មុត មុំ៖ អង្គការសរសេរសំបុត្រឲ្យខ្ញុំ៦ដង ដើម្បីសាកល្បង

ខ្ញុំមិនចេះអក្សរទាល់តែសោះ ប៉ុន្តែអង្គការមិនជឿ និងបានផ្ញើសំបុត្រឲ្យខ្ញុំចំនួន៦ដង ដើម្បីសាកល្បងខ្ញុំនៅក្នុងកងចល័ត។ នៅពេលទទួលបានសំបុត្រ ខ្ញុំបានយកទៅឲ្យប្រធានកង និងអ្នកធ្វើការងារជាមួយគ្នាអាន ទើបអង្គការមិនបានចាប់ខ្ញុំយកទៅសម្លាប់ដូចប្ដីរបស់ខ្ញុំ។

មុត មុំ អាយុ៧០ឆ្នាំ រស់នៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីយោធាខ្មែរក្រហមទទួលបានជ័យជម្នះ មុំ ជម្លៀសចេញពីទីក្រុងភ្នំពេញទៅភូមិទួលទ្រា។ នៅពេលមកដល់សហករណ៍ ដំបូងឡើយអង្គការបានសួរនាំប្រវត្តិរូបគ្រួសារមុំ រួចបែងចែកឲ្យទៅធ្វើការងារផ្សេងគ្នា។ ចំពោះ មុំ ដែលមានកូនតូច អង្គការបានបង្ខំឲ្យគាត់ផ្ដាច់ទឹកដោះកូនរួចបញ្ជូនទៅធ្វើការក្នុងកងចល័តឃុំលំចង់ ហើយប្ដីរបស់គាត់ត្រូវចូលទៅធ្វើការងារក្នុងកងភ្ជួរ និងមើលគោ។ ចំណែកកូនរបស់មុំ ដែលនៅតូច អង្គការបានបញ្ជូនឲ្យទៅរស់នៅជាមួយយាយចាស់ៗក្នុងមណ្ឌល។

នៅកន្លែងធ្វើការ មុំ មានអាការក្ដៅខ្លួន និងឈឺទ្រូងខ្លាំង រហូតដល់គាត់មិនអាចទៅធ្វើការបានរយៈពេលពេញមួយសប្ដាហ៍ ព្រោះពេលនោះគាត់ទើបតែផ្ដាច់ទឹកដោះកូនភ្លាមៗ ប៉ុន្តែអង្គការនៅតែមិនឲ្យគាត់ត្រលប់ទៅជួបកូនទាល់តែសោះ។ នៅក្នុងកងចល័ត ប្រធានកងបានហៅមុំទៅសួរម្ដងទៀតថាចេះអក្សរទេ ប៉ុន្តែនៅពេលគាត់បដិសេធ អង្គការបានបង្ហាញឲ្យដឹងថាមិនជឿជាមួយសម្ដីរបស់មុំ ព្រមទាំងនិយាយថាគាត់រៀនបានយ៉ាងតិចណាស់ត្រឹមឌីប្លូមដែរ និងចេះសរសេរសំបុត្រចុះឡើងទៀត។ បន្ទាប់មក អង្គការបានប្រើហេតុផលថាប្ដីរបស់មុំ ផ្ញើសំបុត្រឲ្យគាត់ម្ដងហើយម្ដងទៀតរហូតដល់ទៅ៦ដងដើម្បីសាកល្បង ប៉ុន្តែ មុំ បានយកសំបុត្រនោះទៅឲ្យប្រធានកង និងអ្នកផ្សេងឲ្យជួយមើលដែរ ទើបបានរួចជីវិត។

ក្រោយមកនៅពេលកូនរបស់មុំចេះអង្គុយ អង្គការបានប្ដូរគាត់ឲ្យទៅធ្វើការរែកសំណាបឲ្យអ្នកស្ទូងក្នុងស្រែ។ នៅពេលធ្វើការ មុំ បានឃើញអង្គការចាប់អ្នកដែលកំពុងរាស់ដីចងដៃ និងយកខ្សែតីមកវាយពីក្រោយឲ្យដើរចេញទៅដល់មុខបន្តិច ទើបវាយសម្លាប់ទម្លាក់ក្នុងក្រឡុកក្បែរនោះ។ នៅពេលឃើញដូច្នេះ មុំ ចាប់ផ្ដើមញ័រជើង និងមានអារម្មណ៍ថាស្រាលខ្លួនទាំងអស់សូម្បីតែសំណាបដែលខ្លួនកំពុងរែកក៏មិនបានធ្ងន់ដែរ។ បន្ទាប់មកនៅពេលដែល មុំ ដើរត្រលប់ទៅយកសំណាបម្ដងទៀតកាត់តាមកន្លែងសម្លាប់ គាត់បានឃើញអង្គការកាប់ដើមដំបងយក្សយកទៅគ្របពីលើសាកសព ប៉ុន្តែមិនបានជិតនោះទេ ព្រោះមើលឃើញបាតជើងពណ៌ស។

មិនយូរប៉ុន្មាន មុំ បានទទួលដំណឹងថាអ្នកដែលស្លាប់នោះបានទៅលួចកាច់ពោតរបស់អង្គការចំនួន៦ផ្លែ កាលពីពេលយប់ដោយសារតែគាត់ឃ្លានខ្លាំងពេក។ នៅពេលដែលលួចបាន អ្នកដែលស្លាប់នោះបានហូបពោតឆៅមួយផ្លែប៉ុណ្ណោះ ហើយសល់៥ផ្លែទៀតបានយកទៅកប់លាក់ក្រោមគ្រែនៅក្នុងផ្ទះ។ ជាអកុសលប្អូនថ្លៃរបស់អ្នកស្លាប់បានលួចមើលឃើញ រួចយកទៅរាយការណ៍ជូនកងឈ្លប ហើយអង្គការបានទៅគាស់ពោតនោះចេញភ្លាមៗ និងបន្តទៅចាប់មនុស្សយកទៅសម្លាប់ពេលកំពុងធ្វើការ។ មុំ បានឲ្យដឹងថា អង្គការបានធ្វើការតាមដានប្រជាជនខ្លាំងណាស់ ដូច្នេះគាត់មិនហ៊ានលួចអាហារហូបទាល់តែសោះ សូម្បីតែផ្លែត្នោតទុំជ្រុះក្នុងព្រៃក៏មិនហ៊ានរើសហូបដែរ។

ចូលដល់រដូវទឹកទន្លេឡើង ក្រុមរបស់មុំ បានទៅចូលរួមបុណ្យនៅកំពង់យោល១សប្ដាហ៍ រួមជាមួយយោធាខ្មែរក្រហមជាច្រើននាក់ទៀត ប៉ុន្តែគាត់នៅតែមិនអាចឈ្លាតទៅមើលកូននៅក្នុងសហករណ៍ដដែល។ នៅការដ្ឋានការងារ មុំ បានចូលក្នុងកងពិសេស ដើម្បីធ្វើការងាររែកដីធ្វើទំនប់ប្រវែង១៥ម៉ែត្រ ទទឹង៤ម៉ែត្រកន្លះ និងជើងទេ៦ម៉ែត្រក្នុងមួយថ្ងៃ។ អំឡុងពេលធ្វើការ មុំ និងមិត្តនៅក្នុងក្រុមត្រូវរែកដីម្ដងបង្គី៤ ដើម្បីប្រគួតប្រណាំងជាមួយប្រជាជនក្នុងឃុំស្រង៉ែ ដែលមានមនុស្សមកពី១៧ភូមិក្បែរគ្នា។ នៅពេលទទួលបានជ័យជម្នះ អង្គការបានរៀបចំអាហារឲ្យមុំ និងសមាជិកក្រុមផ្សេងទៀតហូបបាយបានឆ្អែតម្ដងជាការលើកទឹកចិត្ត។

បន្ទាប់ពីបញ្ចប់ការងារនៅកំពង់អំពិល កំពង់យោល និងថ្មស អង្គការបានបញ្ជូនមុំ និងកងចល័តតំបន់១៧ទាំងអស់ ឲ្យទៅរែកដី និងលើកទំនប់នៅភ្នំដារ។ នៅពេលធ្វើដំណើរ ក្រុមរបស់មុំ បានចំណាយពេលពីរថ្ងៃទើបដើរទៅដល់កន្លែងធ្វើការងារ។ នៅទីនោះ មុំ មានការនឹករឭកដល់កូនរបស់គាត់ជាខ្លាំងរហូតដល់ហូបបាយមិនបាននៅពេលដែលឃើញជើងភ្នំ។ នៅពេលបញ្ចប់ការងារ មុំ បានត្រលប់មកធ្វើការក្បែរសហករណ៍វិញ ហើយគាត់បានទទួលដំណឹងថា អង្គការបាននាំប្ដីរបស់គាត់ រួមជាមួយមនុស្សចំនួន១៦នាក់ផ្សេងទៀតយកទៅដាំដូង ប៉ុន្តែជាក់ស្ដែងយកទៅសម្លាប់នៅក្នុងវត្តថ្មី។ មុំ បានបន្តថា ខ្លួនមិនបានដឹងពីមូលហេតុដែលកងឈ្លបចាប់ប្ដីរបស់គាត់យកទៅសម្លាប់ទាល់តែសោះ ប៉ុន្តែការគិតរបស់មុំ អង្គការប្រហែលជាស៊ើបដឹងថាប្ដីរបស់គាត់ធ្លាប់ធ្វើជាទាហាននៅក្នុងសម័យ លន់ នល់ ទើបត្រូវសម្លាប់បែបនេះ។

ក្រោយរបបខ្មែរក្រហមដួលរលំ មុំ នៅតែមានអារម្មណ៍ឈឺចាប់ក្នុងចិត្ត និងចងចាំជាប់ជានិច្ច ប៉ុន្តែគាត់មិនចង់សងសឹកអ្នកដែលប្រព្រឹត្តកំហុសកាលពីមុននោះទេ។ លើសពីនេះទៅទៀត មុំ បានរៀបរាប់ការលំបាករបស់ខ្លួនកាលពីមុនឲ្យក្មេងៗជំនាន់ក្រោយស្ដាប់ ប៉ុន្តែកូនចៅរបស់គាត់ហាក់មិនជឿជាមួយសម្ដីរបស់គាត់ និងបានបោះសម្ដីថា “មិនមានអ្នកណាម្នាក់បណ្ដោយឲ្យគេចែកអាហារ និងធ្វើបាបដូច្នេះទេៗ”។

នៅពេលផ្ដល់បទសម្ភាស មុំ មានជំងឺសួន, ចុករោយចង្កេះ ខ្នង, កើតគីស និងជំងឺលើសឈាម។ មុំ គិតថាជំងឺរបស់គាត់កើតឡើងដោយសារការធ្វើការងារធ្ងន់ៗនៅក្នុងសម័យខ្មែរក្រហម និងក្រោយពេលខ្មែរក្រហមដួលរលំ។ ដើម្បីព្យាបាលជំងឺ មុំ បានទៅទិញថ្នាំលេបជាប្រចាំ និងយកថ្នាំខ្មែរដាំផឹករួមផ្សំ។

សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin