ជារៀងរាល់ថ្ងៃហូបតែបបររាវ

(ក្រចេះ) ៖ ទុំ នឿន ភេទស្រី មានអាយុ៧៧ឆ្នាំ បច្ចុប្បន្ន រស់ នៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់ មានបងប្អូនទាំងអស់ចំនួន១០នាក់ ស្លាប់បាត់បងជីវិតបី នាក់នៅក្នុងរបបខ្មែរក្រហម។ បងប្អូនរបស់គាត់ទាំងបី នាក់ស្លាប់ដោយសារចូលបម្រើការជាទាហាន។

នៅក្នុងរបបខ្មែរក្រហម នឿន ជាប្រជាជនមូលដ្ឋាន រស់នៅក្នុងភូមិថ្មគ្រែ។ ពេលនោះគាត់មានតួនាទីជាអ្នកមើលថែទាំកុមារតូចៗនៅក្នុងភូមិ ចំនួន១២នាក់។ ឪពុកម្ដាយរបស់កុមារទាំងអស់នោះត្រូវចេញទៅធ្វើការនៅសហករណ៍ ដូច្នេះហើយត្រូវទុកកូនតូចនៅជាមួយយាយៗ ដើម្បីមើលថែជំនួស។ គាត់ត្រូវនៅមើលថែក្មេងៗតាំងពីព្រឹករហូតដល់ពេលម្ដាយក្មេងៗ ចេញពីធ្វើការនៅពេលល្ងាចទើបគាត់បានសម្រាក។

គាត់បានបញ្ជាក់ថា គាត់មានការឈឺចាប់ជាខ្លាំងដោយសារតែរបបខ្មែរក្រហម បានធ្វើបាបប្រជាជនស្លូតត្រង់។ គាត់ទទួលរងភាពលំបាកព្រោះកូនរបស់គាត់នៅតូចៗ ហើយពេលនោះមានការប្រយុទ្ធគ្នារវាងកងទ័ពវៀតណាម និងកងទ័ពខ្មែរក្រហម។ គាត់ត្រូវនាំកូនរបស់គាត់រត់គេចពីសង្រ្គាម។ នឿន បាននិយាយថា ៖

«[ខ្ញុំ] មានផ្ទៃពោះហើយ ពកូនរត់គេច រត់ក្រាបលូន។ ការឈឺចាប់នោះគ្មានអ្វីប្រៀបបានទេ វាឈឺចាប់ខ្លាំងណាស់។ ហ្នឹងយើងគ្រាន់តែប៉ុណ្ណឹងផង វាឈឹចាប់ប៉ុណ្ណឹង ចុះទម្រាំគេបែកបាក់គ្រួសារដែលគេយកទៅសម្លាប់ឪពុកម្ដាយ មិនដឹងឈឺចាប់ប៉ុណ្ណាទេ» 

ប្រជាជននៅក្នុងរបបនោះ មិនមាននរណាហ៊ាននិយាយមិនល្អពីអង្គការឡើយ។ ប្រជាជនទាំងអស់តែងតែនិយាយលើកសរសើរពីចំណុចវិជ្ជមានរបស់អង្គការ ទាំងដែលអង្គការបានធ្វើបាប ធ្វើទារុណកម្មយ៉ាងណាក៏ដោយ ប្រជាជនទាំងអស់មិនហ៊ាននិយាយថា អង្គការអាក្រក់ឡើយ។ មូលហេតុដែលប្រជាជននៅក្នុងរបបនោះមិនហ៊ាននិយាយពីចំណុចអាក្រក់នោះគឺ អង្គការតែងតែចាត់កងឈ្លបឲ្យចាំតាមដានប្រជាជនណា ដែលនិយាយមិនល្អ។

ប្រសិនអង្គការចាប់បាន នោះអង្គការនឹងចាប់យកទៅសម្លាប់ចោលភ្លាមៗ។ នឿន បានឃើញអង្គការចងស្លាបសេកប្រជាជនមួយក្រុមតូច បណ្ដើរទៅកន្លែងសម្លាប់កាត់តាមផ្ទះរបស់គាត់។ មិនត្រឹមតែចងស្លាបសេកទេ អង្គការបានចងច្រវាក់នៅនឹងដៃរបស់អ្នកទោសទាំងនោះមានប្រវែងប្រហែលជា ២០ម៉ែត្រ ឲ្យអូសទៅជាមួយដែរ។ នៅពេលដែល នឿន បានឃើញបែបនេះហើយ គាត់បានដឹងច្បាស់ថា អង្គការនឹងយកប្រជាជននោះទៅសម្លាប់ជាមិនខាន។

នឿន បាននិយាយថា គាត់មិនចេះអក្សរ ហើយនៅក្នុងរបបខ្មែរក្រហមគាត់ក៏មិនបានសិក្សារៀនសូត្រអ្វីដែរ។ មិនត្រឹមតែប៉ុណ្ណោះខ្មែរក្រហមបានសម្លាប់អ្នកចេះដឹង និស្សិត គ្រូបង្រៀន។ ប្រជាជនជួបផលលំបាកជាច្រើន ខ្វះខាតអាហារហូបចុក និង គ្មានពេលណាបានសប្បាយឡើយ គឺមានតែស្រក់ទឹកភ្នែកជារៀងរាល់ថ្ងៃ។

នឿន បាននិយាយថាគាត់ពិតជាឃ្លានណាស់ ព្រោះជារៀងរាល់ថ្ងៃគាត់បានហូបត្រឹមតែបបររាវដែលលាយជាមួយសម្លត្រកួន។ គាត់មិនចង់ឲ្យរបបនោះកើតមាននៅក្នុងពេលបច្ចុប្បន្នម្ដងទៀតឡើយ។ សព្វថ្ងៃនេះ នឿន មានជំងឺសម្ពាធឈាមឡើងឈាម ៕

សម្ភាសន៍ដោយ៖ យ៉ុង ផល្លីន ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin