របបគ្មានបុណ្យទាន និង គ្មានវត្ត

(តាកែវ) ៖ ថ្លាង អូន ភេទស្រី មានអាយុ៦៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិប្រាសាទ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ មានកូន៤នាក់ ស្រី២ ប្រុស២ និងមានស្វាមីឈ្មោះ សាយ ស៊ីម។

គាត់បានរៀបរាប់ពីការចងចាំរបស់គាត់ថា ដំបូងឡើយ គាត់រស់នៅភូមិប្រាសាទ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងឆ្នាំ១៩៧២ អង្គការបានជម្លៀសគាត់ ព្រមទាំងគ្រួសារទៅនៅតំបន់ភូមិចក។ បន្ទាប់មកនៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសឲ្យទៅតំបន់១០៧។ ដោយសារតែគាត់ជាប្រជាជនថ្មី នៅពេលដែលគាត់បានទៅដល់ទីនោះ មានការគំរាមកំហែង ពីសំណាក់ប្រជាជនមូលដ្ឋាន ឬហៅម្យ៉ាងទៀតថាប្រជាជនចាស់ថា នឹងយកគាត់ទៅសម្លាប់ចោល។

អូន បាននិយាយថា គាត់គឺជាប្រជាជនថ្មីមិនហ៊ានប្រឆាំងតវ៉ានឹងបញ្ជារបស់ប្រជាជនចាស់ឡើយព្រោះខ្លាចគេធ្វើបាប ឬយកទៅសម្លាប់ចោល។ គាត់ធ្វើការដោយមិនហ៊ានជំទាស់ទៅនឹងអ្វីដែលប្រជាជនចាស់ប្រើឲ្យធ្វើ ដូចជារែកដី ជីកប្រឡាយ ស្ទូងស្រូវ។

គាត់ក៏បានបន្ថែមថា នៅក្នុងពេលនោះរបបអាហារ គឺវាល់ចែកសម្រាប់ប្រជាជនណាដែលឈឺធ្វើការមិនបានពេញកម្លាំង ប្រធានកងបានកាត់បន្ថយបាយ មិនឲ្យបរិភោគបានច្រើនដូចអ្នកដែលមិនមានជំងឺឡើយ។ ចំពោះរបបអាហារគឺមួយថ្ងៃបានតែពីរពេលប៉ុណ្ណោះ ពេលថ្ងៃ និងពេលល្ងាច។

ថ្លាង អូន បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្វាមីរបស់គាត់នៅក្នុងរបបខ្មែរក្រហម។ អង្គការជាអ្នករៀបចំគូស្រករឲ្យគាត់ ដោយគាត់មិនបានដឹងខ្លួនមុនឡើយ។ គាត់បានរៀបរាប់បន្ថែមថា កាលពីជំនាន់នោះការរស់នៅមិនបាននៅជួបជុំជាមួយគ្រួសារឡើយ។ អង្គការបានបែងចែកទៅតាមកង ដោយប្រជាជនចាស់ៗនៅកងផ្សេង បុរសនៅផ្សេង និងនារីនៅកងផ្សេង។

នៅក្នុងរបបខ្មែរក្រហមគាត់មានអាយុប្រហែលជា២០ឆ្នាំ។ អង្គការបានឲ្យគាត់ធ្វើការនៅក្នុងកងនារី។ នៅក្នុងរបបខ្មែរក្រហមបងប្អូនបង្កើតរបស់គាត់ម្នាក់បានស្លាប់នៅពេលដែលលមានការទម្លាក់គ្រាប់បែក។ ចំណែកបងប្អូនជីដូនមួយរបស់គាត់៣នាក់ទៀត ត្រូវបានអង្គការចាប់យកទៅសម្លាប់ចោល ដោយសារតែពេលខ្លះគាត់ទៅធ្វើការមិនទាន់ម៉ោង និងលួចដកដំឡូង។ អូន ក៏បានរៀបរាប់ប្រាប់ពីការងារដែលគាត់ធ្វើនៅពេលនោះថា៖

«ពេលនោះអ៊ំ ដកសំណាប ស្ទូងស្រូវ ច្រូតស្រូវ ជីកប្រឡាយ រែកដី លើកភ្លឺស្រែ ធាក់រហាត់ទឹក បោកស្រូវ និយាយរួមទៅគឺធ្វើគ្រប់មុខតែម្ដង»។

ព្រលឹមឡើងម៉ោងបួន ប្រជាជនទាំងអស់ត្រូវក្រោកឡើងស្រែកជ័យឃោស «ស្រែក ជយោៗ ប្ដេជ្ញា!»។ បន្ទាប់ពីស្រែកជ័យឃោសរួចត្រូវរៀបចំ ចប បង្គី ទៅរែកដីនៅប្រឡាយ ឬទំនប់។ ខែស្ទូងត្រូវទៅដកសំណាបស្ទូង គឺប្រជាជនត្រូវធ្វើតាមរដូវកាល។ នៅរដូវខែភ្លឺខ្មែរក្រហមបានឲ្យគាត់នៅធ្វើការពែលយប់បន្តទៀត ចាប់ពីម៉ោងប្រាំល្ងាច ដល់ម៉ោង១០យប់។ ការធ្វើស្រែចម្ការនៅក្នុងរបបនោះ អង្គការឲ្យស្ទូងក្នុងមួយហិចតា ស្ទូងគ្នា១០នាក់ ហើយលទ្ធផលត្រូវធ្វើឲ្យបានបីតោនក្នុងមួយហិចតា។

ជាចុងក្រោយ អូន បាននិយាយថាគាត់មិនពេញចិត្តជាមួយនឹងរបបខ្មែរក្រហមនោះទេ ព្រោះអង្គការបានបំបិទសិទ្ធិសេរីភាព មិនឲ្យមានវត្តអារាមសម្រាប់ធ្វើបុណ្យ និងសម្លាប់មនុស្សអស់ជាច្រើននាក់ទាំងអ្នកទាំងអស់នោះមិនមានកំហុសអ្វីសោះឡើយ។

សម្ភាសន៍ដោយ សំ ម៉ូលីកា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin