អ៊ឹម ឈា ហៅ ឈាន នាទីអនុលេខាវរសេនាតូចវរសេនាធំ៦០១ កងពល១៧៤

អ៊ឹម ឈា ហៅ ឈាន មានអាយុ ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិខ្សាច់ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសប់ តំបន់៤២ ភូមិភាគកណ្តាល។[1] កាលពីអាយុ ៧ឆ្នាំ ឈាន បានចូលរៀននៅសាលាបឋមសិក្សាវត្តក្រោម ក្នុងស្រុកព្រែកប្រសប់ រហូតដល់ថ្នាក់ទី១០ ក៏បានឈប់រៀនមកធ្វើស្រែជាមួយឪពុកម្តាយ និងរកស៊ីកាប់អុសលក់ឱ្យថៅកែឡធ្យូងឈ្មោះ ទ្រី។

នៅឆ្នាំ១៩៧៣ ឈាន បានចូលរួមជាមួយបដិវត្តន៍តាមរយៈឈ្មោះ ថូ ដែលជាប្រធានភូមិខ្សាច់ទប់។ ដំបូងឡើយ ឈាន មករស់នៅភូមិ-ឃុំជ្រោយបន្ទាយបាន ១ថ្ងៃ ទើបឈ្មោះ ថៃ ដែលមាននាទីជាយោធាវរសេនាតូច៤០៦ តំបន់៤២ បានចាត់តាំងឱ្យទៅបម្រើការងារនៅកងវរសេនាតូច៤១០ កងតំបន់៤២ ជាយុទ្ធជន ស្ថិតក្រោមការគ្រប់គ្រងរបស់ឈ្មោះ ហង់ លេខាវរសេនាតូច៤១០ (ស្លាប់), សៀង និង ជុន។ ពេលមកដល់អង្គភាពភ្លាម ឈ្មោះ ហង់ បាននាំ ឈាន និង គុយ ដែលជាសមាជិកកងអនុវរសេនាតូច ដើរលេង និងបានអប់រំជាបន្តបន្ទាប់ ដោយលើកឡើងពីបញ្ហាធ្វើបដិវត្តន៍ថា «គ្មានអនាគត មិនភ្លឺស្វាង» និងនិយាយថា «កុម្មុយនីស្តស៊ីតែ​អង្ករកំប៉ុង» ព្រមទាំងបានអប់រំឱ្យប្រឆាំងនឹងបដិវត្តន៍។ ក្រោយមកទៀត ឈ្មោះ ហង់ បានហៅ ឈាន, គុន, ភាន់ (នាទីយោធាអនុសេនាតូច), ឡាយ (នាទីយោធាវរសេនាតូច៧០១) និង ភុំ (អនុក្រុម) នាំទៅអប់រំបន្ថែមឱ្យយល់ពីការតស៊ូប្រឆាំងនឹងបដិវត្តន៍។

នៅខែមេសា ឆ្នាំ១៩៧៣ ឈ្មោះ ហង់ បានបញ្ជូល ឈាន និង គុន ទៅជានាទី សេ.អ៊ី.អា. ដោយមានឈ្មោះ ជុន និង សៀង ជាឧទ្ទេសនាមអ្នកទទួលស្គាល់ ហើយ ហង់ ព្រមទាំងឈ្មោះ សែ (មុនចាប់ខ្លួន មាននាទីជាយុទ្ធជនវរសេនាតូច៣១១ វរសេនាធំ១១៣ កងពល១១៧) និងឈ្មោះ នា (នាទីសមាជិកវរសេនាតូច៣១១) បានចូលរួមជាភ្ញៀវ។ ដោយឡែកឈ្មោះ ភាន់, ភុំ និង ឡាយ នៅពេលជប់លៀងបិទកម្មវិធីបញ្ចូលជាភ្នាក់ងារ សេ.អ៊ី.អា. ទើបបានមកចូលរួមក្នុងកម្មវិធីជប់លៀងជាមួយ ឈាន។ ភារកិច្ចរបស់ សេ.អ៊ី.អា. គឺ៖ បំផុសយោធាឱ្យខ្លាចសមរភូមិ និងរត់ទៅផ្ទះ, គៀងគងប្រមូលកម្លាំងឱ្យបានច្រើន និងកម្ទេចកម្លាំងបដិវត្តន៍ដោយធ្វើឱ្យដាច់ខ្សែត្រៀម។

ក្រោយចូល សេ.អ៊ី.អា. ឈាន បានទៅទាក់ទងជាមួយឈ្មោះ គុន, ឡាយ, ផុន និង ភុំ រួមគ្នាធ្វើសកម្មភាពដេញគោប្រជាជននៅឃុំទ្រា ស្រុកកំពង់សៀម ឱ្យរត់ចូលទៅតំបន់ខ្មាំង តាមចន្លោះខ្សែត្រៀមកំពង់ចាម អស់ចំនួន ២០ក្បាល។ បន្ទាប់មក ឈាន ធ្វើសកម្មភាពជាមួយឈ្មោះ ភាន់ បំផុសប្រជាជន និងនាំប្រជាជននៅភូមិពោន ឃុំទ្រា ឱ្យរត់ទៅតំបន់ខ្មាំងឯក្រុងកំពង់ចាម អស់ចំនួន ៥គ្រួសារ។

នៅខែមករា ឆ្នាំ១៩៧៤ ឈ្មោះ សៀង បានហៅ ឈាន, គុន, ឡាយ និង ភុំ ទៅប្រជុំដាក់ផែនការនៅភូមិទ្រានលើ។ ខ្លឹមសារផែនការគឺ៖ បំផុសយុទ្ធជនឱ្យខ្លាចសមរភូមិ និងឱ្យរត់ទៅផ្ទះ ព្រមទាំងបំផុសប្រជាជន និងដេញគោឱ្យរត់ចូលតំបន់ខ្មាំង។ ឈាន បានធ្វើសកម្មភាពជាមួយ រ៉េន, ភាន់, ភុំ និង ឡាយ ប្រឆាំងបដិវត្តន៍ជាបន្តបន្ទាប់ដូចជា៖ ធ្វើឱ្យដាច់ខ្សែត្រៀម, បំផុសយុទ្ធជនឱ្យរត់ទៅផ្ទះ និងបំផុសប្រជាជនឱ្យរត់ទៅតំបន់ខ្មាំង។ នៅចុងឆ្នាំ១៩៧៤ ឈ្មោះ រ៉េន និង សៀង បានរងរបួសពិការ ក៏ដកថយទៅខាងក្រោយ ហើយ ហង់ ត្រូវគ្រាប់ស្លាប់ ។

នៅខែមករា ឆ្នាំ១៩៧៥ ឈ្មោះ សែ និង នា បានហៅ ឈាន, ភុំ, ឡាយ និង ភាន់ ព្រមទាំងកម្លាំង ២នាក់ទៀត គឺឈ្មោះ ហ៊ាន (មេក្រុមអា៨២ មាននាទីអនុសេនាធំ វរសេនាតូច កងពល១៧៤) និងឈ្មោះ នឿន (អនុក្រុម៨២ នាទីជាភស្តុភាអនុសេនាធំ វរសេនាធំ៦០១ កងពល១៧៤) ទៅប្រជុំ។ ខ្លឹមសារប្រជុំគឺ សែ និង នា បានណែនាំឱ្យ ឈាន, ភុំ, ឡាយ និង ភាន់ ស្គាល់ ហ៊ាន និង នឿន ជាខ្សែ សេ.អ៊ី.អា. ដូចគ្នា និងណែនាំឱ្យបន្តអនុវត្ត​ផែនការចាស់។ បន្ទាប់មក ឈាន, នឿន និង ហ៊ាន បានបំផុសឱ្យយោធាលួចបាញ់កន្លែងកម្មាភិបាលឃុំគៀន​ជ្រៃ ធ្វើឱ្យមានការច្របូកច្របល់ និងស្លាប់ប្រជាជនម្នាក់ ព្រមទាំងបំផុសយុទ្ធជនឱ្យរត់ទៅផ្ទះអស់ចំនួន ៣នាក់ ។

នៅខែមីនា ឆ្នាំ១៩៧៥ ឈ្មោះ រាប (មុនចាប់ខ្លួនជាសមាជិកកងពល១៧៤) បានចាត់តាំង ឈាន ឱ្យទៅនៅយោធាកងពលតូច។ នៅខែមេសា ឆ្នាំ១៩៧៥ ក្រោយពេលរំដោះ អង្គភាពរបស់ ឈាន បានចូលទៅទីក្រុងកំពង់ចាម ហើយក្នុងពេលនោះ តាមការចាត់តាំងរបស់ឈ្មោះ សែ, ឈាន, ហ៊ាន និង នឿន បានរួមគ្នាបោកគ្រាប់បែកកម្ទេចឃ្លាំងគ្រាប់អស់ ១ឃ្លាំង។ បន្ទាប់មកទៀត ឈាន បានរួមសកម្មភាពជាមួយ ហ៊ាន និង នឿន កសាងកម្លាំង ស៊ី.អាយ.អា. បាន ៥នាក់ រួមមានឈ្មោះ សេង, នី, យន, អ៊ាន និង ធូ ដែលជាយុទ្ធជននៅអនុសេនាតូច វរសេនា៧០១ វរសេនាធំ៦០១ នៃកងពល១៧៤។ ទាំងអស់គ្នាបានអនុវត្តផែនការដើរហើរសេរី, ស៊ីផឹកពាលាអាវ៉ាសែ និងផ្តើមអប់រំប្រឆាំងបដិវត្តន៍ថា «ថ្ងៃអនាគតមិនភ្លឺស្វាងឡើយ, ការប្រើប្រាស់កងទ័ពគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីសម្រាក ដោយគ្រាន់តែរំដោះភ្លាម អង្គការបង្ខំឱ្យយោធាធ្វើស្រែភ្លាម នាំឱ្យមានកងទ័ព​ជាច្រើនផ្ទុះគ្រាប់ស្លាប់»។ ទាំងអស់គ្នាបានអប់រំកងទ័ពថា «របបសមូហភាពមានភាពតឹងតែង ហើយរបបឯកជនធ្វើឱ្យសប្បាយចិត្ត និងមានសេរីភាពក្នុងការដើរហើរ»។ ក្រោយពីអប់រំរួច ឈាន បានរាយការណ៍ជូនឈ្មោះ សែ។ រហូតដល់ខែឧសភា ឆ្នាំ១៩៧៥ ឈ្មោះ សែ បានហៅអ្នកទាំង ៥នាក់នោះមកអប់រំម្តងទៀត ហើយ សែ និង នា ក៏ត្រូវបានបញ្ចូលជា សេ.អ៊ី.អា.។ នៅខែឧសភា ឆ្នាំ១៩៧៥ អង្គភាពរបស់ ឈាន បានចេញពីខេត្តកំពង់ចាម ទៅនៅរោងចក្រតម្បាញកំពង់ចាម​។ ក្នុងពេលនោះ ឈាន, ហ៊ាន, សេង, នី, យន, អ៊ាន, ធូ, ភាន់, ឡាយ, នា និង សែ បានរួមគ្នាលួចដោះខ្ចៅខ្ចងម៉ាស៊ីនរោងចក្រតម្បាញយកទៅទម្លាក់ចោលអស់មួយចំនួន​។

នៅខែមិថុនា ឆ្នាំ១៩៧៥ សែ និង នា បានហៅ ឈាន, ហ៊ាន, នឿន, សេង, ធូ, យន និង អ៊ាន ទៅប្រជុំដាក់ផែនការនៅផ្ទះថ្មខាងលិចរោងចក្រ។ ផែនការនោះមានខ្លឹមសារឱ្យបំផ្លិចបំផ្លាញសំណាប សន្ទូងស្រូវវស្សា និងកសាងកម្លាំង សេ.អ៊ី.អា. បន្ថែមទៀត។ ក្រោយពីទទួលបានផែនការ អ្នកទាំងអស់គ្នាបានធ្វើសកម្មភាពយកស្រូវចំនួន ៥០ថាំង ទៅសាបលើដីទំហំកន្លះហិកតា ធ្វើឱ្យសំណាបក្តាំងខូច ស្ទូងមិនកើត។ ពេលយកសំណាបទៅស្ទូងតាមការចាត់តាំងពី សែ និង នា រួចរាល់ ឈាន បានបញ្ជាឱ្យយុទ្ធជនដកចុះដកឡើងធ្វើឱ្យខូចសន្ទូង និងស្ទះការងារ។

នៅខែសីហា ឆ្នាំ១៩៧៥ អង្គភាពរបស់ ឈាន បានទៅជីកប្រឡាយនៅខាងលិចបន្ទាយ ក្នុងស្រុកកំពង់សៀម​។ សកម្មភាពរបស់ ឈាន រួមជាមួយ សេង និង នឿន បានអប់រំកសាងកម្លាំងយោធាបាន ២នាក់ ដោយបានអប់រំឱ្យប្រឆាំងបដិវត្តន៍ និងធ្វើសកម្មភាពដូចវគ្គអប់រំមុនៗ។ នៅខែតុលា ឆ្នាំ១៩៧៥ អង្គភាពរបស់ ឈាន បានទៅច្រូតស្រូវទុំនៅម្តុំវាលក្រោម ក្នុងស្រុកកំពង់ស្វាយ។ ពេលនោះ ឈាន, នឿន និង សេង នៅពេលដែលមិត្តយើងច្រូតខាងមុខ ពួកគេជាអ្នកចងកណ្តាប់ ប៉ុន្តែបែរជាជាន់ពន្លិចទៅក្នុងភក់អស់មួយចំនួនធំ។ នៅខែតុលា ឆ្នាំ១៩៧៥ ដដែល អង្គភាពរបស់ ឈាន បានទៅច្រូតស្រូវនៅខាងជើងស្រុកកំពង់សៀម។ នៅពេលនោះ ឈាន បានទាក់ទងខ្សែចាស់ជាមួយឈ្មោះ ភុំ, ភាន់, ឡាយ និង សេង រួមធ្វើសកម្មភាពតាមផែនការរបស់ឈ្មោះ សែ ដោយបានរៀបចំផែនការឱ្យយុទ្ធជនច្រូតស្រូវប្រណាំងគ្នា បណ្តាលឱ្យផលស្រូវខូចខាតដោយកំពប់ខ្ចាត់ខ្ចាយ និងបានបញ្ជាឱ្យយុវជនលើកភ្លឺស្រែធំៗ។ នៅពេលយុទ្ធជនធ្វើរួច ឈាន និងបក្ខពួកបានបញ្ជាឱ្យ​ផ្សាយថាយុវជនរំសាយធ្វើឱ្យតូចៗវិញ ធ្វើឱ្យយុវជនមានភាពស្មុគស្មាញប្រឆាំងនឹងអង្គការរឿងធ្វើការងារ​។ នៅខែមករា ឆ្នាំ១៩៧៦ ឈ្មោះ សែ និង នា បានហៅ ឈាន, នឿន, ហ៊ាន, ភុំ, ឡាយ, ភាន់, យន, ធូ, អ៊ាន, នី និង សេង ទៅប្រជុំនៅខាងលិចរោងចក្រតម្បាញកំពង់ចាម ប្រហែល ៥០ម៉ែត្រ។ នៅពេលប្រជុំ ឈាន បានទទួលផែនការ៖ កសាងកម្លាំង សេ.អ៊ី.អា. ដោយជ្រើសរើសសមាសភាព, កម្ទេចកម្លាំងបដិវត្តន៍ណាដែលអប់រំមិនបាន និងបំផ្លិចបំផ្លាញសេដ្ឋកិច្ច ដើម្បីធ្វើឱ្យខ្វះខាត ងាយស្រួលកសាងកម្លាំង សេ.អ៊ី.អា.។

នៅខែកុម្ភៈ ឆ្នាំ១៩៧៦ ឈាន បានអនុវត្តតាមផែនការរបស់ សែ និង នា ហើយបានរាយការណ៍ជូន សែ ពីការចាប់ខ្លួនកម្មាភិបាលក្នុងក្រុមម្នាក់ឈ្មោះ ស្នង ធៀម យកទៅសម្លាប់ ដោយសារតែ ធៀម មិនអាចអប់រំកសាងបាន។ បន្ទាប់មក តាមការណែនាំរបស់ឈ្មោះ សែ, ឈាន, សេង និង នឿន បានចាត់តាំងឱ្យយុទ្ធជនទៅលេងផ្ទះ ដោយជ្រើសរើសពួកសមាសភាពសេរី និងពាក់ព័ន្ធឱ្យទៅ ហើយណែនាំឱ្យទៅបំផុសប្រជាជនតាមរូបភាពដែលប្រជាជនខ្វះខាត ឱ្យឃោសនាបំភ្លៃមាគ៌ាពីរឿង «សហករណ៍រួមមិនចេះរីកចម្រើន» ធ្វើឱ្យប្រជាជនមានទំនាស់ជាមួយសហករណ៍។ ក្រោយមកទៀត សែ បានចាត់តាំង ឈាន, នឿន និង សេង ឱ្យទៅត្រៀមលួចចាំបាញ់ឡានរបស់កម្មាភិបាលបដិវត្តន៍សំខាន់ៗ ដែលចេញចូលតាមផ្លូវភ្នំពេញ បុសខ្នោរ និងកំពង់ចាម។ ក្នុងនោះ ឈាន, នឿន និង សេង បានបាញ់ឡានកម្មាភិបាលបដិវត្តន៍ចំនួន ២ដង ដោយលើកទី១ បាញ់ឡានទ្រុងធ្លាយកង់។ បន្ទាប់មកទៀត ឈាន និងបក្ខពួកបានលួចគប់គ្រាប់បែកដាក់មន្ទីរយោធា បណ្តាលឱ្យរបួស ៥នាក់។

នៅខែឧសភា ឆ្នាំ១៩៧៦ អង្គភាពបានដក ឈាន ឱ្យទៅលើកទំនប់។ នៅទីនោះ ឈាន, នឿន និង សេង បាននាំគ្នាលួចបាញ់បង្អើលតាមភូមិប្រជាជនដែលនៅជិតអង្គភាព ឱ្យមានការផ្អើលឆោឡោ។ នៅខែមិថុនា ឆ្នាំ១៩៧៦ សែ និង នា បានជិះម៉ូតូឌុប វាសនា និង ភាន់ ទៅរួមប្រជុំទទួលផែនការពីឈ្មោះ ឌួង (មុនចាប់ខ្លួនជាយោធាវរសេនាធំ១១៣ កងពល១១៧) នៅតំបន់ព្រែកដើមចាន់ ក្នុងស្រុកកំពង់សៀម។ សមាសភាពចូលរួមប្រជុំមានឈ្មោះ សឿ, សឿន, រិន និង សារ៉ាយ ដែលជាប្រធាន អនុប្រធាន និងលេខានៅវរសេនាតូច៣០៣ វរសេនាធំ១១៣។ ខ្លឹមសារប្រជុំគឺរៀបចំផែនការត្រៀមបាញ់ឡានអង្គការ និងកម្មាភិបាលបដិវត្តន៍តាមផ្លូវបុសខ្នោរ និងខ្វាវ ព្រមទាំងត្រៀមរៀបចំកម្លាំង, សម្ភារយោធា និងត្រៀមអនុវត្តផែនការវាយយកក្រុងកំពង់ចាម នៅខែកក្កដា ឆ្នាំ១៩៧៦។ ក្រោយពីទទួលផែនការ ឈាន និងបក្ខពួក បានរៀបចំកម្លាំងដើម្បីអនុវត្តផែនការ។

នៅខែកក្កដា ឆ្នាំ១៩៧៦ ឈាន, នី និង យន បានលួចបាញ់បង្អើលប្រជាជនក្នុងភូមិក្រឡា ក្នុងស្រុកកំពង់សៀម ឱ្យផ្អើលឆោឡោទាំងយប់។ នៅខែកញ្ញា ឆ្នាំ១៩៧៦ អង្គភាពរបស់ ឈាន បានផ្លាស់ទៅច្រូតស្រូវនៅវាលក្រោម។ នៅពេលនោះ ឈាន និងបក្ខពួកបានរួមគ្នាបំផ្លាញស្រូវប្រជាជន ដោយបញ្ជាឱ្យយុទ្ធជនច្រូតសម្រុកលឿនរហ័ស បណ្តាលឱ្យស្រូវកំពប់ខ្ជះខ្ជាយ ទទួលបានទិន្នផលតិច។ ក្រោយមកទៀត នៅពេលជញ្ជូនស្រូវដាក់ក្នុងជង្រុក ឈាន និង សែ បានលួចដុតស្រូវដោយបោះកន្ទុយបារីទៅលើគំនរចំបើងជិតលានស្រូវ ធ្វើឱ្យឆេះចំបើងអស់ ចំណែកឯស្រូវត្រូវបានមិត្តយើងពន្លត់ទាន់។ បន្ទាប់ពីដុតស្រូវមិនបានសម្រេច ឈាន បានលួចដុតពូជស្រូវកសិកម្មធ្វើឱ្យឆេះអស់។

នៅខែតុលា ឆ្នាំ១៩៧៦ សែ បានចាត់តាំង ឈាន, ភាន់ និង យន រួមគ្នាធ្វើសកម្មភាពលួចដុតស្រូវនៅតំបន់ស្រែខាងកើតភូមិរលួស ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឆេះអស់ប្រហែល ៣០ហិកតា។ នៅខែវិច្ឆិកា ឆ្នាំ១៩៧៦ អង្គភាពរបស់ ឈាន ផ្លាស់មកនៅស្រុកកំពង់សៀមវិញ។ នៅទីនោះ នៅពេលច្រូតស្រូវ​ក្នុងទឹក ឈាន, សេង និង យន បានបំផ្លាញផលស្រូវដោយយកកណ្តាប់ស្រូវទៅជាន់ពន្លិចទឹក។ នៅខែមករា ឆ្នាំ១៩៧៧ ឌួង បានហៅ ឈាន, សេង និង យន ទៅប្រជុំនៅព្រែកដើមចាន់ ក្នុងស្រុកកំពង់សៀម​។ អ្នកចូលរួមប្រជុំមានឈ្មោះ រិន, សារ៉ាយ, ពៅ និង អ៊ី ដែលមាននាទីជាយោធាវរសេនាតូច កាំភ្លើងធំ កងពល១៧៤។ ខ្លឹមសារប្រជុំគឺទទួលផែនការវាយយកក្រុងកំពង់ចាមនៅខែមីនា ឆ្នាំ១៩៧៧។ បន្ទាប់មក ឈាន និងបក្ខពួកទាំងអស់បានរួមគ្នាធ្វើសកម្មភាពអប់រំពង្រឹងខ្សែ សេ.អ៊ី.អា. នៅក្នុងអង្គភាព ដោយបំផុសយុទ្ធជនអំពីការត្រៀមរៀបចំសម្ភារយោធាឱ្យហើយស្រេច ដោយឃោសនាថា «សភាពការណ៍ទៅថ្ងៃមុខនឹងមានការប្រែប្រួល»។

នៅចុងខែមីនា ផែនការវាយយកក្រុងកំពង់ចាមត្រូវបរាជ័យ ហើយអង្គការបានចាប់កម្លាំង សេ.អ៊ី.អា. ជាបន្ត​បន្ទាប់​។ នៅខែដដែល ក្រោយពីអង្គការចាប់បានកម្លាំងក្បត់មួយចំនួន ឈ្មោះ រាប បានហៅ ឈាន ទៅប្រជុំនៅវិហារលើភ្នំ។ ពេលប្រជុំមានសមាសភាព ខា, កុល, នីន, អិន, អេន និង ញក់ ដែលជាលេខាវរសេនា៧០២ កាំភ្លើងធំ (ទាំងអស់គ្នាត្រូវបានអង្គការចាប់ខ្លួន)។ នៅពេលប្រជុំ ឈ្មោះ រាប បានណែនាំថា «វេង និង ស៊ីម ត្រូវអង្គការចាប់ខ្លួនអស់ហើយ ដូច្នេះត្រូវប្រុងប្រយ័ត្ន»។ បន្ទាប់មក រាប បានដាក់ផែនការឱ្យរៀបចំកម្លាំងត្រៀមអាវុធ និងគ្រាប់រំសេវចាំទទួលផែនការ ព្រមទាំងអប់រំយុទ្ធជនកសាងកម្លាំង សេ.អ៊ី.អា. បន្ថែម។ ក្រោយពីប្រជុំ រាប បានចាត់តាំងឱ្យបំបែកជាក្រុមតូចៗទៅការពារប្រជាជននៅតាមភូមិ ក្នុងតំបន់៤១ និង៤២។ ក្នុងពេលនោះ ឈាន, សេង និង យន បានទៅប្រចាំការ។ នៅខែកក្កដា ឆ្នាំ១៩៧៧ រាប បានចាត់តាំង ឈាន ឱ្យយកកម្លាំងយុទ្ធជន ៦០នាក់ និងយុទ្ធនារី ៤០នាក់ ទៅស្ទូងស្រូវនៅក្នុងស្រុកបាធាយ។ នៅពេលនោះ ឈាន បានបំផុសយុទ្ធជន និងយុទ្ធនារីឱ្យប្រព្រឹត្តខុសសីលធម៌​។ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៧៧ រាប បានចាត់តាំង ឈាន ទៅធ្វើជាយោធានៅវរសេនាតូច៧០១។ នៅពេលប្រកាសចាត់តាំងរួច ឈាន បានត្រឡប់ទៅស្រុកបាធាយវិញ។

រហូតដល់ខែកញ្ញា ឆ្នាំ១៩៧៧ កងពលរបស់ សែ បានឱ្យ រាប ប្រមូលអាវុធចូលឃ្លាំងទាំងអស់ ដោយទុកតែ ៥ដើមប៉ុណ្ណោះក្នុង ១វរសេនាតូច។ នៅពេលនោះ រាប បានហៅ ឈាន, រ៉េន, អិន, វឿន, នីន, ខា និង ប៉ុន ទៅប្រជុំ និងណែនាំប្រាប់ពីបញ្ហាដែលកងពលដកអាវុធ ព្រមទាំងប្រាប់ពីផែនការដែលមិនបានសម្រេច ដោយបន្ថែមថា «ទោះបីជាយ៉ាងនេះក៏ដោយ យើងត្រូវតែសម្រេចផែនការរបស់យើងនៅខែកញ្ញា នេះឱ្យបាន។ ដូច្នេះ យើងត្រូវធ្វើឱ្យផ្ទុះគ្រាប់បែកនៅក្នុងឃ្លាំងអាវុធក្រុងកំពង់ចាម ហើយពេលផ្ទុះរួច កងពលច្បាស់ជាឱ្យយោធាចូលទៅរៀបដឹកជញ្ជូនចេញពីឃ្លាំង ហើយនៅពេលនោះ យើងត្រូវយកអាវុធបំពាក់ឱ្យយុទ្ធជនម្នាក់ ១ដើម ព្រមទាំងផ្ទុះអាវុធចេញពីក្នុងតែម្តង»។ រាប បន្ថែមថា «បើផែនការមិនបានសម្រេចទេ យើងត្រូវបង្កប់ខ្លួនបន្តទៅមុខទៀត»។ លុះដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៧៧ ឈាន បានត្រឡប់ពីស្រុកបាធាយមកដល់ស្រុកកំពង់សៀម ស្រាប់តែមានការផ្ទុះគ្រាប់បែកនៅក្នុងក្រុងកំពង់ចាម។ នៅទីនោះ ឈាន ក៏បានជួបឈ្មោះ រាប នៅភ្នំប្រុស-ភ្នំស្រី ហើយ រាប បានចាត់តាំង ឈាន ឱ្យរៀបចំកម្លាំងចូលទៅរើយកអាវុធតាមផែនការ ដើម្បីឱ្យបក្ខពួកបំពាក់អាវុធឱ្យយុទ្ធជន ផ្ទុះអាវុធចេញពីក្នុងគុកក្រុងកំពង់ចាមវាយចេញមកក្រៅ ប៉ុន្តែក្នុងពេលនោះ អង្គការមិនឱ្យកងទ័ពចូលឡើយ គឺឱ្យកម្មករក្នុងក្រុងកំពង់ចាមចូលរុះរើអាវុធវិញ។ ពេលនោះ ផែនការរបស់ ឈាន ក៏ត្រូវបានបរាជ័យ។ លុះដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៧៧ ឈាន ត្រូវបានអង្គការចាប់ខ្លួន៕

[1] D00១៥២ ឯកសារសេចក្តីកំណត់ហេតុចម្លើយមានចំនួន ១៦ទំព័រ រៀបរាប់ពីប្រវត្តិ និងសកម្មភាពក្បត់របស់ អ៊ឹម ឈា ហៅ ឈាន នាទីគឺជាអនុលេខាវរសេនាតូច ៧០១ វរសេនាធំ៦០១ នៃកងពល១៧៤ ភូមិភាគកណ្តាល។ ឈាន បានចូលរួមចលនាសេ.អ៊ី.អា. ចាប់តាំងពីឆ្នាំ១៩៧៣ ក្រោមការបញ្ចុះបញ្ចូល និងដឹកនាំពីឈ្មោះ ហង់, សែ, នា និង រាប។ ឈាន ព្រមទាំងបក្ខពួក បានធ្វើសកម្មភាពបំផ្លិចបំផ្លាញជាច្រើនប្រឆាំងនឹងរបបខ្មែរក្រហម រួមមាន៖ ការបំផុសយោធាឱ្យរត់ចោលស្រុក, ដេញគោ និងដឹកនាំប្រជាជនរត់ចូលតំបន់ខ្មាំង, បោកគ្រាប់បែកកម្ទេចឃ្លាំងគ្រាប់, ដោះខ្ចៅម៉ាស៊ីនរោងចក្រតម្បាញ, បំផ្លាញសំណាប និងដុតស្រូវអស់ជាច្រើនហិកតា, បាញ់ប្រហារ និងដកកម្លាំងប្រឈមមុខ។ ក្រោយពេលផែនការវាយដណ្តើមយកក្រុងកំពង់ចាមត្រូវបរាជ័យជាបន្តបន្ទាប់ ឈាន ក៏ត្រូវបានអង្គការចាប់ខ្លួននៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៧៧។ សេចក្តីកំណត់ហេតុចម្លើយរបស់ អ៊ីម ឈា ហៅ ឈាន មានចុះហត្ថលេខារបស់មាក និងចិន ចុះកាលបរិច្ឆេទនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៧៧។


អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin