ប្រលឹមឡើងឃើញតែអណ្ដែតមនុស្ស

ក្រចេះ ៖ អ្នករស់រានមាន​ជីវិតពីរបបខ្មែរក្រហម​មក​ពី​ខេត្ត​ក្រចេះ​បាន​ប្រាប់​អំពី​ការចងចាំមួយដែល​ខ្លួនចាំមិនភ្លេច​ថា ព្រឹកឡើង​ឃើញ​សាក​សព​អណ្ដែត ចំនួន​មួយឬ​​ពីរសាកសព​​ ​អំឡុង​ឆ្នាំ ១៩៧៨។ លាន គឹម​ហេន មានអាយុ ៧២ឆ្នាំ​ រស់នៅ​ភូមិ​ដូនជ្រាំ ឃុំក្រចេះ ស្រុកក្រចេះ ខេត្តក្រចេះ។

កាល​ពី​សម័យ​ខ្មែរក្រហម​ គឹម​ហេន មាន​អាយុប្រហែល​ ៣០ឆ្នាំ និង​ទើបតែ​សម្រាល​កូន​ទី ៤ របស់ខ្លួន ដូច្នេះ​ខ្មែរក្រហម​បាន​ប្រើ​ឲ្យ​​នៅចាំ​សំនាប​ និង​ត្បាញ​​ក្រមា និង​ភួយនៅ​វិហារ​ចាម​ ដោយសារ​​គឹមហេននៅ​សរសៃខ្ចីនៅឡើយ​ ទើប​គេ​មិន​ឲ្យ​ទៅ​ធ្វើការ​នៅ​កន្លែង​ឆ្ងាយ​។ គឹម​ហេន ត្រូវ​មើល​កូន​របស់​ខ្លួន​ផង និងនៅ​ចាំ​សំនាប​ផង ហើយ​ត្រូវ​ត្បាញ​ ​ផង។

អ្វី​ដែល ​គឹមហេន ចងចាំ​មិន​ភ្លេចនោះគឺ​ អំឡុងឆ្នាំ​ ១៩៧៨ ដែល​ជា​ពេល​ដែល​ខ្មែរក្រហម​ចាប់​ផ្ដើម​បោសសំអាត​ផ្ទៃក្នុង​របស់​បក្ស​​រ។ គឹមហេន​ បាន​រៀប​រាប់ថា ខ្លួន​ឃើញសាកសព​អណ្ដែត​នៅក្នុង​ទឹក​​​ ដោយសារខ្លួន​រស់នៅ​ផ្ទះ​ដែល​នៅជិត​មាត់​ច្រាំង​។

គឹមហេន​ បាន​ប្រាប់​អ្នកស្ម័គ្រចិត្ត​កម្ពុជា ​នៃ​​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ថា៖ «អូ…ព្រលឹមឡើង​ឃើញតែ​អណ្ដែត​មនុស្ស​ មិនដឹងគេ​វាយ​ពីស្មាណាអី​ស្មាណា​ទេណា»។ គឹមហេន​ បញ្ជាក់ដែរ​ថា​ខ្លួន​មិន​ដែល​ឃើញ​រូប​ភាព​ខ្មែរក្រហម​ធ្វើ​សកម្មភាព​វាយ​សម្លាប់ទេ​ ព្រោះ​នេះជា​វិធី​មួយ​ដែល​គេ​ធ្វើ​ជៀសវាង​កុំ​ឲ្យមាន​ភាព​ជ្រួល​​ច្របល់ ដោយ​ជំនួសដោយ​ពាក្យ​រៀន​សូត្រ ឬទៅប្រជុំ​វិញ​​។

បើទោះបី​ជា​មិនដែល​ឃើញ​រូប​ភាព​វាយ​សម្លាប់​ក៏ដោយក៏​ គឹមហេន​ នៅតែ​មាន​ភាព​ភ័យ​ខ្លាច​ ជា​ពិសេស​នាពេល​យប់​ ព្រោះ​ខ្លួន​លឺ​តែ​សម្លេង​ជើង​មនុស្ស​ដើរ​ទៅដើរមកមិន​ឈប់​។ បើទោះបី​ជា​ព្រឹក​ភ្លឺ​ហើយ​ក៏​ដោយ ក៏​គឹមហេន​នៅតែ​ភ័យ​ញ័រ​ដៃ​ញ័រជើង​ដែរ។ ​

គឹមហេន​ ក៏បាន​ចែក​រំលែក​ពី​រឿង​រ៉ាវ​របស់​បងថ្លៃរបស់ខ្លួន​ដែល​ត្រូវ​បាន​ខ្មែរក្រហម​ហៅ​យក​ទៅ​សម្លាប់​ទាំង​គ្រួសារ​។ គឹមហេន​បាន​និយាយ​ថា៖ «បងថ្លៃកាល​ហ្នុង ម៉ោង​ ៩ – ១០ [ព្រឹក] ដូច​ចឹង។ ចុះទៅ​…​បងថ្លៃហ្នឹង…​ទៅ​មួយ​គ្រួសារ​…យក​ទៅ​…​គេហៅ​ចុះ​កាណូត​…គេ​អត់​ឲ្យ​ឃើញទេ​ អាពេល​គេ​សម្លាប់​ពេលអីគេឲ្យ​ចុះកាណូតទៅតែម្ដង។​ ទៅហើយ​គេមិនមែនប្រាប់ថា ទៅធ្វើអីទេណា​…ថាទៅហ្នុង​សំបូរបាយស៊ីណាស់​ មានគ្រែ មានពូក​ ម៉ាស៊ីន​ត្រជាក់​អីដេកអីចឹង​ហ៎ា សំបូរបាយស៊ី ហើយទៅ​ហូបបាយតែម្ដង។​ អត់មានឲ្យ​ភ័យស្លុតអីទេ»។

គឹមហេន​និយាយទាក់ទង​នឹង​ការហូបចុកថា​ ខ្លួន​ទទួល​ទាន​អាហារ​មិន​គ្រប់​គ្រាន់​ឡើយ​ ប៉ុន្តែ​សំណាង​ល្អ​ដោយសារ​​ប្ដី​របស់​​ គឹមហេន ​ត្រូវ​បាន​គេ​ប្រើ​ឲ្យទៅ​​មើល​គោ​​ក្នុង​ព្រៃ និង​យាម​ដំឡូង និង​អំពៅ​​ ដូច្នេះ​គេ​ដួស​បបរ​មួយ​វែក​ឲ្យ​យក​ទៅ​ក្នុង​ព្រៃរៀងរាល់ពេល​ចេញ​ទៅ​​។ ពេល​ត្រឡប់​មក​វិញ​ប្ដី​របស់​គឹមហេន​បាន​លួចលាក់​ស្ងោរ​ដំឡូង​ក្នុង​ឆ្នាំង​ដែល​ខ្លួន​ដាក់​បបរ​យក​ទៅ ហើយ​ចែក​ប្រពន្ធ និង​កូននៅ​ផ្ទះ​យប់​ឡើង។​

នៅ​ពេល​អ្នកស្ម័គ្រចិត្ត​សួរ​ថាតើនឹង​មានរឿងអ្វី​កើតឡើង​ប្រសិន​បើ​គេដឹង និង​ឃើញ​ថា​កំពុង​ហូប​អំឡូងនោះ​ គឹមហេន​ លាន់មាត់ថា​៖ «អ៊ី…គេ​ដឹងអត់បាន​ទេ សុទ្ធតែ​យប់​…ក្រាល​កន្ទេល…ពន្លត់​ភ្លើង​អស់។ រួច​ឆ្នាំង…​គេ​អត់​ដឹង​ទេ ព្រោះគាត់ [ប្ដី] ​មាន​ឆ្នាំង​បបរ​មួយ​ប៉ុណ្ណឹង​ហា៎ រែក​បបរទៅ​…មកវិញ​មិន​រែក​មកវិញ​ តែ​គេ​អត់ដឹង​…គេថា​សំបក​អីចឹង​ហ៎ា»។

បច្ចុប្បន្ន គឹមហេន ថា​ខ្លួន​ឈប់​គិត​ពី​រឿង​រ៉ាវ​សម័យ​ខ្មែរក្រហម​យូរ​មក​ហើយ ព្រោះ​យូរពេក​មក​ហើយ ប៉ុន្តែ​នៅ​ពេល​នឹក​ឃើញ​ ខ្លួន​នៅតែ​ព្រួយ​ចិត្ត និង​នៅតែ​នឹក​ស្មាន​មិន​ដល់​ថា​វា​កើត​ឡើង​​។ សព្វថ្ងៃ​ គឹមហេន មាន​ជំងឺលើស​ឈាម​ ហើយ​ទៅជួប​គ្រូពេទ្យ​នៅ​មន្ទីពេទ្យ​ ៣-៦ខែ​ម្ដង​។

គួរបញ្ជាក់ផងដែរថា ខេត្ត​ក្រចេះនាសម័យ​នោះ​​​ស្ថិតនៅ​ក្នុង​ភូមិភាគឦសាន ដែលរួមមាន​ខេត្តមួយ​ចំនួន​ទៀត​ដូចជា ខេត្ត​រតនគីរី មណ្ឌល​គីរី និង​ផ្នែក​ខ្លះ​នៃ​ខេត្ត​ក្រចេះ​ និង​ខេត្ត​ស្ទឹងត្រែង​។

ការប៉ះ​ទង្គិច​រវាង​ខ្មែរក្រហម​ និង​វៀតណាម​បាន​ធ្វើ​ឲ្យ​​មាន​ការ​រង្គើរ​ដល់​ផ្ទៃ​ក្នុង​របស់​បក្ស​ក្នុងឆ្នាំ ១៩៧៧ និង ១៩៧៨ ដែល​បណ្ដាល​ឲ្យ​មាន​​បន្សុទ្ធកម្ម និង​ការ​សម្លាប់​។ ខ្មែរ​ក្រហម​​ចាប់​ផ្ដើម​​មាន​ការ​សង្ស័យ​ដាក់​គ្នា​កាន់​តែខ្លាំង​ឡើង​ៗ ហើយ​ជឿជាក់​ថា ​ខ្មាំង​មាន​នៅ​គ្រប់​ទី​កន្លែង​ទាំង​អស់​ទូទាំង​ប្រទេស។ ភូមិភាគ​បូព៌ា​ គឺជា​តំបន់​ដែល​ទទួល​រង​ការ​សម្លាប់​រង្គាល​ខ្លាំង​ជាង​តំបន់​ផ្សេងទៀត ដោយសារ​តំបន់​នេះ​នៅ​ជាប់​នឹង​ប្រទេស​វៀត​ណាម​ ហើយ​ក៏មាន​ការ​បះ​បោរ​ពី​ប្រជាជន​ និង​ក្រុម​ប្រឆាំង​នឹង​បក្ស​កុម្មុយនីស្ត​ខ្មែរក្រហមផងដែរក្នុងអំឡុងពេលនោះ​​។

គួរ​បញ្ជាក់​ថា រដ្ឋ​កម្ពុជា​ប្រជា​ប្រធិប​តេយ្យ​ ឬ​បក្សកុម្មុយនីស្ត​កម្ពុជា​​ (១៩៧៥-១៩៧៩) មាន​សមាជិក​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ ឬ​មេ​ធំៗ​ដូច​ជា ប៉ុល ពត, នួន​ ជា, សោ ភឹម, អៀស សារី, សុន សេន, តាម៉ុក, វន វ៉េត, កែ ពក, ខៀវ សំផន, និង​រស់ ញឹម។

គឹមហេន ​បាន​ផ្ដែផ្ដាំថា​៖ «ចង់​ឲ្យ​ថា​កូន​ចៅជំនាន់​ក្រោយដឹង​​ថា​ មេ​ប៉ុន្មាន​នាក់ហ្នឹង​បាន​នាំឲ្យ​កើត​មាន​ខ្មែរក្រហម​ ឲ្យ​កូន​ចៅដឹង​ថា​អ្នកហ្នឹង​ប៉ុន្មាននាក់​ហ្នឹង​ដែល​ដឹក​នាំ​ឲ្យ​មាន​ខ្មែរក្រហម​ ឲ្យ​ទៅ​ជា​សង្រ្គាម​ចឹង​ហ៎ា»។

សម្ភាសន៍ដោយ​ បឿន ហេងនី​

អត្ថបទដោយ បៀន សីនៈ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin