ភាពអត់ឃ្លានគឺជាការចងចាំមិនអាចបំភ្លេចបាន
(សៀមរាប) ៖ យាយ ពេជ្យ មានអាយុ៨៣ឆ្នាំ រស់នៅក្នុងឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ពេជ្រ បានរៀបការតាំងពីមុនសម័យសាធារណរដ្ឋខ្មែរ។
នៅក្នុងរបបសាធារណរដ្ឋខ្មែរ មានការទម្លាក់គ្រាប់បែកដែលធ្វើឲ្យគាត់បាត់បង់ទ្រព្យសម្បត្តិដូចជាកង់ និងម៉ូតូ។ ខ្មែរក្រហមបានវាយចូលមកក្នុងខេត្តសៀមរាបនៅឆ្នាំ១៩៧៣។
នៅពេលខ្មែរក្រហមបានចូលមកគ្រប់គ្រងភូមិ ពេជ្យមានអាយុ២៥ឆ្នាំ។ គាត់ត្រូវបានជម្លៀសទៅខេត្តកំពង់ចាមវិញដោយសារតែប្តីគាត់មានតួនាទីជាអ្នកបើកឡាននិងធ្វើឡានឲ្យទាហានខ្មែរក្រហមដែលមានឋានៈខ្ពស់។ ពេជ្រ មានប្អូនម្នាក់ដែលជាគ្រូបង្រៀន បន្ទាប់មកប្អូនរបស់ពេជ្រត្រូវបានគេយកទៅសម្លាប់។ ពេជ្រ ទទួលបានដំណឹងនេះពីអ្នកដែលបានឃើញទាហានខ្មែរក្រហមយកប្អូនគាត់ទៅសម្លាប់ផ្ទាល់។ ពេជ្រ ក៏ធ្លាប់ជួបប្រទះនឹងហេតុការណ៍ដូចជា ឃើញអ្នកទោសត្រូវបានគេដឹកទាំងឡានៗដើម្បីយកទៅសម្លាប់នៅកន្លែងណាមួយ។
រឿងរ៉ាវដែលពេជ្រ ចាំមិនភ្លេចនោះគឺការអត់ឃ្លាននៅសម័យខ្មែរក្រហម។ គាត់មិនមានអាហារបរិភោគគ្រប់គ្រាន់នោះទេ។ ទោះបីជាប្ដីរបស់ពេជ្រជាអ្នកធ្វើកាសម្រាប់ទាហានខ្មែរក្រហមក៏ដោយ ក៏ ពេជ្រ រួមទាំងគ្រួសារត្រូវតែបរិភោគអាហាររួមជាមួយអ្នកនៅក្នុងជុំរុំ។ នៅពេលដែល ពេជ្រ បានទៅដល់ខេត្តកំពង់ចាម គាត់ត្រូវបានទាហានខ្មែរក្រហមឲ្យលើកភ្លឺស្រែ និងស្ទូងស្រូវ។
គាត់ក៏បាននិយាយបន្ថែមថា គាត់មិនដែលហ៊ានធ្វើអ្វីមួយឲ្យខុសនោះទេ។ កំហុសមួយអាចនឹងធ្វើឲ្យពេជ្របាត់ខ្លួនបាន ដូចនេះ ពេជ្យរស់នៅដោយមានភាពខ្លាចរអារជារៀងរាល់ថ្ងៃ ព្រមទាំងចៀសវាងនូវសកម្មភាពណាមួយដែលអាចធ្វើឲ្យគាត់វិនាសបាន។
បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ ពេជ្រនិងគ្រួ សារបានរើមកនៅខេត្តសៀមរាបដែលជាទីលំនៅឋានសព្វថ្ងៃរបស់ខ្លួន។ សព្វថ្ងៃ ពេជ្រមិនមានជំងឺអ្វីធ្ងន់ធ្ងរនោះទេ។ គាត់មានជំងឺ ដែលមនុស្សចាស់ជួបប្រទះ ហើយគាត់មានភាពលំបាកក្នុងការដើរ។ ពេជ្រ រស់នៅជាមួយកូនរបស់គាត់ដែលប្រកមរបរដាំដំណាំបន្តិចបន្តួចនៅជុំវិញផ្ទះរបស់ខ្លួន។ ពេជ្រមិនបានទទួលការព្យាបាលថ្នាំពេទ្យទេដោយសារមិនសូវមានទំនុកចិត្ត។ គាត់ភាគច្រើនប្រើប្រាស់ថ្នាំខ្មែរបុរាណ។
សម្ភាសន៍ដោយ ផា សុភាក់
អត្ថបទដោយ ហៀង នីតា