អ្នកឡើងត្នោតក្នុងរបបខ្មែរក្រហម

(ខេត្តស្វាយរៀង) ពុត អេន មានអាយុ ៨៦ឆ្នាំ មានទីកន្លែងកំណើតនៅភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ អេន មានឪពុកឈ្មោះ ពុត ស៊ឹម និងម្តាយឈ្មោះ យស់ ពិន ហើយជាកូនទី៤ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៤នាក់ (ស្រី ១នាក់)។ កាលពីកុមារភាព អេន រៀនសូត្របានថ្នាក់ទី៧ ក្នុងសម័យសង្គមរាស្ត្រនិយម។

នៅខែមីនា ឆ្នាំ១៩៧០ ឧត្តមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ចេញពីតំណែងព្រះប្រមុខរដ្ឋ ពេលនោះប្រទេសជាតិចាប់ផ្ដើមផ្ទុះសង្គ្រាមស៊ីវិល។ នៅក្នុងកាលៈទេសៈនោះ អេន ត្រូវបានរបប លន់ នល់ កេណ្ឌឱ្យទៅធ្វើជាទាហានអស់រយៈពេល ១៨ខែ។ លុះដល់ឆ្នាំ១៩៧២ អេន បានត្រឡប់មកជួបជុំរស់នៅឯស្រុកកំណើត និងប្រកបរបរធ្វើស្រែចម្ការជាមួយគ្រួសារវិញ។

នៅឆ្នាំ១៩៧៥ របបខ្មែរក្រហមបានឡើងកាន់កាប់អំណាច និងបានបញ្ចប់សង្គ្រាមស៊ីវិល។ ភ្លាមៗនោះ អង្គការបានដើរប្រមូលមាសប្រាក់ លុយកាក់ ទ្រព្យសម្បត្តិ គោក្របី និងសម្ភារផ្សេងៗរបស់ប្រជាជន យកទៅដាក់ក្នុងសហករណ៍ដើម្បីធ្វើជាកម្មសិទ្ធិរួម។ ចំពោះការងារ អេន ត្រូវបានអង្គការចាត់តាំងឱ្យទៅឡើងត្នោត ដោយក្នុងមួយថ្ងៃត្រូវរកទឹកត្នោតឱ្យបានចំនួន ២៥បំពង់ យកមករម្ងាស់ធ្វើជាស្ករត្នោត។ ការងារនេះមានសមាជិកចំនួន ១០នាក់ និងត្រូវដើររកអុសសម្រាប់យកមកត្រៀមទុករម្ងាស់ស្ករត្នោត។ នៅរដូវវស្សា អង្គការបានចាត់តាំងឱ្យ អេន ធ្វើជាប្រធានក្រុមភ្ជួររាស់ ដោយមួយក្រុមមានសមាជិក ៥នាក់ និងត្រូវភ្ជួររាស់ដីឱ្យបានពី ៥ ទៅ ៧ហិកតា ក្នុងមួយថ្ងៃ។ នៅពេលភ្ជួររាស់រួច អេន ត្រូវទៅឃ្វាលគោក្របីបន្តទៀត។ លុះដល់រដូវច្រូតកាត់ អេន ជាអ្នកទទួលបន្ទុកប្រមូលកណ្តាប់ស្រូវដែលច្រូតកាត់រួច យកទៅឱ្យក្រុមបោកបែន និងបុកជាអង្ករដើម្បីរក្សាទុកនៅក្នុងឃ្លាំងរបស់អង្គការ។ ក្រៅពីនេះការងាររបស់អេន ក៏ត្រូវដើរប្រមូលលាមកមនុស្សយកមកធ្វើជាជីកំប៉ុសផងដែរ។ អេន បានបញ្ជាក់បន្ថែមទៀតថា ចំពោះការកាប់សម្លាប់វិញ អង្គការតែងតែចោទប្រកាន់ប្រជាជនស្លូតត្រង់ថាជាខ្សែរយៈយួន ឬខ្សែរយៈចិន រួចឈ្លបបានបង្ខំឱ្យប្រជាជនរៀបចំអម្រែក និងសម្ភារធ្វើពុតជាបន្លំឱ្យទៅរស់នៅកន្លែងផ្សេង ប៉ុន្តែផ្ទុយទៅវិញ ឈ្លបបាននាំប្រជាជនទៅកាន់ទួលចាម រួចវាយសម្លាប់នឹងគល់ឫស្សី ទម្លាក់ចូលទៅក្នុងរណ្តៅដែលបានជីកត្រៀមទុកជាស្រេច។

នៅឆ្នាំ១៩៧៨ ពេលរបបខ្មែរក្រហមជិតដួលរលំ អេន ត្រូវបានអង្គការជម្លៀសទៅកាន់តំបន់ទន្លេលិចទឹក ហើយនៅពេលនោះគាត់បានឃើញយន្តហោះទម្លាក់ខិតប័ណ្ណ ដែលមានសរសេរខ្លឹមសារថា ប្រទេសជាតិត្រូវបានរំដោះរួចហើយ បងប្អូនប្រជាពលរដ្ឋអាចត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបាន​។ ពេលនោះ អេន មានចិត្តត្រេកអរជាខ្លាំង ហើយក៏បានធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ រួចចាប់ផ្តើមបង្កបង្កើនផលធ្វើស្រែចម្ការ និងរស់នៅជួបជុំជាមួយក្រុមគ្រួសារ។ បច្ចុប្បន្ន អេន គឺជាកសិករ រស់នៅក្នុងភូមិស្វាយដូនអី ឃុំស្វាយធំ និងមានជំងឺប្រចាំកាយគឺ ជំងឺលើសសម្ពាធឈាម ជំងឺក្រពះពោះវៀន និងជំងឺឈឺសន្លាក់ដៃជើង។

សម្ភាសន៍ដោយ ឈិនផន ពៅពិសី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin