អ្នកស្ម័គ្រចិត្តកម្ពុជារាជធានីភ្នំពេញ

ម៉ាន រ៉ហ្សីតា

ជាបឋម ខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានផ្ដល់ឱកាស និងកិត្តិយសដល់រូបនាងខ្ញុំ ក្នុងការចូលរួមកម្មវិធីសន្និសីទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍»។ ព្រមទាំងអរគុណដល់សម្តេច បវរធិបតី ហ៊ុន ម៉ាណែត និងសម្ដេច តេជោ ហ៊ុន សែន ឥស្សរជន ភ្ញៀវជាតិ និងអន្តរជាតិព្រមទាំងអ៊ំៗ លោកតា លោកយាយ ក្រុមការងារ និងយុវជនស្ម័គ្រចិត្តទាំងអស់ដែលមានវត្តមានក្នុងសន្និសីទទីមួយនេះ ដែលធ្វើឲ្យកម្មវិធីមួយនេះមានភាពអធិកអធមយ៉ាងខ្លាំង។ សម្រាប់ចំណាប់អារម្មណ៍របស់នាងខ្ញុំចំពោះសន្និសីទលេីកទីមួយ ចំនួនបីថ្ងៃ ខ្ញុំទទួលបាននូវអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះខ្ញុំមិនដែលបានចូលរួមកម្មវិធីបែបនេះពីមុនមកទេ។ ខ្ញុំក៏បានទទួលចំណេះដឹងថ្មីៗជាច្រើនដែលទទួលបានពីវាគ្មិនជាតិ និងអន្តរជាតិដែលបានផ្ដល់នូវមតិយោបល់ ការយល់ឃើញ ទស្សនៈទាក់ទងនឹងអនុសញ្ញាផ្នែកច្បាប់ សាលក្រមនានា ការកាត់ក្ដីរបស់អតីតមេដឹកនាំខ្មែរក្រហម ព្រមទាំងវិធីសាស្រ្តនៃការទប់ស្កាត់បង្រ្កាបកុំឲ្យកើតមានអំពើប្រល័យពូជសាសន៍ក្នុងប្រទេស និងក្រៅប្រទេសផងដែរ។ មួយវិញទៀតខ្ញុំទទួលនូវបទពិសោធន៍ថ្មីស្រឡាងគឺខ្ញុំអាចក្លាហាន ហ៊ាននិយាយសួរសំណួរទៅកាន់វាគ្មិនដោយគ្មានភាពខ្លាចរអាដូចកាលពីពេលមុនៗ។

មួយវិញទៀតក៏បានទទួលនូវចំណេះដឹងផ្សេងទៀតដូចជា ប្រវត្តិសាស្រ្តទស្សនាវីដេអូទាក់ទងនឹងប្រវត្តិសាស្រ្តខ្មែរតាំងពីសម័យសង្គមរាស្រ្តនិយម បន្តដល់សម័យប៉ុលពតដោយបង្កប់នូវរឿងរ៉ាវ សង្រ្គាមត្រជាក់ សង្រ្គាមក្នងស្រុក កុម្មុយនិស្ត)។ល។យុត្តិធម៌ជំនួយការផ្លូវច្បាប់ដល់ជនរងគ្រោះ ការកាត់ក្ដីតាមច្បាប់ចំពោះអតីតមេដឹកនាំខ្មែរក្រហម។

ការអប់រំក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍មានដូចជាការបញ្ចូលប្រវត្តិសាស្រ្តខ្មែរទៅក្នុងការអប់រំ ផ្សព្វផ្សាយដល់ក្មេងៗជំនាន់ក្រោយ និងបង្ហាញភស្តុតាងដល់ក្មេងជំនាន់ក្រោយឲ្យចងចាំនូវរបបដ៏ឃោរឃៅមួយនេះ។ ការអប់រំផ្នែកសុខភាព ខ្ញុំបានដឹងពីស្ថិតិភាគរយនៃជំងឺទាំងដប់ដែលអ៊ំៗ លោកតា លោកយាយ ភាគច្រើនកើតមានដូចជា ជំងឺលើសឈាម ក្រពះ ពោះវៀន គ្រុនចាញ់ ជំងឺផ្លូវចិត្ត បេះដូង រលាក់សន្លាក់ ទឹកនោមផ្អែម ហឺតរ៉ាំរ៉ៃ របេង និងឆ្គួតជ្រូក។ ហើយក៏បានដឹងនូវព័ត៌មាន មូលហេតុ និងវិធីព្យាបាលនៃជំងឺទាំងនេះតាមរយៈការណែនាំរបស់វេជ្ជបណ្ឌិតដែលមានជំនាញ។ ខ្ញុំទទួលបានដឹងនូវគុណវិបត្តិនៃការអប់រំ ដែលគ្មានប្រសិទ្ធិភាពក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ប្រសិនបើមានការផ្សព្វផ្សាយព័ត៌មានមិនពិតណាមួយធ្វើឲ្យមានទំនាស់ ការខ្វែងគំនិត យុវជនជំនាន់ក្រោយពុំបានជ្រាបនូវរឿងរ៉ាវប្រវត្តិសាស្រ្តផងដែរ ដែលនាំឲ្យសង្គមមិនស្គាល់ពីខ្លួនឯងនិងអាចមានហានិភ័យក្នុងការកើតឡើងរបបមួយនេះសារជាថ្មី។ ម្យ៉ាងទៀតខ្ញុំបានទទួលនូវព័ត៌មានថ្មីមួយទៀតគឺការរស់នៅឃុំឃាំងរបស់ ខៀវ សំផន ជាអតីតនៃសមាជិកមេដឹកនាំខ្មែរក្រហម គាត់រស់នៅក្នុងពន្ធធនាគារ តែការរស់នៅរបស់គាត់មានសេរីភាពដូចមនុស្សទូទៅ មានថ្នាំសង្កូវ អាហារបីពេល។

ប្រហែលមានតាយាយ អ៊ំៗជាច្រើនគិតថារឿងនេះអយុត្តិធម៌សម្រាប់គាត់ខ្លាំង។ តែរដ្ឋមន្រ្តីក្រសួងព័ត៌មានគាត់បានបកស្រាយថា ទោះបីជាមនុស្សណាក៏ដោយមិនថាគាត់ស្ថិតក្នុងនាមជាអ្នកទោស ឬត្រូវគេចោទប្រកាន់ក៏គាត់នៅតែទទួលបានសិទ្ធិជាមនុស្សផងដែរ។ ម្យ៉ាងទៀតសាលាកាត់ក្ដីខ្មែរក្រហមក៏មិនបានបង្កើតឡើងក្នុងបំណងសងសឹក វាយប្រហារអ្វីឡើយគឺគ្រាន់តែធ្វើឡើងដើម្បីស្វែងរកការពិត(ទារុណកម្ម ការបង្ខិតបង្ខំ និងការសម្លាប់មនុស្ស…) ចូលរួមផ្សៈផ្សាបង្រួបបង្រួមជាតិ ផ្ដល់សំណងដល់ជនរងគ្រោះទាំងឡាយ ចងចាំនូវវិញ្ញាណក្ខន្ធ និងទប់ស្កាត់របបនេះផងដែរ។

ខ្ញុំបានទទួលនូវអារម្មណ៍សប្បាយរីករាយព្រោះមានមនុស្សអ៊ូអរច្រើន បានស្រស់ស្រូបអាហារជុំគ្នា និងបានថតរូបភាព និងវីដេអូជាច្រើនទុកជាអនុស្សាវរីយ៍ផងដែរ។

ជាចុងក្រោយ នាងខ្ញុំមានកិត្តិយសយ៉ាងខ្លាំង ក្នុងការចូលរួមកម្មវិធីដ៏វិសេសវិសលមួយនេះ ខ្ញុំសង្ឃឹមថានឹងមានកម្មវិធីនេះជាលើកក្រោយៗហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចមានឱកាសចូលរួមកម្មវិធីមួយនេះម្ដងទៀតបើសិនជាអាច។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin