កងសែងអ្នករបួស ក្នុងរបបខ្មែរក្រហម
(ក្រចេះ)៖ យ៉ង សារេន ភេទស្រី មានអាយុ៦៦ឆ្នាំ មានទីលំនៅភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។
នៅក្នុងរបបខ្មែរក្រហម សារេន ត្រូវបានខ្មែរក្រហមជម្លៀសចេញពីខេត្តក្រចេះទៅតំបន់ស្រែវាល ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សារេន មិនបានរស់នៅជួបជុំជាមួយនឹងគ្រួសាររបស់គាត់ឡើយ ព្រោះគាត់ត្រូវបានខ្មែរក្រហមជម្លៀសចេញពីស្រុកកំណើត។ នៅពេលដែលគាត់ធ្វើការនៅក្នុងសហករណ៍ អង្គការបានប្រើឲ្យគាត់ជីកទំនប់ និងរែកដី ដើម្បីធ្វើជាប្រឡាយទឹកសម្រាប់ទុកផ្គត់ផ្គង់ផលដំណាំ និងស្រូវ។
គាត់បានបន្ថែមថា នៅក្នុងរបបនោះមិនមានប្រជាជនណាម្នាក់ហ៊ានតវ៉ានឹងបញ្ជារបស់អង្គការឡើយ។ អង្គការបញ្ជាឲ្យធ្វើអ្វីគឺត្រូវតែធ្វើនោះ មិនអាចប្រកែកបាន។ សារេន បាននិយាយប្រាប់ថា នៅក្នុងតំបន់មួយចំនួនពេលខ្លះមិនមានអាហារហូបគ្រប់គ្រាន់ បើទោះបីជានៅក្នុងរបបនោះទទួលបានផលស្រូវច្រើនយ៉ាងណាក៏ដោយ។ សម្រាប់រូបគាត់ មិនសូវមានភាពលំបាកនោះទេ ព្រោះចាប់ពីឆ្នាំ១៩៧៦ អង្គការបានឲ្យគាត់ចូលបម្រើការងារនៅក្នុងជួរកងទ័ព។ គាត់ទទួលបានអាហារគ្រប់គ្រាន់ ការរស់នៅក៏មានភាពងាយស្រួល។
សម្រាប់ឯកសណ្ឋានដែលប្រជាជនត្រូវស្លៀកពាក់នៅក្នុងរបបខ្មែរក្រហមគឺអង្គការតម្រូវឲ្យស្លៀកពណ៌ខ្មៅ ទោះជាសម្លៀកបំពាក់ដែលប្រជាជនមានពណ៌ផ្សេង ក៏ត្រូវតែជ្រលក់ឲ្យទៅជាពណ៌ខ្មៅដែរ។ សារេន បានពិការជើង ដោយសារតែត្រូវជាមួយនឹងគ្រាប់ផ្លោង និង គ្រាប់កាំភ្លើងនៅពេលដែលគាត់ព្យាយាមរត់គេចពីការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាម។ ជំនាន់ខ្មែរក្រហម ទ្រព្យសម្បត្តិទាំងអស់គឺរាប់បញ្ចូលជារបស់អង្គការ ។
ពេលមានជំងឺឈឺថ្កាត់ មានពេទ្យដែលនៅប្រចាំសហករណ៍សម្រាប់មើលថែទាំអ្នកជំងឺដែរ គ្រាន់តែពេទ្យមិនសូវមានវិជ្ជាជីវៈ ដែលបានបញ្ចប់ការសិក្សាមុខជំនាញវេជ្ជសាស្រ្តត្រឹមត្រូវ។ គ្រូពេទ្យនៅក្នុងរបបនោះគឺស្រេចតែទៅលើការសម្រេចចិត្តរបស់អង្គការថានឹងយកនរណាធ្វើជាគ្រូពេទ្យ។ គាត់បានប្រាប់បន្ថែមថា ប្រសិនជាមានប្រជាជនណាដែលបានប្រព្រឹត្តខុសសីលធម៌ នោះអង្គការនឹងចាប់យកទៅសម្លាប់ចោល។
នៅពេលនោះមានប្រជាជនបួននាក់ដែលបានលួចទាក់ទងជាមួយនឹងប្ដីប្រពន្ធរបស់គេ។ ពេលដែលអង្គការបានដឹងអំពីរឿងនោះភ្លាម អង្គការបានចាប់ប្រជាជនទាំងនោះយកទៅ ហើយបានឲ្យជីករណ្ដៅសម្រាប់កប់ខ្លួនឯង ព្រមទាំងចាប់វះពោះអ្នកដែលប្រព្រឹត្តខុសសីលធម៌នោះ។ អង្គការបានសម្លាប់មនុស្សជាច្រើន មានប្រជាជនខ្លះមិនមានកំហុសអ្វីសោះក៏អង្គការយកទៅសម្លាប់ ដោយអង្គការបានចោទថាមានជាប់ខ្សែស្រឡាយជាមួយនឹងជនជាតិវៀតណាម។ គាត់បានប្រាប់បន្ថែមថា អង្គការបានប្រើឲ្យគាត់សែងអ្នកជំងឺដែលត្រូវរបួសពីការធ្វើសង្រ្គាម។
មានអ្នកជំងឺខ្លះដែលមានរបួសធ្ងន់ធ្ងរ ដឹងថាខ្លួនមិនអាចបន្តទៅមុខទៀត ព្រមទាំងមើលឃើញភាពលំបាករបស់អ្នកសែង អ្នកជំងឺទាំងអស់នោះបានស្នើសុំឲ្យ សារេន ទុកគាត់ឲ្យស្លាប់នៅទីនោះចុះ។ បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានបញ្ចប់ គាត់បានវិលត្រឡប់ទៅកាន់ស្រុកកំណើរ ហើយបានរស់នៅជួបជុំគ្រួសាររបស់គាត់វិញ។ នៅចុងបញ្ចប់នៃបទសម្ភាសន៍នោះ គាត់បាននិយាយថារបបខ្មែរក្រហម ជារបបមួយដ៏ឃោរឃៅដែលបានធ្វើបាបមនុស្សស្លូតត្រង់ និងគ្មានកំហុស៕
សម្ភាសន៍ដោយ យ៉ុង ផល្លីន នៅថ្ងទី២១ មករា ឆ្នាំ២០២៤
អត្ថបទដោយ នេន ស្រីមុំ