ដោយសារក្នុងរបបនោះ អង្គការផ្ដល់អាហារឱ្យតែអ្នកដែលចេញទៅធ្វើការប៉ុណ្ណោះ។

ទាក់ទងនឹងការហូបចុក សាំ បានបញ្ជាក់ថា គាត់មិនដែលហូបបានឆ្អែតម្ដងណាឡើយ ដោយក្នុងមួយថ្ងៃទទួលបានបបររាវត្រឹមតែពីរពេលប៉ុណ្ណោះ គឺពេលថ្ងៃត្រង់ និងពេលល្ងាច ប៉ុន្តែអង្គការតែងតែផ្តល់បង្អែមឱ្យហូបម្ដងក្នុងមួយសប្ដាហ៍។ បញ្ហាកង្វះអាហារនេះ បានធ្វើឱ្យប្រជាជននាពេលនោះ ស្គមស្គាំងនៅសល់តែស្បែកដណ្ដប់ឆ្អឹង និងគ្មានកម្លាំងកំហែងទាល់តែសោះ។ ចំណែកឯបញ្ហាសុខភាពវិញ ទោះបីជានៅតាមសហករណ៍មានគ្រូពេទ្យប្រចាំការសម្រាប់ព្យាបាលជំងឺឱ្យប្រជាជនក្ដី ប៉ុន្តែថ្នាំសង្កូវមានភាពខ្វះខាតជាខ្លាំង ដោយភាគច្រើនមានតែថ្នាំអាចម៍ទន្សាយ ដែលក្រុមគ្រូពេទ្យខ្មែរក្រហមផលិតដោយខ្លួនឯងប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ សាំ មិនដែលឈឺថ្កាត់ឡើយក្នុងរបបនោះ។

នៅក្នុងឆ្នាំ១៩៧៦ សាំ ត្រូវបានអង្គការរៀបចំឱ្យអាពាហ៍ពិពាហ៍។ ក្រោយរៀបការរួច ប្ដីប្រពន្ធរបស់មិនត្រូវបានអនុញ្ញាតឱ្យរស់នៅជុំគ្នាឡើយ ដោយគាត់ និងភរិយាត្រូវបែកគ្នាទៅធ្វើការនៅសហករណ៍រៀងៗខ្លួន។ អ្នកទាំងពីរមិនសូវបានជួបមុខ ឬសួរសុខទុក្ខគ្នាឡើយ ពោលគឺចន្លោះពីមួយខែទៅពីរខែទើបអាចជួបគ្នាម្ដង ក្នុងរយៈពេលដ៏ខ្លីបំផុត។ សាំ បានបាត់បង់បងប្រុសបង្កើតម្នាក់ដែលជាយោធា ដោយបានបាត់បង់ជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយកងទ័ពវៀតណាម។

ការបាក់កម្លាំងពីយុវវ័យ បច្ចុប្បន្ននេះ សាំ កំពុងប្រឈមនឹងបញ្ហាសុខភាពមួយចំនួនដូចជា ជំងឺលើសឈាម, ទឹកនោមផ្អែម, លើសជាតិអាស៊ីត និងមានអាការហេវហត់អស់កម្លាំង ហើយគាត់បានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យយូរៗម្ដង៕

សម្ភាសន៍ដោយ៖ ជាប ស្រីខួច ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin