ប្រវត្តិរូបបដិវត្តន៍របស់ អ៊ឹម រី

អ៊ឹម រី ហៅ យ៉េង មានអាយុ ៤៣ឆ្នាំ និងមានស្រុកកំណើតនៅភូមិត្រមែង ឃុំក្រាំងស្បូវ ស្រុក​ឈូក ខេត្តកំពត។ យ៉េងមានឪពុក ឈ្មោះ ណី ហើយម្តាយឈ្មោះ យន់។ យ៉េង ជា​កូន​ច្បង​ក្នុង​គ្រួសារដែលមានបងប្អូនចំនួន ៤នាក់ គឺទី១ ឈ្មោះ អ៊ឹម រី ហៅ យ៉េង (ម្ចាស់​ប្រវត្តិ​រូប​)​, ទី២ ឈ្មោះ អ៊ឹម រ៉ាន់, ទី៣ ឈ្មោះ អ៊ឹម រៀន និងទី៤ ឈ្មោះ អ៊ឹម រិន។[1]

កាលពីកុមារភាព យ៉េង បានឈប់រៀនក្នុងរបប លន់ នល់ ត្រឹមថ្នាក់ទី២។ បន្ទាប់​ពី​ឈប់​រៀន យ៉េង ត្រូវបានបដិវត្តន៍ខ្មែរក្រហមចាត់តាំងឱ្យទៅរែកដី ជីកប្រឡាយ និងលើកទំនប់ នៅ​កង​ចល័ត​ឃុំក្រាំងស្បូវ ដោយសា​រ​តែ​នៅ​ពេលនោះក្រុមខ្មែរក្រហមបានគ្រប់គ្រងតំបន់​ភាគ​ច្រើន​នៃ​ខេត្ត​កំពត លើក​លែងតែទីក្រុង និង​ទី​ប្រជុំជន គឺចាប់តាំងពីមានរដ្ឋប្រហាររបស់ឧត្តមសេនីយ៍ លន់ នល់ កាល​ពីឆ្នាំ ១៩៧០។

នៅឆ្នាំ១៩៧៥ យ៉េង ត្រូវបានសមមិត្ត ភិន មេភូមិត្រមែង ឃោសនាអូសទាញ​​ឱ្យចូល​បដិវត្តន៍​ខ្មែរ​ក្រហម​។[2] យ៉េង មិនមានចិត្តចង់ធ្វើបដិវត្តន៍នោះទេ ប៉ុន្តែមិនមានជម្រើស​ឡើយ​នៅ​សម័យនោះ ព្រោះគ្រួសារ​ដែលមានសមាជិកគ្រប់អាយុ ត្រូវតែឈប់រៀន និង​ចូលរួមជាមួយ​បដិវត្តន៍​​​ដើម្បី​បង្ហាញ​ភាពស្មោះត្រង់ចំពោះអង្គការ។ ដំបូងឡើយ យ៉េង ត្រូវចេញទៅធ្វើការ​នៅ​ក្នុង​ឃុំ ដោយ​នៅ​ក្នុង​កងចល័តរបស់យ៉េង មានសមាជិកប្រមាណជាង ១០០នាក់។ បន្ទាប់មក យ៉េង ត្រូវ​​​​ទៅ​តំបន់​រំលេចដើម្បីលើកទំនប់ព្រោះខ្វះកម្លាំង ហើយ​ក្រោយ​មក​ក៏ផ្លាស់ទៅលើក​ទំនប់​នៅ​ស្រុក​ឈូកវិញ។ នៅ​​ចុង​ឆ្នាំ១៩៧៦ យ៉េង ត្រូវ​អង្គការ​ផ្លាស់ប្តូរបន្តឱ្យ​ទៅលើកទំនប់​នៅ​កោះ ស្លា។ មូល​ហេតុ​ដែល​​អង្គ​ការធ្វើបែបនេះ គឺដោយសារ​ទំនប់កោះស្លា​ត្រូវ​បញ្ចប់​ការ​សាង​សង់​ឱ្យ​​​បានឆាប់ រហ័សដើម្បី​យកទឹកមកធ្វើស្រែ។

កងចល័តដែលធ្វើការនៅទំនប់កោះស្លា រួមមានទាំងអ្នកមូលដ្ឋាន និង​អ្នក​ជម្លៀស​មក​ពី​ទី​ក្រុង​ភ្នំពេញ។ នៅទំនប់កោះស្លា មានសមាជិកកងចល័តរាប់រពាន់នាក់ ហើយនៅក្នុងកងរបស់ យ៉េន មានសមាជិកប្រមាណ១០០នាក់។ យ៉េង និងសមាជិកដទៃទៀតត្រូវធ្វើការជីក និង​រែក​ដី​ពី​ក្នុង​រណ្តៅដែលមានជម្រៅជ្រៅកម្ពស់ប្រហែលចុងត្នោត។ នៅទីនោះ យ៉េង បាន​ដឹងថា​មាន​សមាជិក​កងចល័តស្លាប់ជាច្រើន ដោយសារតែការហូបចុកមិនគ្រប់គ្រាន់ និង​ការ​ធ្វើ​ការងារ​ហួស​កម្លាំង​។ ម្យ៉ាងវិញទៀត យុវជន-យុវនារីមួយចំនួន បានស្លាប់ ដោយ​សារ​តែ​បាន​លួច​គាស់​ដំឡូង​យក​មកស្ងោរហូប។ នៅពេលសម្រាក យ៉េង ធ្លាប់ដើរចូលព្រៃដើម្បីរកផ្លែឈើ និង​ស្លឹក​រុក្ខជាតិ​ហូប​បន្ថែម ហើយធ្លាប់ឃើញសាកសព​ដែលត្រូវបានគេសម្លាប់ថ្មីៗ​នៅ​ក្បែរ​ល្អាង​នៃ​ទំនប់​​​កោះស្លា ដែល​ស្ថិត​នៅក្នុងព្រៃជ្រៅ។ នៅការដ្ឋានលើកទំនប់កោះស្លា គឺ​គ្មាន​គ្រូពេទ្យ​សម្រាប់​ព្យាបាល​ជំងឺ​ត្រឹម​ត្រូវឡើយ។ អ្នកមានជំងឺស្រាល អាចព្យាបាលជាសះស្បើយ​តាមរយៈ​ថ្នាំ​ផ្សំ​ពី​ឫស​ឈើ​ថ្នាំ​រាង​ដូច​អាចម៍ទន្សាយ ចំណែកអ្នកជំងឺធ្ងន់ដែលត្រូវការការព្យាបាលយូរគឺ​ត្រូវ​ស្លាប់។ ជំងឺ​ភាគ​ច្រើន​នៅ​ទីនោះគឺជំងឺគ្រុនចាញ់ ហើយជំងឺនេះប្រសិនបើមានសភាពធ្ងន់ធ្ងរ ត្រឹម​តែ​មួយ​យប់​​គឺ​អាច​ស្លាប់។ យ៉េង ខ្លួនឯងក៏ធ្លាប់ធ្លាក់ខ្លួនឈឺ និងបានទៅសម្រាកនៅពេទ្យ ដោយ​សារ​តែការរែក​ដីគ្មាន​ពេល​សម្រាក ធ្វើឱ្យគាត់អស់កម្លាំង ​ដួល​សន្លប់ និង​ធ្លាក់​ពី​លើ​ខ្នង​ទំនប់​។ យ៉េង ស្គាល់​ប្រធាន​កង​ឈ្មោះ កុត ដែល​ជាអ្នក​គ្រប់​គ្រង​កង​ចល័ត នៅ​ទំនប់​កោះស្លា និងទូទាំងស្រុក​ឈូក និងឈ្មោះផូ ជា​ប្រធានកងចល័ត ​នៅតំបន់រំលេច។ ការរស់នៅ និង​ហូប​ចុក​នៅ​​តំបន់​កោះស្លា និងតំបន់រំលេច គឺ​មានសភាពស្រដៀងគ្នា។ អង្គការ​បាន​ផ្តល់​របប​ចានម្នាក់​មួយ ​សម្រាប់​រក្សាទុកផ្ទាល់ខ្លួន នៅពេល​ដល់ម៉ោងហូបបាយ ត្រូវយកចានទៅបើករបបបាយ ឬ​បបរ​ ១ វែក ក្នុង ១ ពេលអាហារ។ របប​បាយ ឬបបរ១ វែក កាលនោះ គឺហូបមិនឆ្អែតឡើយ និងបាន​ធ្វើ​ឱ្យ​កង​ចល័ត​​ម្នាក់ៗហេវហត់​អស់​​កម្លាំង​ដើរ​ស្ទើរ​តែ​​ដួល​តាម​ខ្យល់។

នៅឆ្នាំ១៩៧៨ អង្គការបានចាត់តាំងឱ្យ យ៉េង និងសមាជិកកងចល័តចំនួន ១៦នាក់ ​ទៅ​ធ្វើ​​ការនៅទីក្រុងភ្នំពេញ។ ពេល​ទៅដល់​ក្រុង​​ភ្នំពេញ យ៉េង ត្រូវបានអង្គការចាត់តាំងឱ្យ​ធ្វើ​ជា​ពេទ្យ​​នៅពេទ្យបដិវត្តន៍ ៦មករា បាន​រយៈ​ពេល​​ប្រមាណ ២ សប្តាហ៍។ បន្ទាប់មក យ៉េង ​ត្រូវ​បាន​បញ្ជូន​បន្តទៅខេត្តបាត់ដំបង ដើម្បីឱ្យទៅជីកស្រះទឹក និងប្រឡាយធំៗ។ កាល​ដែល​ខ្មែរ​ក្រហម​មិន​​​ឱ្យធ្វើការនៅទីក្រុងភ្នំពេញ យ៉េង គិតថាមក​ពីគាត់​មាន​ប្អូន​ស្រីម្នាក់​ឈ្មោះ​ ​អ៊ឹម រ៉ាន់ កំពុង​ធ្វើ​ការ​នៅ​ពេទ្យបដិវត្តន៍ ៦មករា នោះស្រាប់ ទើបអង្គការត្រូវផ្លាស់ប្តូរគាត់ទៅ​កន្លែង​ផ្សេង​។ ក្នុង​ចំណោម​សមាជិក​កងចល័តទាំង ១៦ នាក់ ដែលមកពីស្រុកឈូកមាន ៤នាក់ ត្រូវ​បាន​អង្គការ ចាត់​ឱ្យ​ទៅ​ធ្វើការ​នៅខេត្តបាត់ដំបង គឺរួមមានឈ្មោះ វង់, ឈ្មោះ ផា, ឈ្មោះ ធឿន និង យ៉េង​។ នៅខេត្ត​បាត់​ដំបង ក្នុងមួយកងចល័តមានសមាជិកប្រមាណ ១២០នាក់។ យ៉េង និ​ង​អ្នក​ទាំង ៣​នាក់ ត្រូវ​ទៅ​ជីក​​ស្រះ​ទឹកធំៗទាំងថ្ងៃ ទាំងយប់ ជាមួយនឹងកងចល័តមកពីតំបន់ផ្សេងៗ​ទៀត​។ នៅ​ទី​នោះ​មាន​ការ​​​​ខ្វះខាតទឹកជាខ្លាំងរហូតធ្វើឱ្យ យ៉េង និងសមាជិកទាំងអស់រយៈពេល ១០​ថ្ងៃ ទើប​អាច​ងូត​ទឹក​បាន​​ម្តង។ ​ជា​បន្ត​បន្ទាប់អង្គការ​បាន​ផ្លាស់​ប្តូរ យ៉េង ពីទីតាំងមួយទៅមួយដើម្បីជីកស្រះទឹកធំៗ។

នៅពេលដែលកងទ័ពរណសិរ្សរំដោះជាតិកម្ពុជា សហការជាមួយកងទ័ពវៀតណាម បាន​ចូល​វាយផ្តួលរំលំរបបខ្មែរក្រហម នៅដើមឆ្នាំ១៩៧៩ យ៉េង បាន​រត់​ភៀស​ខ្លួន​ចូល​ទៅក្នុង​ព្រៃជា​មួយ​យោធាខ្មែរក្រហម និងបន្តគេចខ្លួនរហូតទៅដល់តំបន់អន្លង់វែង។ យ៉េង រស់នៅទីនោះ​មាន​ការ​លំបាក​ខ្លាំងទើបមានគំនិតចង់រត់ត្រឡប់មកផ្ទះវិញ ប៉ុន្តែមិនទាន់រត់ទៅផងក៏​មាន​បុរស​ម្នាក់​ឈ្មោះ វី រត់ទៅមុន ហើយត្រូវគេចាប់បាន រួច​យក​ទៅ​បាញ់សម្លាប់ចោល​នៅ​ចំពោះ​មុខ យ៉េង ដើម្បីគំរាមកំហែងដល់គាត់ និងអ្នកដទៃទៀត។ អ្នកដែលបានបាញ់សម្លាប់ វី នៅពេល​នោះ ឈ្មោះ ជឿន គឺ​ជានិរសាររបស់ឆោម។ នៅតំបន់អន្លង់វែង យ៉េង បានដឹងថា គ្រប់គ្រងដោយ តាម៉ុក ដែលជាអតីតកម្មាភិបាលធ្លាប់គ្រប់គ្រងភូមិភាគនិរតី។ នៅអន្លង់វែង យ៉េង ត្រូវ​បាន​ចាត់​តាំង​ឱ្យនៅក្នុងកងពិការ ដោយមានភារកិច្ចដាំបាយ និងចម្អិនអាហារឱ្យអ្នកពិការដៃ ពិការជើង និងខ្វាក់ភ្នែក ប្រមាណ ១២០នាក់។ នៅទីនោះ យ៉េង ធ្លាប់ឃើញ តាម៉ុក តែ​ពីចម្ងាយ​ប៉ុណ្ណោះ ព្រោះ តាម៉ុក តែងតែរវល់បង្ហាត់បង្រៀនយោធាខ្មែរក្រហម និង​កម្មាភិបាលផ្សេងៗ​ទៀត​ដែល​រត់គេចខ្លួនមកតាមគាត់​។ យ៉េង ឃើញថា តាម៉ុក មានកងការពារ​ជាច្រើននាក់​នៅ​ជាមួយ​។ នៅ អន្លង់វែង ក៏មានកងសេដ្ឋកិច្ចមួយក្រុមមានសមាជិកប្រមាណ២០នាក់ ជាអ្នកដើរបរបាញ់សត្វ និង​​រក​បន្លែ​យកមកឱ្យកងអ្នកដាំស្លផងដែរ។

ក្រោយមក ស្ថានភាពរស់នៅទីនោះកាន់តែជួបប្រទះការខ្វះខាតស្បៀងអាហារ និង​ការ​លំបាក​ក្នុងការស្វែងរកអាហារ ព្រមទាំងប្រឈមនឹងគ្រោះថ្នាក់ ដោយ​សារតែការប្រយុទ្ធគ្នា​រវាង​កងទ័ព​របស់របបរដ្ឋកម្ពុជា សហការជាមួយកងទ័ពវៀតណាម ប្រយុទ្ធជាមួយយោធាខ្មែរក្រហម​ដែល​នៅសេសសល់​។ នៅឆ្នាំ១៩៨០ យ៉េង បានសម្រេចចិត្តចាកចេញពីក្រុមខ្មែរក្រហម ហើយ​ធ្វើ​​ដំណើរត្រឡប់មករស់នៅស្រុកកំណើតវិញ។ យ៉េង បានរៀបការជាមួយប្តីឈ្មោះ គឹម ត្រឹម និង​​មាន​កូនស្រីចំនួន ៤នាក់ សព្វថ្ងៃគាត់ជាកសិករ រស់នៅភូមិត្រមែង ឃុំ​ត្រមែង ស្រុកឈូក ខេត្ត​កំពត៕

[1] ឯកសារ KPI0039 បទសម្ភាសន៍ជាមួយ អ៊ឹម រី ហៅ យ៉េង (ម្ចាស់ប្រវត្តិរូប) កាលពីថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ​២០០៤ នៅភូមិត្រមែង ឃុំត្រមែង ស្រុកឈូក ខេត្តកំពត។

[2] ឯកសារពិនិត្យប្រវត្តិរូបបដិវត្តន៍លេខ I01926 របស់សមមិត្ត អ៊ឹម រី ហៅ យ៉េង កើតឆ្នាំកុរ អាយុ២០ឆ្នាំ។ យ៉េង មាន​គ្រួសារ​ប្រកបរបរធ្វើស្រែចម្ការ និងស្ថិតក្នុងវណ្ណៈកសិករកណ្តាលថ្នាក់ក្រោម នៅមុន​របប​ខ្មែរ​ក្រហម។ នៅក្នុងរបបខ្មែរក្រហម ក្រោយពីបានចូលរួមជាមួយបដិវត្តន៍មកខ្លួនបានក្លាយជាសមាជិក​កង​ចល័ត​​​​ស្រុក ហើយក្រោយមកបានទៅធ្វើជាគ្រូពេទ្យនៅក្រុងភ្នំពេញនិងបន្តទៅជីកទំនប់ធំ នៅ​ខេត្ត​បាត់​ដំបង​។ មូលហេតុនៃការចូលរួមធ្វើ​បដិវត្តន៍​​របស់​យ៉េង គឺចង់ចូលរួមកសាងប្រទេសជាតិ និងការពារទឹកដី។


អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin