ឡុង ទៀង៖ សំណាងល្អដែលអង្គការមិនបានជម្លៀសទៅខេត្តឆ្ងាយ

នៅក្នុងសម័យខ្មែរក្រហម ខ្ញុំធ្វើការងារធ្ងន់ៗ គ្មានកន្លែងសម្រាកត្រឹមត្រូវ និងហូបអាហារមិនបានគ្រប់គ្រាន់ ប៉ុន្តែខ្ញុំមិនបានអត់ឃ្លានខ្លាំង និងប្រឈមមុខទៅនឹងការចាប់យកទៅសម្លាប់ដូចបងប្អូនរបស់ខ្ញុំផ្សេងទៀងដែលជម្លៀសទៅខេត្តបាត់ដំបងនោះទេ ព្រោះប្រធានកងរបស់ខ្ញុំចិត្តល្អ។

ឡុង ទៀង អាយុ៧១ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ លន់ ទៀង រស់នៅម្ដុំអូរបែកក្អម ទីក្រុងភ្នំពេញ។ នៅក្នុងទីក្រុង គ្រួសាររបស់ទៀង មានជីវភាពសមល្មម ព្រោះប្ដីរបស់គាត់គឺជាទាហាន លន់ នល់។ ប៉ុន្តែនៅពេលដែលខ្មែរក្រហមវាយសម្រុកចូលទីក្រុងភ្នំពេញ កាន់តែខ្លាំង ប្ដីរបស់ទៀង បានស្លាប់នៅសមរភូមិឈូកស ហើយស្ថានភាពគ្រួសាររបស់គាត់កាន់តែលំបាក។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ យោធាខ្មែរក្រហមបានចូលទៅគ្រប់គ្រងទីក្រុងភ្នំពេញ និងបានជម្លៀសប្រជាជនទាំងអស់ រួមទាំង ទៀង ឲ្យទៅទីជនបទ។ អំឡុងពេលធ្វើដំណើរ ទៀង បានជួបការលំបាកយ៉ាងខ្លាំង ព្រោះគាត់ត្រូវចំណាយពេលពីរថ្ងៃដើរទៅដល់ភូមិប្រសៀត ទាំងដែលខ្លួនកំពុងមានគភ៌ និងមានកូនតូច។ នៅពេលទៅដល់ភូមិ អង្គការមិនបានជម្លៀស ទៀង ឲ្យទៅខេត្តដទៃ ដូចបងប្អូនរបស់គាត់ផ្សេងនោះទេ ប៉ុន្តែទៀង ត្រូវធ្វើការងារក្នុងកងចល័ត ចាប់ពីឃុំពពេល រហូតដល់ខាងលិចដំណាក់សេក។

នៅក្នុងកងចល័ត ទៀង ធ្វើការរហូតដល់រដូវប្រមូលផល ទើបគាត់សម្រាកសម្រាលបានកូនស្រីម្នាក់។ មិនយូរប៉ុន្មាន អង្គការបានឲ្យ ទៀង យកកូនទៅដាក់ក្នុងមណ្ឌលដើម្បីឲ្យម្ដាយរបស់គាត់ និងមនុស្សចាស់ផ្សេងទៀតជាអ្នកមើលថែ ឬកិនបបរបញ្ជុក ហើយខ្លួនត្រូវចេញទៅរកត្រពាំងយកមកដាក់ក្នុងសហករណ៍រួម។ អំឡុងពេលនោះ ទៀង អាចយកកូនទៅសម្រាកជាមួយនៅផ្ទះពេលយប់ នៅពេលគាត់ត្រលប់មកពីរកត្រពាំងវិញ។

បន្ទាប់មក នៅពេលកូនរបស់ទៀងធំបន្តិច អង្គការចាត់តាំងឲ្យគាត់ចូលទៅធ្វើការងារក្នុងកងចល័តបន្តទៀត។ នៅក្នុងកងចល័ត ទៀង ត្រូវធ្វើស្រែ ស្ទូង ដក ច្រូត ឬកើបលាមកមនុស្សពីក្នុងបង្គន់យកទៅលាយធ្វើជី រែកទឹកដាំបន្លែ ធ្វើមួកពីស្លឹកត្នោត និងជីកប្រឡាយ ចាប់ពីក្បែរសហករណ៍ រហូតដល់ភ្នំលិច។ នៅកន្លែងធ្វើការ ដំបូងឡើយ ទៀង មានអាការក្ដៅខ្លួន និងឈឺទ្រូងយ៉ាងខ្លាំងរហូតដល់ដេកយំ ទើបប្រធានកងរបស់គាត់មានការអាណិត និងយល់ព្រមឲ្យគាត់ត្រលប់ទៅបំបៅកូនម្ដងម្កាល នៅពេលដែលធ្វើការងារជិតសហករណ៍។

នៅការដ្ឋានការងារ ក្រុមរបស់ទៀងត្រូវសម្រាកក្នុងព្រៃ ឬនៅក្នុងរោងដែលសាងសង់ដោយខ្លួនឯងដើម្បីកុំឲ្យត្រូវទឹកភ្លៀង ហើយការហូបអាហារ គឺមានភាពល្អប្រសើរជាងនៅក្នុងសហករណ៍បន្តិច។ ថ្ងៃមួយ ទៀង មានជំងឺធ្ងន់រហូតដល់ដេកឈឺនៅកន្ទេល និងកើតចៃពេញខ្លួន ប៉ុន្តែអង្គការបានផ្ដល់ត្រឹមថ្នាំគ្រាប់មូលៗធ្វើពីដំឡូងឲ្យគាត់លេប ហើយប្រធានកងបានរកថ្នាំខ្មែរឲ្យផឹកបន្ថែមទៀត។ ប៉ុន្តែជំងឺរបស់ ទៀង មិនបានធូរស្រាលនោះទេ រហូតទាល់តែបានផឹកទឹកដូងជាមួយត្រួយត្រឡាចទើបបានជាសះស្បើយ។

នៅពេលផ្ដល់បទសម្ភាសន៍ ទៀង មានជំងឺប្រចាំកាយមួយចំនួនគឺ លើសឈាម ក្រពះពោះវៀន បេះដូង លើសជាតិអាស៊ីត ឈឺសន្លាក់ និងលើសជាតិស្ករ។ ដើម្បីព្យាបាលជំងឺ ទៀង បានប្រើប្រាស់ថ្នាំខ្មែរ និងការទិញថ្នាំពេទ្យយកមកលេបបន្ថែមទៀត។ ទៀង យល់ថាជំងឺរបស់គាត់មួយចំនួនកើតឡើងពីការធ្វើការងារធ្ងន់ៗក្នុង និងក្រោយសម័យខ្មែរក្រហមដួលរលំ។

សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin