កងចល័តស្រុក

(ស្ទឹងត្រែង) ៖ សន ណាយុន ភេទស្រី អាយុ៥៩ឆ្នាំ សព្វថ្ងៃមានមុខរបរជាមេផ្ទះ រស់នៅភូមិសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។

នៅអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ ណាយុន មានអាយុ១២ឆ្នាំ អង្គការបានបញ្ជូនគាត់ឲ្យទៅធ្វើការក្នុងកងចល័តស្រុក នៅខេត្តកំពង់ចាម គាត់ត្រូវចាកចោលឆ្ងាយពីផ្ទះ និងម្ដាយឪពុករបស់គាត់។

ចំពោះការងារដែលគាត់បានធ្វើនៅពេលនោះគឺដាក់បាយឲ្យជ្រូក។ ថ្វីត្បិតតែយើងស្ដាប់ទៅឃើញថាការងារនោះងាយស្រួល ប៉ុន្តែសម្រាប់រូបគាត់ផ្ទាល់គឺមានការលំបាក តែគាត់ស៊ូទ្រាំ មិនហ៊ានត្អូញត្អែរ ឬតវ៉ាទេ ព្រោះប្រសិនហ៊ានតវ៉ានោះនឹងត្រូវចាប់យកទៅសម្លាប់ចោល។

គាត់បានបញ្ជាក់បន្ថែមថា មេឃុំនៅឃុំចកដែលគាត់បានស្គាល់ បានចូលទៅដល់កន្លែងចល័តស្រុកនៅព្រែកពោធិ៍ដែល ណាយុន ស្នាក់នៅនោះ លួចប្រាប់គាត់កុំឲ្យនិយាយអំពីអត្តសញ្ញាណរបស់ខ្លួនដោយសារតែគាត់មានឪពុកជាមេភូមិ។ មេឃុំបានឲ្យគាត់ប្រញាប់ចាកចេញពីទីនោះ ព្រោះអង្គការនឹងយកអ្នកដែលរស់នៅទីនោះទៅសម្លាប់ម្ដងម្នាក់ៗរហូតទាល់តែអស់។

បន្ទាប់ពីដឹងអំពីហេតុការណ៍ទាំងអស់នោះ ណាយុន និងស្រ្តីៗចំនួនបីនាក់ទៀតបាននាំគ្នារត់ចេញពីកន្លែងចល័តស្រុកនោះទាំងយប់ តាមរយៈការឆ្លងទឹកស្ទឹង។ នៅពេលភ្លឺឡើងគាត់ក៏បានទៅដល់ភូមិចក ហើយបានទៅពួននៅលើផ្ទះក្បឿងដែលនៅក្នុងភូមិនោះ។ គាត់ និងស្រ្តីដទៃបានពួននៅលើផ្ទះនោះចាំរហូតដល់អង្គការត្រឡប់ទៅវិញអស់ ទើបគាត់ចាក់ចេញពីផ្ទះនោះ។ បន្ទាប់ពីចាក់ចេញពីផ្ទះមួយនោះ គាត់ក៏បន្តទៅពួននៅក្នុងស្រែមួយដែលមានសុទ្ធតែស្រូវ ដើម្បីគេចពីការតាមចាប់ទៀត។

គាត់នៅពួននៅក្នុងវាលស្រែនោះ រហូតដល់ម៉ោងប្រហែលជាបី មានក្រុមស្នូលមួយក្រុមបានដឹងថាគាត់នៅពួនក្នុងស្រែនោះ បានយកបាយទៅឲ្យគាត់បរិភោគ ហើយបានប្រាប់អំពីសញ្ញានៃការរត់ចេញពីក្នុងស្រូវនោះ ដោយលឺសម្លេងក្ដក់ចំនួនបីដងសឹមចេញពីក្នុងស្រូវ។ យប់ឡើងកងស្នូលក៏បានឲ្យសញ្ញាដើម្បីឲ្យ ណាយុន និងគ្នីគ្នារត់ចេញទៅកាន់ព្រៃស្មាច់ ហើយគាត់ក៏បានចេញតាមការប្រាប់របស់កងស្នូល។

ណាយុន បានរៀបរាប់ទាំងទឹកភ្នែកថាពេលនោះគឺវេទនាណាស់ គាត់បានសុំកងស្នូលទៅជួបម្ដាយរបស់គាត់។ ប៉ុន្តែកងស្នូលដែលប្រចាំការនៅព្រៃនោះ មិនអនុញ្ញាតឲ្យគាត់ចេញទៅខាងក្រៅទេ ព្រោះបើគាត់ចេញទៅ ករណីអង្គការចាប់បាន នឹងត្រូវសម្លាប់ចោលជាមិនខាន។

គាត់បានប្រាប់បន្ថែមថា គាត់នឹកម្ដាយរបស់គាត់ខ្លាំងពេក ក៏បង្ខំចិត្តឆ្លងទឹកស្ទឹងទៅជួបម្ដាយ។ នៅអំឡុងដែលគាត់រត់ចេញទៅជួបម្ដាយ ខណៈពេលនោះដែលចំពេលដែលកងទ័ពខ្មែរក្រហមមកដល់ ហើយគាត់ក៏បង្ខំចិត្តឱបសាកសពដើម្បីលាក់ខ្លួន ចាំរហូតដល់ខ្មែរក្រហមទៅបាត់ទើបគាត់ទៅបន្តទៀត។

ឈានចូលមកដល់សម័យរំដោះគាត់បានរត់ចេញមកវិញ តាមស្វែងរកម្ដាយរបស់គាត់ ហើយបានជួបគញនានៅខេត្តកំពង់ធំ ព្រោះខ្មែរក្រហមបានជម្លៀសទៅកាន់ទីនោះ។ បន្ទាប់មកក៏បាននាំគ្រួសាររបស់គាត់ត្រឡប់ទៅកាន់ស្រុកកំណើតវិញ រស់នៅជាមួយនឹងម្ដាយឪពុករបស់គាត់រហូតមក។

ណាយុន បានយល់ឃើញថា ការកាត់ទោសមេដឹកនាំខ្មែរក្រហមគឺបានផ្ដល់ជូននូវភាពយុត្តិធម៌ និងសេរីភាពក្នុងការរស់នៅដល់រូបគាត់។ ដើម្បីឱ្យក្មេងៗជំនាន់ក្រោយបានយល់ដឹងអំពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏សែនជូរចត់នេះគឺ ត្រូវឲ្យគាត់ទៅសិក្សារៀនសូត្រនៅសាលា ព្រោះនៅក្នុងកម្មវិធីសិក្សាបានបញ្ចូលអំពីរឿងរ៉ាវប្រវត្តិសាស្រ្តទៅក្នុងកម្មវិធីសិក្សា សម្រាប់ឲ្យកូនចៅជំនាន់ក្រោយបានដឹង បានយល់ថារបបនោះមានភាពលំបាកខ្លាំងប៉ុណ្ណា។

ជំងឺប្រចាំកាយដែលគាត់មានគឺ បាក់ដៃដោយសារតែដួលម៉ូតូ ជំងឺលើសឈាម ជំងឺបេះដូង ក៏ធ្លាប់មានជំងឺផ្លូវចិត្ត និងគ្រុនចាញ់ពីមុនមកដែរ។ ចំពោះការព្យាបាលជំងឺវិញគឺគាត់ជ្រើសរើសការព្យាបាលតាមរយៈថ្នាំពេទ្យ នៅមន្ទីរពេទ្យខេត្ត៕

សម្ភាសន៍ដោយ ជួង ចាន់ចរិយា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ 

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin