ប៉ាល់ ស៊ីម វរសេនាធំ ១៥២

ចម្លងចេញពីចម្លើយសារភាពរបស់ ប៉ាល់ ស៊ីម យោធានៅវរសេនាធំ ១៥២ ដែលបានធ្វើនៅមន្ទីរស-២១ ក្រុងភ្នំពេញមានចំនួន ៣៤ ទំព័រ និងមានចុះហត្ថលេខារបស់សាមីខ្លួនផ្ទាល់ ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៧៧៖[1]
អង្គការជាទីគោរពស្នេហា ខ្ញុំសូមធ្វើសេចក្តីរាយការណ៍អំពីសកម្មភាពក្បត់របស់ខ្ញុំ៖ ខ្ញុំឈ្មោះ ប៉ាល់ ស៊ីម កើតនៅភូមិកន្លែងចក ឃុំមាស ស្រុកកោះសូទិន តំបន់ ២២ សូមរាយការណ៍សកម្មភាពក្បត់ដូចតទៅ៖
នៅឆ្នាំ ១៩៦៧ ខ្ញុំជាកម្មករសង់ផ្ទះថ្មនៅអូរាំងឪ។ នៅចុងឆ្នាំ ១៩៦៧ ខ្ញុំបានចូលទៅទាក់ទងគេសុំរៀនសូត្រផ្នែកវិទ្យុទទួលសំឡេងនៅខេត្តកំពង់ចាម យីហោខ្មែរនិយម។ នៅពាក់កណ្តាលឆ្នាំ ១៩៦៩ ខ្ញុំបានធ្វើដំណើរមកលេងផ្ទះ។ ពេលនោះខ្ញុំជួបនឹងឈ្មោះ ឌឹម នៅក្នុងរោងគេសង់រៀបអាពាហ៍ពិពាហ៍មួយ។ ឌឹម បានចេញមកទាក់ទងទទួល។ នៅពេលនោះខ្ញុំមិនដែលស្គាល់គាត់សោះ តែឃើញអាកប្បកិរិយាគួរឱ្យចូលចិត្ត។ ក្រោយពេលហូបចុកក្នុងពិធីការហើយ បានសំណេះសំណាលបន្តិច រួចបានបែកគ្នាចេញទៅកន្លែងរៀងៗខ្លួនទៅ ហើយខ្ញុំបានចេញទៅធ្វើការនៅឯកំពង់ចាមវិញ។ នៅចុងឆ្នាំ ១៩៦៩ ខ្ញុំត្រូវថៅកែដេញចេញពីកន្លែងធ្វើការ ឈប់ឱ្យខ្ញុំធ្វើការតទៅទៀត ដោយសារមានការបាត់បង់សម្ភារ។ ពេលនោះខ្ញុំមកដល់ផ្ទះ ស្នាក់អាស្រ័យនៅជាមួយឪពុកម្តាយ ធ្វើស្រែ នេសាទត្រីតាមធម្មតា អស់រយៈពេល ២ ឬ ៣ ខែ ខ្ញុំបានលើកបញ្ហាមកពិភាក្សាជាមួយឪពុកម្តាយ ចង់ស្នើសុំគាត់ទៅរៀនតទៅទៀត នៅអូររាំងឪ ឈប់ទៅឆ្ងាយ។ ការជជែកគ្នាមិនទាន់បានឯកភាពគ្នាផង អស់រយៈពេល ១៥ ថ្ងៃ ឃើញ ស.ម ឌឹម ដើរឡើងទៅលើផ្ទះខ្ញុំ ហើយចាប់ផ្តើមពិភាក្សាជាមួយគ្នាបន្ត។ ពេលនោះ ស.ម ឌឹម មានមតិថា កុំអាលទៅអីទៀត ស្រុកយើងឥឡូវមិនស្រួលទេ ឯសភាពការណ៍ស្រូវអង្ករឡើងថ្លៃ លុយចុះថោកដល់កម្រិត។ បើតាមពិនិត្យប្រហែលជាអាចកើតសង្គ្រាមនៅពេលខាងមុខ ដូច្នេះយើងនៅនេះសិនហើយ កុំអាលទៅឯណាធ្វើអីទៀត។ ពេលកើតសង្គ្រាមនោះ បើចេញទៅមិនដឹងទៅរកស៊ីឯណាដែរ។ មតិនេះធ្វើឱ្យខ្ញុំចាប់អារម្មណ៍ដែរ។ ដូច្នេះលែងចង់ធ្វើដំណើរទៅសិក្សាឯណាទៀត ដោយសម្រេចចិត្តពន្យារពេល ៣ ទៅ ៤ ខែទៀត ចាំមើលសភាពការណ៍នេះយ៉ាងម៉េច។
រហូតដល់ឆ្នាំ ១៩៧០ ខែមីនា មានព្រឹត្តិការណ៍រដ្ឋប្រហារផ្តួលរំលំរបបសង្គមរាស្រ្តនិយម។ ខ្ញុំបានកំណត់ថាអាចកើតសង្គ្រាម ដូច ស.ម ឌឹម មានមតិមែន។ ក្រោយមក ១ ថ្ងៃទៀត ស.ម ឌឹម បានមកជួបខ្ញុំនៅផ្ទះ និងពិភាក្សាថាសភាពការណ៍ឥឡូវនេះដល់ហើយ សង្គ្រាមមិនអាចមាននរណាម្នាក់អាចទប់បានទេ។ ថ្ងៃស្អែកឬខានស្អែកច្បាស់ជាមានបាតុកម្មហើយ។ ស.ម ឌឹម បានសួរខ្ញុំថា ឯងប្រកាន់គោលជំហរខាងណា ខាងបដិវត្តន៍ ឬយ៉ាងម៉េច? ខ្ញុំថាមិនទាន់ដឹងទេ។ អ៊ីចឹងទើប ស.ម ឌឹម វែកញែកអំពីរបបនៅក្នុងពិភពលោក គឺមានកុម្មុយនីស្ត និងលោកសេរី។ ស.ម ឌឹម ឱ្យមតិថាមានសង្គមពីរអ៊ីចឹង តើឯងយកខាងណា ពិនិត្យពិចារណាទៅ។ ខ្ញុំថាបើសិនលោកសេរីដូចជាស្រួលបន្តិច ធ្វើការតាមចិត្តនឹកឃើញធ្វើ។ ដល់អ៊ីចឹង ស.ម ឌឹម មានមតិស្របគ្នា ប៉ុន្តែយើងធ្វើបដិវត្តន៍សិនអ៊ីចឹង យើងព្រមធ្វើបដិវត្តន៍ទាំងអស់គ្នា។ គោលការណ៍គឺមានជំហរប្រឆាំងបដិវត្តន៍ ប៉ុន្តែសម្របខ្លួនតាមនេះ គឺត្រូវធ្វើបដិវត្តន៍។ ដល់អ៊ីចឹងខ្ញុំបានទៅចូលរួមក្នុងកងទ័ពមួយកង។ កងទ័ពឆ្នាំ ៧០ កាលណោះ គេចាត់តាំងឱ្យខ្ញុំទៅកងផលិត។ ក្នុងឆ្នាំ ១៩៧០ ដដែល ធ្វើជាកងផលិត។ ខ្ញុំបានរួមសកម្មភាពជាមួយ ឌឹម បំផុសឱ្យយុទ្ធជនរត់ទៅផ្ទះមួយចំនួន និងបំផ្លិចបំផ្លាញស្ពៃ ព្រមទាំងផលដំណាំខ្លះនៅកន្លែងផលិតនេះនោះ។ កម្លាំងត្រូវរត់បែកខ្ញែកអស់ទៅ។ ក្រោយមកទៀតក្នុងឆ្នាំ ១៩៧០ នេះដដែលបានជួបនឹង ស.ម ទុំ។ ទុំ បានស្នើសុំ ស.ម ឌឹម ទៅវិញដោយសុំអង្គភាពផលិតទៅធ្វើជាកងទ័ព។ ឯរូបខ្ញុំត្រូវបានផ្លាស់ប្តូរទៅក្នុងមន្ទីរនីរសារបស់ស្រុកកោះសូទិន សម្រាប់នាំសារ និងផ្តល់ព័ត៌មានជូនទៅថ្នាក់ក្រោម។ នៅចុងឆ្នាំ ១៩៧០ ខ្ញុំបានចូលទៅក្នុងអង្គភាពយោធា ទទួលភារជាអនុប្រធានកង អនុសេនាតូចប្រចាំស្រុកកោះសូទិន។ នៅឆ្នាំ ១៩៧១ ខ្ញុំកាន់កងអនុសេនាតូច។ នៅឆ្នាំ ១៩៧២ ខ្ញុំឡើងជាប្រធានកងអនុសេនាតូច។ នៅឆ្នាំ ១៩៧២ ទើបខ្ញុំដឹងតាមរយៈ ស.ម ឌឹម អំពីការក្បត់របស់ ស.ម ទុំ ប៉ុន្តែខ្ញុំមិនទាន់បានដឹងពី ស.ម ទុំ ផ្ទាល់ទេ។ នៅឆ្នាំ ១៩៧១ រហូតដល់ ឆ្នាំ១៩៧២ ខ្ញុំបានរួមសកម្មភាពក្បត់នៅលើសមរភូមិ ដូចជានៅសមរភូមិព្រែកជីកដូនម៉ៅ បានបញ្ចេញសម្ភារពីតំបន់រំដោះឱ្យតំបន់ខ្មាំង និងទាក់ទងជាមួយនឹងប្រពន្ធខ្មាំងឱ្យផ្លោងកាណុងដាក់ នេះជាសកម្មភាពក្បត់របស់ខ្ញុំបានធ្វើកន្លងមក។
នៅឆ្នាំ ១៩៧២ នៅសមរភូមិកោះសូទិន យើងខ្ញុំបានបើកខ្សែត្រៀមឱ្យខ្មាំងចូលពីក្រោយ ដើម្បីបណ្តោយឱ្យខ្មាំងព័ទ្ធកម្លាំងបដិវត្តន៍។ នៅឆ្នាំ ១៩៧៣ និង ១៩៧៤ យើងខ្ញុំបានរួមសហការជាមួយនឹងកងទ័ពភូមិភាគបូព៌ា ជាមួយនឹងកងទ័ពភូមិភាគឧត្តរ ទទួលភារវាយកម្ទេចទីតាំងខ្មាំងបោះនៅកោះកំពង់ត្រុម, កោះប៉ែន ប៉ុន្តែធ្វើភារមិនបាន ដោយមានខ្មាំងបង្កប់ឱ្យដំណឹងទៅខ្មាំងមុន ខ្មាំងចេញការពារខាងក្រៅ កម្លាំងត្រូវខូចខាតជាទម្ងន់។ រហូតដល់ឆ្នាំ ១៩៧៤ ខ្ញុំត្រូវអង្គការតំបន់ឱ្យទទួលកងទ័ពថ្មីរបស់តំបន់ទើបនឹងចាត់តាំង គឺកងទ័ពកងវរសេនាធំមួយឈ្មោះ វរសេនាធំ ១៥២។ ខ្ញុំគ្រប់គ្រងអង្គភាពទទួលភារជាសមាជិកកងវរសេនាធំ។ អ្នកដឹកនាំមាន ស.ម ឌឹម ជាលេខា, សូរឿង មកពីភាគខាងជើងជាអនុលេខា, ខ្ញុំជាសមាជិក, ង៉ែត ជាសមាជិក និងស.ម នេត ជាជំនួយការ។ កាលណោះបានធ្វើសកម្មភាពប្រឆាំងនឹងបដិវត្តន៍ ដោយដាក់សញ្ញាឱ្យយន្តហោះមើលឃើញ ហើយបានកម្ទេចឧបករណ៍ឆ្លងទន្លេមកវាយខ្លាំង ឱ្យស្ទះដល់ផែនការប្រយុទ្ធ។ នៅពេលនោះយើងខ្ញុំជួបជាមួយ ស.ម ទុំ ជាញឹកញាប់ និងបានណែនាំគ្នាអំពីអំពើក្បត់ ព្រមទាំងការប្រើប្រាស់កម្លាំងលើសមរភូមិ។ នៅពាក់កណ្តាលឆ្នាំ ១៩៧៤ ខ្ញុំត្រូវផ្លាស់ប្តូរពីអង្គភាពចាស់ មកកាន់អង្គភាពថ្មី គឺនៅអង្គភាពវរសេនាធំ ១៥២ មាន ស.ម ឌឹម ជាលេខា មានខ្ញុំជាអនុលេខា។ នៅខែធ្នូ ឆ្នាំ ១៩៧៤ ទើបខ្ញុំទទួលភារកិច្ចថ្មីនៅអង្គភាពផ្សេង គឺអង្គភាពវរសេនាធំ ១២៤ មាន ស.ម ម៉ាត់ ជាលេខា មានខ្ញុំជាអនុលេខា, ស.ម គ្រី ជាសមាជិក មានគ្នា ៣ នាក់ ទទួលអង្គភាពរួមចំណែកប្រយុទ្ធបោសសម្អាតទីក្រុង និងរំដោះទូទាំងប្រទេស។
ក្រោយថ្ងៃទី ១៧ ខែមេសា៖ នៅខែមិថុនា ខ្ញុំមិនទាន់មកទទួលកង ១៥២ ទេ គឺទទួលកង ១២៤ សិន។ ពេលនោះខ្ញុំបានជួប ស.ម ង៉ែត ធ្វើដំណើរពីព្រំដែនមក ហើយមកទាក់ទងខាងភ្នំពេញ។ ពេលនោះខ្ញុំបានសាកសួរ ស.ម ង៉ែត ព្រំដែនមានសភាពការណ៍យ៉ាងម៉េចគាត់ឆ្លើយថា ព្រំដែននៅស្រុកយួនគឺរស់នៅមិនមានសហករណ៍អីទេ ប្រជាជនរស់នៅរបៀបស្រុកពីដើមមានផ្សារមានអី។ ប្រជាជនរស់នៅស្រួលម្យ៉ាងដែរ ធ្វើការដោយសេរី។ ក្នុងខែកក្កដា ខ្ញុំជួប ស.ម ឌឹម ខ្ញុំត្រូវប្តូរពីអង្គភាព ១២៤ មកអង្គភាព ១៥២ ជួប ស.ម ឌឹម ពេលនោះអាអឿន ឱ្យថ្នាំពេទ្យជាសេរ៉ូមមួយចំនួនជិត ១០០ ប្លោក។ រហូតដល់ ខែសីហា ស.ម ឌឹម ត្រូវបែកចេញទៅសមុទ្រ។ ដូច្នេះ ស.ម ឌឹម ត្រូវប្រគល់កម្លាំងដែលគាត់កសាងបានមកឱ្យខ្ញុំ គឺ ស.ម វិន, ស.ម វី, ស.ម សាវី, ស.ម ឈន, អៀងចេក, ស.ម ហ៊ុន, ស.ម លាង, ស.ម យ៉ាន, ស.ម ភី, ស.ម ហ៊ឹម នេះជាកម្លាំងដែលកសាងបាន។ នៅខែមករា ឆ្នាំ ១៩៧៦ ខ្ញុំទទួលផែនការរៀបចំកម្លាំងឱ្យម្ចាស់ការ ដើម្បីប្រយុទ្ធក្នុងសភាពការណ៍ដែលកើតឡើង គឺម្ចាស់ការប្រយុទ្ធបានភ្លាម។ ខ្ញុំបានរៀបចំទាំងកម្លាំងមនុស្ស អាវុធ និងម៉ារីន (ទូក/កប៉ាល់) ចំនួន ១០ គ្រឿង។ ខែមីនា ឆ្នាំ ១៩៧៦ ទើបគេឱ្យយើងខ្ញុំដឹងថានៅខាងសមុទ្រ មានកម្លាំងពីសមុទ្ររត់មកមួយចំនួន ប៉ុន្តែត្រូវចាប់បាន។ រហូតដល់ខែវិច្ឆិកា ១៩៧៦ គេឱ្យខ្ញុំទៅពិនិត្យកប៉ាល់ និងត្រៀមលក្ខណសម្បត្តិ តើកម្លាំងមនុស្សគ្រប់ចំនួន ហើយឬទេ ដើម្បីមានវិធានការវាយបក្ស តែគេប្រាប់ខ្ញុំថាផែនការនេះនឹងធ្វើនៅក្នុងឆ្នាំ ១៩៧៧។ ខ្ញុំចេះតែរង់ចាំមិនឃើញ ស្រាប់តែអង្គការឃាត់ខ្លួនខ្ញុំ។ យើងខ្ញុំសូមគោរពរាយការណ៍ជូនបក្សដោយស្មោះត្រង់ លើសេចក្តីរាយការណ៍របស់ខ្ញុំ។ សូមបក្សទទួល និងពិនិត្យ បើមានខ្វះខាតនៅជ្រុងណាទៀតដែលខ្ញុំរាយការណ៍មិនគ្រប់ សូមអភ័យទោសសុំរស់នៅជាប្រជាជនធម្មតាមួយរូបនៅក្នុងសង្គមនិយមយើងតទៅទៀត សូមបក្សអនុគ្រោះលើកលែងទោសឱ្យយើងខ្ញុំ។
ធ្វើនៅថ្ងៃ២៩ ខែមេសា ឆ្នាំ១៩៧៧
ហត្ថលេខា
ស៊ីម
ប៉ាល់ ស៊ីម រាយការណ៍ពីសកម្មភាពកម្លាំងក្បត់ ចំនួន២១ នាក់ នៅវរសេនាធំ ១៥២
សូមគោរពអង្គការបក្ស សូមរាយការណ៍អំពីសកម្មភាព និងកម្លាំងដែលរួមសកម្មភាពក្បត់ នៅក្នុងវរសេនាធំ ១៥២៖
១. អំពី ស.ម យ៉េត៖ នាទីជាអនុលេខា រោងជាងដំឡើងកប៉ាល់ មានស្រុកកំណើតនៅសណ្តាន់ ខេត្តក្រចេះ មានគ្រួសារនៅភូមិពាម សង្កាត់ពាមព្រះភ្នួស ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ស.ម យ៉េត ធ្លាប់ធ្វើការឱ្យបារាំងនៅចម្ការកៅស៊ូ។ ចូលបដិវត្តន៍នៅឆ្នាំ ១៩៧០ តាមរយៈ ស.ម ចៅ លឿង លេខាឃុំពាមព្រះភ្នួស។ រហូតដល់ឆ្នាំ ១៩៧២ បានមកចូលក្នុងអង្គភាពយោធាស្រុកកោះសូទិន មានរូបខ្ញុំ (ប៉ាល់ ស៊ីម) ជាអ្នកគ្រប់គ្រង។ ស.ម យ៉េត ក្បត់កាលចុងឆ្នាំ ១៩៧២ មានយើងខ្ញុំអប់រំអូសទាញ។ ក្រោយមកបានធ្វើសកម្មភាពក្បត់នៅក្នុងសង្គ្រាមដូចតទៅ៖ នៅសមរភូមិកោះសូទិន បានហៅខ្មាំងឱ្យឡើងពីក្រោយខ្សែត្រៀមព័ទ្ធវាយកម្ទេចកម្លាំងបដិវត្តន៍អស់មួយចំនួន។ នៅចុងឆ្នាំ ១៩៧២ ហៅកាំភ្លើងផ្លោង និងយន្តហោះមកទម្លាក់កម្ទេចកម្លាំងបដិវត្តន៍នៅលើកោះមួយតូច។ រហូតដល់ឆ្នាំ ១៩៧៣ ស.ម យ៉េត ត្រូវបានបញ្ជូនមកនៅយោធាអង្គភាពតំបន់ ២២ ដែលមាន ស.ម ឌឹម ជាអ្នកគ្រប់គ្រង។ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ ១៩៧៥ ស.ម យ៉េត បានរាយការណ៍អំពីផែនការយុទ្ធនាការ ដល់ខ្មាំង រៀបចំកម្លាំងត្រៀមដោយហេតុទប់ទល់នឹងការវាយបកវាយរំដោះទូទាំងប្រទេសរបស់បដិវត្តន៍ទៅលើខ្មាំង។
២. អំពី ស.ម ថែម៖ នាទីជាលេខារោងជាងដំឡើងកប៉ាល់ កើតនៅភូមិកន្លែងចក ឃុំមាស ស្រុកកោះសូទិន ខេត្តកំពង់ចាម ត្រូវជាបង ស.ម ឌឹម។ ថែម មុននេះមានមុខរបរជាជាងឈើ ស៊ីឈ្នួលសង់ផ្ទះឱ្យគេ។ មុខរបរនេះដោះស្រាយជីវភាពមិនរួចរត់ទៅនៅកំពង់ប្រណាក ឯខេត្តព្រះវិហារ ក្រោយរដ្ឋប្រហារបានចូលបដិវត្តន៍នៅក្នុងតំបន់ខេត្តព្រះវិហារ នាទីជាលេខាឃុំ។ ក្រោយរំដោះ ស.ម ឌឹម បានទាក់ទងស្នើសុំអង្គការឱ្យ ស.ម ថែម មកជួយគ្រប់គ្រងធ្វើកប៉ាល់ដឹកជញ្ជូនជូនអង្គការនៅជ្រោយចង្វារ។ ក្រោយពី ស.ម ឌឹម ណែនាំអំពីសកម្មភាពក្បត់មក បានឧទ្ទេសនាមគាត់ឱ្យមកយើងខ្ញុំ បានធ្វើសកម្មភាពបំផ្លិចបំផ្លាញបដិវត្តន៍ដូចតទៅ៖ បំផ្លាញជ័រទឹក, បំផ្លាញពូថៅ, ញញួរ, រណារ. ឡោស៊ី និងដែកគោលជាបន្តបន្ទាប់។
៣. អំពី ស.ម វី៖ នាទីជាសមាជិកវរសេនាតូច ២២៥ ស្រុកកំណើតនៅមហាលាភ ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ឪពុកម្តាយស្លាប់ចោលតាំងពីតូច រស់នៅជាមួយជីដូន មានឪពុកមាជាបក្សជននិន្នា ការនយោបាយមកពីភាគខាងជើងត្រូវអង្គការបោសសម្អាត។ ស.ម វី ជាកូនសិស្ស និងបានចូលបដិវត្តន៍នៅឆ្នាំ ១៩៧០ តាមរយៈឪពុកមាឈ្មោះ យស់ មកពីភាគខាងជើង។ ក្រោយមកទៀតនៅឆ្នាំ ១៩៧៣ តំបន់ត្រូវការទ័ព ស.ម ទូចបញ្ជូន ស.ម វី មកឱ្យកងទ័ព បានរួមសកម្មភាពជាមួយនឹង ស.ម ឌឹម ថែមទាំងជាប់ខ្សែរយៈជាមួយ ស.ម ឌឹម។ ក្រោយថ្ងៃទី១៧ ខែមេសា ស.ម វី បានចូលមកនៅអង្គភាពជួសជុលម៉ាស៊ីន។ ស.ម វី បានធ្វើសកម្មភាពក្បត់បំផ្លិចបំផ្លាញជាបន្តបន្ទាប់ នៅពេលជួសជុលម៉ារីន ខ្ចៅខ្ចង, វីស, ប៊ូឡុង បោះចោល ធ្វើឱ្យខូចម៉ារីនជាបន្តបន្ទាប់។
៤. អំពី ស.ម សាវី៖ នាទីជាសមាជិកវរសេនាតូចលេខ ១៣៣ ជាអង្គភាពប្រយុទ្ធការពារទន្លេមេគង្គ។ ស.ម សាវី មានស្រុកកំណើតនៅត្រពាំងថ្លាន់ ស្រុកខ្សាច់កណ្តាល មានឪពុកធ្វើការខាងសង្គមកិច្ច។ ស.ម សាវី បានចូលបដិវត្តន៍តាមរយៈ ស.ម ម៉ឹក ស្រុកខ្សាច់កណ្តាល ជាទ័ពរបស់ស្រុកខ្សាច់កណ្តាលជារៀងរហូត។ រហូតដល់ឆ្នាំ ១៩៧៣ ស.ម សាវី បានចូលមកអង្គភាពយោធាតំបន់ ២២ ក្រោមការគ្រប់គ្រងរបស់ ស.ម ឌឹម។ ស.ម ឌឹម បានអប់រំអូសទាញឱ្យក្បត់។ សកម្មភាពក្រោយពេលក្បត់ ស.ម សាវី ច្រើនអុកឡុកតាមសហករណ៍តាំងពីនៅក្នុងសង្គ្រាមដូចក្រោយសង្គ្រាម ដូចជាបំផុសមិនឱ្យប្រជាជនចូលក្នុងសហករណ៍ និងបង្កទំនាស់ជាមួយនឹងអ្នកមូលដ្ឋានជាបន្តបន្ទាប់។
៥. អំពី ស.ម ឈន៖ នាទីជាសមាជិកវរសេនាតូចលេខ ៣៤។ ស.ម ឈន មានស្រុកកំណើតនៅបាណាម ឪពុកយួន ម្តាយយួន ដែលត្រូវខ្មែរយកមកចិញ្ចឹម។ ស.ម ឈន បានចូលបដិវត្តន៍នៅឆ្នាំ ១៩៧០ តាមរយៈវៀតណាម និងធ្លាប់ទៅនៅជាមួយវៀតណាមមួយរយៈ ទើបត្រូវវៀតណាមបញ្ជូនមកឱ្យខ្មែរវិញ តាមរយៈស្រុកល្វាឯម មាន ស.ម ជួន ជាអ្នកគ្រប់គ្រង។ ក្រោយមកនៅឆ្នាំ ១៩៧៣ ស្រុកបញ្ជូន ស.ម ឈន ឱ្យមកតំបន់ ២២ ក្រោមការគ្រប់គ្រងរបស់ ស.ម ឌឹម បានអប់រំអូសទាញឱ្យក្បត់។ សកម្មភាពនៅក្នុងសង្គ្រាម ស.ម ឈន មិនសូវចុះជាប់សមរភូមិទេ ធ្វើសកម្មភាពក្បត់នៅលើសមរភូមិដូចជារត់ចោលខ្សែត្រៀម ធ្វើឱ្យដាច់ខ្សែត្រៀមលើសមរភូមិកោះខ្សាច់កណ្តាល។ នៅថ្ងៃទី១៧ ខែមេសា ស.ម ឈន បានចូលទៅក្នុងកងសំណង់ ដូចជាកងស្ពាន ធ្វើផែនការស្នើដែកស៊ីម៉ង់ត៍យ៉ាងច្រើនក្រាស់ក្រែល ដែលធ្វើឱ្យប៉ះពាល់ដល់ការស្ថាបនា និងការកសាងទ្វារទឹកផ្សេងៗទៀត។
៦. អំពី ស.ម វិន៖ នាទីជាអនុលេខាវរសេនាតូចលេខ ៣៣។ ស.ម វិន មានស្រុកកំណើតនៅស្រុកកោះកែវ ឃុំកោះកែវ ស្រុកល្វាឯម។ ស.ម វិន បានបួសរៀននៅវត្តប្រយូវង្សដើម្បីរៀនសាលាបាលី។ ចូលបដិវត្តន៍នៅឆ្នាំ ១៩៧០ តាមរយៈវៀតណាមដែរ។ ក្រោយមកវៀតណាមបានប្រគល់មកឱ្យស្រុកល្វាឯម។ រហូតដល់ឆ្នាំ ១៩៧៣ ទើបត្រូវបានស្រុកបញ្ជូន សាវិន មកតំបន់ នៅក្រោមការគ្រប់គ្រងរបស់ ស.ម ឌឹម។ ស.ម ឌឹម បានធ្វើការអូសទាញឱ្យក្បត់។ ក្រោយរំដោះទូទាំងប្រទេស ស.ម សាវិន បានធ្វើសកម្មភាពបំផុសឱ្យយុទ្ធជន និងក.ប ជ្រួលជ្រើមរកគ្រួសារ ដើម្បីធ្វើឱ្យគ្រប់ថ្នាក់ពិបាកដោះស្រាយ ក្នុងពេលកំពុងជួបប្រទះការខ្វះខាតស្បៀង ឆ្លៀតបំផុសយុទ្ធជនឱ្យរកគ្រួសារយ៉ាងនេះ។
៧. អំពី នារីណាត៖ នាទីជាអនុលេខាវរសេនាតូចលេខ ៣៥ កើតនៅភូមិរហាល ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង។ ចូលបដិវត្តន៍នៅឆ្នាំ ១៩៧០ នៅបម្រើការងារមន្ទីរឃុំ រហូតដល់ឆ្នាំ ១៩៧២ ទើបបាន ស.ម នួន យកមកនៅមន្ទីរតំបន់ ២២។ ក្រោយបែកភ្នំពេញ ទើប ស.ម ឌឹម អូសទាញបាន ទី១ ស.ម ណាត មានចំណុចខ្សោយដោយមានឪពុកមាពីរនាក់ត្រូវអង្គការបោសសម្អាត ដូច្នេះយកហេតុផលនេះមកអូសទាញបន្តបន្ទាប់ ទើបនារីណាត អាចជឿទៅបាន។ ក្រោយពីអូសទាញបានហើយ ចាប់ផ្តើមធ្វើសកម្មភាព មានការបើកខោអាវឱ្យយុទ្ធជននៅក្នុងកងមិនគ្រប់គ្រាន់ ទុកខ្លះ ធ្វើឱ្យយុទ្ធជន យុទ្ធនារី មានសភាពបះបោរ រអ៊ូរទាំ ខឹងនឹងបដិវត្តន៍ ខឹងនឹងអង្គការ។
៨. អំពី នារីញឹម៖ នាទីជាខាវរសេនាតូចលេខ ៣៥ មានស្រុកកំណើតកើតនៅភូមិព្រែកសណ្តែក សង្កាត់ព្រែកសណ្តែក ស្រុកស៊ីធរកណ្តាល តំបន់ ២២។ នារីញឹម ចូលបដិវត្តន៍នៅឆ្នាំ ១៩៧០ តាមរយៈ ស.ម យស់ មកពីភាគខាងជើងវៀតណាម។ បានរួមប្រាស្រ័យធ្វើបដិវត្តន៍នៅមន្ទីរតំបន់ ២២ អស់រយៈពេល ២ ឆ្នាំ ទើបបានមកប្រាស្រ័យបដិវត្តន៍ក្នុងអង្គភាពយោធាតំបន់ ២២។ នៅក្នុងកង នារីញឹម កាន់ខាងដឹកជញ្ជូនស្បៀង។ សកម្មភាព ស.ម ឌឹម អប់រំនៅពេលកន្លងមក គឺទុកចោលអង្ករឱ្យត្រូវទឹក យន្តហោះវាយខ្ទេច ដាក់ចោលកម្លាំងរបួសឱ្យហូរឈាមស្លាប់ ដាក់កន្លែងបោះទ័ពឱ្យយន្តហោះមើលឃើញកម្លាំងបដិវត្តន៍។ ក្រោយថ្ងៃទី១៧ ខែមេសា សកម្មភាពរបស់ ស.ម ញឹម ក្រោយមក ស.ម ឌឹម ឧទ្ទេសនាមប្រគល់ឱ្យមកខ្ញុំ (ប៉ាល់ ស៊ីម)។ ខ្ញុំ (ប៉ាល់ ស៊ីម) បានដឹកនាំឱ្យធ្វើសកម្មភាពប្រឆាំងនឹងបដិវត្តន៍ ដូចជាធ្វើស្រូវឱ្យបានទទួលផលតិច ឯចិញ្ចឹមជ្រូកឱ្យតែកន្ទុកមិនលាយដើមចេក និងបង្កទំនាស់នៅក្នុងកងជាបន្តបន្ទាប់។
៩. អំពី ស.ម ភា៖ នាទីជាអនុលេខាអនុសេនាធំ នៅក្នុងវរសេនាតូច ២៥ មានស្រុកកំណើតនៅបឹងដោរ សង្កាត់បឹងដោរ ស្រុកស៊ីធរកណ្តាល តំបន់ ២២។ ចូលបដិវត្តន៍ឆ្នាំ ១៩៧០ ជាកងទ័ពស្រុកស៊ីធរកណ្តាល។ រហូតដល់ចុងឆ្នាំ ១៩៧៣ ត្រូវឡើងមកនៅក្នុងអង្គភាពតំបន់ ២២។ ក្រោយពី ស.ម ឌឹម បានឧទ្ទេសនាមប្រគល់មកឱ្យខ្ញុំមក ខ្ញុំ (ប៉ាល់ ស៊ីម) បានអនុវត្តយ៉ាងសកម្មឱ្យលួចដោះលែងអ្នកទោសចេញពីមន្ទីរឃុំឃាំងពីរ ទៅ បីនាក់ និងបង្កទំនាស់នៅក្នុងវរសេនាតូច ២៥ មិនត្រូវគ្នាជាទូទៅ។
១០. អំពី ស.ម នន៖ នាទីជាលេខាអនុសេនាធំ នៅក្នុងវរសេនាតូច ២៥ មានស្រុកកំណើតនៅភូមិស្វាយមាស ឃុំស្វាយមាស ស្រុកខ្សាច់កណ្តាល និងបានចូលបដិវត្តន៍នៅឆ្នាំ ១៩៧០។ នៅចុងឆ្នាំ ១៩៧០ បានរត់ចូលទៅតំបន់ខ្មាំងវិញ ហើយរត់ចូលទៅតំបន់រំដោះវិញជាលើកទី២។ ស.ម នន បានធ្វើឱ្យបែកការណ៍ជាបន្តបន្ទាប់នៅមុខសញ្ញា ឧទាហរណ៍៖ មុខសញ្ញាព្រែកតាមាក់, ស.ម នន យកដេកា ៨២ ទៅបាញ់បើកផ្លូវ មុខសញ្ញាពេលយើងទៅមិនទាន់ដល់ផង ស.ម នន បានធ្វើឱ្យផ្ទុះមុនផែនការ កម្លាំងមិនទាន់ចូលទៅដល់ ធ្វើឱ្យខូចខាតដល់កម្លាំងយើងមួយចំនួនធំ។ ក្រោយថ្ងៃទី១៧ ខែមេសា ស.ម ឌឹម បានឧទ្ទេសនាម ស.ម នន មកខ្ញុំ ខ្ញុំ (ប៉ាល់ ស៊ីម) បានអប់រំឱ្យធ្វើសកម្មភាពបន្ត ទី១ ឱ្យ ស.ម នន បំផុសយុទ្ធជនមិនឱ្យចុះជាប់ពលកម្ម គិតតែដើរនេសាទត្រី។
១១. ចំពោះ ស.ម យ៉ាន៖ មានស្រុកកំណើតនៅស្រុកល្វាឯម។ ស.ម យ៉ាន ធ្លាប់ធ្វើទាហានបាន ៨ ខែ រួចទើបបានរត់ចូលមកធ្វើបដិវត្តន៍នៅក្នុងស្រុកខ្សាច់កណ្តាល។ ក្រោយមកទៀតបានបញ្ជូនមកតំបន់ ២២ ដំណាលគ្នាជាមួយ ស.ម នន។ សកម្មភាពរបស់ ស.ម យ៉ាន ពេលដែល ស.ម ឌឹម អប់រំហើយ បានធ្វើឱ្យបែកកាណុងផ្លោងធុន ៨២ នៅសមរភូមិកោះសូទិន ធ្វើឱ្យស្លាប់ និងរបួសយុទ្ធជន ៤ នាក់។ ក្រោយរំដោះទូទាំងប្រទេស ស.ម យ៉ាន និង ស.ម ភា បានរួមគ្នាដោះលែងខ្មាំង។
១២. អំពី ស.ម លាង៖ មានស្រុកកំណើតនៅពុកឫស្សី សង្កាត់ពុកឫស្សី ស្រុកខ្សាច់កណ្តាល។ ស.ម លាង ធ្លាប់ធ្វើទាហាន ៨ ខែ ក្រោយមករត់ចូលធ្វើបដិវត្តន៍នៅអង្គភាពយោធាខ្សាច់កណ្តាល។ ក្រោយមក ស.ម ឌឹម បានអប់រំ និងអូសទាញឱ្យចូលរួមប្រាស្រ័យចលនាក្បត់ជាមួយខ្លួន។ ក្រោយថ្ងៃទី១៧ ខែមេសា ក្រោយពី ស.ម ឌឹម បានឧទ្ទេសនាមប្រគល់មកឱ្យយើងខ្ញុំ គឺបានអប់រំសកម្មភាពដូចជា បំផុសយុទ្ធជនមិនឱ្យចុះធ្វើការងារពលកម្ម បំផុសបញ្ហាសេរីដើរលេង។
១៣. អំពី ស.ម ធី៖ កើតនៅភូមិកំព្រៅ សង្កាត់ថ្មី ស្រុកស៊ីធរកណ្តាល។ ស.ម ធី មានបងប្អូនរត់ចូលខ្មាំងត្រូវបដិវត្តន៍កម្ទេច។ ស.ម ធី បានចូលបដិវត្តន៍នៅឆ្នាំ ១៩៧០ នៅក្នុងអង្គភាពតំបន់ ២២ ដែលមាន ស.ម ឌឹម គ្រប់គ្រងរហូត។ នៅឆ្នាំ ១៩៧៥ ក្រោយរំដោះទូទាំងប្រទេស ក្រោយពី ស.ម ឌឹម ឧទ្ទេសនាមប្រគល់ ស.ម ធី មកឱ្យខ្ញុំ (ប៉ាល់ ស៊ីម)។ ស.ម ធី បានធ្វើការអប់រំជាបន្តបន្ទាប់អ៊ីចឹងអនុវត្តក្នុងមន្ទីរពេទ្យ រួមជាមួយនឹង ស.ម សាវិន បំផុសចលនានៅមន្ទីរពេទ្យ លើបញ្ហាបាយហូបមិនឆ្ងាញ់ គ្រូពេទ្យព្យាបាលមិនយកចិត្តទុកដាក់។
១៤. អំពី ស.ម សាគុន៖ ទទួលបន្ទុកខាងបើកបរនាវា។ ស.ម គុន ជាអនុលេខាកងវរសេនាតូចលេខ ៣៤។ ស.ម សាគុន បានចូលបដិវត្តន៍នៅឆ្នាំ ១៩៧២ និងមានចំណុចខ្សោយគឺអត់ចេះអក្សរ។ ក្រោយថ្ងៃទី១៧ ខែមេសា ខ្ញុំ (ប៉ាល់ ស៊ីម) បានអប់រំ ស.ម សាគុន ជាបន្តបន្ទាប់ឱ្យរួមសកម្មភាពក្បត់ ឧទាហរណ៍៖ នៅអ្នកលឿង ស.ម គុន បានទៅទាក់ទងនឹងនារី ជាគ្រួសារចាស់ទុំ នារីមេម៉ាយ មកដេកលើកប៉ាល់ គាត់បានផ្តល់អាគុយ ផ្តល់ប្រេងសាំង និងប្រេងម៉ាស៊ូត ឱ្យប្រជាជនដោយគ្មានការចាត់តាំង។
១៥. អំពី ស.ម ហ៊ិន៖ នាទីជាអនុលេខាអនុសេនាធំ រោងជាងតម្លើងកប៉ាល់។ ស.ម ហ៊ិន មានស្រុកកំណើតនៅខាងរកាខ្ពស់ សង្កាត់រកាខ្ពស់ ស្រុកមេមត់ ខេត្តកំពង់ចាម។ ស.ម ហ៊ិន ចូលបដិវត្តន៍ឆ្នាំ ១៩៧០ តាមរយៈ ស.ម សៀក បងឪពុកបង្កើតមានសក្តិ ៣។ បងម្នាក់ទៀត ធ្វើទាហានបើកយន្តហោះត្រូវបដិវត្តន៍កម្ទេច។ ក្រោយរំដោះទូទាំងប្រទេស ស.ម ហ៊ិន បានបំផុសឱ្យយុទ្ធជនរត់ចេញពីកង និងបានបំផុសឱ្យយុទ្ធជនឈប់ធ្វើការជាបន្តបន្ទាប់។
១៦. អំពី ស.ម ហួត៖ នាទីនៅអង្គភាពពិការសព្វថ្ងៃ។ កាលពីដើម ស.ម ហួត នាទីជាអនុលេខាកងអនុសេនាធំ។ ក្រោយពីមានពិការភាព អង្គការឱ្យចូលទៅសម្រាកនៅមន្ទីរពិការ។ ឆ្លៀតឱកាសនេះផ្អែកតាមប្រវត្តិរូបដែលមានចំណុចខ្សោយដែលធ្លាប់អប់រំខ្លួន ខ្ញុំ (ប៉ាល់ ស៊ីម) បានចាត់ឱ្យ ស.ម ហ៊ុន ឱ្យអូសទាញកម្លាំងនៅមន្ទីរពិការ។
១៧. អំពី ស.ម ស៊ុយ៖ នាទីជាសមាជិកអនុសេនាធំរោងជាងឈើ។ ស.ម ស៊ុយ មានស្រុកកំណើតនៅសង្កាត់ពារាំង ស្រុកពារាំង តំបន់ ២២។ ស.ម ស៊ុយ ចូលបដិវត្តន៍នៅឆ្នាំ ១៩៧០ និងចូលអង្គភាពយោធាតំបន់ ២២។ ក្រោយ ថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ស.ម ឌឹម បានឧទ្ទេសនាមប្រគល់ ស.ម ស៊ុយ ឱ្យមកខ្ញុំគ្រប់គ្រងដឹកនាំជាបន្ត។ ខ្ញុំ (ប៉ាល់ ស៊ីម) បានអប់រំឱ្យធ្វើសកម្មភាពប្រឆាំងនឹងបដិវត្តន៍លើគ្រប់រូបភាព ពិសេសសកម្មភាពខាងសីលធម៌រស់នៅ។ ស.ម ស៊ុយ តែងប្រព្រឹត្តខុសសីលធម៌ក្នុងការរស់នៅ, ស្រីញី, ស៊ីចុក និងស្លៀកពាក់របៀបជាយូកូមបាតផ្សារ ហើយគ្មានអ្នកណាអាចអប់រំកសាងបានឡើយ។
១៨. អំពី ស.ម សៀកហេង៖ នាទីជាអនុសេនាតូច ជាជាងដំឡើងកប៉ាល់ដឹកជញ្ជូន។ ស.ម សៀកហេង មានស្រុកកំណើតនៅពង្រ ឃុំពង្រ ស្រុកអូររាំងឪ តំបន់ ២២។ ស.ម សៀកហេង បានចូលបដិវត្តន៍នៅឆ្នាំ ១៩៧០។ នៅឆ្នាំ ១៩៧៥ ក្រោយរំដោះទូទាំងប្រទេស ស.ម សៀកហេង បានមកធ្វើជាជាងដំឡើងកប៉ាល់ជាមួយ ស.ម ថែម, ស.ម ស៊ុយ, ស.ម ហ៊ុន និងស.ម ធី បានរួមគ្នាកម្ទេចឧបករណ៍សម្រាប់ធ្វើកប៉ាល់ បំផ្លិចបំផ្លាញ ដែកគោល និងជ័រទឹក ជាបន្តបន្ទាប់។
១៩. អំពី ស.ម ឆាយ៖ នាទីជាយោធានៅអនុវរសេនាតូច ៣៤។ ស.ម ឆាយ មានស្រុកកំណើតនៅកោះសូទិន ខេត្តកំពង់ចាម ហើយចូលបដិវត្តន៍នៅឆ្នាំ ១៩៧០ តាមរយៈ ស.ម ម៉ិត នៅស្រុកខ្សាច់កណ្តាល តំបន់ ២២។ ក្រោយថ្ងៃទី១៧ ខែមេសា ស.ម ឆាយ បានធ្វើសកម្មភាពទទួលការណែនាំពីខ្ញុំ (ប៉ាល់ ស៊ីម) បន្តពី ស.ម ឌឹម ធ្វើសកម្មភាពខាងផ្នែកជាងអង្គភាព ជាកងសំណង់ ដូច្នេះ ស.ម ឆាយ បំផ្លិចបំផ្លាញបក្សតាមផែនការធ្វើទ្វារទឹក ធ្វើស្ពាន ខ្លះខ្សោយធ្វើឱ្យខាតបង់ថវិការបស់បក្ស។
២០. អំពី ស.ម ស្រ៊ុន៖ នាទីជាលេខាវរសេនាតូច ៣៤។ ស.ម ស្រ៊ុន កើតនៅស្រុកស៊ីធរកណ្តាល ជាកសិករ ហើយចូលបដិវត្តន៍តាំងពីឆ្នាំ ១៩៧០។ ក្រោយថ្ងៃទី១៧ ខែមេសា ស.ម ស្រ៊ុន បានរួមសកម្មភាពយ៉ាងសកម្មដោយឡើងនាទីជាលេខាកង ៣៤។ ស.ម ស្រ៊ុន បានធ្វើសកម្មភាពបំផ្លិចបំផ្លាញផែនការសង់ស្ពានជាបន្តបន្ទាប់ ពន្យារពេលដើម្បីឱ្យយូរ ដូចជាផ្លូវជាតិលេខ ៥ ជាដើម។
២១. អំពី ស.ម នួន៖ លេខាវរសេនាតូចលេខ ២៥។ ស.ម នួន មានស្រុកកំណើតនៅព្រែករំដេង ឃុំពង្រ ស្រុកកោះសូទិន។ មុនចូលបដិវត្តន៍ជាជាងកាត់ដេរនៅផ្សារស្រែវាល។ នៅឆ្នាំ ១៩៧២ ស.ម ឌឹម បានអប់រំអូសទាញឱ្យបម្រើសកម្មភាពខ្មាំងរួមជាមួយរហូតមកទាល់បែកភ្នំពេញ និងបានរួមកម្ទេចផែនការរបស់បក្សជាបន្តបន្ទាប់នៅលើសមរភូមិកោះសូទិន, សមរភូមិព្រែកតាមាក់, សមរភូមិទន្លេមេគង្គលើ, សមរភូមិព្រែកតាអុង និងព្រែកហ្លួង។ ក្រោយរំដោះទូទាំងប្រទេស ស.ម នួន មិនមានសកម្មភាពអីទេ ដោយមានជំងឺដេកពេទ្យបានរយៈពេល ៣ ទៅ ៤ ខែ ទើបធូរស្បើយ មិនទាន់អាចធ្វើការងារទេ ព្រោះមានជាប់ជំងឺប្រចាំកាយទឹកនោមផ្អែម។ បែកភ្នំពេញភ្លាមចាប់មានជំងឺភ្លាម ទៅព្យាបាលពេទ្យឯខេត្តក្រចេះ។
សូមរាយការណ៍ជូនបក្សពិតប្រាកដ អំពីសកម្មភាពក្បត់ និងកម្លាំងដែលរួមចំណែកក្បត់នៅក្នុងកងវរសេនាធំ ១៥២។
ធ្វើនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ ១៩៧៧
ហត្ថលេខា
ស៊ីម
[1] J00489 ឯកសារចម្លើយសារភាពចម្លងតាមខ្សែអាត់ថតសំឡេង របស់ ប៉ាល់ ស៊ីម នៅមន្ទីរស-២១ ក្រុងភ្នំពេញដែលមានហត្ថលេខា ចុះនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៧៧។ ចម្លើយនេះបានរាយការណ៍ពីសកម្មភាពក្បត់របស់ស៊ីម ចាប់តាំងពីការចូលរួមបដិវត្តន៍ឆ្នាំ១៩៧០ ក្រោមការអូសទាញរបស់ ស.ម ឌឹម។ នៅក្នុងសម័យសង្គ្រាម ស៊ីម បានបើកខ្សែត្រៀមឱ្យខ្មាំងចូលព័ទ្ធ និងផ្តល់ព័ត៌មានសម្ងាត់។ នៅក្រោយឆ្នាំ១៩៧៥ ស៊ីម បានរៀបចំកម្លាំងមនុស្ស និងកប៉ាល់ដើម្បីត្រៀមវាយបក្សនៅឆ្នាំ១៩៧៧ ប៉ុន្តែត្រូវចាប់ខ្លួនមុន។
ទន្ទឹមនឹងនេះ ប៉ាល់ ស៊ីម បានឆ្លើយដាក់ទោស អ្នកផ្សេងៗទៀត ចំនួន ២១ នាក់ នៅក្នុងវរសេនាធំ ដោយចោទប្រកាន់ពីបទបំផ្លិចបំផ្លាញផែនការបក្ស ដូចជា បំផ្លាញសម្ភាររោងជាង, លួចដោះលែងអ្នកទោស, ពន្យារពេលសង់ស្ពានផ្លូវជាតិលេខ៥ និងបំផុសចលនាបះបោររអ៊ូរទាំរឿងស្បៀងអាហារ។ នៅចុងបញ្ចប់ ស៊ីម បានសរសេរលិខិតអង្វរករសុំការលើកលែងទោសពីបក្ស ដើម្បីរស់ជាប្រជាជនធម្មតា។
កំណត់ចំណាំ៖ ចម្លើយប្រវត្តិក្បត់ដែលបានឆ្លើយសារភាពរបស់អ្នកទោសទាំងអស់សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំ និងការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់កងសួរចម្លើយរបស់ខ្មែរក្រហម។
អត្ថបទដោយ អេង សុខម៉េង

